អានតួអត្ថបទ
កម្ពុជា

គណបក្ស​សង្គ្រោះ​ជាតិ​ថា គ.ជ.ប​ ដំណើរ​ការ​ជា​វិជ្ជមាន

គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ពុធ​ទី​២៧ ខែ​កក្កដា​នេះ បាន​បង្ហាញ​ពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​គណៈ​អចិន្ត្រៃយ៍​ជា​ប្រចាំ​ថ្ងៃ​របស់​ខ្លួន។ ចំណុច​ទាំង​នោះ​រួម​មាន ការ​ស្នើ​សុំ​រួបរួម​ជាមួយ​បក្ស​កាន់​អំណាច​ ដើម្បី​ដោះស្រាយ​បញ្ហា​ពី​ខាង​ក្រៅ​ និង​ការ​ចូលរួម​បោះឆ្នោត​របស់​គណបក្ស​ប្រឆាំង​ជា​ដើម។ យ៉ាង​ណា​ក៏​ដោយ ការ​លើក​ឡើង​នេះ បាន​ផ្ទុយ​នឹង​អ្វី​ដែល​លោក​សម រង្ស៊ី ធ្លាប់​បាន​បញ្ជាក់​ថា​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​គឺ​ជា​យុទ្ធសាស្ត្រ​ចង់​បំផ្លាញ​ការ​បោះឆ្នោត។

រូបថតចាស់៖ ថ្នាក់​ដឹកនាំ​​ គ.ជ.ប​​ ជួប​ជាមួយ​​តំណាង​​គណបក្ស​​នយោបាយ​​ និង​​អង្គការ​​សង្គ​ម​ស៊ីវិល​​នៅ​ព្រឹក​ថ្ងៃ​​ទី៤​តុលា​ ឆ្នាំ២០១១​
រូបថតចាស់៖ ថ្នាក់​ដឹកនាំ​​ គ.ជ.ប​​ ជួប​ជាមួយ​​តំណាង​​គណបក្ស​​នយោបាយ​​ និង​​អង្គការ​​សង្គ​ម​ស៊ីវិល​​នៅ​ព្រឹក​ថ្ងៃ​​ទី៤​តុលា​ ឆ្នាំ២០១១​ © លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​នា​ពេល​នេះ បាន​ដំណើរ​ការ​ជា​វិជ្ជមាន ខណៈ​ដែល​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​ធ្លាប់​លើក​ឡើង​ថា​ការ​ចាប់​ខ្លួន​មន្ត្រី​គ.ជ.ប និង​ការ​គំរាម​កំហែង​ផ្លូវ​តុលាកា ដែល​ហូរ​ចេញ​ពី​វិបត្តិ​នយោបាយ​នា​ពេល​បច្ចុប្បន្ន គឺ​ជា​ការ​ចង់​បំផ្លាញ​ដំណើរ​ការ​បោះឆ្នោត។

លោក​យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​បាន​បន្ត​ថា គណបក្ស​បាន​រៀបចំ​ខ្លួន​ជា​ស្រេច​សម្រាប់​ចូលរួម​ការ​បោះឆ្នោត ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ និង​ការ​បោះឆ្នោត​តំណាង​រាស្ត្រ​នា​ពេល​ខាង​មុខ។ ហើយ គណបក្ស​បាន​សម្រេច​កែ​ទម្រង់​ស៊ី​ជម្រៅ​ដល់​ថ្នាក់​មូលដ្ឋាន ដើម្បី​ជ្រើស​រើស​អ្នក​ឈរ​ឈ្មោះ​បោះឆ្នោត​ឃុំ សង្កាត់ និង​ការ​បណ្តុះ​បណ្តាល​អ្នក​អង្កេតការណ៍។ ក្រៅពី​នោះ​ គណបក្ស​ប្រឆាំង​ ដែល​មាន​អាសនៈ​២២​កៅអី​នៅ​សភា បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​ទាំង​អស់​ត្រូវ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ដែល​គ.ជ.ប នឹង​ផ្តើម​យុទ្ធនាការ​ចុះ​ឈ្មោះ​ចាប់​ពី​ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​២៩ វិច្ឆិកា​២០១៦។

សូម​រំលឹក​ថា លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​បរទេស ធ្លាប់​បាន​លើក​ឡើង​ថា ក្នុង​សន្ទរកថា​កាល​ពី​ថ្ងៃ​ទី​២៩ មិថុនា​នៅ​ប្រទេស​ហ្វីលីពីន​ថា ​ក្នុង​វិបត្តិ​នយោបាយ​នា​ពេល​បច្ចុប្បន្ន មន្ត្រី​សង្គម​ស៊ីវិល ចាប់​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​គ.ជ.ប​លោក​នី​ចរិយា និង​លោក​រ៉ុង ឈុន សមាជិក​ក្បាល​ម៉ាស៊ីន​គ.ជ.ប កូតា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ ចាប់​ខ្លួន​ និង​កំពុង​យាយី​តាម​ប្រព័ន្ធ​តុលាការ។ សម្រាប់​លោក សម រង្ស៊ី យុទ្ធសាស្ត្រ​របស់​បក្ស​កាន់​អំណាច​ ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន គឺ​កំពុង​បំភ័ន្ត​ភ្នែក​អន្តរជាតិ​ទៅ​លើ​យុទ្ធសាស្ត្រ​បំភិត​បំភ័យ​និង​បង្ក​រឿង​របស់​ខ្លួន ដើម្បី​ចង់​បំផ្លាញ​ដំណើរ​ការ​បោះឆ្នោត។ លោក​គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ជំនាញ​ការ​បោះឆ្នោត ខុមហ្វ្រែល អះអាង​ថា​ដំណើរ​ការ​របស់​គ.ជ.ប​សព្វ​ថ្ងៃ​គឺ​មិន​ស្ថិត​ក្នុង​ភាព​វិជ្ជមាន​នោះ​ទេ​ ព្រោះ​ថា​អគ្គលេខាធិការ​រង និង​សមាជិក​កំពូល​ត្រូវ​ប្រឈម​នឹង​ប្រព័ន្ធ​តុលាការ។ វិធាន​ការ​ច្បាប់​នេះ គឺ​ជា​ការ​បំភិត​បំភ័យ​ពី​សុវត្ថិភាព​ដែល​គ.ជ.ប​នឹង​មិន​អាច​ដំណើរ​ការ​ដោយ​ឯករាជ្យ​បាន​នោះ​ទេ។

យ៉ាងណា​ក៏​ដោយ អ្នក​ជំនាញ​ការ​បោះឆ្នោត​រូប​នេះ បាន​មើល​ឃើញ​ថា​គ.ជ.ប កំពុង​ខិតខំ​ធ្វើ​កិច្ច​ការងារ​បោះឆ្នោត​របស់​ខ្លួន​ ដើម្បី​កែ​លម្អ​ឱ្យ​កាន់​តែ​ប្រសើរ ប៉ុន្តែ​កត្តា​ច្បាប់​គឺ​ជា​អ្នក​រារាំង​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ទាំង​នោះ។ ការ​រារាំង​នោះ​គឺ​គ.ជ.ប មិន​អាច​ឱ្យ​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ចុះ​ឈ្មោះ​បាន​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ