កក់សក់នៅហាង បង្កគ្រោះដាច់សរសៃឈាមខួរក្បាល ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៣៦
ដាច់សរសៃឈាមខួរក្បាល ជាជំងឺមួយគួរឱ្យព្រឺព្រួច និងខ្លាចបំផុត ! ព្រោះវាអាចផ្តាច់សង្ខារមនុស្សក្នុងមួយប៉ប្រិចភ្នែក ឬធ្វើឱ្យយើងរស់ជាមួយនឹងភាពពិការអស់មួយជីវិត។ ដើម្បីកាត់បន្ថយគ្រោះកើតជំងឺដាច់សរសៃឈាមខួរក្បាលនេះ គ្រូពេទ្យតែងណែនាំឱ្យយើងធ្វើកីឡា ទទួលទានអាហារមិនត្រឹមត្រូវ ... ប៉ុន្តែតើគេត្រូវគេចកុំទៅផ្ទះជាងធ្វើសក់ឬ ? អ្នកគួរពិចារណានឹងសំណួរនេះ នៅពេលបានដឹងថាមានជនជាតិអង់គ្លេសម្នាក់ បានធ្លាក់ខ្លួនពិការ ដើរកាន់ឈើច្រត់ ព្រោះធ្លាក់ខ្លួនមានជំងឺដាច់សរសៃឈាមខួរក្បាល បន្ទាប់ពីបានទៅហាងកក់សក់។
យើងបានដឹងខ្លះៗ រួចមកហើយ ថាដើម្បីកាត់បន្ថយ គ្រោះកើតជំងឺដាច់សរសៃឈាមខួរក្បាល ត្រូវមានអនាម័យក្នុងការរស់នៅ ត្រូវទទួលទានអាហារឱ្យមានលំនឹង បន្លែផ្លែឈើ ត្រីសាច់ និងត្រូវហាត់ប្រាណធ្វើកីឡា ជាប្រចាំ។ ថ្មីៗនេះ យើងបានដឹងបន្ថែមទៀតថា យកល្អគួរតែទៅរស់នៅក្នុងតំបន់ មានខ្យល់អាកាសបរិសុទ្ធ ព្រោះបរិស្ថានពុលក៏ជាមានចំណែកធ្វើឱ្យងាយជួបគ្រោះដាច់សរសៃឈាមក្នុងខួរក្បាលដែរ។ ចុះផ្ទះជាងកាត់សក់ ត្រូវចៀសវាងដែរ ?! តើមានអ្វីពាក់ព័ន្ធនឹងជំងឺដាច់សរសៃឈាមខួរក្បាល?
លោកអ្នកចោទសួរសំណួរនេះមិនខុសទេ ? ហើយលោកអ្នកអាចនឹងចាប់គិតពិចារណាខ្លះដែរ ថាគួរអញ្ជើញទៅហាងកាត់សក់ដែរឬអត់ នៅពេលបានជ្រាបអំពីរឿងពិតរបស់ ដេវ ថាយឡឺ ដែលសារព័ត៌មានHuffington Post និងTime បានបង្ហោះផ្សាយបន្តក្នុងប្រព័ន្ធអ៊ីនធ័រនែត និងលើទំព័រកាសែត កាលពីថ្ងៃទី១២ធ្នូ២០១៦។
ដេវ អាយុ៤៥ រស់នៅក្នុងក្រុងBrighton ប្រទេសអង់គ្លេស ទើបទទួលបានសំណងជំងឺចិត្តពីជាងកាត់សក់ នូវទឹកប្រាក់៩ម៉ឺនលីវស្ទែរលីន។ ជាទឹកប្រាក់ដ៏ច្រើន ប៉ុន្តែមិនអាចប្រៀបទៅនឹងផលវិបាក ដែលដេវត្រូវរស់រងកម្មអស់មួយជីវិតឡើយ។ បន្ទាប់ពីបានដេកព្យាបាលក្នុងមន្ទីរពេទ្យអស់បីខែ ដេវ អាចដើរដោយខ្លួនឯង តែត្រូវពឹងឈើច្រត់ និងមិនអាចបើកបរបានទេ ព្រោះភ្នែកមើលលែងច្បាស់។
មិនមែនជាកំហុសកាន់កន្ត្រៃជ្រុលជ្រួសកាត់ដាច់សាច់ ដាច់ត្រចៀក ឬ ផ្លុំសក់ក្តៅជ្រុលនាំឱ្យរលាករលួយអ្វីទេ តែគឺបណ្តាលមកពីកន្ធុនកក់សក់ ដែលរាលដាលបង្កទុក្ខទោស និងដែលគ្មាននរណាគិតស្មានដល់ឡើយ។
ហេតុការណ៍បានកើតឡើងនៅឆ្នាំ២០១១ ដេវ មានសុខភាពល្អ រឹងម៉ាំ ដូចមនុស្សដទៃជាធម្មតាក្នុងវ័យស្របាលគ្នា ទៅកាត់និងកក់សក់នៅក្នុងហាង រីករាយ ឬមិនរីករាយ ពេញចិត្តឬមិនពេញចិត្តនឹងស្នាដៃជាងកាត់សក់ សាច់រឿងមិនបានបញ្ជាក់ទេ ប៉ុន្តែពីរថ្ងៃក្រោយកាត់សក់រួច ពេលកំពុងបំពេញការងារ ប្រជុំយ៉ាងមមាញឹក ស្រាប់តែដេវបានដួល និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យក្រុងឡុងដ៍។ គឺនៅទីនោះហើយដែលគេបានលឺសំណួរដ៏ភ្ញាក់ផ្អើល ចេញពីបបូរមាត់គ្រូពេទ្យឯកទេសប្រព័ន្ធប្រសាទថា តើលោកមានបានទៅហាងកាត់សក់ទេ នាពេលថ្មីៗនេះ ?!
នៅចំពោះមុខអ្នកជំងឺ អាយុខ្ទង់សែ សុខភាពល្អបរិបូរណ៍ គ្មានប្រវត្តិ គ្មានប្រព្រឹត្តអ្វីជាកត្តាគ្រោះថ្នាក់ នាំហានិភ័យកើតជំងឺដាច់សរសៃឈាមខួរក្បាល វេជ្ជបណ្ឌិតអង់គ្លេសបាននឹកគិតដល់ និងសង្ស័យភ្លាមដល់វត្តមាន ករណីមានសញ្ញារោគ សាឡុងកាត់សក់ !
សញ្ញារោគហាងកាត់សក់ ជាអ្វី ? ពិភពវេជ្ជសាស្ត្រ បានស្គាល់សញ្ញារោគហាងកាត់សក់ ឬជំងឺដាច់សរសៃឈាមក្នុងខួរក្បាល នៅហាងកែសម្ផស្ស ហាងធ្វើសក់ តាំងពីឆ្នាំ ១៩៩០មក តែជាករណីដ៏កម្របំផុត។ នៅក្នុងគម្ពីរវេជ្ជសាស្ត្រ គេសង្កេតឃើញមានកំណត់ត្រា អ្នកជំងឺដាច់សរសៃឈាមខួរក្បាល ប៉ុន្មានសិបករណីដែរ ដោយមូលហេតុពាក់ព័ន្ធនឹងការកាត់-កក់សក់ នៅហាង បើប្រៀបទៅនឹងចំនួនមនុស្សរាប់សិបពាន់លាននាក់ដែលបានចូលហាងធ្វើសក់ ក្នុងរយៈពេលជាង២០ឆ្នាំនេះ។
កាត់សក់មិនមែនជាដើមហេតុនៃបញ្ហាទេ តែជាទូទៅ មុននឹងផ្តើមកាត់សក់ ជាងតែងសម្អាតលាងសក់អតិថិជន ដើម្បីរក្សាអនាម័យ។ គឺជំហរ កាច់ក លើចានលាងកក់សក់ទេដែលនាំឱ្យមានគ្រោះដាច់សរសៃឈាមខួរក្បាលនោះ។ កាច់ក បត់សរសៃជួនដោយអូសបន្លាយពេលយូរ ប្រៀបដូចជាចងបន្តឹង បង្កើនសម្ពាធសរសៃដែលបង្ហូរឈាមទៅចិញ្ចឹមខួរក្បាល។ ដោយសារតែមានកន្លែងបត់ កាច់ យ៉ាងដូច្នេះ ដំណើរឈាមហូរមិនស្រួល មានភាពរអាក់រអួល ឈាមអាចត្រូវកក ជាដុំកំណកតូចៗ ដែលជាដើមហេតុនាំឱ្យស្ទះសរសៃឈាម និងដាច់សរសៃឈាមខួរក្បាល។
ថ្វីបើជាករណីកម្រមែន ប៉ុន្តែចូរប្រុងប្រយ័ត្ន នៅពេលអ្នកត្រូវអង្គុយឱ្យគេកក់ លាងសក់ ដោយត្រូវប្រុងប្រយ័ត្ន ដាក់ក និងតម្រែតម្រង់ខ្លួនឱ្យត្រូវជំហរ បំផុតទើបប្រសើរ។ សូមកុំខ្លាចនឹងទាមទាររកខ្នល់ខ្នើយ កន្លែងទ្រាំកនៅលើកែមកន្ធុន ដើម្បីការពារសរសៃឈាម។ បើតាមសារព័ត៌មានTime ជាងកាត់សក់អង់គ្លេសដែលរងការថ្កោលទោស ក៏ព្រោះតែមិនបានការពារអតិថិជនឱ្យបានត្រឹមត្រូវពេលកក់សក់នេះឯង។
តើអ្វីទៅជាជំងឺ ដាច់សរសៃឈាមក្នុងខួរក្បាល ?
ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល មានកើតឡើងសឹងថាជារៀងរាល់បួននាទីមានម្នាក់ នៅប្រទេសបារាំង។ នៅពេលណាឈាមមិនអាចហូរទៅចិញ្ចឹមខួរក្បាលបានពេញលេញ ឬមិនដល់ផ្នែកណាមួយនៃខួរក្បាល ពេលនោះហើយដែលគេហៅថាជំងឺដាច់សរសៃឈាមខួរក្បាល។
ជំងឺដាច់សរសៃឈាមខួរក្បាលអាចមានពីរប្រភេទ ៖ ការដាច់សរសៃឈាមខួរក្បាល ដោយមានហូរឈាម (ឈាមកក) ក្នុងក្បាល (១៥ទៅ២០%)។ ករណីនេះបណ្តាលមកពី ផ្ទាំងសរសៃឈាមមានសភាពទន់ខ្សោយ អាចរីកប៉ោង មានទម្រង់ជាថ្នក់។ ថ្នក់ឈាមប៉ោងខ្លាំងអាចនឹងអាចត្រូវដាច់ ជាហេតុដែលបង្កឱ្យមានការហូរឈាម-កកក្នុងក្បាល ឬបើពុំនោះទេ ថ្នក់ឈាមនោះអាចនឹងសង្កត់សរសៃឈាមជិតខាងឱ្យស្ទះ។
ការដាច់សរសៃឈាមខួរក្បាលអាចបណ្តាលមកពី សរសៃឈាមតូចៗនៅក្បាលត្រូវស្ទះ(៨០ទៅ៨៥%) ដោយសារមានដុំកំណកឈាមតូចៗ ឬកំណកនៅលើផ្ទាំងសរសៃឈាម មករាំងបាំងរន្ធសរសៃ មិនឱ្យឈាមរត់បានឡើងទៅក្បាលបាន។ គ្មានឈាម គ្មានអុកស៊ីសែន ទៅចិញ្ចឹមខួរក្បាល កោសិការប្រព័ន្ធប្រសាទជាច្រើនត្រូវស្លាប់។ នេះជាករណីដាច់សរសៃឈាមខួរក្បាលដែលភាសាពេទ្យហៅថា Avc Ischémique។
ទោះបីដាច់សរសៃឈាមដោយមូលហេតុអ្វីក៏ដោយ ក៏ជំងឺនេះអាចបន្យល់ទុកនូវផលវិបាកច្រើន ខ្លាំង ធ្ងន់ធ្ងរ និងខុសៗគ្នា ទៅតាមទីតាំងកន្លែងដាច់សរសៃ ឬផ្នែកនៃខួរក្បាលដែលប៉ះពាល់។ ការជួយសង្គ្រោះជាបន្ទាន់គឺជាការចាំបាច់ និងជាកត្តាកំណត់លទ្ធភាពនៃការសង្គ្រោះ។
តើគេអាចសម្គាល់ថាមានអាការៈ ដាច់សរសៃឈាមនៅក្បាលយ៉ាងដូចម្តេច ?
ការកំណត់អំពីរោគសញ្ញាផ្តល់ដោយជំងឺដាច់សរសៃឈាមខួរក្បាល ខុសប្លែកគ្នាខ្លាំងណាស់ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ព្រោះវាអាស្រ័យទៅនឹងកន្លែងដែលសរសៃឈាមអាទែរ ស្ទះ ឬបែកដាច់ចេញឈាម។ តើវាស្ថិតនៅផ្នែកខាងណានៃក្បាល ?! ប៉ុន្តែសញ្ញារោគដែលគេជួបប្រទះញឹកញយជាងគេ គឺអាការៈស្ពឹកមួយចំហៀងខ្លួន ងាប់មួយចំហៀងខ្លួន (ឆ្វេងឬស្តាំ) ធ្ងន់ធ្ងរ។ នេះជារោគសញ្ញាដែលគេជួបប្រទះញឹកញយ។ នៅពេលណាមានគ្រោះដាច់សរសៃឈាមខួរក្បាល ស្លោក ឬ ដាច់ហូរឈាមខ្លាំង ជាទូទៅអ្នកជំងឺត្រូវងាប់មួយចំហៀងខ្លួន ទាំងស្រុង ឬមួយភាគ។ ប្រសិនបើដាច់សរសៃឈាមត្រង់កន្លែងបញ្ជាភាសា នោះអ្នកជំងឺនិយាយលែងកើត ហើយប្រសិនបើប៉ះពាល់នៅផ្នែកខាងក្រោយនៃក្បាល តំបន់បញ្ជាចក្ខុ អ្នកជំងឺនឹងអាចងងឹតភ្នែក។
រោគសញ្ញារៀបរាប់ខាងលើទាំងអម្បាលម៉ាននេះ អាចនឹងកើតឡើងតែមួយភ្លែត ជាលក្ខណៈមួយសំណើ ដែលមានន័យជាការដាស់តឿនរំលឹក ថាមានសរសៃឈាម ត្រង់កន្លែងណាមួយមិនល្អ ទើបឈាមហូរមិនស្រួល មានស្ទះបន្តិចបន្តួច ឬក៏មានកំណកដុំឈាម។ ទោះបីជារោគសញ្ញាមួយភ្លែតក៏ដោយ ក៏ត្រូវចាប់អារម្មណ៍ប្រុងប្រយ័ត្ន និងរួសរាន់ភ្លាមទៅធ្វើវិភាគស្វែងរកមូលហេតុ និងចាប់ផ្តើមព្យាបាល ដើម្បីចៀសវាងកុំឱ្យមានការស្ទះ ការដាច់សរសៃ ស្លោកងាប់កោសិកាទាន់។
សញ្ញាមួយចំនួនដែលនាំគិតដល់ថាយើងអាចនឹងប្រឈមនឹងគ្រោះដាច់សរសៃឈាមខួរក្បាល ៖
ស្ពឹក ស្រពន់ ស្រយ៉ង់ ឬ កម្លាំងធ្លាក់ស្រុតចុះ លេចឡើងយ៉ាងទាន់ហន់ នៅតំបន់មុខ នៅលើដងខ្លួន ... ក្នុងករណីខ្លះ ស្រាប់តែស្ងៀមៗ ពិបាកនិយាយ និងពិបាកយល់ ឬលែងយល់អ្វី និងលែងនិយាយកើត ... ឈឺក្បាលខ្លាំង អមដោយអាការៈស្រវាំងភ្នែក សុទ្ធសឹងជាសញ្ញាអាសន្នដែលបញ្ជាក់អំពីគ្រោះដាច់សរសៃឈាមខួរក្បាលហើយ បើទោះបីជារោគសញ្ញានេះកើតឡើងតែមួយភ្លែត រួចបាត់ទៅវិញក៏ដោយ។
ដាច់សរសៃឈាមខួរក្បាល ជាប្រភេទជំងឺដ៏ធ្ងន់ធ្ងរ ! កត្តាពូជ ដូចជាមានឪពុកនិងបងប្អូនប្រុសមានជំងឺសរសៃឈាមបេះដូងមុនអាយុ ៥៥ឆ្នាំ មានម្តាយនិងបងប្អូនស្រី មានជំងឺសរសៃឈាមបេះដូង មុនអាយុ៦៥ឆ្នាំ និងកត្តាអាយុ អាយុកាន់តែចាស់កាន់តែងាយជួបគ្រោះហានិភ័យកើតជំងឺដាច់សរសៃឈាមខួរក្បាល សុទ្ធសឹងជាប្រការមិនអាចទប់ស្កាត់និងបញ្ចៀសបានឡើយ។ ប៉ុន្តែ នៅមានវិធានការមួយចំនួនផ្សេងទៀត ដែលអាចកាត់បន្ថយគ្រោះកើតជំងឺនេះបាន ៖ ដោយលោកអ្នកត្រូវគិតគូរព្យាបាលជំងឺលើសឈាម ជំងឺទឹកនោមផ្អែម។ ចៀសវាងកុំជក់បារី ទទួលទានសុរា ព្រោះថ្នាំជក់ និងគ្រឿងស្រវឹង បង្កើនហានិភ័យដាច់សរសៃឈាមខួរក្បាលទ្វេដង។ កាត់បន្ថយការទទួលទានអាហារ ដែលមានខ្លាញ់ខ្លាំង បញ្ចេញសកម្មភាព ធ្វើកីឡាជាប្រចាំ ដើម្បីកំរិតអត្រាជាតិខ្លាញ់ក្នុងឈាម ឱ្យនៅទាប ព្រោះបើមានខ្លាញ់ច្រើនក្នុងឈាម នោះសរសៃឈាមនឹងឆាប់រឹង ឈាមហូរមិនសូវស្រួល បង្កជាកំណក និងស្ទះសរសៃឈាម។ ផ្ទៀងផ្ទាត់ទម្ងន់ ការធាត់ចុកខ្លាញ់ ធាត់ខ្លាំងជាក៏ជាសត្រូវនឹងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលនេះដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ