អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ជាង​២​ទសវត្ស វិស័យ​កាត់ដេរ​បាន​ឆ្លង​កាត់​ផ្លូវ​ដ៏​រលាក់ តែ​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​មាន​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​កាល​ពី​ឆ្នាំ​១៩៩១ និង​មាន​ការ​បោះឆ្នោត​សកល​ នៅ​ឆ្នាំ​១៩៩៣ មក​ ការ​កសាង​សន្តិភាព​រវាង​ខ្មែរ​និង​ខ្មែរ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​លេច​ជា​ ស្រមោល​ស្ទុង​ៗ។ ​អ្វី​ដែល​រំពឹង​លើស​ពី​នេះ​ទៅ​ទៀត​នោះ​គឺ​ស្ថិរភាព​ខាង​នយោបាយ ភាព​អនុគ្រោះ​ក្នុង​កិច្ច​ដំណើរ​ការ​លើ​វិស័យ​សេដ្ឋកិច្ច។ ឧស្សាហកម្ម​កាត់​ដេរ បាន​ដើរ​តួនាទី​សំខាន់ ក្នុង​ការ​ជួយ​ដល់​ប្រទេស​ ដែល​ខ្ទេច​ខ្ទាំ​ដោយ​សង្គ្រាម​ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ឡើង​វិញ។

កម្មការិនីកាត់ដេរ
កម្មការិនីកាត់ដេរ សហការី
ផ្សាយពាណិជ្ជកម្ម

នៅ​ពាក់​កណ្តាល​ទសវត្ស​ឆ្នាំ​៩០ វត្ត​មាន​របស់​រោងចក្រ​កាត់​ដេរ ចាប់​ផ្តើម​មាន​ឡើង​ជា​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ វិស័យ​ដែល​ជា​ឆ្អឹង​ខ្នង​របស់​ប្រទេស​មួយ​នេះ បាន​នាំ​មក​ដោយ​ភាគ​ច្រើន​ក្រុម​អ្នក​វិនិយោគ​ជន​ជាតិ​ចិន ខណៈ​ដែល​សហរដ្ឋ​អាមេរិក​ផ្តល់​កូតា​អនុ​គ្រោះ​នាំ​ចូល​ទៅ​អាមេរិក​ជា​ច្រើន​ឆ្នាំ។

វិស័យ​កាត់ដេរ មាន​ការ​វិវត្ត​យ៉ាង​លឿន​ពី​ចំនួន​រោងចក្រ​មិន​ដល់​១០០​ផង ទៅ​ជា​រោងចក្រ​ជិត​មួយ​ពាន់។ ជាមួយ​គ្នា​នេះ ការ​ចាប់​ផ្តើម​នៃ​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា កម្មករ​មាន​ប្រាក់​ខែ​ប្រមាណជា​២៥​ដុល្លារ​ប៉ុណ្ណោះ ក្នុង​មួយ​ខែ។ អត្ថ​ប្រយោជន៍​អ្វី​ផ្សេង​ទៀត មិន​មាន។ បើ​មាន​គឺ​មាន​តែ​ការ​ខ្វែង​គំនិត​គ្នា​រវាង​ថៅកែ​រោងចក្រ និង​កម្មករ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​តវ៉ា​ឥត​ស្រាក​ស្រាន្ត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

មេដឹកនាំ​កម្មករ​ដោយ​មាន​ការ​ជម្រុញ​ពី​ចលនា​នយោបាយ បាន​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​វិស័យ​នេះ​ប្រែ​ប្រួល​យ៉ាង​ខ្លាំង​មក​ទល់​បច្ចុប្បន្ន​នេះ។ អ្វី​ដែល​ប្រែប្រួល​នោះ​គឺ​ប្រាក់​ឈ្នួល​អប្បបរមា​ពី​ការ​ចាប់​ផ្តើម​២៥​ដុល្លារ មក​ជាង​១០០​ដុល្លារ​ក្នុង​មួយ​ខែ រួម​នឹង​ប្រាក់​បន្ថែម​ម៉ោង ប្រាក់​ថ្លៃ​បាយ ថ្លៃ​ធ្វើ​ដំណើរ ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ការងារ​ទៀង​ទាត់ និង​ប្រាក់​ផ្សេង​ៗ​ទៀត កម្មករ​ម្នាក់​ៗ ហាក់​បាន​ក្រាស់​ក្រែល​ដែរ។

លក្ខខណ្ឌ​ការងារ និង​ការ​គោរព​សិទ្ធិ​កម្មករ បាន​ល្អ​ប្រសើរ​ជាង​កាល​ពី​២​ទសវត្ស​មុន។ ជម្ល៉ោះ​រវាង​និយោជក​និង​និយោជិត កម្មករ កូដកម្ម បាតុកម្ម កើត​ឡើង​ឥត​ដាច់​មួយ​ថ្ងៃ ពី​២ ទៅ ៣ រោងចក្រ ឬ​ច្រើន​ជាង​នេះ ត្រូវ​បង្រួញ​មក​ត្រឹម​ ១​សប្តាហ៍ ឬ​កន្លះ​ខែ ឬ​មួយ​ខែ​ទើប​កើត​មាន​បាតុកម្ម ឬ​ក៏​វិវាទ​ម្តង ក្នុង​ចំណោម​រោងចក្រ​រាប់រយ។

ក៏​ប៉ុន្តែ​បច្ចុប្បន្ន​ភាព​នៃ​សមិទ្ធិផល​ទាំង​អស់​នេះ ក៏​បាន​មក​ដោយ​ការ​តស៊ូ និង​ការ​លះបង់​ជីវិត​របស់​អ្នក​សហជីព កម្មករ​ជា​ច្រើន​ដែរ។

ការ​វិវត្តន៍​ថ្មី​ៗ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អាច​និយាយ​បាន​ថា ដោយសារ​ការ​ប្រទាញ​ប្រទង់​ប្រជាប្រិយភាព​នយោបាយ កម្មករ​ខ្មែរ​ទទួល​បាន​ទំនុក​ចិត្ត​ក្នុង​ការ​ធានា​ពី​ការ​តម្លើង​ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ​តាម​រយៈ​កិច្ច​ប្រជុំ​ត្រី​ភាគី​ជា​រៀង​រាល់​ឆ្នាំ រួម​ទាំង​ការ​សម្រេច​ថវិកា​បន្ថែម​បែប​នយោបាយ​ណា​មួយ​នោះ ដែល​មាន​ផល​ចំណេញ​ដល់​កម្មករ។

ក្រៅ​ពី​នេះ​កម្មករ​លើ​វិស័យ​វាយនភ័ណ្ឌ​គ្រប់​រូប ក៏​ទទួល​បាន​ការ​ធានា​រ៉ាប់​រង ឬ ប.ស.ស ដែល​មក​ទល់​ពេល​នេះ​មាន​២​ចំណុច​សំខាន់​ៗ​ គឺ​ធានា​រ៉ាប់​រង​គ្រោះថ្នាក់​ការងារ និង​ធានា​រ៉ាប់​រង​សុខភាព។ ហើយ​ការ​ធានា​ទាំង​នេះ​ គឺ​ជា​បន្ទុក​របស់​និយោជក។ ទោះ​យ៉ាង​នេះ​ក្តី​អ្នក​ការពារ​សិទ្ធិ​កម្មករ​ខ្មែរ​មួយ​ចំនួន បាន​ហៅ​ការ​វិវត្ត​លើ​វិស័យ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​នេះ ផ្តល់​អត្ថប្រយោជន៍​ច្រើន​តែ​ទៅ​លើ​ថៅកែ​រោងចក្រ និង​រដ្ឋាភិបាល រីឯ​កម្មករ និយោជិក បាន​ត្រឹម​តែ​មួយ​រស់ ឬ​រស់​ទាំង​ខ្វះខាត​នៅ​កណ្តាល​រាជធានី ខណៈដែល​ទំនិញ​សព្វសារពើ​និង​ឈ្នួល​ផ្ទះ​ប្រជែង​គ្នា​ឡើង​ថ្លៃ​តាម​ប្រាក់​ឈ្នួល​កម្មករ។

ដោយ​ឡែក ច្បាប់​សហជីព​ ដែល​ទើប​តែ​ចូល​ជា​ធរមាន​កាល​ពី​ពេល​ថ្មី​ៗ​នេះ ត្រូវ​បាន​ជំទាស់​យ៉ាង​តឹង​តែង​ពី​ការ​រឹត​ត្បិត​សេរីភាព​សហជីព​ការពារ​សិទ្ធិ​កម្មករ។ ក៏ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​យល់​ថា​«ផ្ទះ​មាន​ម្ចាស់ ប្រទេស​មាន​ច្បាប់» ដែល​នេះ​គឺ​ជា​ការ​សំដៅ​ទៅ​លើ​ទឡ្ហីករណ៍​ថា​ច្បាប់​សហជីព​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​សុខដុម​នីយកម្ម​វិជ្ជាជិវៈ​រវាង​អ្នក​ពាក់ព័ន្ធ​ទាំង​អស់។

រយៈ​ពេល​ជាង​២​ទសវត្ស​មក​នេះ ការ​ប្រែប្រួល​លើ​វិស័យ​វាយនភ័ណ្ឌ​កម្ពុជា​ ដែល​មាន​ការ​នាំ​ចេញ​ពិត​ជា​មាន​ទំហំ​ធំធេង ពោល​គឺ​ចាប់​ពី​២០០​លាន​ដុល្លារ​នៅ​ទសវត្ស​ឆ្នាំ​៩០ រហូត​ដល់​ ៦២០០ លាន​ដុល្លារ នៅ​ឆ្នាំ​២០១៥ ហើយចំ​នួន​នេះ​បាន​កើន​ឡើង​ប្រមាណ​ជា​១៥%រយពេល​ ៣​ខែ​ដើម​ឆ្នាំ​២០១៦​នេះ។ វិស័យ​កាត់​ដេរ​តែ​មួយ​មុខ​បាន​ជួយ​ផ្តល់​ការងារ​ដល់​កម្មករ​ខ្មែរ​ប្រមាណ​ជា​៧០​ម៉ឺន​កន្លែង​ និង​បែង​ចែក​ភាគ​ផល ត​ដល់​ក្រុម​គ្រួសារ​ប្រមាណ​ជា​២​លាន​នាក់។

ថ្វី​ត្បិត​តែ​មាន​ភាព​អវិជ្ជមាន​ខ្លះ​ៗ ឬ​ភាព​រកាំ​រកូស ដែល​ភាគី​សហជីព​មួយ​ចំនួន​នៅ​មិន​ទាន់​ពេញ​ចិត្ត​លើ​ច្បាប់​សហជីព និង​ភាព​ខ្វែង​គំនិត​គ្នា​ក្នុង​វិជ្ជាជីវៈ​នេះ​រវាង​អ្នក​ពាក់​ព័ន្ធ​លើ​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​យ៉ាង​ណា​ក៏​ដោយ ក៏​ប៉ុន្តែ​ការ​វិវត្ត​ទៅ​មុខ​លើ​វិស័យ​នេះ ពិត​ជា​ជួយ​កម្ពុជា​បាន​ច្រើន​ខណៈ​ ដែល​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ឋានៈ​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍។

ដូច្នេះ​ចង់​មិន​ចង់ ភាគី​ពាក់​ព័ន្ធ​ចាំបាច់​ត្រូវ​មាន​ការ​ជជែក​គ្នា​ដោយ​សន្តិវិធី ចៀសវាង​ភាព​ក្តូងក្តាំង ដែល​នាំ​ឲ្យ​ប៉ះ​ទង្គិច​ដល់​ឧស្សាហកម្ម​សម្លៀក​បំពាក់​មួយ​នេះ ដែល​កំពុង​ប្រជែង​ទីផ្សារ នានា នៅ​ពេល​ដែល​បរិបទ​ប្រទេស​ក្នុង​តំបន់ ក៏​ដូចជា​ពិភព​លោក​មាន​ការ​ប្រែប្រួល ដូច​ជា​ការ​ដូរ​របប​ដឹក​នាំ​នៅ​ភូមា ការ​ផ្លាស់​ប្តូរ​ជំហរ​សេដ្ឋកិច្ច​របស់​វៀតណាម​ទៅ​រក​អតីត​គូ​សត្រូវ​អាមេរិក ​និង​ភាព​ជ្រួល​ច្របល់​នៅ​សហភាព​អឺរ៉ុប​ជា​ដើម ដោយសារ​ការ​ចាក​ចេញ​របស់​អង់គ្លេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ