អានតួអត្ថបទ
កម្ពុជា

ក្រសួង​ធម្មការ​មិន​ទាន់​ធ្វើ​សកម្មភាព​ជាក់​ស្តែង​តាម​សំណើ​ព្រះ​សង្ឃ​ទេ

មិន​ទាន់​មាន​សកម្មភាព​ជាក់​ស្តែង​តាម​សង្ឃ​ប្រកាស​ដែល​ស្នើ​ឱ្យ​រដ្ឋាភិបាល​«ចាត់​វិធាន​ការ​តាម​នីតិវិធី​ច្បាប់»​ចំពោះ​ជន​ដែល​មន្ត្រី​សង្ឃ​ក្នុង​គណៈ​មហានិកាយ​ចោទ​ថា​«បំផ្លាញ​ព្រះពុទ្ធ​សាសនា​​»​​ទេ។ នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​ឱ្យ​ក្រសួង​ធម្មការ និង​សាសនា​កម្ពុជា ដែល​បាន​ប្រាប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មាន​មូលហេតុ​មួយ​ចំនួន​ក្នុង​រឿង​នេះ។

អនុសំវច្ចរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៤ ប្រារព្ធ​នៅ​សាលមហោស្រពចតុមុខ​។
អនុសំវច្ចរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៤ ប្រារព្ធ​នៅ​សាលមហោស្រពចតុមុខ​។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក សេង សុមុនី អ្នក​នាំពាក្យ​ឱ្យ​ក្រសួង​ធម្មការ និង​សាសនា​កម្ពុជា បាន​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា ស្ថាប័ន​នេះ​មិន​ទាន់​ប្តឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឱ្យ​បញ្ឈប់​«ជន​អន្ធពាល​ទមិឡ​ឥត​សាសនា»​ដែល​មន្ត្រី​សង្ឃ​ក្នុង​គណៈ​មហានិកាយ​ចោទ​ថា​«កំពុង​ធ្វើ​ចលនា​យុវជន​ដើម្បី​បំផ្លាញ​ព្រះពុទ្ធ​សាសនា»​នៅ​កម្ពុជា​ទេ។

យោងតាម​សេចក្តី​ណែនាំ និង​សង្ឃ​ប្រកាស​របស់​គណៈ​សង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ពេល​បិទ​អនុសំវច្ឆរៈ​មហាសន្និបាទ​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​ឆ្នាំ​២០១៥​កាល​ពី​ថ្ងៃ​ពុធ «ជន​ឥទ្ធពាល​ទមិឡ​ឥត​សាសនា» ដែល​សម្ដេច​ព្រះ​សង្ឃ​នាយក នន្ទ ង៉ែត និង​មន្ត្រី​សង្ឃ​ក្នុង​គណៈ​មហានិកាយ បាន​លើក​ឡើង​នោះ គឺ​សំដៅ​ដល់​«ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ»។ ប្រធាន​គណបក្ស​ដែល​មាន​សញ្ញា​ជួង​ជា​សម្គាល់​នោះ​គឺ​លោក ខឹម វាសនា ដែល​ជា​រឿយ​ៗ​បាន​ប្រៀប​ប្រដូច​ព្រះសង្ឃ​អង្គ​ខ្លះ​ទៅ​នឹង​«ចោរ​ថង់​យាម ដែល​យក​ព្រះពុទ្ធ​សាសនា​ (...) មក​បាំង​មុខ ដើម្បី​លាភ​សក្ការៈ​ផ្ទាល់​ខ្លួន»។

ការណ៍​ដែល​ក្រសួង​ធម្មការ និង​សាសនា នៅ​មិន​ទាន់​ធ្វើ​សកម្មភាព​ភ្លាម​ៗ​តាម​សំណើ​របស់​មន្ត្រី​សង្ឃ​ក្នុង​គណៈមហានិកាយ​ដូច្នេះ ត្រូវ​បាន​លោក សេង សុមុនី ពន្យល់​ថា គឺ​ដោយសារ​តែ​ត្រូវ​ទុក​ពេល​ឱ្យ​វត្ត​អារាម​ទូទាំង​ប្រទេស​កម្ពុជា អនុវត្ត​សេចក្តី​ណែនាំ​របស់​គណៈ​សង្ឃ​នាយក​សិន និង​ថា​រងចាំ​ការ​ប្រជុំ​ជា​បន្ត​បន្ទាប់​ទៀត​នៅ​ក្នុង​ចំណោម​មន្ត្រី​សង្ឃ​ផង។

សេក្តី​ណែនាំ​របស់​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ចែង​អំពី​ការ​ហាម​មិន​ឱ្យ​ភិក្ខុ និង​សាមណេរ ក្នុង​គណៈមហានិកាយ ទៅ​សេពគប់​នឹង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​តទៅទៀត និង​អំពី​ការ​មិន​អនុញ្ញាត​ឱ្យ​ភិក្ខុ និង​សាមណេរ​ទាំង​ឡាយ​ស្ថិត​ក្នុង​ភេទ​ជា​បុព្វជិត​ទៀត​ទេ ប្រសិន​បើ​មិន​អាច​អប់រំ ឬ​អូស​ទាញ​ត្រឡប់​មក​វិញ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ