អានតួអត្ថបទ
កម្ពុជា-អភិវឌ្ឍន៍

គម្រោង​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ-បាវិត គ្រោង​ចំណាយ​ទឹក​ប្រាក់ ៤​ពាន់លាន​ ដុល្លារ

តាម​គម្រោង ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ទី​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ដែល​មាន​ប្រវែង​ ១៣២ គីឡូម៉ែត្រ នឹង​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ជា ៤ ពាន់ លាន​ដុល្លារ។ នេះ​បើ​យោង​តាម​ការ​សិក្សា​ របស់​ក្រសួង​សាធារណៈការ និង ដឹក​ជញ្ជូន និង អង្គការ​ជប៉ុន JICA។ លោក ស៊ុន ចាន់ថុល រដ្ឋ​មន្រ្តី​ក្រសួង​សាធារណៈការ បញ្ជាក់​ថា គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ អាច​បង្ក​ភាព​ងាយ​ស្រួល​ជា​ច្រើន​នៅ​ក្នុង​ការ​ត​ភ្ជាប់​ទំនាក់​ទំនង និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បណ្តាប្រទេស​ជិត​ខាង​។ យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល បារម្ភ​ថា​ទំហំ​ទឹក​ប្រាក់​ចំនួន ៤ ពាន់​លានដុល្លារ​នៃ​គម្រោង​សាង​សង់​នេះ មាន​ទំហំ​លើស​ពី​គោល​នយោបាយ​កម្ចី​របស់​រដ្ឋាភិបាល​។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ នៅក្នុងកិច្ចប្រជុំពិភាក្សាជាមួួយអង្គការ JICA ពីគម្រោងផ្លូវល្បឿនលឿន។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ នៅក្នុងកិច្ចប្រជុំពិភាក្សាជាមួួយអង្គការ JICA ពីគម្រោងផ្លូវល្បឿនលឿន។ @FB/MPWT
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃទី ២៤ មករា កន្លង​ទៅ អង្គការ JICA ជប៉ុន បាន​បញ្ចប់​ការ​សិក្សា​លើ​គម្រោង​សាងសង់​ផ្លូវ​លឿន​ពី​ភ្នំពេញ​ទៅ​កាន់​ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង។ អង្គការ JICA បាន​ប៉ាន់​ប្រមាណ​ថា គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ នឹង​ចំណាយ​ទឹក​ប្រាក់ ប្រមាណ​ ៤ ពាន់​លាន ដុល្លារ ហើយត្រូវ​ចំណាយ​ពេល​សាង​សង់​ប្រមាណ​ជា ៦ ឆ្នាំ។ ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ពី​ផ្លូវ​ល្បឿន​លឿន​នេះ​ជា​អតិបរមា អង្គការJICA បាន​ណែនាំ​ឱ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​បង្កើត អគ្គ​នាយកដ្ឋាន​គ្រប់គ្រង​ផ្លូវ​ល្បឿន​លឿន​នេះ​ ។

ប្រធាន​ក្រុម​គម្រោង​របស់ JICA បាន​ធ្វើ​បទ​បង្ហាញ​របាយការណ៍​ចុង​ក្រោយ ស្តី​ពី​សេចក្តី​ព្រាង រៀប​ចំ​សម្រាប់​ការ​ស្ទង់​មតិ គម្រោងអភិវឌ្ឍន៍​រាជ​ធានី​ភ្នំពេញ​-បាវិត ផ្លូវ​ល្បឿន​លឿន ដែលបាន​ពន្យល់​ពី​ធាតុ​សំខាន់ នៃ​ការ​ស្ទង់​មតិ​ដែល​ទាក់​ទង​នឹង​ការ​រចនា​បឋម ការ​ប៉ាន់​ប្រមាណការ​ គម្រោង​ការ​អនុវត្ត គម្រោង​ផែនការ​ និង​លទ្ធភាព​គម្រោង​មូល​និធិ​។ នេះ​បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់ ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន​។

បើ​តាម​រដ្ឋ​មន្រ្តី​ក្រសួង​សាធារណៈការ លោក ស៊ុន ចាន់ថុល គម្រោង​នេះ នឹង​ជួយ​សម្រួល ការ​ភ្ជាប់​ទំនាក់​ទំនង ការ​អភិវឌ្ឍ​ក្នុង​តំបន់ តាមរយៈ​ការ​កាត់​បន្ថយ​ពេល​ធ្វើ​ដំណើរ កាត់​បន្ថយការ​ចំណាយ​លើ​ការ​ដឹក​ជញ្ជូន ការ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍ និង ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​ជិត​ខាង​។

ទន្ទឹម​គ្នា​នឹង​ផល​ប្រយោជន៍​ជា​ច្រើន​នៃ​គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ ការ​ចំណាយ​លើ​ការ​សាងសង់​ដែល​មាន​ទំហំ​ទឹក​ប្រាក់​រហូត​ដល់ ៤ ពាន់ លាន​ដុល្លារ​នេះ បាន​ក្លាយ​ជា​ក្តី​បារម្ភ​របស់ រដ្ឋាភិបាល​កម្ពុជា​។ ព្រួយ​បារម្ភ​ដោយ​សារ​តែ ទំហំ​ទឹក​ប្រាក់​នេះ​មាន​ចំនួន​លើស​ពី​គោលនយោបាយ​កម្ចី​របស់​រដ្ឋាភិបាល​។

តាម​ការ​សិក្សា​ អង្គការJICA ក៏​បាន​បញ្ជាក់​ដែរ​ថា ប្រសិន​បើ​មិន​សាង​សង់​ផ្លូវ​លឿន​ទេ ការ​ធ្វើដំណើរ​ពី​ភ្នំពេញ ទៅ​កាន់​ក្រុង​បាវិត​នឹង​ត្រូវ ចំណាយ​ពេល​រហូត​ដល់​ប្រមាណ​ជា​៧ម៉ោង នៅអំឡុង ៥-៦​ឆ្នាំ​ខាង​មុខ​។

សូម​បញ្ជាក់​ថា ក្រៅ​ពី​ការ​សិក្សា​សាង​សង់​គម្រោង​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅបា​វិត កម្ពុជា ក៏​គ្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ​ ដែល​គ្រោង​ចំណាយ​ថវិកាជិត ២ ពាន់ លាន​ដុល្លារ សាង​សង់​ដោយ​ក្រុមហ៊ុន​វិនិយោគ​របស់​ចិន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ