អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កម្ពុជា​ជា​ឋាន​សួគ៌​នៃ​គណបក្ស​នយោបាយ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

មិន​ដល់​រយៈ​ពេល​មួយ​ឆ្នាំ​ស្រួល​បួល​ផង គណបក្ស​នយោបាយ​ថ្មី​ៗ​ចំនួន​១១​ហើយ​ ត្រូវ​បាន​បង្កើត​ឡើង។ បើ​ទោះក្នុង​ហេតុ​ផល​អ្វី​ក៏​ដោយ វត្តមាន​នៃ​គណបក្ស​នយោបាយ​ថ្មី​នេះ នឹង​ផ្តល់​ជម្រើស​ច្រើន​ដល់​ម្ចាស់​ឆ្នោត។ យ៉ាង​ណា​ក៏​ដោយ វត្តមាន​នៃ​គណបក្ស​តូច​ៗ​នៅ​ក្នុង​ឆាក​នយោបាយ​កម្ពុជា​នៅ​ពេល​នេះ គឺ​ប្រៀប​ដូចជា​ផ្កា​ចម្រុះ​ពណ៌ ដែល​បាន​ជួយ​លំអរ​សួន​ប្រជាធិបតេយ្យ​របស់​កម្ពុជា​តែ​ប៉ុណ្ណោះ។

RFI
ផ្សាយពាណិជ្ជកម្ម

ផ្អែក​តាម​ប្រវត្តិ​នៃ​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា មាន​តែ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​២​ឆ្នាំ​១៩៩៨​ប៉ុណ្ណោះ ដែល​កម្ពុជា​មាន​គណបក្ស​នយោបាយ​ច្រើន​ចូលរួម​ប្រកួត​ប្រជែង រហូត​ដល់​ទៅ​ចំនួន​៣៩​គណបក្ស ខណៈ​ដែល​ការ​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩៣ មាន​តែ​២០​គណបក្ស ហើយ​ឆ្នាំ​២០០៣ មាន​២៣​គណបក្ស។ ក៏​ប៉ុន្តែ​ចាប់​ពី​ការ​បោះឆ្នោត​អាណត្តិ​ទី​៤​ និង​ទី​៥​មក ទំនោរ​នៃ​ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ៗ​នៅ​កម្ពុជា ហាក់​បាន​ថយ​ចុះ​ជា​បន្ត​បន្ទាប់ ពោល​គឺ​ ពី​ចំនួន​២៣​គណបក្ស​នៅ​ឆ្នាំ​២០០៣ ចុះ​មក​នៅ​ត្រឹម​១១​គណបក្ស​នៅ​ឆ្នាំ​២០០៨ និង​នៅ​សល់​តែ​៨​គណបក្ស​ប៉ុណ្ណោះ នៅ​ឆ្នាំ​២០១៣​កន្លង​ទៅ។

ការ​លិច​អណ្តែត​នៃ​គណបក្ស​នយោបាយ​នៅ​កម្ពុជា អាច​បណ្តាល​មក​ពី ទី​១.បញ្ហា​ហិរញ្ញ​វត្ថុ ទី​២.គ្មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ និង​ទី​៣.អាច​បណ្តាល​មក​ពី​ការ​ប្រែ​ប្រួល​នៃ​បរិបទ​នយោបាយ​​នៅ​កម្ពុជា។ ក៏​ប៉ុន្តែ ចាប់​តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៣​នេះ​មក ទំនោរ​នៃ​ការ​បង្កើត​គណបក្ស​នយោបាយ​នៅ​កម្ពុជា​ហាក់​បាន​នឹង​កំពុង​ងើប​ឡើង​វិញ ស្រប​ពេល​ដែល​សម្លេង​គាំទ្រ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង ហាក់​កំពុង​តែ​ប្រកៀក​ប្រកិត​គ្នា​យ៉ាង​ខ្លាំង។

សម្រាប់​ក្រុម​អ្នក​វិភាគ វត្ត​មាន​នៃ​គណបក្ស​នយោបាយ​ថ្មី​នេះ នឹង​ផ្តល់​ជម្រើស​ច្រើន​ដល់​ម្ចាស់​ឆ្នោត ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​ល្អ​ឡើយ​សម្រាប់​គណបក្ស​ប្រឆាំង។

បើ​គិត​មក​ដល់​ខែ​មីនា​ឆ្នាំ​២០១៦​នេះ មាន​គណបក្ស​នយោបាយ​ថ្មី​ៗ​ចំនួន​១១​ហើយ ត្រូវ​បាន​បង្កើត​ឡើង។ គណបក្ស​ថ្មី​ទាំង​នោះ​រួម​មាន គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិប​តេយ្យ របស់​លោក ម៉ម សូណង់ដូ, គណបក្ស​អំណាច​ខ្មែរ របស់​លោក សួន សេរីរដ្ឋា, គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន របស់​លោក យ៉ង សាំងកុមារ, គណបក្ស​ខ្មែរ​សាមគ្គី របស់​លោក​ស្រី ឡាក់ សុភាព, គណបក្ស​កម្ពុជា​សេរីភាព របស់​លោក ជា ចំរើន, គណបក្ស​យុត្តិធម៌​ជាតិ​ខ្មែរ​ របស់​លោក ហ៊ាង រិទ្ធី, គណបក្ស​ជន​ជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា របស់​លោក ផ្លាំង ស៊ីន, គណបក្ស​យុវជន​កម្ពុជា របស់​លោក ពេជ្រ ស្រស់, គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ របស់​លោក ញ៉ែម វណ្ណថន, គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក ញឹក ប៊ុនឆៃ ដែល​ទើប​បែក​ចេញ​ពី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិក​របស់​ព្រះអង្គ​ម្ចាស់​នរោត្តម រណឬទ្ធិ និង​ចុង​ក្រោយ​នេះ គឺ​គណបក្ស​ខ្មែរ​ដើម្បី​ខ្មែរ​របស់ លោក អ៊ុក ស៊ុយ ដែល​ទើប​តែ​ប្រកាស​ដើរ​ចេញ​ពី​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់​លោក ម៉ម សូណង់ដូ កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ។

វត្តមាន​នៃ​គណបក្ស​នយោបាយ​ថ្មី​ៗ​នៅ​កម្ពុជា​នេះ​ វា​មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ​សម្រាប់​កម្ពុជា​ ព្រោះ​កន្លង​ទៅ​ក៏​មាន​ការ​លើក​ឡើង​ដែរ​ថា កម្ពុជា​គឺ​ជា​ឋាន​សួគ៌ា​នៃ​គណបក្ស​នយោបាយ។ តែ​យ៉ាងណា​ក៏​ដោយ វត្តមាន​នៃ​គណបក្ស​នយោបាយ​ថ្មី​ៗ​ពេលនេះ​ គឺ​ផ្នែក​មួយ​នៃ​លទ្ធផល​ដែល​កើត​ចេញ​ពី​ការ​បែក​បាក់​គ្នា, ការ​មិន​ទុក​ចិត្ត​គ្នា, ឬ​ទស្សនៈ​នយោបាយ​មិន​ត្រូវ​គ្នា​ជា​ដើម។ តួយ៉ាង​ដូច​ជា​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់​លោក ម៉ម សូណង់ដូ ដែល​ចាប់​តាំង​ពី​បើក​ឲ្យ​ដំណើរ​ការ​គណបក្ស​នេះ​ឡើង​វិញ​កាល​ពី​ខែ​មេសា​ឆ្នាំ​២០១៥​នោះ អតីត​សមាជិក​របស់​លោក​៣​នាក់​ហើយ ដែល​បាន​ដើរ​ចេញ​នឹង​ទៅ​បង្កើត​គណបក្ស​ថ្មី​រៀង​ៗ​ខ្លួន។

ចំណែក​ឯ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិក​របស់​សម្តេច​ក្រុម​ព្រះនរោត្តម រណឬទ្ធិ​ឯណោះ​វិញ បន្ទាប់​ពីការ​រួប​រួម​គ្នា​នៅ​ខែ​មករា​ឆ្នាំ​២០១៥​នោះ ក៏​បាន​ចែក​ផ្លូវ​ជា​ពីរ​ជាមួយ​នឹង​លោក ញឹក ប៊ុនឆៃ ដោយ​ទៅ​បង្កើត​គណបក្ស​ថ្មី​មួយ​ទៀត​ដែរ។ ចំណែក​ឯ​លោក ជា ចំរើន ដែល​អតីត​សមាជិក​រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ប្រកាស​ដើរ​ចេញ​ពី​គណបក្ស​កាន់​អំណាច ដោយ​ទៅ​បង្កើត​គណបក្ស​ថ្មី​ផង​ដែរ ស្រប​ពេល​ដែល​យុវជន និង​បណ្ឌិត​បញ្ញាវ័ន្ត​មក​ពី​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​នយោបាយ​ជើង​ថ្មី​ខ្លះ បាន​សម្រេច​ចិត្ត​ចូល​ប្រឡូក​ខ្លួន​ក្នុង​ឆាក​នយោបាយ​កម្ពុជា​នេះ​ដែរ។

រាល់​ពេល​ដែល​ឥស្សរជន​ទាំង​នេះ ចេញ​មក​គណបក្ស​នយោបាយ​ថ្មី គឺ​សុទ្ធ​តែ​អះអាង​ដូច​គ្នា​ថា ធ្វើ​ដើម្បី​ជាតិ និង​ប្រជាជន។ ក៏​ប៉ុន្តែ ពួក​គេ​ហាក់​ភ្លេច​ថា តើ​វត្ត​មាន​នៃ​គណបក្ស​នយោបាយ​ដ៏​ច្រើន​បែប​នេះ វា​សម​មូល​ទៅ​នឹង​ចំនួន​ប្រជាជន និង​ផ្ទៃដី​របស់​ប្រទេស​កម្ពុជា​ដែរ​រឺ​ទេ? ថា​តើ​វត្តមាន​នៃ​គណបក្ស​ថ្មី​ៗ​ទាំង​នេះ ពិត​ជា​បាន​រួម​ចំណែក​ក្នុង​ការ​ជួយ​ប្រជាជាតិ និង​ប្រជាជន​របស់​ខ្លួន​ពិត​ដែរ​ឬ​ទេ?

យ៉ាងណា​ក៏​ដោយ ទំនោរ​នៃ​ការ​បង្កើត​គណបក្ស​ថ្មី​ៗ​ទាំង​នេះ មើល​ទៅ ហាក់​មាន​ភាព​ងាយ​ស្រួល។ តាម​មាត្រា​២០ ជំពួក​ទី​៥ នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ បាន​កំណត់​ថា ដើម្បី​ទទួល​សុពលភាព​ជា​គណបក្ស​នយោបាយ​ស្រប​ច្បាប់ គ្រប់​គណបក្ស​នយោបាយ​ដោយ​គ្រាន់​តែ​ប្រមូល​ស្នា​មេដៃ​ពី​អ្នក​គាំទ្រ​ចំនួន​៤០០០​នាក់​ប៉ុណ្ណោះ។ តែ​អ្វី​ដែល​មិន​ស្រួល​នោះ​គឺ​ថា ការ​រក្សា​ស្ថេរភាព​និង​ដំណើរ​ការ​ជា​ប្រក្រតី​របស់​គណបក្ស​នយោបាយ​ទាំង​នោះ​ទេ​តើ។ មាន​ឧទាហរណ៍​ជា​ច្រើន​មក​ហើយ ដែល​គេ​បាន​ឃើញ​ថា គណបក្ស​នយោបាយ​ដែល​បង្កើត​ឡើង​ថ្មី ដំណើរ​បាន​តែ​មួយ​អាណត្តិ ឬ​ពីរ​អាណត្តិ​ប៉ុណ្ណោះ​ក៏​បាត់​ឈ្មោះ​ទៅ​វិញ​ជា​ធម្មតា​ទៅ។

ហើយ​បើ​ផ្អែក​ទៅ​លើ​ប្រវត្តិ​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា ចាប់​តាំង​ពី​ការ​បោះឆ្នោត​ដំបូង​នៅ​ឆ្នាំ​១៩៩៣​ មាន​តែ​គណបក្ស​នយោបាយ​២​ទៅ​៣​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ។ ហើយ​ចុងក្រោយ​នេះ វា​កាន់​តែ​ច្បាស់​ណាស់​ទៅ​ហើយ​ថា គឺ​មាន​តែ​គណបក្ស​ពីរ​ប៉ុណ្ណោះ ​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ នោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​៦៨​អាសនៈ និង​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​៥៥​អាសនៈ។ គណបក្ស​ទាំង​ពីរ គឺ​ជា​ប៉ូល​ធំ​ពីរ ដែល​ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​សំឡឹង​មើល និង​ឲ្យ​ពិន្ទុ ចំពោះ​ការ​ដឹកនាំ​និង​ការ​ប្រជែង​របស់​ពួក​គេ។

យ៉ាង​ណា​ក៏​ដោយ សម្រាប់​អ្នក​វិភាគ វត្តមាន​នៃ​គណបក្ស​តូច​ៗ​នៅ​ក្នុង​ឆាក​នយោបាយ​កម្ពុជា​នៅ​ពេល​នេះ គឺ​ប្រៀប​បី​ដូចជា​ផ្កា​ចម្រុះ​ពណ៌ ដែល​បាន​កំពុង​ជួយ​លំអរ​សួន​ប្រជាធិបតេយ្យ​របស់​កម្ពុជា​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ