អានតួអត្ថបទ
កម្ពុជា

មនុស្ស​មួយ​ក្រុម​បាន​ប្រកាស​បង្កើត​រដ្ឋាភិបាល​ខ្មែរ​និរទេស

ក្នុង​លិខិត​កាល​ពី​ថ្ងៃ​ទី​ ២៣ តុលា មនុស្ស​មួយ​ក្រុម បាន​ប្រកាស​បង្កើត​រដ្ឋាភិបាល​នៅ​ក្រៅ​ប្រទេស​មួយ​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ដាណឺម៉ាក។ ក្រុម​ទាំង​នោះ​មក​ពី គណបក្ស​នយោបាយ រណសិរ្យ​រំដោះ​ជាតិ​ខ្មែរ ចលនា​នៃ​បក្ស​នយោបាយ សហគមន៍​រង​គ្រោះ​ដី​ធ្លី សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ និង​សហគមន៍​ខ្មែរ​នៅ​ជុំវិញ​ពិភព​លោក​ជា​ដើម។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​ស្រុក និង​គណបក្ស​នយោបាយ​ធំ​ៗ បាន​ប្រឆាំង​ចំពោះ​ការ​ប្រកាស​បង្កើត​នេះ។

ផ្សាយពាណិជ្ជកម្ម

មនុស្ស​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ជាង​ ៥០​នាក់ បាន​ប្រកាស​បង្កើត​រដ្ឋាភិបាល​ខ្មែរ​និរទេស​នៅ​ក្រៅ​ប្រទេស​មួយ ដែល​មាន​សមាសភាព​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ និង​ប្រធាន​រដ្ឋសភា​ជា​ដើម។ នៅ​ក្នុង​លិខិត​ ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទទួល​បាន មនុស្ស​មួយ​ក្រុម​នេះ គឺ​សុទ្ធ​តែ​ជា​អ្នក​នៅ​ក្រៅ​ប្រទេស​ហើយ​មនុស្ស​ភាគ​ច្រើន គ្មាន​អ្នក​ស្គាល់​នោះ​ទេ។ ដូចជា​នាយក​រដ្ឋ​មន្ត្រី​ឈ្មោះ​ថា​លោក សម សេរី ប្រធាន​សភា​ឈ្មោះ​ក្រិច ស៊ីផន និង​មាន​ឈ្មោះ​នរោត្តម ច័ន្ទ​រង្ស៊ី ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ស្លាប់​រួច​ទៅ​ហើយ​ជា​ដើម។

រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា ការ​ប្រកាស​បង្កើត​នេះ គឺ​ជា​រឿង​ខុស​ច្បាប់​ព្រោះ​ថា ច្បាប់​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​រដ្ឋាភិបាល​ពីរ​នោះ​ទេ។ យ៉ាងណា​ក៏​ដោយ លោក ទិត្យ សុធា អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​បាន​អះអាង​ថា រដ្ឋាភិបាល​នឹង​គ្មាន​ប្រតិកម្ម​អ្វី​លើ​ការ​ប្រកាស​បង្កើត​នេះ​ទេ​ ព្រោះ​ថា​ការ​ប្រកាស​តែ​លើ​ក្រដាស ហើយ​គ្មាន​សកម្មភាព។ ប៉ុន្តែ​រដ្ឋាភិបាល​រក្សា​សិទ្ធិ​ចាត់​វិធានការ​លើ​ក្រុម​នេះ ប្រសិន​បើ​មាន​សកម្មភាព ដូចជា​បង្កើត​កម្លាំង ឬ​ធ្វើ​សកម្មភាព​ប៉ះពាល់​ដល់​អធិបតេយ្យភា​ពរបស់​កម្ពុជា។

ដោយឡែក​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​បក្ស​ដឹកនាំ​ប្រទេស​វិញ បា​នអះអាង​ថា ចេតនា​នៃ​ការ​ប្រកាស​បង្កើត​រដ្ឋាភិបាល​នេះ គឺ​ចង់​បំផ្លាញ​សន្តិភាព ​និង​ស្ថេរភាព​របស់​កម្ពុជា​ ដែល​នៅ​ក្នុង​ប្រទេស។ គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ ដែល​ជា​បក្ស​ធំ​ទី​២ បាន​ស្នើ​ឱ្យ​អ្នក​ដែល​ប្រកាស​បង្កើត​រដ្ឋាភិបាល​និរទេស​នេះ គួរ​តែ​ចូល​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ប្រកួត​ប្រជែង ព្រោះ​ថា​កម្ពុជា​មាន​ច្បាប់ ហើយ​កម្ពុជា​មិន​ត្រូវ​ការ​រដ្ឋាភិបាល​និរទេស​អ្វី​នោះ​ទេ។ នេះ​គឺ​ជា​ការ​បញ្ជាក់​ពី​លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​របស់​គណបក្ស។

តាម​សេចក្តី​ប្រកាស​បង្កើត​នេះ ក្រុម​គណៈ​រដ្ឋ​មន្ត្រី​ ដែល​មិន​សូវ​លឺ​ឈ្មោះ​នេះ បាន​ស្នើ​ឱ្យ​អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ​ដាក់​សម្ពាធ​ដល់​ប្រទេស​វៀតណាម និង​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​គោរព​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក្រុម​នេះ ក៏​ចង់​ឱ្យ​អង្គការ​សហប្រជាតិ​ដក​អសនៈ​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ចេញ​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ