អានតួអត្ថបទ
កម្ពុជា

បុណ្យចូលឆ្នាំចិន៣ថ្ងៃ៖ អគ្គីភ័យលេបត្របាក់ផ្ទះ១១៦ និងមនុស្សស្លាប់ដោយចរាចរណ៍៣៨នាក់

ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ពិ​ធិ​បុណ្យប្រពៃណី​ចិន-វៀតណាម​នៅ​កម្ពុជា អគ្គីភ័យ​ទូទាំងប្រទេស​បានកើត​ឡើង១១ករណី​ដែល​បណ្តាលឱ្យ​ខូចខាត​ផ្ទះ​ចំនួន​១១៦​ខ្នង។ ដោយឡែក​គ្រោះថ្នាក់​ចរាចរណ៍​វិញ បានសម្លាប់​មនុស្ស៣៨នាក់ និង​បង្កឱ្យមាន​របួសធ្ងន់​នឹង​ស្រាល​ចំនួន​ជាង​១០០​នាក់។ នេះ​បើតាម​ការបញ្ជាក់​ពី​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី៩ កុម្ភៈ​នេះ។

អគ្គីភ័យ​នៅ​ក្នុង​រាជធានីភ្នំពេញ​នា​ពេល​កន្លង​មក​
អគ្គីភ័យ​នៅ​ក្នុង​រាជធានីភ្នំពេញ​នា​ពេល​កន្លង​មក​ @សាលារាជធានីភ្នំពេញ
ផ្សាយពាណិជ្ជកម្ម

នៅ​ទូទាំង​ប្រទេស យ៉ាង​ហោច​ណាស់​ផ្ទះ​ចំនួន​១១៦​ខ្នង ត្រូវ​បាន​ភ្លើង​អគ្គីភ័យ​លេប​ត្របាក់​ខ្ទេច​គ្មាន​សល់​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន និង​វៀតណាម។ ប៉ុន្តែ​មិនមាន​អ្នក​រង​របួស​នោះទេ។ នេះ​បើតាម​ការបញ្ជាក់​ពី​លោកនេត វណ្ណថា ប្រធាន​នាយក​ដ្ឋាន​គ្រប់​គ្រង​អគ្គីភ័យ​នៃ​ក្រសួងមហាផ្ទៃ។

ប្រធាន​នាយកដ្ឋាន​រូប​នេះ បាន​ឱ្យ​ដឹង​ថា​សរុប​រយៈ​ពេល​បី​ថ្ងៃ​ពីថ្ងៃ​ទី៧​ដល់​ថ្ងៃទី​៩ កុម្ភៈ​នេះ គឺ​មាន​ករណី​អគ្គីភ័យ​ចំនួន​១១​លើក។ អគ្គីភ័យ​នេះ មាន​សភាព​ធ្ងន់ធ្ងរ​ជាង​គេ ​គឺ​ទី​ក្រុង​ភ្នំពេញ​កាល​ពី​យប់​ថ្ងៃអាទិត្យ​ ​ដែល​បាន​បំផ្លាញ​ផ្ទះ​ប្រជា​ពល​រដ្ឋ​ចំនួន​៩៧​ខ្នង​នៅ​សង្កាត់​ចាក់​អង្រែ​ក្នុង​រាជ​ធានី​ភ្នំពេញ។ ដោយ​ឡែក​អគ្គីភ័យ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ក្នុង​ខណ្ឌ​មានជ័យ បាន​បំផ្លាញ​​ផ្ទះ​ពលរដ្ឋ​ចំនួន​៩​ខ្នង​គ្មាន​សល់។ ក្រៅ​ពី​នេះ អគ្គិភ័យ​គឺ​បានកើត​នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​ទូទាំង​ប្រទេស​ផ្សេង​ទៀត ដូច​ជា​ខេត្ត​ពោធិសាត់​និង ខេត្ត​កំពង់​ស្ពឺ​ជាដើម។ ក្នុង​ករណី​អគ្គីភ័យ​ទាំង​១១​លើក​នោះ ៧​ករណី គឺ​បណ្តាល​មក​ពី​អគ្គីភ័យ​ឆាប​ឆេះ​ដោយសារ​ការ​សែន​ព្រេន ក្រៅ​ពី​នោះ​គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិសនីជាដើម។ 

យ៉ាងណា​ក៏​ដោយ​អាជ្ញាធរ មិន​អាច​វាយ​តម្លៃ​ពី​ការ​ខូច​ខាត​ទ្រព្យ​សម្បតិ្ត​ដែល​បង្ករ​ដោយ​អគ្គីភ័យ​បាន​នោះ​ទេ។ សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​វៀតណាម​នេះ ក្រសួង​មហាផ្ទៃ​បានដាក់​រថយន្ត​ប្រមាណ​១១៦គ្រឿង និង​កម្លាំង​ប៉ូលិស​បង្ក្រាប​អគ្គីភ័យ​ចំនួន​៥៩៩នាក់​ដើម្បី​ប្រតិបត្តិ​ការ​២៤​ម៉ោង។

ដោយ​ឡែក​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន-វៀតណាម​នេះ​ដែរ។ មនុស្ស​ចំនួន ៣៨នាក់​បាន​ស្លាប់​បាត់​បង់​ជិវិត និង​មនុស្ស​ជាង ១០០​ផ្សេង​ទៀត បាន​រង​របួស​ធ្ងន់ និង​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ទូទាំង​ប្រទេស។ បើ​យោង​តាម​របាយការណ៍ នាយក​ដ្ឋាន​នគរ​បាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​នៃ​ក្រសួង​មហា​ផ្ទៃ បាន​ឲ្យ​ដឹងថា​ រយៈ​ពេល ៣ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី៧-៩ ខែកុម្ភៈ គ្រោះ​ថ្នាក់​បាន​កើត​ឡើង​ចំនួន ៧២​លើក កើន​ឡើង​ចំនួន ៦​លើក បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

គួរ​កត់​សំគាល់​ថា ក្នុង​រយៈ​ពេល​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន និង​វៀតណាម​នេះ គ្រោះថ្នាក់​ចរាចរណ៍ និង​គ្រោះ​អគ្គីភ័យ​តែង​តែបាន​កើត​ឡើង​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស រង​របួស និង​ខូច​ខាត​ផ្ទះសំ​បែង និង​ទ្រព្យសម្បត្តិ​ជា​ច្រើន។ សម្រាប់​បញ្ហា​ករណី​អគ្គីភ័យ លោក​នេ​ត វណ្ណ​ថា បាន​គូសបញ្ជាក់ថា​ប្រជាពលរដ្ឋ​ភាគ​ច្រើន​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការត្រៀម​បង្ការ​បំពង់​ពន្លត់​អគ្គិភ័យ និង​ច្រក​ផ្លូវ​តូចចង្អៀត​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ