អានតួអត្ថបទ
កម្ពុជា

​សម្ព័ន្ធ​សហជីព​អន្ដរជាតិ​ស្នើ​ឲ្យ​​ទម្លាក់​បទ​ចោទ​លើ​ជន​ជាប់​ចោទ​ក្នុង​រឿង​អំពើ​ហិង្សា​នៅ​មុខ​ក្រុមហ៊ុន​កាពីតូល

សម្ព័ន្ធ​សហជីព​អន្ដរជាតិ កាល​ពី​ថ្ងៃ​ទី​១១​ខែ​កុម្ភៈ បាន​ផ្ញើ​លិខិត​មួយ​ទៅ​កាន់ លោក អ៊ិត សំហេង ​រដ្ឋ​មន្ដ្រី​ក្រសួង​ការងារ​។ ខ្លឹម​សារ​នៃ​លិខិត​​កម្រាស់​ពីរ​ទំព័រ​នេះ មាន​គោលដៅ​ស្នើ​ឲ្យ​ក្រសួង​ការងារ ធ្វើ​អន្ដរាគមន៍ ​ទម្លាក់​បទ​ចោទ​លើ​អ្នក​តវ៉ា​ទាំង​ឡាយ ដែល​ត្រូវ​តុលាការ​ចោទ​ប្រកាន់​​ក្នុង​សំណុំ​រឿង​​អំពើ​​ហិង្សា​នៅ​មុខ​ក្រុមហ៊ុន​កាពីតូល។ ជាមួយ​គ្នា​នេះ សម្ព័ន្ធ​សហជីព​អន្ដរជាតិ ក៏​បាន​ទាមទារ​ឲ្យ​ដោះ​លែងអ្នក​តវ៉ា​​ពីរ​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​បាតុកម្ម​ កាល​ពី​ថ្ងៃ​ទី​៦​ខែ​កុម្ភៈ​​កន្លង​ទៅ​ផង​ដែរ​។

ការប៉ះទង្គិចគ្នា រវាងអតីតក្រុមអ្នកបើកបររថយន្តក្រុងកាពីតូល និង ក្រុមរ៉ឺម៉កកង់បី នៅថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០១៦
ការប៉ះទង្គិចគ្នា រវាងអតីតក្រុមអ្នកបើកបររថយន្តក្រុងកាពីតូល និង ក្រុមរ៉ឺម៉កកង់បី នៅថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០១៦ @CLC
ផ្សាយពាណិជ្ជកម្ម

សម្ព័ន្ធ​សហជីព​អន្ដរជាតិ ថ្កោល​ទោស​យ៉ាង​ខ្លាំង ចំពោះ​អំពើ​ហិង្សា​ដ៏​ឃោឃៅ ដែល​កើត​ឡើង​លើ​អតីត​បុគ្គលិក​ដែល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ទេសចរណ៍​កាពីតូល​។ នេះ​គឺ​ជាអ្វី​ដែល​សម្ព័ន្ធ​សហជីព​អន្ដរជាតិ សរសេរ​នៅ​ក្នុង​លិខិត​ផ្ញើ​ជូន ​លោក អ៊ិត សំហេង រដ្ឋ​មន្ដ្រី​ក្រសួង​ការងារ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១១​កុម្ភៈ​កន្លង​ទៅ​។

បន្ថែម​ពី​លើ​ការ​ថ្កោលទោស សម្ព័ន្ធ​សហជីព​អន្ដរជាតិ ក៏​បាន​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​អ្នក​តវ៉ា​ទាំង​ឡាយ ដែល​ត្រូវ​តុលាការ​ចោទ​ប្រកាន់​​ក្នុង​សំណុំ​រឿង​​អំពើ​​ហិង្សា​នៅ​មុខ​ក្រុមហ៊ុន​កាពីតូល។ ដោយ​ឡែក ចំពោះ​អតីត​អ្នក​បើក​បរ​ឡាន​ក្រុង​ម្នាក់ និង​មន្ដ្រី​សហជីព​ម្នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​សំណុំ​រឿង​ដដែល​នេះ ក៏​ត្រូវ​បាន​សម្ព័ន្ធ​សហជីព​អន្ដរជាតិ ទាមទារ​ឲ្យ​មាន​ការ​អន្ដរាគមន៍​ដោះ​លែង​ផង​ដែរ​។

សូម​រំលឹក​ថា រហូត​មក​ទល់​ពេល​នេះ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​៦​នាក់​ហើយ ដែល​ត្រូវ​បាន​សាលា​ដំបូង​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​និង​ចាប់​ខ្លួន ក្នុង​សំណុំ​រឿង​អំពើ​ហិង្សា​នៅ​មុខ​ក្រុមហ៊ុន​ទេសចរណ៍​កាពីតូល កាល​ពី​ថ្ងៃ​ទី​៦​ខែ​កុម្ភៈ​​កន្លង​ទៅ​ រវាង​ក្រុម​រ៉ឺម៉ក​កង់​បី​​មក​ពី​សមាគម​ដើម្បី​អភិវឌ្ឍ​កម្ពុជា និង​ក្រុម​អតីត​អ្នក​បើក​បរ​ឡាន​ក្រុង​របស់​ក្រុមហ៊ុន​ទេសចរណ៍​កាពីតូល​។

ក្នុង​នោះ ព្រះ​រាជ​អាជ្ញា​នៃ​សាលា​ដំបូង​ក្រុង​ភ្នំពេញ បាន​ចោទ​ប្រកាន់​ប្រធាន​សហជីព​ចំនួន​៤​រូប ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្ក​អំពើ​ហិង្សា​ដោយ​ចេតនា រារាំង​មន្ដ្រី​សាធារណៈ និង​ធ្វើ​ឲ្យ​កក​ស្ទះ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​សាធារណៈ​។ ប្រធាន​សហជីព​ទាំង​៤​រូប​​នោះ មាន​ជា​អាថិ៍ លោក អាត់ ធន់ ប្រធានសម្ព័ន្ធ​សហជីព​ស៊ីខាវឌូ លោក គង់ អាទិត្យ អគ្គលេខា​ធិការ​សហជីព​ស៊ីខាវឌូ លោក អៀង គឹមហ៊ុន ប្រធាន​សហជីព​ការងារ និង​លោក ឈុនអឿង ប្រធាន​សមាគម​ការងារ​។ ដោយ​ឡែក ក្រៅ​ពី​ប្រធាន​សហជីព​ទាំង​៤​រូប​​នេះ មាន​មនុស្ស​ចំនួន​ពីររូប​ផ្សេង​ទៀត ម្នាក់​ជា​អតីត​អ្នក​បើក​រថយន្ត​ឲ្យ​ក្រុមហ៊ុន​កាពីតូល និង​ម្នាក់​ទៀត​ជា​សកម្មជន​សិទ្ធិ​ការងារ​ ត្រូវ​បាន​ចាប់​ខ្លួន ក្នុង​បទ​ចោទ​ចំនួន​៣ ដូច​គ្នា​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ