អានតួអត្ថបទ
កម្ពុជា

សីតុណ្ហភាព​ក្តៅ​ខ្លាំង ក្រសួង​សុខាភិបាល​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​បញ្ហា​សុខភាព

ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២២ ខែ​មេសា សីតុណ្ហភាព​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​ក្តៅ​ខ្លាំង។ សីតុណ្ហភាព​ក្តៅ​ខ្លាំង​នេះ គឺ​ដោយសារ​កម្ពុជា​ទទួល​រង​បាតុភូត​អ៊ែលនីញូ(El Niño)។ នេះ​បើ​តាម​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម។ ក្រសួង​សុខាភិបាល​វិញ​ក៏​បាន​បញ្ជាក់​ថា​ប្រជាពលរដ្ឋ​អាច​នឹង​កើត​ជំងឺ​មួយ​ចំនួន ដោយសារ​សីតុណ្ហភាព​ក្តៅ​ខ្លាំង។

ផ្សាយពាណិជ្ជកម្ម

តំបន់​វាល​ទំនាប ក្នុង​ប្រទេស​កម្ពុជា​មាន​សីតុណ្ហភាព​អតិបរមា​ពី​៣៧​អង្សា ទៅ​៤១​អង្សា។ តំបន់​មាត់​សមុទ្រ មាន​សីតុណ្ហភាព​៣៤​អង្សា ទៅ​៣៧​អង្សា និង​តំបន់​ខ្ពស់​រាប​មាន​សីតុណ្ហភាព​អតិបរិមា៣​៦​អង្សា ទៅ​៤១​អង្សា។ លោក ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក បាន​បញ្ជាក់​ថា​ការ​កើន​ឡើង​កម្តៅ ដែល​មិន​ធ្លាប់​មាន​នេះ គឺ​កើត​ឡើង​ក្នុង​តំបន់​ជា​ច្រើន​លើ​ពិភព​លោក។ លោក​បន្ថែម​ថា​តំបន់​អាស៊ាន​វិញ បាន​រង​នូវ​បាតុភូត​កម្តៅ​អ៊ែលនីញូ ហើយ​រហូត​ដល់​ចុង​ខែ​កក្កដា នោះ​នឹង​មាន​បាតុភូត​ត្រជាក់​(La Nina)ជំនួស​វិញ។ 

យ៉ាង​ណាមិញ​អ្នក​នាំពាក្យ​រូប​នេះ​បាន​បញ្ជាក់​ថា​សីតុណ្ហភាព​នឹង​ថយ​ចុះ​នៅ​តាម​តំបន់​មួយ​ចំនួន ដែល​មាន​ភ្លៀង​កក់​ខែ ប៉ុន្តែ ២ ឫ​៣​ថ្ងៃ ក្រោយ​មក​នោះ​សីតុណ្ហភាព​នឹង​កើន​ឡើង​វិញ។ ក្នុង​ឆ្នាំ​២០១៦​នេះ គឺ​ជា​ឆ្នាំ​ដែល​មាន​សីតុណ្ហភាព​ក្តៅ​ខ្លាំង​ជាង​គេ​បំផុត ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ចុង​ក្រោយ សម្រាប់​កម្ពុជា។ នេះ​បើ​តាម​ក្រសួង​ធនធាន​ទឹក។

ក្រសួង​សុខាភិបាល​វិញ បាន​បញ្ជាក់​ថា កំណើន​សីតុណ្ហភាព​អតិបរមា​រហូត​ដល់​៤១​អង្សា​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​បញ្ហា​សុខភាព។ ​លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​បន្ថែម​ថា​ប្រសិន​បើ​ប្រជាពលរដ្ឋ​មិន​ទទួល​ទាន​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ទេ នោះ​នឹង​បណ្តាល​ឲ្យ​មាន​ជំងឺ​អស់​កម្លាំង ហើយ​ប្រសិន​បើ​ជំងឺ​អស់​កម្លាំង​នេះ មិន​ទទួល​ការ​ព្យាបាល​នោះ​អ្នក​ជំងឺ​អាច​នឹង​សន្លប់ ដោយសារ​ខ្វះ​ជាតិ​ទឹក។

ដើម្បី​បង្ការ​ជំងឺ ដែល​អាច​កើន​ឡើង​នៅ​ពេល ដែល​សីតុណ្ហភាព​ក្តៅ​ខ្លាំង​នេះ ​លោក​វេជ្ជ​បណ្ឌិត លី សូវ៉ាន់ បាន​បញ្ជាក់​ថា​ប្រជាពលរដ្ឋ​ត្រូវ ស្លៀកពាក់​ខោអាវ​ស្តើង និង​មាន​ពណ៌​ភ្លឺ ពាក់​មួក ឬ​បាំង​ឆ័ត្រ ឬ​ជ្រក​ក្រោម​ម្លប់។ លោក​បាន​បន្ថែម​ថា ប្រជាពលរដ្ឋ​ត្រូវ​ឧស្សាហ៍​ពិសារ​ទឹក បើ​ទោះបី​ជា​មិន​ស្រេក​ទឹក​ក៏​ដោយ។

សូម​បញ្ជាក់​ថា​កាល​ពី​ខែ​វិច្ឆកា ឆ្នាំ​២០១៥ ប្រទេស​ទូទាំង​ពិភពលោក​រួម​ទាំង​កម្ពុជា​ផង បាន​ចូលរួម ​សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​អាកាស​ធាតុ​ក្នុង​ប្រទេស​បារាំង​ ​ដើម្បី​បង្កើត​កិច្ច​ព្រម​ព្រៀង​មួយ​ទប់ស្កាត់​កុំ​ឲ្យ​សីតុណ្ហភាព​ក្នុង​បរិយាកាស​កើន​លើស​ពី ២​អង្សា​ចាប់​ពី​ពេល​នេះ​ទៅ​ដល់​ដំណាច់​សតវត្ស​ទី២១ នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ