អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

កក់សក់នៅហាង​ បង្ក​គ្រោះ​ដាច់​សរសៃឈាម​ខួរក្បាល ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដាច់​សរសៃ​ឈាម​ខួរក្បាល ជា​ជំងឺ​មួយ​គួរ​ឱ្យ​ព្រឺព្រួច និង​ខ្លាច​បំផុត ! ព្រោះ​វាអាច​ផ្តាច់​សង្ខារ​មនុស្ស​ក្នុង​មួយ​ប៉ប្រិច​ភ្នែក ឬ​ធ្វើ​ឱ្យ​យើង​រស់​ជាមួយ​នឹង​ភាព​ពិការ​អស់​មួយ​ជីវិត។ ដើម្បី​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​នេះ គ្រូពេទ្យ​តែង​ណែនាំ​ឱ្យ​យើង​​ធ្វើ​កីឡា ទទួល​ទាន​អាហារ​មិន​ត្រឹម​ត្រូវ ... ប៉ុន្តែ​តើ​គេ​ត្រូវ​គេច​កុំ​ទៅ​ផ្ទះ​ជាង​ធ្វើ​សក់​ឬ ? អ្នក​គួរ​ពិចារណានឹង​សំណួរ​នេះ នៅ​ពេល​បាន​ដឹង​ថា​មាន​ជនជាតិ​អង់គ្លេស​ម្នាក់ បាន​ធ្លាក់​ខ្លួន​ពិការ​ ដើរ​កាន់​ឈើច្រត់​ ព្រោះ​ធ្លាក់​ខ្លួន​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ បន្ទាប់​ពី​បាន​ទៅ​ហាង​កក់​សក់​។

ការ​ ថត ​IRM ឆ្លុះ​មើល​ខួរក្បាល អាច​មើល​ឃើញ​ពីគ្រោះដាច់សរសៃឈាម​ខួរក្បាល
ការ​ ថត ​IRM ឆ្លុះ​មើល​ខួរក្បាល អាច​មើល​ឃើញ​ពីគ្រោះដាច់សរសៃឈាម​ខួរក្បាល Getty/Jim Wehtje
ផ្សាយពាណិជ្ជកម្ម

 

យើង​បាន​ដឹង​ខ្លះៗ រួច​មក​ហើយ ថាដើម្បី​កាត់បន្ថយ គ្រោះ​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ត្រូវ​មាន​អនាម័យ​ក្នុង​ការ​រស់​នៅ ត្រូវ​ទទួល​ទាន​អាហារ​ឱ្យ​មាន​លំនឹង បន្លែ​ផ្លែឈើ ត្រីសាច់ និង​ត្រូវ​ហាត់​ប្រាណ​ធ្វើកីឡា ជា​ប្រចាំ។ ថ្មីៗនេះ យើង​បាន​ដឹង​បន្ថែម​ទៀត​ថា យក​ល្អ​គួរតែ​ទៅ​រស់​នៅ​ក្នុង​តំបន់ មាន​ខ្យល់​អាកាស​បរិសុទ្ធ ព្រោះ​បរិស្ថាន​ពុល​ក៏​ជា​មាន​ចំណែក​ធ្វើ​ឱ្យ​ងាយ​ជួប​គ្រោះ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ដែរ។ ចុះ​ផ្ទះ​ជាង​កាត់សក់ ត្រូវ​ចៀសវាង​ដែរ ?! តើ​មាន​អ្វី​ពាក់ព័ន្ធ​នឹង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល?

លោកអ្នកចោទសួរ​សំណួរ​នេះ​មិន​ខុស​ទេ ? ហើយ​លោក​អ្នក​អាច​នឹង​ចាប់​​គិត​ពិចារណា​ខ្លះ​ដែរ ថា​គួរ​អញ្ជើញ​ទៅ​ហាង​កាត់សក់​ដែរ​ឬ​អត់ នៅ​ពេល​បាន​ជ្រាប​អំពី​រឿង​ពិត​របស់ ដេវ ថាយឡឺ ដែល​សារព័ត៌មាន​Huffington Post និងTime បាន​បង្ហោះ​ផ្សាយ​បន្ត​ក្នុង​ប្រព័ន្ធ​អ៊ីនធ័រនែត និង​លើ​ទំព័រ​កាសែត កាលពី​ថ្ងៃ​ទី​១២​ធ្នូ​២០១៦។

ដេវ អាយុ៤៥ រស់នៅ​ក្នុង​ក្រុង​Brighton ប្រទេស​អង់គ្លេស ទើប​ទទួល​បាន​សំណង​ជំងឺ​ចិត្ត​ពី​ជាង​កាត់សក់ នូវ​ទឹក​ប្រាក់​៩​ម៉ឺន​លីវ​ស្ទែរលីន។ ជា​ទឹកប្រាក់​ដ៏​ច្រើន ប៉ុន្តែ​មិន​អាច​ប្រៀប​ទៅ​នឹង​ផលវិបាក ដែល​ដេវ​ត្រូវ​រស់​រង​កម្ម​អស់​មួយ​ជីវិត​ឡើយ។ បន្ទាប់ពី​បាន​ដេក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​អស់​បី​ខែ ដេវ អាច​ដើរ​ដោយ​ខ្លួន​ឯង តែ​ត្រូវ​ពឹង​ឈើ​ច្រត់ និង​មិន​អាច​បើកបរ​បានទេ ព្រោះ​ភ្នែក​មើល​លែង​ច្បាស់។

មិនមែនជាកំហុស​កាន់​កន្ត្រៃ​ជ្រុល​ជ្រួស​កាត់​ដាច់សាច់ ដាច់​ត្រចៀក ឬ ផ្លុំ​សក់​ក្តៅ​ជ្រុល​នាំ​ឱ្យ​រលាក​រលួយ​អ្វី​ទេ តែ​គឺ​បណ្តាល​មកពី​កន្ធុន​កក់​សក់ ដែល​រាលដាល​បង្ក​ទុក្ខទោស និង​ដែល​គ្មាន​នរណា​គិត​ស្មាន​ដល់​ឡើយ។

ហេតុការណ៍បានកើតឡើងនៅ​ឆ្នាំ​២០១១ ដេវ មាន​សុខភាព​ល្អ រឹងម៉ាំ ដូច​មនុស្ស​ដទៃ​ជាធម្មតា​ក្នុង​វ័យ​ស្របាល​គ្នា ទៅ​កាត់​និង​កក់​សក់​នៅ​ក្នុង​ហាង រីករាយ ឬ​មិន​រីករាយ​ ពេញចិត្តឬ​មិនពេញ​ចិត្ត​នឹង​ស្នាដៃ​ជាង​កាត់សក់ សាច់​រឿង​មិន​បាន​បញ្ជាក់​ទេ ប៉ុន្តែ​ពីរ​ថ្ងៃ​ក្រោយ​កាត់សក់​រួច ពេល​កំពុង​បំពេញ​ការងារ ប្រជុំ​យ៉ាង​មមាញឹក ស្រាប់​តែ​ដេវ​បាន​ដួល និង​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​ក្រុង​ឡុងដ៍។ គឺ​នៅ​ទីនោះ​ហើយ​ដែល​គេ​បាន​លឺ​សំណួរ​ដ៏​ភ្ញាក់ផ្អើល ចេញ​ពី​បបូរ​មាត់​គ្រូពេទ្យ​ឯកទេស​ប្រព័ន្ធ​ប្រសាទ​ថា តើ​លោក​មាន​បាន​ទៅ​ហាង​កាត់សក់​ទេ នា​ពេល​ថ្មីៗ​នេះ ?!

នៅចំពោះមុខអ្នកជំងឺ អាយុ​ខ្ទង់​សែ សុខភាព​ល្អ​បរិបូរណ៍ គ្មាន​ប្រវត្តិ គ្មាន​ប្រព្រឹត្ត​អ្វី​ជា​កត្តា​គ្រោះថ្នាក់ នាំ​ហានិភ័យ​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល វេជ្ជបណ្ឌិត​អង់គ្លេស​បាន​នឹក​គិត​ដល់ និង​សង្ស័យ​ភ្លាម​ដល់​វត្តមាន ករណី​មាន​សញ្ញា​រោគ សាឡុង​កាត់សក់ !

សញ្ញា​រោគ​ហាង​កាត់សក់ ជា​អ្វី ? ពិភពវេជ្ជសាស្ត្រ បាន​ស្គាល់​សញ្ញា​រោគ​ហាង​កាត់សក់ ឬ​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល នៅ​ហាង​កែ​សម្ផស្ស ហាង​ធ្វើសក់ តាំងពី​ឆ្នាំ ១៩៩០​មក តែ​ជា​ករណី​ដ៏​កម្រ​បំផុត។ នៅក្នុង​គម្ពីរ​វេជ្ជសាស្ត្រ គេ​សង្កេត​ឃើញ​មាន​កំណត់​ត្រា អ្នក​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ប៉ុន្មាន​សិប​ករណី​ដែរ ដោយ​មូលហេតុ​ពាក់ព័ន្ធ​នឹង​ការកាត់​-កក់​សក់ នៅ​ហាង បើប្រៀប​ទៅ​នឹង​ចំនួន​មនុស្ស​រាប់​សិប​ពាន់​លាន​នាក់​ដែល​បាន​ចូល​ហាង​ធ្វើ​សក់ ក្នុង​រយៈពេល​ជាង​២០ឆ្នាំ​នេះ។

កាត់សក់​មិនមែន​ជា​ដើម​ហេតុ​នៃ​បញ្ហា​ទេ តែ​ជាទូទៅ មុន​នឹង​ផ្តើម​កាត់សក់ ជាង​តែង​សម្អាត​លាង​សក់​អតិថិជន ដើម្បី​រក្សា​អនាម័យ។ គឺ​ជំហរ កាច់ក លើ​ចាន​លាង​កក់​សក់​ទេដែល​នាំឱ្យ​មាន​គ្រោះ​ដាច់​សរសៃ​ឈាម​ខួរក្បាល​នោះ។ កាច់​ក បត់​សរសៃ​ជួន​ដោយ​អូស​បន្លាយ​ពេល​យូរ ប្រៀប​ដូច​ជា​ចង​បន្តឹង បង្កើន​សម្ពាធ​សរសៃ​ដែល​បង្ហូរ​ឈាម​ទៅ​ចិញ្ចឹម​ខួរ​ក្បាល។ ដោយសារ​តែ​មាន​កន្លែង​បត់ កាច់ យ៉ាង​ដូច្នេះ ដំណើរ​ឈាម​ហូរ​មិន​ស្រួល មាន​ភាព​រអាក់រអួល ឈាម​អាច​ត្រូវ​កក ជា​ដុំ​កំណក​តូចៗ ដែល​ជា​ដើម​ហេតុ​នាំ​ឱ្យ​ស្ទះ​សរសៃ​ឈាម និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។

ថ្វី​បើ​ជា​ករណី​កម្រ​មែន ប៉ុន្តែ​ចូរ​ប្រុង​ប្រយ័ត្ន នៅ​ពេល​អ្នក​ត្រូវអង្គុយ​​ឱ្យ​គេ​កក់​ លាង​សក់ ដោយ​ត្រូវ​ប្រុង​ប្រយ័ត្ន​ ដាក់​ក​ និង​តម្រែតម្រង់​ខ្លួន​ឱ្យ​ត្រូវ​ជំហរ​ បំផុត​ទើប​ប្រសើរ។ សូម​កុំ​ខ្លាច​នឹង​ទាមទារ​រក​ខ្នល់​ខ្នើយ​ កន្លែង​ទ្រាំ​ក​នៅ​លើ​កែម​កន្ធុន ដើម្បីការពារ​សរសៃ​ឈាម។ បើ​តាម​សារព័ត៌មាន​Time ជាង​កាត់​សក់​អង់គ្លេស​ដែល​រងការ​ថ្កោលទោស ក៏​ព្រោះ​តែ​មិន​បាន​ការពារ​អតិថិជន​ឱ្យ​បាន​ត្រឹមត្រូវ​ពេល​កក់​សក់​នេះ​ឯង។

តើអ្វី​ទៅ​ជា​ជំងឺ ដាច់​សរសៃ​ឈាម​​ក្នុង​ខួរក្បាល ?

ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល មានកើត​ឡើង​សឹង​ថា​ជារៀង​រាល់​បួន​នាទី​មាន​ម្នាក់ នៅ​ប្រទេស​បារាំង។ នៅ​ពេល​ណា​ឈាម​មិន​អាច​ហូរ​ទៅ​ចិញ្ចឹម​ខួ​រក្បាល​បាន​ពេញ​លេញ​ ឬ​​មិន​ដល់​ផ្នែក​ណា​មួយ​នៃ​ខួរ​ក្បាល ពេល​នោះ​ហើយ​ដែល​គេ​ហៅ​ថា​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។

ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​អាច​មាន​ពីរ​ប្រភេទ ៖ ការ​ដាច់​សរសៃ​ឈាម​ខួរក្បាល ដោយ​មាន​ហូរឈាម​ (ឈាម​កក) ​ក្នុង​ក្បាល (១៥ទៅ២០%)។ ​ករណី​នេះបណ្តាល​មក​ពី​ ផ្ទាំង​សរសៃ​ឈាម​​មាន​សភាព​ទន់​ខ្សោយ​ អាច​រីក​ប៉ោង មាន​ទម្រង់​ជា​ថ្នក់​។ ថ្នក់​ឈាម​ប៉ោង​ខ្លាំង​អាច​នឹង​អាច​ត្រូវ​ដាច់ ជាហេតុ​ដែល​បង្ក​ឱ្យ​មាន​ការ​ហូរ​ឈាម​-កក​ក្នុង​ក្បាល ​ឬ​បើ​ពុំ​នោះ​ទេ ថ្នក់​ឈាម​នោះ​អាច​នឹង​សង្កត់​​​សរសៃ​ឈាម​ជិត​ខាង​ឱ្យ​ស្ទះ​។

ការ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​អាច​បណ្តាល​មក​ពី​ សរសៃ​ឈាម​តូចៗ​នៅ​ក្បាល​ត្រូវ​ស្ទះ​(៨០ទៅ៨៥%) ដោយ​សារ​មាន​ដុំ​កំណក​ឈាម​តូចៗ ឬ​កំណក​នៅ​លើ​ផ្ទាំង​សរសៃ​ឈាម​ មក​រាំង​បាំងរន្ធ​សរសៃ​ ​មិន​ឱ្យ​ឈាមរត់​បាន​ឡើង​ទៅ​ក្បាល​បាន។ គ្មាន​ឈាម គ្មាន​​​អុកស៊ីសែន ទៅ​ចិញ្ចឹម​ខួរ​ក្បាល​ កោសិកា​រ​ប្រព័ន្ធ​ប្រសាទ​ជា​ច្រើន​ត្រូវ​ស្លាប់។ នេះ​ជា​ករណី​​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ដែល​ភាសា​ពេទ្យ​ហៅ​ថា Avc Ischémique។

ទោះ​បី​ដាច់​សរសៃ​ឈាម​ដោយ​មូលហេតុ​អ្វី​ក៏​ដោយ ក៏​ជំងឺ​នេះ​អាច​បន្យល់​ទុក​នូវ​ផលវិបាក​ច្រើន ​ខ្លាំង ធ្ងន់ធ្ងរ និងខុសៗ​គ្នា ទៅ​តាម​ទីតាំង​កន្លែង​ដាច់​សរសៃ ឬ​ផ្នែក​នៃ​ខួរ​ក្បាល​ដែល​ប៉ះពាល់។ ការ​ជួយ​សង្គ្រោះ​ជា​បន្ទាន់​គឺ​ជា​ការចាំ​បាច់ និង​ជា​កត្តា​កំណត់​លទ្ធភាព​នៃ​ការ​សង្គ្រោះ។

តើ​គេ​អាច​សម្គាល់​ថា​មាន​អាការៈ​ ដាច់​សរសៃ​ឈាម​នៅ​ក្បាល​យ៉ាង​ដូចម្តេច ?

ការ​​កំណត់​អំពី​រោគ​សញ្ញា​ផ្តល់​ដោយ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ ខុស​ប្លែក​គ្នា​ខ្លាំងណាស់ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ព្រោះ​វា​អាស្រ័យ​ទៅ​នឹង​កន្លែង​ដែល​សរសៃ​ឈាម​អាទែរ ស្ទះ​ ឬ​បែក​ដាច់​ចេញ​ឈាម​។ តើ​វា​ស្ថិត​នៅ​ផ្នែក​ខាង​ណា​នៃ​ក្បាល ?! ប៉ុន្តែ​សញ្ញារោគ​ដែល​គេ​ជួប​ប្រទះ​ញឹក​ញយ​ជាង​គេ គឺ​អាការៈ​ស្ពឹក​​មួយ​ចំហៀង​ខ្លួន ងាប់​មួយ​ចំហៀង​ខ្លួន (ឆ្វេង​ឬ​ស្តាំ) ធ្ងន់ធ្ងរ។ នេះ​ជា​រោគសញ្ញា​ដែល​គេ​ជួប​ប្រទះ​ញឹកញយ។ នៅ​ពេល​ណា​មាន​គ្រោះ​​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ស្លោក​ ឬ​ ដាច់​ហូរ​ឈាម​ខ្លាំង ជា​ទូទៅ​អ្នក​ជំងឺ​ត្រូវ​ងាប់​មួយ​ចំហៀង​ខ្លួន​ ទាំង​ស្រុង ឬ​មួយ​ភាគ។ ប្រសិន​បើ​ដាច់​សរសៃ​ឈាម​ត្រង់​កន្លែង​បញ្ជា​ភាសា​ នោះ​អ្នក​ជំងឺ​និយាយ​លែង​កើត ហើយ​ប្រសិន​បើ​ប៉ះពាល់​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​ក្បាល តំបន់​បញ្ជាចក្ខុ អ្នក​ជំងឺ​នឹងអាចងងឹត​ភ្នែក។

រោគ​សញ្ញា​រៀប​រាប់​ខាង​លើ​ទាំង​អម្បាល​ម៉ាន​នេះ អាច​នឹង​កើត​ឡើង​តែ​មួយ​ភ្លែត ជា​លក្ខណៈ​មួយ​សំណើ ដែ​លមាន​ន័យ​ជា​ការ​ដាស់​តឿន​រំលឹក ថា​មាន​សរសៃ​ឈាម ត្រង់​កន្លែង​ណា​មួយ​មិន​ល្អ​ ទើប​ឈាម​ហូរ​មិន​ស្រួល​ មាន​ស្ទះ​បន្តិចបន្តួច​ ឬ​ក៏​មាន​កំណក​ដុំ​ឈាម​។ ទោះ​បី​ជា​រោគ​សញ្ញា​មួយ​ភ្លែត​ក៏​ដោយ​ ក៏​ត្រូវ​ចាប់​អារម្មណ៍​ប្រុង​ប្រយ័ត្ន​​ និង​រួស​រាន់​ភ្លាម​​ទៅ​ធ្វើ​វិភាគ​ស្វែង​រក​មូលហេតុ​ និង​ចាប់​ផ្តើម​ព្យាបាល​ ដើម្បី​ចៀស​វាង​កុំ​ឱ្យ​មាន​ការ​ស្ទះ ការ​ដាច់​សរសៃ​ ស្លោក​ងាប់​កោសិកា​ទាន់។

សញ្ញា​មួយ​ចំនួន​ដែល​នាំ​គិត​ដល់​ថា​យើង​អាច​នឹង​ប្រឈម​នឹង​គ្រោះ​ដាច់​សរសៃ​ឈាម​ខួរក្បាល ៖

ស្ពឹក​ ស្រពន់ ស្រយ៉ង់ ឬ កម្លាំង​ធ្លាក់​ស្រុត​ចុះ លេច​ឡើង​​យ៉ា​ងទាន់​ហន់ នៅ​តំបន់​មុខ នៅ​លើ​ដង​ខ្លួន ... ក្នុង​ករណី​ខ្លះ​ ស្រាប់​តែ​ស្ងៀមៗ ពិបាក​និយាយ និងពិបាក​យល់ ឬ​លែងយល់​អ្វី និង​លែង​និយាយ​កើត ... ​ឈឺ​ក្បាល​ខ្លាំង អម​ដោយអាការៈ​​​ស្រវាំង​ភ្នែក​ សុទ្ធ​សឹង​ជា​សញ្ញា​អាសន្ន​ដែល​​បញ្ជាក់អំពី​គ្រោះ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ហើយ បើ​ទោះ​បី​ជា​រោគ​សញ្ញា​នេះ​កើត​ឡើង​តែ​មួយ​ភ្លែត រួច​បាត់​ទៅ​វិញ​ក៏​ដោយ។

ដាច់​សរសៃ​ឈាម​ខួរក្បាល ជាប្រភេទ​ជំងឺ​ដ៏​ធ្ងន់ធ្ងរ ! ​កត្តា​ពូជ ដូច​ជា​មាន​ឪពុកនិង​បងប្អូន​ប្រុស​មាន​ជំងឺ​សរសៃ​ឈាម​បេះដូង​មុន​អាយុ ៥៥​ឆ្នាំ មាន​ម្តាយនិង​បង​ប្អូន​ស្រី មាន​ជំងឺសរសៃ​ឈាម​​បេះដូង មុន​អាយុ​៦៥​ឆ្នាំ និង​កត្តា​អាយុ អាយុ​កាន់​តែ​​ចាស់កាន់​តែ​ងាយ​ជួប​គ្រោះ​ហានិភ័យ​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល សុទ្ធ​សឹង​​ជា​ប្រការ​មិន​អាច​ទប់​ស្កាត់​និង​បញ្ចៀស​បាន​ឡើយ។ ប៉ុន្តែ នៅ​មាន​វិធានការ​មួយ​ចំនួន​ផ្សេង​ទៀត ដែល​អាច​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​នេះបាន ៖  ដោយ​លោក​អ្នក​ត្រូវ​គិត​គូរ​ព្យាបាល​ជំងឺ​លើសឈាម ជំងឺ​ទឹក​នោម​ផ្អែម។ ចៀសវាង​កុំ​ជក់​បារី ទទួល​ទាន​សុរា ព្រោះ​ថ្នាំជក់ និង​គ្រឿង​ស្រវឹង បង្កើន​ហានិភ័យដាច់​សរសៃ​ឈាម​ខួរក្បាល​ទ្វេដង។ កាត់​បន្ថយ​ការ​ទទួល​ទាន​អាហារ​ ដែល​មាន​ខ្លាញ់​ខ្លាំង បញ្ចេញ​សកម្មភាព​ ធ្វើ​កីឡា​ជា​ប្រចាំ ដើម្បី​កំរិត​អត្រា​ជាតិ​ខ្លាញ់​ក្នុង​ឈាម ឱ្យ​នៅ​ទាប ព្រោះ​បើ​មាន​ខ្លាញ់​ច្រើន​ក្នុង​ឈាម នោះ​សរសៃ​ឈាម​នឹង​ឆាប់​រឹង​ ឈាម​ហូរ​មិន​សូវ​ស្រួល បង្ក​ជា​កំណក និង​ស្ទះ​សរសៃឈាម។ ផ្ទៀង​ផ្ទាត់ទម្ងន់​ ការ​ធាត់​ចុកខ្លាញ់ ធាត់​ខ្លាំង​ជា​ក៏​ជា​សត្រូវ​នឹង​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​នេះ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ