អានតួអត្ថបទ
កម្ពុជា

លោក ឱម​ យ៉ិនទៀង​ព្រមាន​លាត​ត្រដាង​អំពើ​ពុក​រលួយ​របស់​លោក​សម រង្ស៊ី

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក​ឱម យ៉ិនទៀង បាន​ឱ្យ​ដឹង​ថា​អង្គភាព​មាន​ព័ត៌មាន​សំងាត់​ស្តី​ពី​អំពើ​ពុក​រលួយ​របស់​លោក​សម រង្ស៊ី។ ប្រធាន​អង្គភាព​រូប​នេះ បាន​អះអាង​ថា​ប្រសិន​បើ​លោក សម រង្ស៊ី​នៅ​បន្ត​រិះគន់​ជា​បន្ត​ទៀត លោក​នឹង​បញ្ចេញ​ព័ត៌មាន​ទាំង​នេះ។ គណបក្ស​សង្គ្រោះ​ជាតិ​ស្វាគមន៍​ចំពោះ​ព័ត៌មាន​នេះ។

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំង​អំពើ​ពុករលួយ
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំង​អំពើ​ពុករលួយ © ស៊ុន​ មេសា
ផ្សាយពាណិជ្ជកម្ម

ប្រធាន​អង្គភាព​ប្រឆាំង​ពើ​ពុក​រលួយ ព្រមាន​ទម្លាយ​អាថ៌កំបាំង​ពុក​រលួយ​របស់​លោក សម រង្ស៊ីប្រសិន​បើ​មេ​បក្ស​រូប​នេះ​នៅ​បន្ត​រិះគន់។ (សម្លេង)

សម្រាប់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល ក្រៅ​ពី​ករណី​លោក សម រង្ស៊ី​ខ្លួន​ឯង ក៏​មាន​ដែរ​ករណី​អំពើ​ពុក​រលួយ​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​ទៀត។ ប៉ុន្តែ​ប្រធាន​អង្គភាព​នេះ នៅ​មិន​ទាន់​បញ្ជាក់​ពី​ប្រភេទ​នៃ​អំពើ​ពុក​រលួយ​ដែល​លោក សម រង្ស៊ី​មាន​នោះ​ដែរ។

ភ្លាម​ៗ​គណបក្ស​សង្គ្រោះ​ជាតិ ស្វាគមន៍​ចំពោះ​ព័ត៌មាន​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​មេដឹកនាំ​គណបក្ស​ខ្លួន​ដែល​កំពុង​រុំព័ទ្ធ​ដោយ​បណ្តឹង​តុលាការ។ លោក​អេង ឆៃអ៊ាង មន្ត្រី​ជាន់​ខ្ពស់​គណៈ​មជ្ឈឹម​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​ថា គណបក្ស​គ្មាន​ការ​ភ័យ​ព្រួយ​អ្វី​ឡើយ​ចំពោះ​ការ​ព្រមាន​នេះ ព្រោះ​ថា​អំពើ​ពុក​រលួយ​គឺ​ជា​អ្វី​ដែល​ពលរដ្ឋ​ខ្មែរ​ស្អប់​ខ្ពើម ប៉ុន្តែ​អង្គភាព​ត្រូវ​តែ​ធ្វើ​ការ​ដោយ​យុត្តិធម៌។ សម្រាប់​សមាជិកសភា និង​ជា​ប្រធាន​គណៈកម្មការ​ទី​១​របស់​រដ្ឋសភា អំពើ​ពុក​រលួយ​នៅ​ក្នុង​ស្រុក​ខ្មែរ​គឺ​គេ​អាច​ដឹង​បាន​យ៉ាង​ងាយ​ស្រួល​ព្រោះ​ថា​មនុស្ស​មួយ​ចំនួន​ពេល​មុន​កាន់​អំណាច​អ្នក​ខ្លះ​មិន​មាន​អ្វី​ទាំង​អស់ ប៉ុន្តែ​ក្រោយ​កាន់​អំណាច​ទ្រព្យ​សម្បតិ្ត​វីឡា និង​រថយន្ត​ទំនើប​ៗ។

ការ​ព្រមាន​ពី​សំណាក់​លោក ឱម យ៉ិនទៀង​ នេះ គឺ​បន្ទាប់​ពី​ប្រតិកម្ម​រិះគន់​ពី​សំណាក់​លោក​សម រង្ស៊ី។ លោក​សម រង្ស៊ី បាន​រិះគន់​អង្គភាព​របស់​លោក​ឱម​យ៉ិន​ទៀង​ថា មិន​ស្គាល់​តួនាទី​របស់​ខ្លួន​នោះ​ទេ​ ដែល​កំពុង​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​លោក កឹម សុខា។ សម្រាប់ ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ អំពើ​ពុក​រលួយ គឺ​ជា​ទង្វើ​របស់​អ្នក​មាន​អំណាច ដែល​កេង​ប្រវ័ញ្ច និង​លួច​ផល​ចំណេញ ពី​ការ​លក់​ដូរ ឬ​ការ​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​ជាតិ ទ្រព្យ​សម្បត្តិ​រាស្ត្រ និង​ទ្រព្យ​សម្បត្តិ​រដ្ឋ។ និយាយ​ឱ្យ​ខ្លី​គឺ​មាន​តែ​មន្ត្រី​គណបក្ស​កាន់​អំណាច ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​របស់​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន​ទេ។ ដោយ​ឡែក មន្ត្រី​គណបក្ស​ប្រឆាំង​ គណបក្ស​សង្គ្រោះ​ជាតិ មិន​មាន​អំណាច​អ្វី ជា​តំណាង​រដ្ឋ ឬ​តំណាង​រដ្ឋាភិបាល ដើម្បី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ឡើយ។

ករណី​លោក កឹម សុខា ដែល​ជា​ដើម​ហេតុ​ធ្វើ​ឱ្យ​មាន​សង្គ្រាម​រវាង​លោក​សម រង្ស៊ី​និង លោក ឱមយ៉ិនទៀង​នោះ​ ពេល​នេះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កំពុង​ដំណើរ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ទ្រព្យ​សម្បត្តិ​លោក​កឹម សុខាហើយ បន្ទាប់​ពី​អង្គភាព​បាន​ហែក​ស្រោម​សំបុត្រ​ប្រកាស​ទ្រព្យ​សម្បត្តិ​លោក កឹម សុខា។

យ៉ាង​ណា​ក៏​ដោយ ករណី​អំពើ​ពុក​រលួយ​លោក កឹម សុខា​ដែល​ក្រុម​និស្សិត​មួយ​ក្រុម​ប្តឹង​បាន​ធ្វើ​ឱ្យ​រាលដាល​ដល់​ករណី​លោក សម រង្ស៊ី​ដែល​ជា​ប្រធាន​គណបក្ស​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ