អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

គេងក្នុង​បន្ទប់​ជាមួយ​ឪពុក​ម្តាយ​​កាត់​បន្ថយ​ហានិភ័យ​ទារកដេក​​ស្លាប់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទារក​ទើប​នឹង​កើត គួរ​តែ​ត្រូវ​ដាក់​ឱ្យ​គេង​នៅ​ក្នុង​បន្ទប់​ជាមួយ​ឪពុកម្តាយ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការលង់​ដំណេកស្លាប់។ ការ​ដេក​ស្លាប់​ដែលជា​​រោគ​សញ្ញា​មួយ​នៃ​មរណភាព​របស់​ទារក​ដោយ​គ្មាន​មូល​ហេតុ។ នេះ​បើ​តាម​អនុសាសន៍​ថ្មី​របស់​​បណ្ឌិតសភា​អាមេរិក​ផ្នែក​កុមារ។ ព្រោះ​ថា​ដេក​ស្លាប់​ដោយ​គ្មាន​ឱ្យ​ហេតុ នៅ​តែ​ជា​បុព្វហេតុ​ដំបូង​នៃ​មរណភាព​ទារក​ក្រោម​អាយុ​១ឆ្នាំ។

តើ​គួរ​ដាក់​ទារក​ឱ្យ​គេង​របៀបណា ?
តើ​គួរ​ដាក់​ទារក​ឱ្យ​គេង​របៀបណា ? Getty
ផ្សាយពាណិជ្ជកម្ម

នៅ​ប្រទេស​បារាំង មាន​ទារក​ប្រមាណ​ពី ៤ ទៅ ៥ រយនាក់ បាន​ដេកស្លាប់​ដោយ​គ្មាន​ហេតុ។ ជំងឺ​ដេក​ស្លាប់​បែប​នេះ ច្រើន​តែ​កើត​ចំពោះ​​ទារកទើប​នឹង​កើត​រហូត​ដល់​​​អាយុ​២​ឆ្នាំ និង​គ្មាន​ឱ្យ​ហេតុ​អ្វី​បន្តិច​មុនសោះ​ និង​បើ​តាម​ភាសា​ពេទ្យ ​នេះគឺ​ជា​ជំងឺ​ស្លាប់​ដែល​គ្មាន​នរណា​គិតដល់។

តើ​វា​ជា​ជំងឺ​អ្វី ? ដូច​ពាក្យ​ដែល​បាន​ហៅ ការដេក​ស្លាប់ដោយ​គ្មាន​មូលហេតុ​ គឺ​ជា​មរណភាព​របស់​ទារក​ យ៉ាង​ទាន់​ហន់ គ្មាន​សញ្ញា គ្មាន​ឱ្យ​ហេតុ​ ទារក​មាន​សុខភាព​ល្អ លូត​លាស់​ត្រឹម​ត្រូវ ដេក​ដើរ​ធម្មតា ស្រាប់​ព្រឹក​ឡើង​មិន​ព្រមភ្ញាក់។ ៩០%​ នៃការ​ស្លាប់​បែប​នេះ​ច្រើន​កើត​លើ​ទារក​អាយុ​ក្រោម​៦​ខែ។ ចាប់​ពី​៦​ខែ​ឡើង​ទៅ ហានិភ័យ​បាន​ធ្លាក់​ចុះ ប៉ុន្តែ​គ្រោះ​ស្លាប់​អត់​ហេតុ​នៅតែ​បន្តមាន​រហូត​ដល់​អាយុ​១៨​ខែ។

 
តើ​អ្វី​​ជា​ការ​ទទួល​ខុសត្រូវ​នៃ​ការ​ស្លាប់​នេះ ?

កាលពី​មុនគេ​គិត​ថា​ ការស្ទះ​ដង្ហើមមួយរយៈ​​​ជាដើម​ហេតុ​​នាំ​ឱ្យ​ទារក​ដេក​ស្លាប់។ គេគិត​ស្មាន​​ថា​ទារក​មួយ​ចំនួន ភ្លេច​ដក​ដង្ហើម​ នៅ​ពេល​គេង​លក់ ទើប​ត្រូវ​ស្លាប់។ ប៉ុន្តែ​ចាប់​ពី​ឆ្នាំ​១៩៨០មក គេ​បោះបង់​សេចក្តី​សន្និដ្ឋាន​នេះ​ចោល​ទៅ​វិញ។

ការសិក្សា​អាមេរិក​មួយ​ ចេញ​ផ្សាយ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១០ បាន​រក​ឃើញ​ថា​មាន​សារធាតុ​គីមីម្យ៉ាង​ឈ្មោះ​ថា សេរូតូនីន ជា​អ្នកធ្វើ​ឱ្យ​ទារក​ដេក​ស្លាប់។ រាល់​ទារក​ដែល​ដេក​ស្លាប់​ដោយ​គ្មាន​ហេតុ តែង​តែ​មានការ​បញ្ចេញ​សារធាតុ​សេរូតូនីន​ទាប​បំផុត។ សារធាតុ​នេះជា​អ្នក​ចម្លង​សារទៅ​ឱ្យ​​កោសិកា​ខួរក្បាល និង​ជា​អ្នក​ទទួល​ខុស​ត្រូវ​​ផ្នែក​ដក​ដង្ហើម​ ចង្វាក់​បេះដូង និង​ដំណេក។

ប៉ុន្តែ លោក​អ្នក​ក៏​ត្រូវ​ប្រុងប្រយ័ត្ន​ផង​ដែរ​ចំពោះ​បរិស្ថានដំណេក​នៅ​ជុំ​វិញ​ខ្លួន​ទារក។ រៀប​ផ្តេក​កូន និង​ការ​ដាក់​ឱ្យ​កូន​គេង ព្រមទាំង​បរិស្ថាន​ក្នុង​បន្ទប់​គេង​ គ្រែ​គេង​កូន ក៏​មាន​ចំណែក​ពាក់​កណ្តាល​នាំ​ឱ្យ​កូន​ដេក​ស្លាប់​ដោយ​គ្មាន​ជំងឺ​និង​ហេតុផល​ដែរ។

កត្តា​គ្រោះ​ថ្នាក់​មួយ​ទៀត គឺការ​ជក់​ និង​ស្រូប​ផ្សែង​បារី ពេល​ម្តាយ​កំពុង​ពរ​ពោះ។ ការ​ស្រូប​ផ្សែង​បារី​ចូល​ក្នុង​ខ្លួន បាន​ធ្វើឱ្យ​ខួរក្បាល​ទារក​លូត​លាស់​យឺត ពេល​កើត​មក​ទារក​មិន​សូវ​រហ័សរហួន​និង​វៀងវ័យ ខួរក្បាល​នៅ​ខ្ចី ដូច្នេះ​ទារក​ក៏​ងាយ​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​ការ​ដេក​ស្លាប់។

តើ​ត្រូវ​ធ្វើ​ដូចម្តេច ទើប​អាច​បង្ការ​​គ្រោះ​ទារក​ដេកស្លាប់ ?

ទារក​កើត​មក​ល្អ​ជា ស្ងៀមៗ​ស្រាប់​តែ​ដេក​ស្លាប់ គឺ​ជា​ហេតុការណ៍​ដ៏​អណោចអធម​បំផុត​សម្រាប់​អ្នក​ជា​ឪពុកម្តាយ។ មាន​ទុក្ខ​ហើយ មាន​អារម្មណ៍​ថា​មាន​កំហុស​ទៀត ដោយ​គ្រប់​គ្នា​សុទ្ធ​តែ​ចង់​ដឹង​ចង់​រក​ឱ្យ​ឃើញ​មូលហេតុ​នៃការ​ស្លាប់។

បច្ចុប្បន្ន​នេះ គេ​បាន​ដឹង​មូលហេតុ​ហើយ ថា​ជាង​ពាក់កណ្តាល​នៃ​មរណភាព​របស់​ទារក​ក្រោម​អាយុ​៦​ខែ គឺ​បណ្តាល​មក​ពី​បរិស្ថាន​ដំណេក​គ្មាន​សុវត្ថិភាព ៖ ទារកដេក​ផ្កាប់​មុខ គ្រែ​ពូក​ខ្នល់​ខ្នើយ​មិន​សម​ស្រប​សម្រាប់​ទារក។ ជាង​នេះទៅ​ទៀត កាលពី​ខែ​មុន​បណ្ឌិត​សភា​កុមារ​អាមេរិក​បាន​ចេញ​អនុសាសន៍​ដំបូង​ថ្មី​មួយ​ ណែនាំ​ឱ្យ​ឪពុកម្តាយ​ យក​កូន​ទៅគេង​នៅ​ក្នុង​បន្ទប់​ជាមួយ​ យ៉ាង​ហោចណាស់​រហូត​ដល់​អាយុ​៦ខែ ឬ​មួយ​ឆ្នាំ​កាន់​តែ​ប្រសើរ។ នេះ​ជាអនុសាសន៍​ដំបូង​ថ្មីរបស់​បណ្ឌិតសភា​កុមារ​អាមេរិក គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១១ ស្តី​ពី​ការ​បង្កើត​បរិស្ថានដំណេក​​សុវត្ថិភាព​ដល់ទារក​​ ដែល​បាន​គូស​បញ្ជាក់​បន្ថែម​ទៀត គ្រាន់​តែ​អនុញ្ញាត​ឱ្យ​ទារក​គេង​ក្នុង​បន្ទប់​ជាមួយប៉ុណ្ណោះ ​​ហានិភ័យ​នៃ​ការ​ដេក​ស្លាប់​របស់​ទារក​ដោយ​គ្មាន​ហេតុផល​បាន​ថយចុះ​៥០%។

សូម​បញ្ជាក់​ថា ​នៅ​សហរដ្ឋ​អាមេរិក ក្នុង​មួយ​ឆ្នាំៗ មាន​ទារក​ប្រមាណ​៣៥០០​នាក់​ បានដេក​​ស្លាប់ ដោយ​គ្មាន​មូលហេតុ​ ឬ​ដោយ​ថប់​ដណ្តើម។ អត្រា​ទារក​ស្លាប់​បែប​នេះ បាន​ចាប់​ធ្លាក់​ចុះ​ជា​ដំបូង​នៅ​ឆ្នាំ​១៩៩០ នៅ​ពេល​ដែល​អាមេរិក​បាន​បើក​យុទ្ធនាការ​ជាតិ​ដើម្បី​សន្តិសុខ​ពេល​គេង។ ត្រឹម​ដាក់​ឱ្យ​គេង​ផ្ញារ បាន​កាត់​បន្ថយ​អត្រា​ស្លាប់​ឥតហេតុ​បាន​៥៣%​នៅ​រវាង​ពី​ឆ្នាំ​១៩៩២-២០០១។

របាយការណ៍​ដដែល​នេះ ក៏​បាន​ផ្តល់​អនុសាសន៍​បន្ថែម​ទៀត ឱ្យ​អ្នក​ជា​ឪពុកម្តាយ​ដាក់​ទារក​ដោយ​គេង​ផ្អៀង ឬ​ផ្ញារ លើគ្រែ​ដែល​មាន​ផ្ទៃ​រឹង ​ក្នុង​ភួយ​រុំ ហើយ​ចៀស​វាង​កុំ​ប្រើ​ភួយ​ដណ្តប់ ខ្នើយ​ និង​តុក្កតា ដែល​អាច​ធ្វើ​ងាយ​ថប់​ដង្ហើម ឬ​ធ្វើ​ឱ្យ​ក្តៅ​ខ្លាំង។ ទារកអាយុ​ពី​មួយខែ​ទៅ​បួន​ខែ​​ងាយ​រង​គ្រោះ​ស្លាប់​ដោយ​អត់​មូលហេតុ​ជាង​គេ ហើយ​ភួយ​ខ្នើយ​និង​របស់​របរ​ទន់ល្មើយៗ​ បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ដល់​ទារក​ចាប់​ពី​អាយុ​បួន​ខែ​ឡើង​ទៅ។ នេះ​បើ​តាមការ​សិក្សា​ដដែល។

ដោយ​ឡែក សមាគមន៍​គ្រូពេទ្យ​នៃ​បណ្ឌិត​សភា​អាមេរិក​បាន​ សង្កត់​ធ្ងន់​អំពី​ផល​ប្រយោជន៍​នៃ​ការ​ដាក់​ទារក​កើត​ភ្លាម​ឱ្យ​ប៉ះ​សាច់​ម្តាយ ព្រោះ​ទារក​នឹង​ភាព​រីករាយខ្លាំង កម្តៅ​ក្នុង​ខ្លួន​ក៏​មាន​ស្ថិរភាព​ល្អ ព្រមទាំង​អាចចម្លង​យក​បាក់តេរី​ដ៏​សំខាន់​ពី​ម្តាយ ​សម្រាប់មក​អភិវឌ្ឍន៍​ប្រព័ន្ធ​ការពារ​ខ្លួន។ ការ​ប៉ះពាល់​សាច់​ម្តាយ និង​បាន​បៅ​ដោះ​ម្តាយ​ ដែល​ក៏​ទំនង​មាន​សារៈ​ប្រយោជន៍​ខ្លាំង ក្នុង​ការ​ការពារ​កុំ​មាន​រោគ​អាល់លែកហ្ស៊ី និង​រោគដេក​​ស្លាប់​ឥតហេតុបាន​ទៀតផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ