អានតួអត្ថបទ
កម្ពុជា

លោក​ ហ៊ុន សែន ប្រកាស​រុះរើ​គណៈ​រដ្ឋ​មន្រ្តី​នៅ​ថ្ងៃ​ទី​៤​មេសា

លោក​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១៧​មី​នា​នេះ បាន​ប្រកាស​ជា​សាធារណៈ​ថា គណៈ​រដ្ឋ​មន្រ្តី​របស់​លោក នឹង​ត្រូវ​រុះរើ​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​ទី​០៤ ខែ​មេសា​ខាង​មុខបន្ទាប់​ពី​លោក​បាន​ដាក់​សំណើ​ទៅ​កាន់​រដ្ឋសភា​ជា​ផ្លូវ​ការ រួច​ហើយ កាល​ពី​ថ្ងៃ​ទី​១៦​មីនា​ម្សិលមិញ។ លោក ហ៊ុន សែន បាន​បង្ហើប​ថា មាន​ក្រសួង​ចំនួន​៨ នឹង​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​នៅ​ត្រឹម​ពាក់​កណ្តាល​អាណត្តិ​នេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ចំនួន​៨ នឹង​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​សម្រាប់​ដំណើរ​ការ​រុះរើ​គណៈរដ្ឋ​មន្ត្រី​ជា​លើក​ដំបូង​របស់​លោក​ហ៊ុន សែន។ ដំណើរ​ការ​រុះរើ​គណៈ​រដ្ឋ​មន្រ្តី​ គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤​មេសា​នោះ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ ដែល​លោក​នាយក​រដ្ឋ​មន្រ្តី​ បាន​ប្រកាស​ដាក់​ចេញ​កាល​ពី​ដើម​អាណត្តិ​ទី​៥ និង​ដើម្បី​ប្រសិទ្ធភាព​ការងារ​នៅ​ក្នុង​ជួរ​គណៈ​រដ្ឋ​មន្រ្តី​របស់​លោក។

ក្រសួង​ចំនួន​បី ក្នុង​ចំណោម​ក្រសួង​ទាំង​៨​នោះ​ ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្រ្តី​បង្ហើប​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា​មាន​៖ រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក អ៊ុក រ៉ាប៊ុន, រដ្ឋ​មន្ត្រី​ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន លោក​ត្រាំ អ៊ីវតឹក, និង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា ​លោក ហោ ណាំហុង។

ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​សកល​វិទ្យាល័យ​ន័រតុន​នៅ​ថ្ងៃ​ទី​១៧​មីនា​នេះ លោក​នាយក​រដ្ឋមន្រ្តី បាន​ហៅ​ការ​កែ​សម្រួល​សមាសភាព​គណៈ​រដ្ឋ​មន្ត្រី​នេះ​គឺ​ជា​ការ​ធ្វើ​ឡើង​ស្រប​តាម​សំណូម​ពរ​របស់​ប្រជាពលរដ្ឋ ដែល​ចង់​បាន​មន្ត្រី​ល្អ​ៗ​មក​បម្រើ​ពួក​គាត់ ហើយ​ក៏​ជា​រឿង​ចាំបាច់​នៅ​ក្នុង​កាលៈ​ទេសៈ​បច្ចុប្បន្ន។

ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន ក៏​បាន​ថ្លែង​ការពារ​គណៈ​រដ្ឋ​មន្ត្រី​របស់​លោក​ដែរ​ថា នេះ​មិន​មែន​សុទ្ធ​តែ​អាក្រក់​ទាំង​អស់​នោះ​ទេ។ ការ​ផ្លាស់​ប្តូរ គឺ​ធ្វើ​ឡើង​តែ​ចំពោះ​មន្ត្រី​ដែល​ស្ពឹក​ស្រពន់​មួយ​ចំនួន ដើម្បី​ឲ្យ​ការងារ​ប្រទេស​ជាតិ​របស់​លោក​កាន់​តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់។

យ៉ាងណា​ក៏​ដោយ នៅ​មុន​ពេល​មាន​ការ​រុះរើ​គណៈ​រដ្ឋ​មន្រ្តី​ជា​ផ្លូវការ​មក​ដល់ លោក​នាយក​រដ្ឋ​មន្ត្រី បាន​អំពាវនាវ​ឲ្យ​រដ្ឋ​មន្រ្តី​ដែល​ប្រឈម​នឹង​ការ​ផ្លាស់ប្តូរ​ទាំង​អស់ ត្រូវ​បន្ត​ធ្វើ​ការងារ​របស់​ខ្លួន​ រហូត​ដល់​មាន​ព្រះរាជក្រឹត្យ​តែង​តាំង​ថ្មី។ ក្រៅ​ពី​ការ​រុះរើ​គណៈ​រដ្ឋ​មន្រ្តី​នេះ លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន ក៏​មាន​គម្រោង​ដាក់​ឲ្យ​អភិបាល​ខេត្ត​ចំនួន​បួន រួម​មាន​ខេត្ត​កំពង់​ស្ពឺ កំពត បន្ទាយ​មាន​ជ័យ និង​ស្វាយរៀង ឲ្យ​ចូល​និវត្តន៍​ផង​ដែរ។ បើ​តាម​លោក​នាយក​រដ្ឋ​មន្ត្រី អភិបាល​ខេត្ត​ដែល​ចូល​និវត្តន៍​ទាំង​នេះ នឹង​ក្លាយ​ជា​សមាជិក​របស់​រាជ​រដ្ឋាភិបាល ដែល​នឹង​ទទួល​បាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា​ឲ្យ​ដឹង​ថា រដ្ឋសភា​កំពុង​តែ​ពិនិត្យ​សំណើ​របស់​រដ្ឋាភិបាល ដើម្បី​ប្រជុំ​សម្រេច​ដាក់​បញ្ចូល​ទៅ​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ