តើអ្វីជាថ្នាំបង្ការដែលគួរតែចាក់ និងថ្នាំបង្ការដែលត្រូវតែចាក់ ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៣៥
នៅលើពិភពលោកទាំងមូល ការចាក់ថ្នាំបង្ការ ជាមធ្យោបាយដ៏ប្រសើរបំផុត ក្នុងការពារកុំឱ្យឆ្លងជំងឺកាចៗ។ ថ្នាំបង្ការការពារអ្នកមិនឱ្យឆ្លងជំងឺ ឆ្លងមីក្រុបផង និងអាចបញ្ចៀសមិនឱ្យមានការរាតត្បាតក្នុងប្រទេសផង។ ចាក់ថ្នាំបង្ការឱ្យកុមារ និងមនុស្សពេញវ័យ មានន័យថាអាចការពារអ្នកនិងអ្នកនៅជុំវិញខ្លួនអ្នក បានច្រើនពីជំងឺឆ្លង។ តើត្រូវយើងត្រូវចាក់ថ្នាំបង្ការគ្រប់មុខឬ ?
ជារៀងរាល់ឆ្នាំ ថ្នាំបង្ការបានជួយស្រោចស្រង់ជីវិតមនុស្សបានជាច្រើនលាននាក់ណាស់ នៅលើពិភពលោក។ យកក្មេងទៅចាក់ថ្នាំបង្ការ គឺដូចជាបានការពារក្មេងពីជំងឺឆ្លង កាចៗមួយចំនួនផង និងបានការពារកុំឱ្យជំងឺនោះធ្វើការរាតត្បាតផង។
មិនថានៅប្រទេសជឿនលឿន ឬក្រីក្រ កំពុងអភិវឌ្ឍន៍ទេ គេតែងសង្កេតឃើញកម្មវិធីជាតិ តម្រូវឱ្យយកទារក កុមារ និងសេចក្តីណែនាំឱ្យមនុស្សពេញវ័យទៅចាក់ថ្នាំបង្ការ។ ការរៀបចំកម្មវិធីជាតិ ដែលធ្វើឡើងតាមគោលការណ៍របស់អង្គការសុខភាពពិភពលោក គឺដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងភាពប្រឈមជាក់ស្តែង របស់ប្រទេសនីមួយៗ។
យ៉ាងណាមិញ នៅប្រទេសកម្ពុជា ក៏មានកម្មវិធីជាតិរបស់ខ្លួន ក្នុងយុទ្ធនាការចាក់ថ្នាំបង្ការនេះដែរ។ បើលោកវេជ្ជបណ្ឌិត កម្មវិធីជាតិបានតម្រូវឱ្យទារកនិងកុមារ ចាក់ថ្នាំបង្ការ ៥មុខ ខាន់ស្លាក់ ក្អកមាន់ តេតាណូស រលាកថ្លើមប្រភេទបេ និងរលាកសួត ថ្នាំបង្ការជំងឺគ្រុនស្វិតដៃស្វិតជើង និងថ្នាំបង្ការជំងឺកញ្ជិល។ ថ្នាំបង្ការទាំងអស់នេះ អាចចាត់ទុកថាជាថ្នាំបង្ការចាំបាច់ ដែលកុមារកម្ពុជាគ្រប់រូប ចាប់ពីទើបនឹងកើតរហូតដល់អាយុ២ឆ្នាំ មានសិទ្ធិទទួលបានគ្រប់ៗគ្នា និងដោយឥតគិតថ្លៃ ដើម្បីប្រឈមទៅនឹងស្ថានភាពជាក់ស្តែងរបស់ប្រទេស។
ប៉ុន្តែថ្នាំបង្ការ អាចមាន ច្រើនយ៉ាង និងច្រើនមុខទៀត មានទាំងសម្រាប់ទារកទើបនឹងកើត រហូត កុមារ និង សម្រាប់មនុស្សពេញវ័យ ព្រមទាំងមនុស្សចាស់ជរាទៀត។
ថ្នាំបង្ការមានច្រើនមុខមែន ប៉ុន្តែមានតែមួយចំនួនប៉ុណ្ណោះ ជាថ្នាំវ៉ាក់សាំង ដ៏ចាំបាច់ ដែលត្រូវតែចាក់ ជាដាច់ខាត និងជាថ្នាំដែលគួរតែចាក់។
តើថ្នាំវ៉ាក់សាំងដែលត្រូវតែចាក់ និងគួរតែចាក់ខុសគ្នាយ៉ាងដូចម្តេច ?
ដើម្បីអាចផ្តល់ជាចម្លើយងាយយល់ យើងខ្ញុំសូមលើកយកករណីប្រទេសបារាំងមកធ្វើជាឧទាហរណ៍សម្រាប់ពន្យល់។ នៅប្រទេសបារាំង មានថ្នាំបង្ការចាំបាច់ បីមុខ ដែលត្រូវចាក់ឱ្យកុមារជាដាច់ខាត គឺថ្នាំវ៉ាក់សាំងប្រឆាំងជំងឺខាន់ស្លាក់ តេតាណូស និងជំងឺស្វិតដៃស្វិតជើង។ ថ្នាំបង្ការ ខាន់ស្លាក់ និងតេតាណូស ត្រូវបានផ្តល់ជូនទារក នៅពេលក្មេងមានអាយុពី ២ទៅ៤ខែ ហើយត្រូវចាក់រំលឹកឡើងវិញនៅ១១ខែ ជាដាច់ខាត។ បន្ទាប់មកនឹងមានការរំលឹកជាថ្មីម្តងទៀត នៅអាយុ៦ឆ្នាំម្តង នៅរវាងពី១១ទៅ១៣ឆ្នាំម្តង និងនៅអាយុ២៥ឆ្នាំម្តង និងជាចុងក្រោយ ជារៀងរាល់ឆ្នាំ១០ឆ្នាំម្តង ប៉ុន្តែការរំលឹកចាប់ពីលើកទីបីទៅនេះ មានកំរិតត្រឹមជាអនុសាសន៍ឬពាក្យណែនាំរបស់អាជ្ញាធរសុខាភិបាលតែប៉ុណ្ណោះ ពោលគឺ លែងជាកាតព្វកិច្ចដែលមិនអាចខ្វះបានដូចមុនទៀតឡើយ។
ថ្នាំបង្ការជំងឺស្វិតដៃជើង ក៏ជាវ៉ាក់សាំងចាំបាច់ ហើយត្រូវផ្តល់រំលឹក ជាដាច់ខាត រហូតដល់អាយុ១៣ឆ្នាំ។ ចំណែកថ្នាំបង្ការផ្សេងទៀត មិនមែនថ្នាំបង្ការចាំបាច់ដែលត្រូវតែផ្តល់ជូនកុមារឡើយ។
ចំពោះថ្នាំវ៉ាក់សាំង ដែលគួរតែចាក់វិញ មានដូចជា ៖ ថ្នាំបង្ការជំងឺក្អកមាន់ រលាកថ្លើមប្រភេទB រលាកសួត ...។ ថ្នាំបង្ការប្រឆាំងនឹងជំងឺកញ្ជិល ស្អូច ស្រឡទែន ជំងឺដ៏មហាឆ្លងមួយនេះ ក៏ត្រូវបានគ្រូពេទ្យបារាំងណែនាំថាគួរតែចាក់ដែរសម្រាប់នៅប្រទេសបារាំង។
ថ្នាំបង្ការជំងឺរបេង BCG បានប្តូរចំណាត់ថ្នាក់ ថ្នាំត្រូវតែចាក់ មកត្រឹមគួរតែចាក់វិញ។ ថ្នាំBCG ជាថ្នាំបង្ការចាំបាច់ក្នុងសង្គមបារាំងតាំងពីយូរយារមក តែអាជ្ញាធរសុខាភិបាលទើបសម្រេចបានដកចេញពីក្រុមពពួកថ្នាំបង្ការដាច់ខាត ដែលកុមារចាំបាច់ត្រូវចាក់ នៅឆ្នាំ២០០៧នេះតែប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងដូច្នេះក្តី ក៏ថ្នាំបង្ការជំងឺរបេង នៅតែមានលក្ខណៈចាំបាច់ និងដាច់ខាតត្រូវចាក់ចំពោះបុគ្គលិកវិជ្ជាជីវៈមួយចំនួន ដូចជា បុគ្គលិកសុខាភិបាល ជំនួយការក្នុងមន្ទីរពេទ្យ ជំនួយការផ្នែកសម្ភព ឆ្មាំគុក បុគ្គលិកសង្គ្រោះ អ្នកពន្លត់អគ្គិ ភ័យ... និងណែនាំឱ្យពលរដ្ឋសាមញ្ញទូទៅផ្សេងទៀតឱ្យចាក់ ប្រសិនបើពួកគេរស់ក្នុងភាពប្រឈម និងកាន់តែណែនាំខ្លាំងទៀត ដល់កុមារតំបន់ប្រជុំជនចម្រុះច្រើន ដូចយ៉ាងក្រុងប៉ារីស និងតំបន់ជាយក្រុងប៉ារីស កុមារបារាំងរស់នៅក្នុងប្រទេសប្រឈមនឹងជំងឺរបេង ប្រទេសក្រីក្រ កំពុងអភិវឌ្ឍន៍ ឬក្នុងតំបន់ដែលអនាម័យនៅមានកំរិត។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ