អានតួអត្ថបទ
កម្ពុជា

ក្រុមហ៊ុន​ឯកជន​មិន​ទាន់​ដាក់​ពាក្យ​ចូល​រួម​ដេញ​ថ្លៃ​ឈើ​ចំនួន​៧​ម៉ឺន​ម៉ែត្រ​គូប​ជាមួយ​រដ្ឋាភិបាល​នៅ​ឡើយ​ទេ

រហូត​មក​ដល់​ថ្ងៃ​ទី​ ១០ មិថុនា​នេះ នៅ​មិន​ទាន់​មាន​ក្រុម​ហ៊ុន​ឯកជន​ណាមួយ​ចេញ​មុខ​ដេញ​ថ្លៃ​ឈើ​ចំនួន​៧​ម៉ឺន​ម៉ែត្រ​គូប​ ជាមួយ​រដ្ឋាភិបាល​នៅ​ឡើយ​ទេ បន្ទាប់​ពី​ក្រសួង​សេដ្ឋកិច្ច​កាល​ពី​ថ្ងៃ​ទី​ ៦ មិថុនា​ ប្រកាស​លក់​ពាក្យ​ដេញ​ថ្លៃ​ឈើ​រហូត​ដល់​ថ្ងៃ​ទី​ ២២ មិថុនា។ តាម​គម្រោង​ឈើ​ចំនួន​ ៧ ម៉ឺន​ម៉ែត្រ​គូប​ នឹង​ដាក់​ដេញ​ថ្លៃ​នៅ​ចុង​ខែ​មិថុនា​នេះ​ក្នុង​តម្លៃ​ដំបូង​១២,២លាន​ដុល្លារ។

រូបភាពតំណាង៖ ឈើដែលខុសច្បាប់
រូបភាពតំណាង៖ ឈើដែលខុសច្បាប់ ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

អ្នក​ទទួល​បន្ទុក​លក់​ពាក្យ​ដេញ​ថ្លៃ​ឈើ​ទាំង​នៅ​រដ្ឋបាល​ព្រៃឈើ និង​ក្រសួង​បរិស្ថាន បាន​គូស​បញ្ជាក់​ថា មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​មក​ទិញ​ពាក្យ​ដេញ​ថ្លៃ ប៉ុន្តែ​ពួក​គេ​មិន​ទាន់​ប្រាកដ​ថា​នឹង​ចូលរួម​នោះ​ទេ។ ដោយ​ក្រុមហ៊ុន​ទាំង​នោះ​បាន​សន្យា​ថា​ពួក​គេ​នឹង​ជូន​ដំណឹង​តាម​ក្រោយ។

អ្នក​លក់​ពាក្យ​ដេញ​ថ្លៃ​ឈើ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ភាគ​ច្រើន​នៃ​ក្រុមហ៊ុន​ ដែល​មក​ទិញ​ពាក្យ​ដេញ​ថ្លៃ​ឈើ​ពួក​គេ​ចង់​ដឹង​ពី​បរិមាណ​ឈើ ប្រាក់​កក​មុន​ជា​ដើម។ ក្នុង​នោះ​ក្រុម​ហ៊ុន​ដែល​ចូលរួម​ដេញ​ថ្លៃ​ឈើ​បាន​ត្រូវ​មាន​ប្រាស់​កក​២០​ ភាគរយ។

តាម​ការ​ជូន​ដំណឹង របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ កាល​ពី​ថ្ងៃ​ទី​ ៦ ខែ​មិថុនា ឲ្យ​ដឹង​ថា រូប​វន្ត​បុគ្គល និង​នីតិ​បុគ្គល​ទាំង​អស់ លើក​លែង​តែ អ្នក​ធ្លាប់​មាន​ប្រវត្តិ ប្រព្រឹត្ត​បទ​ល្មើស ព្រៃឈើ ​និង​អ្នក​ជាប់​ជំពាក់ បំណុល​រដ្ឋ អាច​ចូលរួម​ដេញ​ថ្លៃ​បាន ដោយ​ត្រូវ​បំពេញ សំណុំ​បែប​បទ និង​លក្ខ​ខណ្ឌ ដូច​មាន​ចែង​ក្នុង​សៀវភៅ បន្ទុក​ដេញ​ថ្លៃ។

តាម​គម្រោង ឈើ​ចំនួន​៦២.០០០ម៉ែត្រ​គូប​ដំបូង នឹង​ត្រូវ​ដាក់​លក់​ដេញ​ថ្លៃ​ជា​ប្រាំពីរ​ក្រុម​តាម​ទីតាំង​ផ្សេង​ៗ ដែល​ទីតាំង​ទាំង​អស់​នេះ​នៅ​ស្ថិត​ក្នុង​ខេត្ត​មណ្ឌល​គិរី​ ចាប់​ពី​ថ្ងៃ​ទី​ ២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី ១ ខែ​កក្កដា។ ហើយ​នៅ​ថ្ងៃ​ទី​ ២៧ មិថុនា​នឹង​មាន​ការ​ដេញ​ថ្លៃ​ឈើ​ជា​លក្ខណៈ​​ខ្នាត​ធំ​បំផុត​ចំនួន ២៦.០០០​ម៉ែត្រ​គូប ធ្វើ​ឡើង​នៅ​ចម្ការ​កៅស៊ូ​ដាយណាម ជាមួយ​តម្លៃ​ដេញ​ថ្លៃ​ដំបូង​៤,៧​លាន​ដុល្លារ។

សូម​បញ្ជាក់​ថា ពី​ដំបូង​ឡើយ​ប្រមុខ​រដ្ឋាភិបាល​ លោក ហ៊ុន សែន ​ បាន​សម្រេច​បញ្ជា​ឲ្យ​ប្រគល់​​ឈើ​ទាំង​អស់ ដែល​រឹប​អូស​បាន​ពី​ការ​កាប់​ឈើ​ខុស​​ច្បាប់ ទៅ​ឲ្យ​ក្រសួង​អប់រំ ​សម្រាប់​ប្រើ​ប្រាស់​កសាង​សាលា​រៀន សាងសង់​ផ្ទះ​ឲ្យ​គ្រូ​បង្រៀន និង​ច្នៃ​ជា​សម្ភារៈ​ប្រើ​ប្រាស់​ផ្សេង​ៗ ក្នុង​ប្រព័ន្ធ​អប់រំ​។ ប៉ុន្តែ​ក្រោយ​មក​ដោយ​សារ​ក្រសួង​មិន​មាន​លទ្ធភាព​នៅ​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​ទាំង​នេះ​លោក​នាយក​រដ្ឋ​មន្ត្រី ក៏​ប្ដូរ​ចិត្ត​ដាក់​ដេញ​ថ្លៃ​ជំនួស​ដើម្បី​យក​ប្រាក់​ប្រគល់​មក​ឲ្យ​ក្រសួង​អប់រំ​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ