អានតួអត្ថបទ
កម្ពុជា

ក្រសួង​មហា​ផ្ទៃ កោះ​ហៅ​ពល​រដ្ឋ​បឹង​កក់​ចូល​បំភ្លឺ​ជុំវិញ​បណ្តឹង​អំពើហិង្សា​ កាល​ពី​ឆ្នាំ​ ២០១៣

នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃទី ២៥ ខែ ឧសភា បាន​កោះ​ហៅប្រជាពលរដ្ឋ​សហគមន៍​បឹង​កក់​ ​ឲ្យ​ចូល​បំភ្លឺ​ក្នុង​នាម​ដើម​បណ្តឹង​ដែល​បាន​ប្តឹង​អាជ្ញាធរ​ក្រុងភ្នំពេញ​ថា​ប្រើ​អំពើហិង្សា​លើ​រាង​កាយ​ នៅ​ក្រសួង​មហាផ្ទៃ។​ សូម​បញ្ជាក់​ថា កាល​ពី​ឆ្នាំ ២០១៣ ពលរដ្ឋ​សហគមន៍​បឹង​កក់​និង​បុរី​កីឡា​បាន​រួម​គ្នា​ធ្វើ​កូដ​កម្ម​បង្អត់​អាហារ​ដើម្បី​ទាមទារ​ដំណោះស្រាយ​ដី​ធ្លី​និង​ដោះលែង​សកម្មជន​ដី​ធ្លី រហូត​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ក្រុម​សន្តិសុខ​ខណ្ឌ​ដូន​ពេញ។សរ ពិសី រាយការណ៍៖

រូបភាពចាស់៖ ក្រុម​ស្ត្រី​អ្នក​ភូមិបឹងកក់ តវ៉ា ទាមទារដំណោះស្រាយ​សិទ្ធមនុស្ស នៅមុខសាលាក្រុងភ្នំពេញ។
រូបភាពចាស់៖ ក្រុម​ស្ត្រី​អ្នក​ភូមិបឹងកក់ តវ៉ា ទាមទារដំណោះស្រាយ​សិទ្ធមនុស្ស នៅមុខសាលាក្រុងភ្នំពេញ។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

រយៈ​ពេល​ជិត​បី​ឆ្នាំ​ហើយ ចាប់​តាំង​ពី​ការ​បង្រ្កាប​ដោយ​ហិង្សា​មួយ​លើ​អ្នក​ភូមិ​បឹង​កក់​ ខណៈដែល​ពួក​គេ​បាន​ធ្វើ​កូដ​កម្ម​អត់​អាហារ នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ។ ជា​ការ​ប៉ះទង្គិច​គ្នា រវាង​អ្នក​ភូមិបឹង​កក់ ដែល​បណ្តាល​ឲ្យ មនុស្ស​ជាង ១០ នាក់​ បាន​រង​របួស ធ្ងន់ និង ស្រាល នៅ​ក្នុង​នោះ ក៏មាន អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ជា​ជន​ជាតិ​បរទេស​ម្នាក់​ផង​ដែរ។

នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី ២៥ ខែ ឧសភា នេះ ដើម​បណ្តឹង​ចំនួន​ ៥ រូប បានចូលបំភ្លឺ និង បំពេញ​សំណុំ​ឯកសារ នៅ​ក្នុង​ចំណោម​ដើមបណ្តឹង​ចំនួន​ ១១ រូប។

នីតិវិធី​ជា​បន្ត​ទៀត នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ នឹង​កោះ​ហៅ​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ដែល​ជា​ចុង​បណ្តឹង មុន​នឹង​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​កាន់ សាលា​ដំបូង​រាជ​ធានីភ្នំពេញ នា​ពេល​ឆាប់ៗ​នេះ​។

ដោយ​ឡែក តំណាង​អ្នក​តវ៉ា អ្នក​ស្ត្រី ទេព វន្នី បាន​អះអាង​ថា នៅ​ព្រឹក​ថ្ងៃ​ទី ២៥ ខែ ឧសភា នេះ ប្រជាពលរដ្ឋ​សហគមន៍​ចំនួន ៥ នាក់ បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​ក្នុង​នាម​ជា​ដើម​បណ្តឹង ជុំវិញ​បណ្តឹង​អំពើហឹង្សា​របស់​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ។

យ៉ាង​ណា​ក៏​ដោយ តំណាង​អ្នក​តវ៉ា រូប​នេះ បាន​សម្តែង​នូវ​ក្តី​បារម្ភ​ថា ប្រជាពលរដ្ឋ​សហគមន៍បឹង​កក់​ជា​ជន​រង​គ្រោះ មិន​រំពឹង​ថា​នឹង​ទទួល​បាន​យុត្តិធម៌​ពី​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​នោះ​ទេ ព្រោះ ករណីនេះ បាន​កន្លង​ផុត​ទៅ​អស់​រយៈ​ពេល​ជិត​បី​ឆ្នាំ​មកហើយ ទើប​ខាង​ក្រសួង​មហាផ្ទៃ ចេញ​លិខិត​កោះ​ហៅ​ពួក​គាត់​ឲ្យ​ចូល​បំភ្លឺ។

សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​អ្នក​ភូមិ​បឹង​កក់ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ កោះហៅ​ចូល​បំភ្លឺ ពាក់​ព័ន្ធ​ករណី​អំពើហឹង្សា​ក្បែរ​វត្ត​ភ្នំ កាល​ពី​ឆ្នាំ ២០១៣។ ខណៈ​ដែល​ភ្លាមៗ​ បន្ទាប់​ពី​អំពើហឹង្សា​កើត​ឡើង ពួក​គាត់ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់ សាលា​ដំបូង​រាជធានីភ្នំពេញ និង ក្រសួងមហាផ្ទៃ ប៉ុន្តែ មិន​មានអន្តរាគមន៍​ណា​មួយ​នោះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ