ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/08 12h00 GMT
កម្ពុជា

គណៈ​កម្មការ​​បង្ក្រាប​​បទ​​ល្មើស​​ព្រៃឈើ៖​ មិន​​ទាន់​​មាន​​ការ​​ចាប់​​ខ្លួន​ ឬ​ចាប់​វត្ថុ​តាង​ក្រោយ​ចុះ​ពិនិត្យ​ឈើ​ទេ

media  
ការ​កាប់​ឈើ​ក្នុង​តំបន់​ព្រៃឡង់​ដែល​ក្រុម​យុវជន ​និង​ប្រជា​សហគមន៍​ប្រទះ​ឃើ​ញ​ពេល​ចុះ​ល្បាត​កាល​ពី​ពេល​ថ្មី​ៗ ​ @RFI

រហូត​មក​ដល់​ថ្ងៃ​ទី​២២ ខែ​មករា​នេះ គណៈកម្មការ​ជាតិ ដើម្បី​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ មិន​ទាន់​ដឹង ថា​តើ​ឈើ​ណា​ស្រប​ច្បាប់ ឬ​ខុស​ច្បាប់​នៅ​ឡើយ ក្រោយ​ពី​បាន​ចុះ​ត្រួត​ពិនិត្យ​ឈើ​ជា​ច្រើន​កន្លែង​ក្នុង​ខេត្ត​គោល​ដៅ​ចំនួន​៦ ហើយ​ក៏​មិន​ទាន់​ឃាត់​ខ្លួន​ជន​ណា​ម្នាក់​ដែរ។ នេះ​បើ​តាម​លោក​ឧត្តម​សេនីយ៍​ត្រី អេង ហ៊ី។

អស់​រយៈ​ពេល​ប្រមាណ​៧​ថ្ងៃ​មក​ហើយ ដែល​គណៈកម្មការ​ជាតិ ដើម្បី​ទប់​ស្កាត់ និង​បង្រ្កាប​បទ​ល្មើស​ព្រៃ​ឈើ បាន​ប្រកាស​បង្កើត​ឡើង ដោយ​រដ្ឋាភិបាល​កម្ពុជា។ ក្រោយ​បង្កើត​គណៈកម្មការ ដែល​មាន​លោក សៅ សុខា មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន គណៈ​កម្មការ​នេះ បាន​បើក​យុទ្ធនាការ​បង្រ្កាប​បទ​ល្មើស​ព្រៃឈើ​យ៉ាង​គគ្រឹក​គគ្រេង​ទូទាំង​ប្រទេស តែ​មិន​ទាន់​មាន​លទ្ធផល​នោះ​ទេ។

លោក អេង ហ៊ី​ អ្នក​នាំ​ពាក្យ​គណៈកម្មការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​បាន​ឲ្យ​ដឹង​ថា គណៈកម្មការ​​បាន​ចុះ​ទៅ​ដល់​គោល​ដៅ​ដាក់​ឈើ​ទាំង​អស់ ដើម្បី​ធ្វើ​ការ​ត្រូត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​អត្តសញ្ញាណ​ឈើ​ទាំង​នោះ ដោយ​មិន​ទាន់​មាន​ការ​ឃាត់​ខ្លួន និង​ការ​ចាប់​យក​វត្ថុ​តាង​ជាក់​ស្តែង​នោះ​ទេ។ ប្រសិន​បើ រក​ឃើញ​ថា​ឈើ​ទាំង​នោះ​មិន​មាន​ឯកសារ​បញ្ជាក់​គ្រប់​គ្រាន់​តាម​ច្បាប់ នោះ​សមត្ថកិច្ច​នឹង​ស្រាវជ្រាវ​រក​ជន​ល្មើស​មក​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់។

អ្នក​នាំ​ពាក្យ​រូប​នេះ មិន​ទាន់​ដឹង​ថា​មាន​ករណី​ឈើ​ខុស​ច្បាប់​ប៉ុន្មាន​នោះ​ទេ ដោយសារ​តែ​ការ​ចុះ​ប្រតិបត្តិ​ការណ៍​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ គឺ​ដើម្បី​គ្រប់​គ្រង​នៅ​កន្លែង​ដាក់​ឈើ និង​រក្សា​ភាព​ដើម​នៃ​កន្លែង​ទាំង​នោះ។ ហើយ​មិន​ទាន់​មាន​របាយការណ៍​ជាក់​លាក់​ពី​ករណី ឬ​ចំនួន​កន្លែង​ដែល​បាន​ចុះ​ចាប់​ឈើ​មាន​ប៉ុន្មាន​នោះ​ទេ។ ឆ្លើយ​តប​នឹង​សំនួរ​តើ​ឈើ​ខុស​ច្បាប់​នឹង​យក​ទៅ​ទី​ណា ឬ​ធ្វើ​អ្វី? លោក អេង ហ៊ី ថា គេ​នឹង​អនុវត្ត​តាម​ច្បាប់​ព្រៃឈើ។​

តាម​ច្បាប់​ស្តីពី​ព្រៃឈើ ដែល​បាន​អនុម័ត្ត​ដោយ​រដ្ឋសភា កាល​ពី​ឆ្នាំ​២០០២ មាត្រា៩៦ បាន​ឲ្យ​ដឹង​ថា វត្ថុ​តាង​ពិត​ប្រាកដ​នៃ​បទ​ល្មើស​ព្រៃឈើ ត្រូវ​រឹប​អូស​ជា​សម្បត្តិ​រដ្ឋ ហើយ​វត្ថុ​តាំង​ផ្សេង​ៗ​ទៀត​ក្រៅ​ពី​ផល អនុផល​ព្រៃ​ឈើ អាច​ប្រគល់​ឲ្យ​សមី​ជន​វិញ តែ​ក្នុង​ករណី​ប្រព្រឹត្ត​ល្មើស​នឹង​មាត្រា​នេះ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា​មាន​កន្លែង​ស្តុប​ឈើ​ខ្លះ បាន​ដុត​ឈើ​ចោល​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ការ​ចុះ​បង្រ្កាប​បទ​ល្មើស​ព្រៃឈើ។ ហើយ​ជា​បន្ត​បន្ទាប់​ឃ្លាំង​ឈើ​នៅ​ក្នុង​ខេត្ត​ចំនួន​៦ ដែល​ជា​ខេត្ត​គោលដៅ​ត្រូវ​បាន​កម្លាំង​កង​រាជអាវុធ​ហត្ថ​កំពុង​តែ​បន្ត​សកម្មភាព​ត្រួត​ពិនិត្យ និង​រក​ឃើញ​ឈើ​ជា​ច្រើន​ពាន់​ដុំ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ