អានតួអត្ថបទ
កម្ពុជា

ADB រក​ឃើញ​ថា​កម្ពុជា​មាន​គម្លាត​យ៉ាង​ខ្លាំង​រវាង​ទីផ្សារ​ការងារ​និង​ជំនាញ ខណៈ​រដ្ឋាភិបាល​ក៏​ទទួល​ស្គាល់​ដែរ

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB បាន​ចេញ​របាយការណ៍​ថ្មី​មួយ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី ២១ មករា​នេះ ដោយ​បង្ហាញ​ថា​កម្ពុជា​ត្រូវ​ការ​បង្កើន​ជំនាញ ដើម្បី​ធានា​ឲ្យ​បាន​នូវ​និរន្តរភាព​កំណើន​សេដ្ឋកិច្ច និង​ពិពិធ​កម្ម​សេដ្ឋកិច្ច​របស់​ខ្លួន។ តំណាង​របស់​ក្រសួង​ការងារ ដែល​បាន​ចូលរួម​នៅ​ក្នុង​សិក្ខាសាលា​នៅ​ព្រឹក​មិញ​នេះ​ថា ក៏​បាន​ទទួល​ស្គាល់​ថា​របាយការណ៍​របស់​ ADB ពិត​ជា​ត្រឹម​ត្រូវ ហើយ​ថា​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ដាក់​បញ្ចូល​បញ្ហា​នេះ​ទៅ​ក្នុង​គោល​នយោបាយ​ជាតិ​របស់​ខ្លួន​ចាប់​តាំង​ពី​ថ្ងៃ​២៤ កញ្ញា​ឆ្នាំ ២០១៣​មក​ដែរ។

សិក្ខា​សាលា​ផ្សព្វផ្សាយ​អំពី​ការ​សិក្សា​វិនិច្ឆ័យ​មុខ​របរ​ និង​ការងារ​​ និង​ការ​ដោះស្រាយ​គម្លាត​នៃជំ​នាញ​ក្នុង​ប្រទេស​កម្ពុជា​
សិក្ខា​សាលា​ផ្សព្វផ្សាយ​អំពី​ការ​សិក្សា​វិនិច្ឆ័យ​មុខ​របរ​ និង​ការងារ​​ និង​ការ​ដោះស្រាយ​គម្លាត​នៃជំ​នាញ​ក្នុង​ប្រទេស​កម្ពុជា​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​ថ្មី​របស់ ADB បាន​បង្ហាញ​ថា ការ​ដោះស្រាយ​ចន្លោះ​ប្រហោង​នៃ​ជំនាញ​ការងារ និង​ការ​ដែល​ជំនាញ​មិន​ស្រប ទៅ​នឹង​ការងារ ព្រម​ទាំង​ការ​បង្កើន​ផលិត​ភាព​កម្លាំង​ការងារ ​គឺ​ជា​បញ្ហា​ចម្បង​ដែល​កម្ពុជា​កំពុង​តែ​ប្រឈម ដើម្បី​រក្សា​ការ​បន្ត​លូត​លាស់​កំណើន​សេដ្ឋកិច្ច។

លោក Shang Jin Wei ប្រធាន​សេដ្ឋកិច្ច​វិទូ​នៃ​ធនាគារ ADB បាន​លើក​ឡើង​ថា កម្លាំង​ការងារ​របស់​កម្ពុជា​ភាគ​ច្រើន​មាន​វ័យ​ក្មេង ប៉ុន្តែ​ជា​ទូទៅ ពួកគេ​ជា​ច្រើន​នាក់​ពុំ​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ជំនាញ ដែល​ស្រប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​របស់​ធុរកិច្ច​ឡើយ។ ដូច្នេះ​បញ្ហា​ប្រឈម​សម្រាប់​អ្នក​បង្កើត​គោល​នយោបាយ គឺ​ត្រូវ​ដោះស្រាយ​បញ្ហា​ចន្លោះ​ប្រហោង​នៃ​ជំនាញ​ការងារ និង​ការ​ដែល​ជំនាញ​មិន​ស្រប​នឹង​ការងារ។

លោក​ហេង សួ អ្នកនាំពាក្យ​របស់​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ក៏​បាន​ទទួល​ស្គាល់​ថា​កម្ពុជា​ពិត​ជា​ជួប​ប្រទះ​និង​បញ្ហា​នេះ​មាន​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ។ ហើយ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ដាក់​បញ្ចូល​បញ្ហា​នេះ​ទៅ​ក្នុង​គោល​នយោបាយ​ជាតិ​របស់​ខ្លួន​ផង​ដែរ នៅ​ចុង​ឆ្នាំ​២០១៣។ លោក​បាន​បន្ត​ថា បច្ចុប្បន្ន​យុវជន​កម្ពុជា​ប្រមាណ​ជា​៦០​ភាគរយ​ បាន​សិក្សា និង​កំពុង​តែ​សិក្សា​ខុស​ជំនាញ ពី​តម្រូវ​ការ​ទីផ្សារ​ការងារ។ បច្ចុប្បន្ន​នេះ​កម្ពុជា​ត្រូវ​ការ​ធនធាន​មនុស្ស​ផ្នែក​វិទ្យាសាស្រ្ត​ពិត ខណៈ​ដែល​យុវជន​កម្ពុជា​នាំ​គ្នា​សម្រុក​រៀន​តែ​ផ្នែក​វិទ្យាសាស្រ្ត​សង្គម។

លោក​ហេង សួ បាន​លើក​ឡើង​ទៀត​ថា ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​កម្ពុជា និង​ដៃ​គូ​ពាក់​ព័ន្ធ​នានា បាន​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ​ជា​បណ្តើៗ​ ដែល​នៅ​ក្នុង​នោះ​ក្រសួង​ការងារ បាន​ចាប់​ដៃ​ជាមួយ​នឹង​ក្រសួង​អប់រំ ដោយ​នៅ​ក្នុង​នោះ​ក្រសួង​អប់រំ បាន​ដក​មុខ​វិជ្ជា​មួយ​ចំនួន​ចេញ​ពី​កម្មវិធី​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ ដោយសារ​តែ​ចំនួន​លើស​តម្រូវ​ការ​ទីផ្សារ។

អ្នកនាំពាក្យ​ក្រសួង​ការងារ​ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា យុវជន​កម្ពុជា​ត្រូវ​ការ​ជំនាញ​ទន់ ឬក៏ Soft Skill មួយ​បន្ថែម​ទៀត​ជា​ចាំ​បាច់ ដើម្បី​ងាយ​ស្រួល​បត់​បែន ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ។ ជំនាញ​ទន់​នេះ​មាន​ដូចជា ការ​រិះគិត​ពិចារណា ​ការ​គោរព​វិន័យ ការ​ធ្វើ​ការ​ជាក្រុម និង​ការ​ទំនាក់​ទំនង​ជា​ដើម។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ADB បាន​ឲ្យ​ដឹង​ថា កម្លាំង​ការងារ​ច្រើន​របស់​កម្ពុជា គឺ​ស្ថិត​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឬ​ក៏​ការងារ​ងាយ​រង​គ្រោះ​ជា​ដើម ហើយ​ប្រជាជន​ចំនួន ៧១​ភាគរយ រស់​នៅ​ក្រោម​ចំណូល​តិច​ជាង ៣ដុល្លារ​ក្នុង​មួយ​ថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ