អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល​ ចង់​ឲ្យកិច្ច​ប្រជុំ​កំពូល​អាស៊ាន​ អាមេរិក លើក​ឡើង​ការ​បង្រ្កាប​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​បក្ស​ប្រឆាំង

សង្គម​ស៊ីវិល កាល​ពី​ថ្ងៃ​ទី ៩ កុម្ភៈ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ ផ្ញើ​ទៅ​កាន់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន អាមេរិក ស្នើ​សុំ​ឲ្យ​មាន​ការ​កិច្ច​អន្តរាគមន៍​ឆ្លើយ​តប​នឹង​បញ្ហា​បង្រ្កាប​គណបក្ស​ប្រឆាំង នា​ពេល​កន្លង​មក និង​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​ក្នុង​ អាណត្តិ​ក្រោយ​នេះ។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍ ចេញ​ផ្សាយ​ថ្ងៃ​ទី ៩ កុម្ភៈ សង្គម​ស៊ីវិល បាន​លើក​ឡើង​ពី​ព្រឹត្តិការណ៍ ការ​តាម​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាតុកម្ម​ទម្លាក់​លោក កឹម សុខា ពី​តំណែង​អនុ​ប្រធាន​រដ្ឋសភា និង​ការ​វាយ​ទៅ​លើ​តំណាង​រាស្រ្ត​ពីរ​នាក់​របស់​គណបក្ស​សង្រ្គោះ​ជាតិ។អត្តបទដោយ៖ សរ ពិសី

បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ទាំង​ដប់​ក្រោម​ដំបូល​អាស៊ាន​តែ​មួយ​នៅ​ទី​បំផុត​​។
បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ទាំង​ដប់​ក្រោម​ដំបូល​អាស៊ាន​តែ​មួយ​នៅ​ទី​បំផុត​​។ RFI
ផ្សាយពាណិជ្ជកម្ម

បណ្តា​អង្គការ​សង្គម​ស៊ីវិល ចំនួន១២ បាន​ផ្ញើ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ ទៅ​កាន់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន អាមេរិក ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់១៦ ខែកុម្ភៈ ខាង​មុខ​នេះ សម្តែង​ពី​ក្តី​បារម្ភ​ចំពោះ​ការ​ប្រើប្រាស់​អំណាច​របស់​រដ្ឋាភិបាល ក្នុង​ការ​បង្រ្កាប​គណបក្ស​ប្រឆាំង។

តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​រួម របស់​អង្គការ​សង្គម​ស៊ីវិល សកម្មភាព​បង្រ្កាប​របស់​រដ្ឋាភិបាល​ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង​ទាំង​នោះ​រួម​មាន សេចក្តី​សម្រេច​របស់​តុលាការ​ឲ្យ​ចាប់​ខ្លួន លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ។ បាតុកម្ម​ទម្លាក់​លោក កឹម សុខា ពី​តំណែង​អនុប្រធាន​រដ្ឋសភា កាល​ពី​ខែ តុលា ឆ្នាំ ២០១៥ កន្លង​ទៅ​នេះ ក៏​ដូចជា ការ​វាយ​ដំ​ទៅ​លើ​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​ពីរ​នាក់ ដោយ​ក្រុម​បាតុករ នៅ​មុខ​វិមាន​រដ្ឋសភា។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល ឲ្យ​ដឹង​ទៀត​ថា ប្រព័ន្ធ​តុលាការ​ត្រូវ​បាន​រំខាន​ដោយ រដ្ឋាភិបាល ហើយ​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ដើម្បី​បង្រ្កាប​សមាជិក និង​សកម្មជន​របស់​គណបក្ស​ប្រឆាំង។ ជា​ទង្វើ​ដែល សង្គម​ស៊ីវិល​ចាត់​ទុក​ថា នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិយាកាស​នៃ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នា​ពេល​ខាង​មុខ។​

លោក គល់ បញ្ញា ប្រធាន​គណកម្មាធិការ​សំរាប់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ផ្នែក​នយោបាយ​នៅ​ក្នុង ទៅ​ជជែក​ពិភាក្សា នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន អាមេរិក នា​ពេល​ខាង​មុខ​នេះ ជាមួយ​នឹង​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ នៅ​ក្នុង​សហគមន៍​អាស៊ាន ជា​ពិសេស សហរដ្ឋអាមេរិក នឹង​ទទួល​បាន​ផ្លែ​ផ្កា​ជា​វិជ្ជមាន ដែល​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មាន​ភាព​កាន់​តែ​ល្អ​ប្រសើរ។

ឆ្លើយ​តប​នឹង​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង ១២ នេះ លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ គឺ​គ្រាន់​តែ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​មាន​ភាព​ល្បី​ឈ្មោះ និង​មិន​មែន​ជា​ការ​ពិត​នោះ​ទេ។ មិន​ពិត ដោយសារ​នៅ​ក្នុង​ចំណោម​ប្រទេស​នៅ​ក្នុង​សហគមន៍​អាស៊ាន កម្ពុជា បាន​នាំ​មុខ​គេ នៃ​ប្រទេស​ដែល​មាន​ប្រជាធិបតេយ្យ។

លើស​ពី​នេះ លោក សង្កត់​ធ្ងន់​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន អាមេរិក នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ នៅ​ក្នុង​របៀប​វារៈ ផ្លូវ​ការ ក៏​នឹង​មិន​លើក​ឡើង​ពី​បញ្ហា​ផ្ទៃ​ក្នុង​របស់​កម្ពុជា​នោះ​ដែរ។

ជាក់​ស្តែង លោក បាន​លើក​ឡើង​ពី​ជំនួប​របស់ លោក ចន ឃឺរី តំណាង​សហរដ្ឋអាមេរិក ដែលបាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​មក​កម្ពុជា កាល​ពី​ពេល​កន្លង​មក ក៏​លោក​បាន​លើក​ឡើង​តែ​ពី​បញ្ហា​សេដ្ឋកិច្ច និង​ទំនាក់​ទំនង​ល្អ​របស់​កម្ពុជា និង​សហរដ្ឋអាមេរិក និង​មិន​បាន​លើក​ឡើង​ពី​បញ្ហា​នយោបាយ​របស់​កម្ពុជា​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ