អានតួអត្ថបទ
កម្ពុជា

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (HRW) អំពាវនាវ​ឲ្យ​កម្ពុជា​បញ្ចប់​ការ​យក​បាតុកម្ម​ប្រឆាំង​នឹង​បាតុកម្ម

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Right Watch)បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ទី​៩​កុម្ភៈ​ម្សិលមិញ ដោយ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ចប់​ការ​គំរាម​កំហែង​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​អហិង្សា​នៅ​ក្នុង​ប្រទេស​កម្ពុជា រឺហៅ​ថា បាតុកម្ម​ប្រឆាំង​នឹង​បាតុកម្ម។ ការ​អំពាវនាវ​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​មន្រ្តី​រដ្ឋាភិបាល បាន​ប្រកាស​ពី​គម្រោង​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រសិន​បើ​មាន​បាតុកម្ម​ប្រឆាំង​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នៅ​សហរដ្ឋ​អាមេរិក។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋ​អាមេរិក​គួរ​តែ​ទាមទារ​ជា​សាធារណៈ​មួយ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ទំលាក់​ចោល​នូវ​ការ​គំរាម​កំហែង​ដោយ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ទៅ​នឹង​អ្នក​នយោបាយ​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​វិធាន​ការ​ឆ្លើយ​តប​ទៅ​នឹង​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន នៅ​សហរដ្ឋអាមេរិក។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Right Watch) កាល​ពី​ថ្ងៃ​ទី​៩​ខែ​កុម្ភៈ​ឆ្នាំ​២០១៦។

លោក Brad Adam នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​សរសេរ​នៅ​ក្នុង​សេចក្តី​ប្រកាស​នេះ​ថា “រដ្ឋាភិបាល​សហរដ្ឋអាមេរិក គួរ​លើក​ឡើង​ជា​សាធារណៈ​ថា អាមេរិក​មិន​អនុញ្ញាត​ឲ្យ​មេដឹកនាំ​ដែល​ជាប់​កំណត់​ត្រា​នៃ​អំពើ​ហិង្សា​ថ្លែងការណ៍​នៅ​អាមេរិក​នោះ​ទេ”។ លោក Brad Adam ក៏​បាន​រំលឹក​ឡើង​វិញ ពី​ព្រឹត្តិការណ៍​នៃ​បាតុកម្ម​ទំលាក់​លោក​ កឹម សុខា ពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​២៥​តុលា​ឆ្នាំ២០១៥​នោះ​ថា បាន​កើត​ឡើង ក្រោយ​ពី​ការ​ព្រមាន​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បាតុកម្ម​ប្រឆាំង​រូប​លោក​នៅ​ប្រទេស​បារាំង កាល​ពី​អំឡុង​ខែ​តុលា​ឆ្នាំ​២០១៥។

ដូចគ្នា​អញ្ចឹង​ដែរ កាល​ពី​ថ្ងៃ​ទី​២៥​មករា​ឆ្នាំ​២០១៦ នៅ​លើ​ទំព័រ​ហ្វេសបុក​របស់​លោក​នាយក​រដ្ឋមន្រ្តី​បាន​ព្រមាន​ដែរ​ថា បាតុកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​កើត​មាន​ដែរ ប្រសិន​បើ​មាន​បាតុកម្ម​ប្រឆាំង​នឹង​រូប​លោក​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក បើទោះបី​ជា​បាតុកម្ម​នោះ ត្រូវ​បាន​គណបក្ស​ប្រឆាំង​អះអាង​ថា មិន​ជាប់​ពាក់ព័ន្ធ​ក៏​ដោយ។

យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ លោក Brad Adam បាន​អំពាវ​នាវ​ឲ្យ​ប្រធានាធិបតី​អាមេរិក យក​វេទិកា​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-អាមេរិក​នេះ ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ថា ទំនាក់​ទំនង​រវាង​អាមេរិក​និង​កម្ពុជា នឹង​ប៉ះពាល់​ដោយសារ​តែ​កង្វះ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

សូម​បញ្ជាក់​ថា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន​ទាំង​១០​ប្រទេស​នឹង​ជួប​ជាមួយ ប្រធានាធិបតី​អាមេរិក​លោក បារ៉ាក់ អូបាម៉ា នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-អាមេរិក​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង Sunnylands ក្នុង​រដ្ឋកាលីហ្វូញ៉ា (California) សហរដ្ឋ​អាមេរិក​ចាប់​ពី​ថ្ងៃ​ទី​១៥​និង​ទី​១៦​ខែ​កុម្ភៈ​ខាង​មុខ។ ប៉ុន្តែ​បើ​តាម លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ក្រសួង​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ថា​តើ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នឹង​មាន​ជំនួប​ទ្វេភាគី​ដាច់​ដោយ​ឡែក​ជាមួយ​នឹង​ប្រធានាធិបតី​អាមេរិក​លោក បារ៉ាក់ អូបាម៉ា ដែល​គេ​ជឿ​ថា នឹង​មាន​ការ​លើក​ឡើង​ពី​បញ្ហា​រស៊ើបៗ​របស់​កម្ពុជា ទាក់ទង​ទៅ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស ការ​គំរាម​កំហែង និង​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នៅ​ឡើយ​ទេ។ បើ​តាម​គម្រោង លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នឹង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​អាមេរិក នៅ​ថ្ងៃ​ទី​១៤​កុម្ភៈ​ខាង​មុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ