អានតួអត្ថបទ
កម្ពុជា

ក្នុង​រយៈ​ពេល​ជាង​១​ខែ៖ អាជ្ញាធរ​បញ្ជូន​អ្នក​ល្មើស​ច្បាប់​ចរាចរណ៍​ជាង​១០០​នាក់ ទៅ​កាន់​តុលាការ

ក្រសួង​មហា​ផ្ទៃ​នៅ​ថ្ងៃ​ពុធ​នេះ បាន​បើក​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ឱ្យ​ទូលំ​ទូលាយ​ស្តី​ពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី។ ច្បាប់​ចរាចរណ៍​ដែល​ទើប​តែ​ដាក់​ឱ្យ​អនុវត្ត​បាន​១​ខែ​តែ​ប៉ុណ្ណោះ។ យ៉ាង​ណា​ក៏​ដោយ ក្រោយ​កិច្ច​ប្រជុំ​ក្រសួង​មហា​ផ្ទៃ​បាន​បញ្ជាក់​ថា អាជ្ញាធរ​បាន​បញ្ជូន​ជន​ល្មើស​ប្រមាណ​ជាង​១០០​នាក់​ទៅ​កាន់​តុលាការ​ដើម្បី​ផ្តន្ទាទោស។ ដោយ​ឡែក​អ្នក​ជំនាញ​បញ្ហា​ចរាចរណ៍ ស្នើ​ឱ្យ​រដ្ឋាភិបាល​បន្ត​ការ​អនុវត្ត​បន្តឹង​ច្បាប់ និង​ព្យួរ​ចំណុច​មួយ​ចំនួន។

ចរាចរណ៍​ស្ទះ ដោយសារ​អ្នក​បើកបរ​​មិន​គោរព​ច្បាប់​ និង​ខ្វះ​សីលធម៌​។
ចរាចរណ៍​ស្ទះ ដោយសារ​អ្នក​បើកបរ​​មិន​គោរព​ច្បាប់​ និង​ខ្វះ​សីលធម៌​។ @Troll Page
ផ្សាយពាណិជ្ជកម្ម

មាន​ជន​ល្មើស​ប្រមាណ​ជាង​១០០​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​ដោយ​សារ​ល្មើស​ច្បាប់​ចរាចរណ៍​ថ្មី។ អ្នក​ល្មើស​ទាំង​នោះ គឺ​ជា​អ្នក​សេព​គ្រឿង​ស្រវឹង និង​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍។សម្លេង​លោក​ហ៊ឹម យ៉ាន អគ្គ​រង​ស្នង​ការ​នគរបាល​ជាតិ។

លោក​ឧត្តម​សេនីយ៍​រូប​នេះ​បាន​បន្ថែម​ថា ភាគ​ច្រើន​អ្នក​ដែល​ល្មើស​គឺ​ជា​អ្នក​សេព​គ្រឿង​ស្រវឹង និង​អ្នក​បើក​បរ​ហួស​ល្បឿន​កំណត់​ដោយ​នៅ​ក្នុង​នោះ អ្នក​ដែល​ល្មើស​ច្បាប់​កាល​ពី​ខែ​មករា​មាន​ប្រមាណ​ជា​៤០​នាក់ ដោយ​ឡែក​ក្នុង​ដើម​សប្តាហ៍​ទី​១​នៃ​ខែ​កុម្ភៈ អ្នក​ល្មើស​ច្បាប់​ថ្មី​នេះ មាន​ចំនួន​៦២​នាក់។ យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​តុលាការ​សាល​ដំបូង​រាជធានី​ភ្នំពេញ លោក លីសុផាន់ណា មិន​អាច​ឆ្លើយ​បំភ្លឺ​បាន​នោះ​ទេ​ចំពោះ​ករណី​ជន​ល្មើស​ទាំង​អស់​ដែល​អាជ្ញាធរ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​ទេ។ លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា កំពុង​ជាប់​ប្រជុំ។ ការ​ចាប់​បញ្ជូន​ជន​ល្មើស​ច្បាប់​ចរាចរណ៍​ច្រើន​សន្ធឹក​សន្ធាប់​បែប​នេះ គឺធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ដាក់​ឱ្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នៅ​ខែ​មករា​ឆ្នាំ​២០១៦​នេះ។

គួរ​កត់​សម្គាល់​ផង​ដែរ​ថា ទន្ទឹម​នឹង​ការ​អនុវត្ត​តឹង​រ៉ឹង​ចំពោះ​ច្បាប់​ចរាចរណ៍​ថ្មី​នេះ រដ្ឋាភិបាល​នៅ​ថ្ងៃ​ពុធ​ទី​១០​កុម្ភៈ​នេះ បាន​សម្រេច​ដាក់​ឱ្យ​វិសោធន​កម្ម​ច្បាប់​ថ្មី​នេះ​ចំនួន​៨​មាត្រា​ផង​ដែរ។ មាត្រា​ទាំង​នោះ​គឺ​មាត្រា​៨ មាត្រា​៤០ និង​មាត្រា​៤១ ដែល​ពាក់​ព័ន្ធ​នឹង​ការ​លុប​ចោល​ប័ណ្ណ​បើកបរ​ម៉ូតូ​ប្រភេទ​ក​១​ដែល​មាន​កម្លាំង​១២៥​សេសេ ចុះ​ក្រោម។ ដោយ​ឡែក​មាត្រា​៤៨​ពាក់​ព័ន្ធ​នឹង​ការ​ផ្ទេរ​កម្ម​សិទ្ធ​យានយន្ត។ ដោយ​ឡែក​មាត្រា​៧៥ មាត្រា​៧៧ គឺ​ពាក់​ព័ន្ធ​នឹង​ការ​បើកបរ ដែល​មាន​ជាតិ​ស្រវឹង​លើស​ពី​០.៤០មីលីក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់​ឡើង​ទៅ ចំណែក​មាត្រា​៨២ គឺ​ពាក់​ព័ន្ធ​នឹង​ការ​បើកបរ​ដោយ​គ្មាន​ប័ណ្ណ​សម្គាល់ និង​គ្មាន​ស្លាក​លេខ​យាន​យន្ត​ចំពោះ​រថយន្ត ចំពោះ​មាត្រា៩០ គឺ​ការ​ពាក់​ខ្សែ​ក្រវាត់​ការពារ​សុវត្ថិភាព។

លោកកឹម បញ្ញា​ នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​បង្កា​របួស​អាស៊ី​ ប្រចាំ​នៅ​កម្ពុជា​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​មិន​គួរ​ប្រញាប់​វិសោធនកម្ម​ច្បាប់​ទាំង​នេះ​ពេក​នោះ​ទេ។ មិន​ប្រញាប់​ព្រោះ​ថា ច្បាប់​នេះ​ទើប​តែ​ដាក់​ឱ្យ​អនុវត្ត ហើយ​រដ្ឋាភិបាល​គួរ​ទុក​ពេល​សម្រាប់​អន្តរកាល​ព្យួរ​ការ​អនុវត្ត និង​សម្រួល​ឱ្យ​រដ្ឋ​នូវ​សេវាកម្ម​កម្រិត​ទាប​និង​ទាន់​ចិត្ត​ជូន​ប្រជាពលរដ្ឋ​វិញ​ប្រសើរ​ជាង។ លោក​​បាន​សង្កត់​ធ្ងន់​ថា ការ​ចង់​វិសោធនកម្ម​របស់​រដ្ឋាភិបាល​នេះ​គឺ​បណ្តាល​មក​ពី​ការ​តវ៉ា​ច្រើន​ពី​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ។

បើទោះ​បី​ជា មនុស្ស​ប្រមាណ​ជាង​១០០​នាក់​ត្រូវ​ប្រឈម​មុខ​នឹង​តុលាការ​ដោយ​សារ​ច្បាប់​ចរាចរណ៍​ថ្មី​ក៏​ដោយ ក៏​រដ្ឋាភិបាល​នៅ​តែ​ប្រកាន់​ជំហរ​យ៉ាង​ម៉ឹងម៉ាត់​ចំពោះ​ការ​អនុវត្ត​ដដែល​ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នក​បើកបរ និង​អាយុ​ជីវិត​រដ្ឋ​ទូទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ