អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

តើ​ត្រូវ​ទទួល​ទាន​ទឹក​ប៉ុន្មានលីត្រ ក្នុង​មួយ​ថ្ងៃ ដើម្បី​មាន​សុខភាព​ល្អ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​អ្នក​ពិត​ជា​ធ្លាប់ជ្រួតជ្រាប​និង​បាន​ឮ​ការ​ណែនាំ​ឱ្យ​ទទួល​ទាន​ទឹក​ឱ្យ​បាន​ច្រើន។ ដើម្បី​រក្សា​សុខភាព​ ឱ្យ​បាន​ល្អ​ជា​ប្រចាំ ត្រូវ​បរិភោគ​ទឹក​យ៉ាង​តិច​ ១​លីត្រ​កន្លះ​ក្នុង​មួយ​ថ្ងៃ​។ តើ​អនុសាសន៍​ណែនាំ​នេះ ចេញ​មក​ពី​ណា ? ឈរ​លើ​មូលដ្ឋាន​អ្វី ? តើ​ត្រូវ​ទទួល​ទឹក​ប៉ុណ្ណា​ក្នុង​ថ្ងៃ ? ត្រូវ​ធ្វើ​ដូច​ម្តេច​ទើប​ដឹង​ថា​យើង​ខ្វះ​ទឹក ? តើ​ការ​បរិភោគ​ទឹក​ច្រើន​អាច​មាន​បញ្ហា​សុខភាព​ដែរ​ឬទេ ?

កង្វះជាតិទឹកតែ៥% យើងមានអារម្មណ៍ថាស្រេកទឹកខ្លាំងណាស់
កង្វះជាតិទឹកតែ៥% យើងមានអារម្មណ៍ថាស្រេកទឹកខ្លាំងណាស់ REUTERS/Ajay Verma
ផ្សាយពាណិជ្ជកម្ម

ខ្លួន​ប្រាណ​មនុស្ស​យើង ផ្សំ​ឡើង​ដោយ​ធាតុ​ទឹក ដល់​២ភាគ​បី។ បាន​ន័យ​ថា បើ​អ្នក​មាន​ទម្ងន់​៧០​គីឡូក្រាម នោះ​អ្នក​មាន​ផ្ទុក​ជាតិ​ទឹក​ដល់​ទៅ​៤៥​លីត្រ​ក្នុង​ខ្លួន។ ជាតិ​ទឹក​នេះ បែង​ចែក​មិន​ស្មើ​គ្នា​ទេ​ ១%​នៅ​ធ្មេញ ៩០%​នៅ​ក្នុង​ឈាម​និង​ទឹក​រងៃ។ សរីរាង្គ​ដែល​សម្បូរ​ទឹក​ជាង​គេ​គឺ​បេះដូង​និង​ខួរក្បាល។

ទឹក​ជា​សារធាតុ​ដ៏​ចាំបាច់​របស់​​​កោសិកា ព្រោះ​ជា​អ្នក​បង្ហូរ​សារធាតុ​គីមី​ផ្សេងៗ​ទៅ​ចិញ្ចឹម​កោសិកា ឬ​រក្សា​លំនឹង​ប្រតិកម្ម​គីមី​ក្នុង​ខ្លួន។ សំណល់​ទាំង​អម្បាល​ម៉ាន ត្រូវ​បញ្ចេញចោល​តាម​រយៈ​ទឹក​នេះ​ឯង។ ក្នុង​មួយ​ថ្ងៃៗ យើង​បញ្ចេញ​ចោល​ ធាតុរាវ តាម​ផ្លូវ​ទឹក​នោម​ប្រមាណ​១​លីត្រ តាម​ញើស​និង​តាម​ផ្លូវ​ដង្ហើម។ ញើស​ជា​អ្នក​ចូល​រួម​ចំណែក​រក្សា​សីតុណ្ហភាព​​​​​​​​​​​​របស់​សរីរាង្គកាយ (ញើយ​គឺ​ជា​ចំហាយ​កម្តៅ​បញ្ចេញ​ដោយ​សកម្មភាព​របស់​កោសិកា។ ពេល​បញ្ចេញ​ទឹក​ចោល គេ​ត្រូវ​រក​ទឹក​មក​ជំនួស​វិញ ព្រោះ​ខ្លួន​ប្រាណ​មនុស្ស​មិន​ចេះ​រក្សា​បំរុង​ទឹក​ទុក​ខ្លួន​ទេ។ នេះ​ហើយ​ជា​ដើម​ហេតុ​ដែល​នាំ​ឱ្យ​យើង​មាន​អាការៈ​ស្រេក​ទឹក។ សេ្រក​ទឹក​ជា​សញ្ញាជួង​ដាស់​ថា ខ្លួន​ប្រាណ​កំពុង​ខ្សោះជាតិ​ទឹក។

កង្វះ​ជាតិ​ទឹក​តែ​៥% យើង​​មាន​អារម្មណ៍ថា​ស្រេក​ទឹក​ខ្លាំង​។ ការ​បាត់​បង់​ជាតិ​ទឹក​ឡើង​ដល់​២០% នោះ​យើង​នឹង​អាច​ជួប​គ្រោះ​ដល់​ស្លាប់។ មនុស្ស​យើង​អាច​រស់​បាន​ត្រឹម​តែ​បី​ទៅ​បួន​ថ្ងៃ​យ៉ាង​យូរ បើ​អត់​មាន​ជាតិ​ទឹក​សោះ​ចូល​ក្នុង​ខ្លួន។

ទឹក​ជា​សារធាតុ​ដ៏​ចាំ​បាច់​របស់​សរីរាង្គ​កាយ​ ប៉ុន្តែ​សួរ​ថា​ត្រូវ​បរិភោគ​ប៉ុណ្ណា ? ១លីត្រ ២​លីត្រ បី​លីត្រ ? ១លីត្រ​​កន្លះ គឺ​បរិមាណ​ ដែល​យើង​ឮ​ច្រើន​ជាង​គេ ? ហេតុអ្វី​មួយ​លីត្រ​កន្លះ​ក្នុង​មួយ​ថ្ងៃ ? ​

នៅ​ពេល​លេង​កីឡា ​នៅ​ពេល​ក្តៅខ្លាំង ច្បាស់​ណាស់ថា​ខ្លួនប្រាណ​យើង​ត្រូវ​ការ​ទឹក​ ! ដូច្នេះ​ សូម​កុំ​ភ្លេច​ពិសា​ទឹក ដើម្បី​ផ្សើម​សរីរាង្គ ! ឯ​អ្នក​មាន​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម ក៏​មិន​ត្រូវ​ធ្វេស​ប្រហែស​​ឡើយ រឿង​ទទួល​ទាន​ទឹក។ ប៉ុន្តែ​គ្មាន​ឯកសារ​ និង​ការ​សិក្សា​វិទ្យាសាស្រ្ត​ណា និយាយ​ពាក់​ព័ន្ធ​នឹង​អនុសាសន៍​ណែនាំ​ឱ្យ​បរិភោគ​ទឹក​ ក្នុង​បរិមាណ​១លីត្រ​កន្លះ​ ដើម្បី​មាន​សុខភាព​ល្អ​ទេ។ ការ​ណែនាំ​ឱ្យ​ប្រឹង​ទទួល​ទឹក​លើស​ពី​សេចក្តី​ត្រូវការ​ និង​ទម្លាប់​ គឺ​ជា​ពាក្យ​បំប៉ោង​បំពាន តែ​ប៉ុណ្ណោះ។

ទទួល​ទាន​ទឹក​ជា​ការ​ចាំបាច់​ ទឹក​គឺ​ជា​ជីវិត​ ! គ្មាន​ទឹក​សរីរាង្គកាយ​​នឹង​ក្រៀម​ស្វិត​ ស្លាប់ ! ​សូម​ចង​ចាំ​ថា ការ​ដក​ដង្ហើម ការ​បែក​ញើស​ ការ​បញ្ចេញ​ទឹក​នោម ការ​បន្ទោរបង់​ (ក្នុង​លាមក​ ក៏​មាន​ផ្ទុក​ជាតិ​ទឹកជាង​៥០%​) សម្រាប់​មនុស្ស​ពេញ​វ័យ-វ័យ​មធ្យម​ មាន​សុខភាព​ល្អ​ជា​ធម្មតា មិន​សូវ​សកម្មខ្លាំង ចូល​រួម​ចំណែក​ធ្វើ​ឱ្យ​បាត់​បង់​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន​ស្រេច​ទៅ​ហើយ។ បើ​តាម​ការ​វាស់​វែង​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​​ ​ទង្វើ​ខាង​លើ​បាន​ធ្វើ​ឱ្យ​មនុស្ស​ពេញ​វ័យ បាត់​ជាតិ​​ទឹក​ជា​មធ្យម​​២​លីត្រ សម្រាប់​មនុស្ស​ស្រី និង​២​លីត្រ​កន្លះ​សម្រាប់​មនុស្ស​ប្រុស។

មាន​ន័យ​ថា ការ​ទទួល​ទាន​ទឹក​ជា​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​យើង គឺ​ដើម្បីទៅ​​បំពេញ​ការ​បាត់​បង់នោះ និង​ដើម្បី​រក្សា​លំនឹង​ជាតិ​ទឹក​សម្រាប់​ចិញ្ចឹម​សរីរាង្គ​កាយ។ ប៉ុន្តែ ជាតិ​ទឹក​នេះ មិន​មែន​បាន​មក​តែ​ពី​ការ​បរិភោគ​ទឹក​ ស​ ទឹក​សាប នេះ​មួយ​មុខ​ឡើយ ! បន្លែ ផ្លែឈើ ត្រសក់​ ប៉េង​បោះ កាហ្វេ​តែ ទឹក​ក្រូច សុទ្ធ​តែ​មាន​ផ្ទុក​មូលេគុល​ទឹក និង​ជា​មូលេគុល​ទឹក។ ដោយ​មិន​គិត និង​មិន​រាប់​អំពី​ការ​ទទួល​ទាន​ភេសជ្ជៈ​សោះ គិត​ត្រឹម​ការ​បរិភោគ​បាយ​សម្ល​គោក​ឬ​ទឹក ម្ហូប​អាហារ​បីពេល​នេះ អាច​ផ្តល់​ជាតិ​ទឹក​​បាន​ជា​មធ្យម​ ប្រមាណ​០,៨លីត្រ​​ទឹក​ទៅ​ហើយ។ ចំពោះ​ការ​ទទួល​ទាន​គ្រឿង​ទឹក​ៗវិញ នៅ​ស្រុក​បារាំង ​បើ​គិត​ជា​មធ្យម​ ដដែល ការ​បរិភោគ​កាហ្វេ តែ ទឹកភេសជ្ជៈ​ទឹក​ក្រូច​សូដា ទឹក​ដោះគោ ទឹកផ្អែម ទឹក​ផ្លៃឈើ មិន​រាប់​បញ្ចូល​ទឹក​សផង អាច​ផ្គត់​ផ្គង់​ជាតិ​ទឹក​ដល់​សរីរាង្គ​កាយ​បាន​ ប្រមាណ​០,៧លីត្រ។ ពោល​គឺ​គ្រប់​មួយ​លីត្រ​កន្លះ​បាត់​ទៅ​ហើយ នេះ​ដោយ​មិន​បាន​រាប់​ការ​ពិសា​ទឹក​សាប​មួយ​​ក្អឹក​ផង។

ម្យ៉ាង​វិញ​ទៀត ក្នុង​សភាព​ធម្មតា​នៃ​ដំណើរ​ការ​ក្នុង​ខ្លួន​ប្រាណ​មនុស្ស មាន​ប្រតិកម្ម​គីមី​ផ្ទៃក្នុង​ច្រើន។ ក្នុង​នោះ​មាន​​ប្រតិកម្មមួយ​ដែល​ជា​ប្រភព​ផ្តល់​ថាមពល​ គឺ​ជំនួប​រវាង​អុកស៊ីសែន និង​អ៊ីដ្រូសែន ដែល​ផលិត​ចេញ​ជា​ទឹក (បើ​និយាយ​តាម​ភាសា​គីមីវិទ្យា H2O)​​។ ប្រតិកម្ម​អាច​ផលិត​ជាតិ​ទឹក​បាន បន្ថែម​ប្រមាណ០,៣លីត្រ​ទៀត។ អញ្ចឹង​យើង​បាន​នាំ​ទឹក​ មួយ​លីត្រ​៨​ចូល​ក្នុង​ខ្លួន​ស្រេច។ បើ​ពិសា​ទឹក​តែ​ពីរ​កែវ​ទៀត គឺ​គ្រប់​គ្រាន់​​ល្មម និង​មាន​សមភាព​រវាង​ការ​បញ្ចេញ​និង​បញ្ចូល​ហើយ។

គិត​មក​ទល់​ត្រឹម​ណេះ បើ​យើង​ជា​មនុស្ស​ធម្មតា មាន​សុខភាពល្អ គ្មាន​ជំងឺ​ គ្មាន​អាកាសធាតុ​មិន​ក្តៅ​ខ្លាំង​ខុស​ប្រក្រតី គ្មាន​ធ្វើ​កីឡា​ទេ យើងក៏​ដូច​ជា​​គ្មាន​ហេតុផល​អ្វី​ត្រូវ​ប្រឹង​ពិសារ​ទឹក​ដល់​​ទៅ​មួយ​ដប​លីត្រ​កន្លះ​ ដូច​ការ​ណែនាំ​នោះ​ឡើយ។

តើ​ធ្វើ​ដូចម្តេច​ទើប​ដឹង​ថា​សរីរាង្គកាយ​មាន​លំនឹង​ជាតិទឹក​គ្រប់​គ្រាន់ ?

នៅ​ពេល​អត្រា​ជាតិ​ទឹកក្នុង​ផ្លាស្មា ធ្លាក់​ចុះ​ដល់​កំរិត​មួយ នោះ​អារម្មណ៍​ថា​ស្រេក​ទឹក​នឹង​លេច​ឡើង​ភ្លាម​ជា​ស្វ័យប្រវត្តិ។ ការ​ស្រេក​ទឹក​ជា​សញ្ញា​មួយ​ដែល​មានន័យ​ច្បាស់លាស់​ប្រាប់​អំពី​តម្រូវការ។ ផ្ទុយ​ពី​គិត​ និង​ការ​ដែល​ធ្លាប់​ឮ អាការៈ​ស្រេក​ទឹក ស្តែង​ចេញ​ឡើង​មុន​រាងកាយ​ធ្លាក់​ដល់​ដំណាក់កាល​ស្ងួត​ អស់​ជាតិ​ទឹក​ឆ្ងាយ​ណាស់។ យន្តការ​ក្នុង​ខ្លួន​មនុស្ស មាន​សមត្ថភាព មាន​បញ្ញា​វៀង​វៃ​ និង​ការ​ប្រុង​ប្រយ័ត្ន​គ្រប់​គ្រាន់​​សម្រាប់​បញ្ជូន​ដំណឹង​ប្រាប់​អំពី​ស្រេក​ទឹក។ តែ​ការ​សិក្សា​ជា​ច្រើន​សង្កេត​ឃើញ​ផ្ទុយ​ទៅ​វិញ​ថា ការ​ដែល​ប្រឹក​ទទួល​ទឹក​ទាំង​មិន​ស្រេក​ទេ ដែល​ធ្វើ​ឱ្យ​​សមត្ថភាព​ដ៏​អស្ចារ្យ​ក្នុង​ការ​វាស់​វែង​ជាតិ​ទឹក​ក្នុង​ខ្លួន ធ្លាក់​ចុះ។ យូរៗ​ទៅ​លែង​ដឹង​ថា​ពេល​ណា​ស្រេក ពេល​ណា​ត្រូវ​ការ​ទឹក​ ពេល​ណា​អត់នោះ។

សូម​កុំ​ច្រលំ អ្វីៗ​ដែល​បាន​រៀប​រាប់នេះ គឺ​មាន​តម្លៃ​សម្រាប់​តែ​មនុស្ស​ពេញ​វ័យ មាន​បញ្ញាញាណ និង​សតិ​ ត្រឹម​ត្រូវ ហើយ​យន្តការ​ផ្តល់​សញ្ញា​ស្រេក​ទឹក​ដំណើរ​ការ​ល្អ​។ តែ​បើ​ចំពោះ​មនុស្ស​ចាស់​ ជរា​វិញ ពួក​គាត់​ច្រើន​តែ​ពុំ​សូវ​មាន​រ៉េផ្លិច​​ទទួល​ទាន​ទឹក​ទេ។ ឯ​ចំពោះ​ក្មេង​​និង​កុមារ​ ជាញឹកញយ​ច្រើន​មើល​រំលង​ មិន​ស្តាប់​សេចក្តី​ត្រូវ​ការ​របស់​ខ្លួន​ប្រាណ​ទេ​ មាន​អាការៈ​ស្រេក​ទឹក​ហើយ​ រវល់​លេង​ពេក​ មិន​ខ្ចីទៅ​ផឹក​ទឹក​ទេ ទាល់​តែ​មាន​ការ​ដាស់​តឿន​ពី​មនុស្សធំ។

តើ​មាន​ប្រយោជន៍​អ្វី​ទេ បើ​យើង​ពិសារ​ទឹក​ច្រើន​លើស​ពីសេចក្តី​ត្រូវ​ការ​របស់​ខ្លួន ?

ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា មនុស្ស​ដែល​ទទួល​ទាន​​អាហារមាន​​​សម្បូរ​ជាតិ​ទឹក​ច្រើន (ទឹក​គ្រប់​ទម្រង់) មាន​សុខភាព​ល្អ ប៉ុន្តែ​នោះ​ទំនង​ជា​ដោយ​សារ​គុណប្រយោជន៍​នៃ​បន្លែ​ផ្លែឈើ មិន​មែន​ដោយ​សារ​មក​ពី​ទឹក​ទេ។ ឬ​ជួន​កាល​មក​ពី​គាត់​ធ្វើ​កីឡា​ច្រើន ទើប​ត្រូវ​ស្រេក​ ហើយ​ទទួល​ទាន​ទឹក​ច្រើន។ តែ​ការ​ដែល​មាន​សុខភាព​ល្អ គឺ​ដោយ​សារ​ធ្វើ​កីឡា មិន​មែន​ដោយ​សារ​ពិសារ​ទឹក​ទេ។

ផ្ទុយ​ទៅ​វិញ បើ​អ្នក​បរិភោគ​ទឹក​ច្រើន និង​ដោយ​បង្ខំ គឺ​ជា​គ្រោះ​ថ្នាក់ ! តម្រង​នោម​មិន​អាច​មាន​ពេល​គ្រប់គ្រាន់​នឹង​ធ្វើ​ចម្រោះ​ទេ។ សមត្ថភាព​របស់​តម្រង​នោម គឺ​ច្រោះ​ទឹក​បាន​ច្រើន​បំផុត​មួយ​លីត្រ​ ក្នុង​មួយ​ម៉ោង។ ជាង​នេះ​ទៅ​ទៀតប្រសិន​បើ​អ្នក​ទទួល​ទាន​ទឹក​ច្រើន​ពេក​នោះ​នឹង​ធ្វើ​ឱ្យ​សរីជីវៈ​ក្នុង​ខ្លួន​បាត់​លំនឹង​ ដោយ​ទឹក​អា​ចជ្រាប​ចូល​ទៅ​ក្នុង​សរីរាង្គ​ខ្លាំង រួច​អាច​បង្ក​ជា​ការ​ហើម​​ក៏​ថា​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ