គោឧសភរាជបរិភោគ ស្រូវ ពោធ សណ្តែក ស្ទើតែ១០០ភាគរយ ប្រថ្នូលថាកសិកម្មល្អ
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅខេត្តសៀមរាបនៅថ្ងៃអង្គារនេះបង្ហាញកសិករថារដូវធ្វើស្រែចំការចូលមកដល់ហើយ។ តាមការផ្សងប្រថ្នូលគោឧសភរាជ ស្រូវ ពោធ និងសណ្តែក ត្រូវបានផ្សងថាល្អសម្រាប់ ដំណាំកសិកម្ម តែលទ្ធផលមិនបានប្រកាសពីស្ថានភាពទឹកភ្លៀងទេ ខណៈដែលកម្ពុជានៅតែធ្វើស្រែចំការប្រវាសមេឃនៅឡើយ។ ទោះយ៉ាងនេះព្រាហ្មណ៍បុរោហិត បានធ្វើការបួងសួង សូមឲ្យមានទឹកភ្លៀងធ្លាក់ចុះតាមរដូវកាល និងធាតុអាកាសទៀងទាត់ផងដែរ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៧
«សម្លេង ព្រាហណ៍ ប្រកាស»
ការប្រកាសរបស់រាជគ្រូ ព្រាហ្មណ៍បុរោហិត ដូច្នេះបានធ្វើឡើងបន្ទាប់ពីគោឧសភរាជត្រូវបានគេព្រលែងឲ្យបរិភោគ អាហារទាំង៧មុខ នៅក្នុងឱកាសនៃព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តសៀមរាបនាព្រឹកថ្ងៃអង្គារនេះ។ ជាការកត់សម្គាល់ការប្រកាសលទ្ធផលនេះ មិនបានរៀបរាប់ក្បោះក្បាលដូចឆ្នាំមុនៗទេ ដូចជាការទស្សន៍ទាយស្តីពីទឹកភ្លៀង ដែលនឹងត្រូវធ្លាក់នៅក្នុងរដូវវស្សាឆ្នាំនេះជាដើម។
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅទីលានជល់ដំរី មុខប្រាសាទអង្គរធំ ក្រោមព្រះរាជាធិបតីរបស់ព្រះមហាក្សត្រខ្មែរគឺ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងមានការចូលរួមពីប្រធានរដ្ឋសភាលោកហេង សំរិន តែពិធីនេះអវត្តមានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
តាមកម្មវិធីដែលមានការផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជា អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង ត្រូវបានចាត់តាំងឲ្យធ្វើជា ស្តេចមាឃ គឺជាព្រះរាជតំណាងរបស់ព្រះមហាក្សត្រខ្មែរ ហើយភរិយារបស់លោកចៅហ្វាយខេត្ត ធ្វើជាមេហួ។
ដោយឡែកនៅលើវាលព្រះស្រែវិញ លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម កាន់ នង្គ័លទី១ តំណាងក្រសួងកសិកម្ម នង្គ័លទី២ កាន់ដោយលោក ឃឹម ប៊ុនសុង តំណាងឲ្យព្រះមហាក្សត្រ និងនង្គ័លទី៣ ជានង្គ័លព្រះបរមរាជវាំង កាន់ដោយមន្ត្រីព្រះបរមរាជវាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ