ឱ្យកូនបៅដោះ ឬទឹកដោះគោ ជាជម្រើសរបស់បុគ្គល ឬរបស់ស្ត្រីជាម្តាយ ! តែក៏ជាប្រធានបទសំខាន់ដែលភ្នាក់ងារសុខភាពសាធារណៈ ត្រូវគិតគូរខ្លាំងដែរ ! ការសិក្សាអន្តរជាតិថ្មីមួយទៀត ក្នុងប្រទេសចំនួន១៦៤ បានបង្ហាញថា ការបំបៅកូនដោយទឹកដោះម្តាយ អាចបញ្ចៀសមរណភាពកុមារក្រោមអាយុ៥ឆ្នាំ បាន ៨២៣០០០នាក់ ក្នុងមួយឆ្នាំៗនៅលើពិភពលោក និង អាចបញ្ចៀសជំងឺឆ្លងកុមារជាច្រើនមុខ។ មិនតែប៉ុណ្ណោះការបំបៅដោះកូន អាចជួយកាត់បន្ថយគ្រោះមរណៈរបស់មាតាពីជំងឺមហារីកដោះ បានដល់ទៅពីរម៉ឺននាក់ក្នុងមួយឆ្នាំៗ។
ទឹកដោះម្តាយមានគុណប្រយោជន៍ណាស់ តែការបំបៅជាជម្រើសរបស់បុគ្គល ! ស្ត្រីខ្លះមានការសង្ស័យ ស្ត្រីខ្លះទៀតមិនចង់តែម្តង ... គួរតែមានម្តាយរីករាយចិញ្ចឹមកូនដោយដោះគោ ជាជាងមានម្តាយបំបៅដោះ ទាំងបង្ខំចិត្តនិងមានស្ត្រេសពេញខ្លួន។
រយៈពេលបំបៅកូនជាសេចក្តីសម្រេចរបស់ម្តាយនិងទៅតាមសេចក្តីត្រូវការរបស់កូន។ ជាទូទៅ អង្គការសុខភាពពិភពលោក ណែនាំឱ្យបំបៅដោះកូនសុទ្ធរបស់៦ខែ បន្ទាប់មកត្រូវផ្តល់ចំណីអាហារប្លែកៗ គ្រប់មុខបន្តិចម្តងៗ ដោយបន្តបំបៅដោះទៀតក៏បាន។ បើជាកូនកើតមកមិនខែ ក្រុមគ្រូពេទ្យពិតជាមានអនុសាសន៍ពិសេស ចង់ឱ្យអ្នកជាម្តាយបំបៅដោះកូន ច្រើនជាងជម្រើសទឹកដោះគោដប។
១- ការបំបៅដោះកូនអាចសង្គ្រោះជីវិតកុមារពីការស្លាប់ ដោយការចម្លងរោគ និងជួយការពារអ្នកជាម្តាយមែនឬ ?
ទិន្នន័យវិភាគចុះផ្សាយនៅក្នុងទស្សនាវដ្តីសុខភាព The Lancet ថ្ងៃទី ២៩មករា ២០១៦ ឧបត្ថម្ភដោយមូលនិធិ Bill et Melinda Gates ព្រមទាំង Welcome Trust britannique បានមកពង្រឹងអនុសាសន៍របស់អង្គការសុខភាពពិភពលោក ដែលណែនាំឱ្យស្ត្រីជាម្តាយបំបៅដោះកូនសុទ្ធ យ៉ាងហោចឱ្យបាន៦ខែ និងបំបៅលាយជាមួយទឹកដោះគោរហូតដល់ពីរឆ្នាំ។ ការសិក្សានេះក៏បានបញ្ជាក់ឱ្យកាន់ច្បាស់នូវការប៉ាន់ស្មានពីមុន ថាការបំបៅដោះកូន ពិតជាអាចជួយសង្គ្រោះជីវិតកុមារបាន ៨សែននាក់ឱ្យរួចពីការស្លាប់មែន។
ផលប្រយោជន៍នៃការបំបៅដោះកូន មិនពាក់ព័ន្ធតែនឹងកុមារនៅក្នុងប្រទេសក្រីក្រទេ ! អ្នកមាន អ្នកក្រ រស់នៅក្នុងប្រទេសជឿនលឿន រស់នៅក្នុងប្រទេសក្រីក្រ ការបំបៅដោះកូន សុទ្ធបានជួយសង្គ្រោះជីវិតកុមារ និងថវិកា ដ៏ច្រើនសន្ធឹកសន្ធាប់។
ជាទូទៅ បើតាមការសិក្សា មានក្មេងម្នាក់ក្នុងចំណោម៥នាក់ នៅក្នុងប្រទេសអ្នកមាន បានទទួលការបំបៅដោះពីម្តាយ សុទ្ធឬលាយរហូតដល់អាយុ១២ខែ ចំណែកនៅក្នុងប្រទេសមានចំណូលទាបនិងមធ្សមគឺស្ទើរ១០០%។ ប៉ុន្តែនៅក្នុងប្រទេសក្រីក្រ កំពុងអភិវឌ្ឍន៍នេះ មានទារកតែម្នាក់ប៉ុណ្ណោះក្នុងចំណោមបីនាក់ បានបៅដោះម្តាយសុទ្ធរហូតដល់អាយុ៦ខែ ដូចអ្វីដែលមានចែងក្នុងអនុសាសន៍របស់អង្គការសុខភាពពិភពលោក។
២- ការបំបៅដោះកូនអាចសង្គ្រោះជីវិតកុមារពីជំងឺ និងការចម្លងរោគ
ការបៅទឹកដោះម្តាយ អាចកាត់បន្ថយគ្រោះជួបជំងឺរាករូសបានពាក់កណ្តាល ជំងឺផ្លូវដង្ហើមបានមួយភាគបី។ ឯនៅប្រទេសជឿនលឿន ថ្វីបើអត្រាស្លាប់របស់កុមារមានទាបមែន ប៉ុន្តែការបំបៅដោះនៅតែប្រយោជន៍ខ្លាំង ព្រោះអាចជួយកាត់បន្ថយហានិភ័យមរណៈអត់ហេតុរបស់ទារកបាន៣៦% កាត់បន្ថយជំងឺរលាកពោះវៀនតូច ពោះវៀនធំ បាន៥៨%។
៣- ការបំបៅដោះកូនជួយម្តាយឱ្យបញ្ចៀសជំងឺមហារីក
អ្នកជាម្តាយ ក៏បានទទួលផលវិជ្ជមានពីការបំបៅដោះនេះដែរ ដោយមិនត្រឹមតែអាចបញ្ចៀសគ្រោះកើតជំងឺមហារីកដោះ បានពីរម៉ឺនករណីក្នុងមួយឆ្នាំៗទេ តែថែមទាំងអាចការពារជំងឺមហារីកអូវែរបានទៀត។ នេះបើតាមការសិក្សាដដែល។
៤- បំបៅដោះកូនជាសន្សំថវិកា
ខាងផ្នែកពាណិជ្ជកម្មវិញ ការសិក្សាបានរំលឹកថា ទីផ្សារទឹកដោះគោមានទំហំ ជិត៤៥ពាន់លានដុល្លារនៅឆ្នាំ២០១៤ ហើយនឹងអាចកើនឡើងដល់៧០ពាន់លាននៅឆ្នាំ២០១៩។ ទីផ្សារនេះហាក់ដូចជាគឿងហើយនៅប្រទេសជឿនលឿន ដូច្នេះអ្នកឧស្សាហកម្មកំពុងសម្រុកទិសដៅ នៅតាមប្រទេសកំពុងអភិវឌ្ឍន៍ ដោយមិនខ្លាចនឹងវាយលុកធ្វើពាណិជ្ជកម្មទាក់ទាញ គ្របលើសកម្មភាពផ្សព្វផ្សាយសុខភាពសាធារណៈឱ្យបំបៅដោះកូនទេ។
៥- តើទឹកដោះម្តាយ មានលក្ខណៈពិសេសយ៉ាងណា ?
ដើម្បីបានយល់អំពីគុណភាពនៃទឹកដោះ ត្រូវយល់ថាសុដន់ស្ត្រី ដែលជាប្រភពទាក់ទាញ និងតំណាងលម្អសម្គាល់កាយស្ត្រី។ ៨០% នៃសុដន់គឺជា ជាលិកាខ្លាញ់ ដែលគេយកមកផ្គុំនៅសាច់ដុំត្រង់ដើមទ្រូង។ សុដន់ព័ទ្ធជិតដោយស្រទាប់ជាលិកាទម្រ ដែលជាលិកាខ្លាញ់ និងនៅពីលើគឺជាក្រពេញផលិតទឹកដោះ ព្រមទាំងបំពង់បង្ហូរទឹកដោះប្រទាក់ក្រឡាគ្នា ជាសរសៃរវាម សម្រាប់នាំទឹកដោះមកបំពង់ធំដែលប្រជុំគ្នានៅក្បាលដោះ។ បើក្រពេញនេះច្រើន នោះអ្នកជាម្តាយនឹងមានទឹកដោះច្រើន។ មិនមែនទំហំនៃសុដន់ទេជាកំណត់បរិមាណទឹកដោះ។
នៅពេលមានផ្ទៃពោះ អ័រមូនផ្លូវភេទស្ត្រី œstrogènes និង progestérone ធ្វើការអភិវឌ្ឍ ពង្រីកបំប៉ោងបំពង់បង្ហូរទឹកដោះ។ ហេតុដូច្នេះហើយបានសុដន់ស្ត្រី ឡើងប៉ោងធំ។ រហូតទាល់តែដល់ខែទី៥ ទើបសុដន់ស្ត្រីផ្តើមផលិតទឹកដោះ ដោយមានជំនួយពីអ័រមូនម្យ៉ាងទៀត នៅខួរក្បាល។
ប៉ុន្តែក្នុងដំណាក់កាលនេះ ស្ត្រីមានទឹកដោះមែន ប៉ុន្តែដោះពុំទាន់ឡើងទេ។ ទឹកដោះស្ត្រី ក៏មិនទាន់អាចបំបៅបាន ! ជាទឹកដោះបឋម មានឈ្មោះបច្ចេកទេសថា colostrum និងពុំសូវសម្បូរជីរជាតិទេ។
ក្រោយសម្រាលកូនរួច ទើបក្រពេញទឹកដោះចាប់ផ្តើមធ្វើសកម្មភាព ដើម្បីផលិតទឹកដោះ។ អ័រមូនថ្មីមួយទៀត ជាអ្នកជួយសម្រួល និងទ្រទ្រង់ការបញ្ចេញទឹកដោះ។
ទឹកដោះម្តាយមានគុណប្រយោជន៍ច្រើនយ៉ាងខ្លាំងណាស់។ ទីមួយ គឺទឹកដោះម្តាយឆ្លើយតបបានទៅនឹងសេចក្តីត្រូវការផ្នែកអាហារូបត្ថម្ភរបស់ទារក យ៉ាងប្រពៃបំផុត ព្រោះល្បាយទឹកដោះ ប្តូរប្រែរហូតជារៀងរាល់សប្តាហ៍ ដើម្បីសម្របខ្លួនទៅនឹងការលូតលាស់របស់ទារក។
ទឹកដោះម្តាយមានផ្ទុកសារធាតុក្លុយស៊ីត គឺស្ករដើម្បីជាថាមពល និងខ្លាញ់។ មានផ្ទុកយ៉ាងតិចតួចនូវសារធាតុប្រូទីត ដែលក្រពះទារកពិបាកនឹងធ្វើការរំលាយ។ ថ្វីបើទឹកដោះម្តាយមានជាតិកាល់ស្យូមតិចជាងទឹកដោះគោឆុង តែទឹកដោះម្តាយងាយជម្រាបចូលទៅចិញ្ចឹមសព៌ាង្គកាយទារកណាស់។
ទឹកដោះម្តាយសម្បូរខ្លាំងទៅអង្គបដិបក្ស ធាតុសម្រាប់ការពារខ្លួន ដែលអនុញ្ញាតឱ្យទារក និងកុមារ អាចប្រយុទ្ធប្រឈមនឹងការចម្លងរោគផ្សេងៗ។ ជាងនេះទៅទៀត ទឹកដោះម្តាយជាទឹកដោះបរិសុទ្ធគ្មានមេរោគ មានកម្តៅល្មម ងាយរំលាយ និងមិនបង្កឱ្យមានអាការៈអាល់ឡែកហ្ស៊ីទេ។ ស្ករទឹកដោះ ជាសារធាតុម្យ៉ាង ដែល ជាញឹកញាប់ ក្មេងនិងទារកភាគច្រើនច្រើន ពិបាកទទួល អាចជួយសម្រួលការលូតលាស់នៃពពួកបាក់តេរីនៅក្នុងពោះវៀន ដូច្នេះមានន័យថាបានជួយសម្រួលការរំលាយអាហារ។ ការបោះទឹកដោះម្តាយ ដូចជាបង្រៀនកូនឱ្យបានស្គាល់រសជាតិអាហារ បន្លែ ត្រីសាច់ ផ្សេងៗ ដែលស្ត្រីជាម្តាយបានទទួលទាន។
៦- តើការបំបៅដោះកូន នឹងធ្វើសុដន់ធ្លាក់-យារឬ ?
នេះជារឿងអាស្រូវមួយដែលមានបង្កប់ក្នុងបេះដូងស្រ្តី នៅពេលចាប់ផ្តើមបំបៅកូនដំបូង។ តាមការពិត គឺការឡើងទម្ងន់ហួសកំរិតទេ ដែលបានទាញស្បែកស្រោបសុដន់នោះយារ។ ហើយជាទូទៅ នៅពេលពរពោះនោះហើយ ដែលស្ត្រីឡើងគីឡូច្រើន ទើបក្រោយពីសម្រាលកូនហើយ សុដន់ធ្លាក់។ តែការឡើងដោះខ្លាំងពេក មិនត្រូវបានគេបន្ទោសថាជាដើមហេតុនាំឱ្យ សុដន់ស្ត្រីឆាប់ធ្លាក់ទេ។ ដោះឡើងខ្លាំង ជាទូទៅនៅបីក្រោយការសម្រាល។ ការឡើងបែបនេះគឺបណ្តាលមកពីកង្វះទំនាក់ទំនងម្តាយនិងកូន។ នៅតាមមន្ទីរសម្ភពខ្លះ ប្រទេសខ្លះ គេណែនាំអ្នកជាម្តាយមិនឱ្យបំបៅកូនភ្លាមទេ។ តែនេះជាការគិតខុស ត្រូវតែលើកទឹកចិត្តឱ្យម្តាយបំបៅកូនភ្លាម និងដោយសេរី ទើបល្អ។
៧- តើជាការពិតមែនឬ ដែលថាចំណីអាហារខ្លះឬភេសជ្ជៈខ្លះ ជួយឱ្យសម្បូរទឹកដោះ ?
នេះជាអបិយជំនឿ និងទម្លាប់ជឿតៗច្រើនជាង ការពិតបែបជីវសាស្ត្រ ! ការទទួលទានអាហារប្លែកៗ ច្រើនមុខ គឺវិធីសាស្ត្រដ៏ប្រសើរនិងប្រពៃបំផុតក្នុងបង្អាត់ទារកដោយមិនដឹងខ្លួន ឱ្យបានភ្លក្សរសជាតិផ្សេងៗ និងដែលធ្វើឱ្យកុមារនេះមានចំណូលចិត្ត ទទួលទានអាហារគ្រប់មុខដែរ។ ព្រោះសូមចងចាំថាថ្វីបើ ទឹកដោះម្តាយមិនប្តូរពណ៌ មានក្លិន មានរសជាតិ ប្លែកៗគ្នា ទៅតាមចំណីអាហារដែលគាត់បរិភោគចូលទៅ។ ទារក អាចរកដោះម្តាយឃើញ ដោយសារក្លិនទឹកដោះ ក្លិនញើស ហើយបញ្ច្រាសមកវិញ ទារកនឹងបានហាត់ស្គាល់រសជាតិអាហារ ទៅតាមអ្វីម្តាយទទួលទាន។
៨- តើការនឿយហត់អស់កម្លាំងនឹងអាចធ្វើ ឱ្យទឹកដោះមិនសូវជីវជាតិដែរទេ ?
ការបំបៅកូនមានពីរដំណាក់កាល ! ដំណាក់កាលដំបូង ពេលផ្តើមបំបៅភ្លាម ទឹកដោះមិនទាន់សូវចេញស្រួល មិនទាន់មានទម្លាប់រវាងម្តាយនិងកូន ការបំបៅដោះអាចគ្មានពេលវេលា កូនយំចេះតែហុចដោះឱ្យបៅទៅ ...
នៅពេលទឹកដោះចេញស្រួល កូនក៏ចេះបៅត្រឹមត្រូវហើយ យើងអាចកំណត់ពេលម៉ោង បៅទៅតាមកាលវិភាគ ពេលម៉ោងធ្វើការ។ ជាការបង្ហាត់កូនឱ្យស្គាល់ដឹងពេលបៅផង ព្រោះកូនង៉ែតចេះដឹងរាល់ថ្ងៃ ល្មមអាចយល់អំពីចង្វាក់បៅបានហើយ។ ជាសរុបទៅ គេត្រូវការចំណាយពេលពី បីទៅបួនខែ ដើម្បីទម្លាប់ទាំងទារក ទាំងយន្តការបញ្ចេញទឹកដោះរបស់សុដន់។
ការនឿយហត់អាចប៉ះពាល់ដល់ភាពទំនេរ អាចធ្វើឱ្យម្តាយមិនសូវបានសម្រាក មិនអាចជួបកូនបានច្រើនដូចមុន ហើយនៅពេលនោះការផលិតទឹកដោះក៏ចុះថយដែរ តែមិនទាក់ពាន់នឹងគុណភាពទេ។
៩- តើការបំបៅដោះ ដោយដោះតែម្ខាង គ្រប់គ្រាន់ដែរឬទេ ?
បំបៅដោះកូនដោយសុដន់ម្ខាង ឬពីរខាង មិនមែនជាបញ្ហាអ្វីទាំងអស់ ! បើទឹកដោះគ្រប់គ្រាន់ ការលូតលាស់ពិតជាគ្មានបញ្ហាទេ។ អ្នកស្រាវជ្រាវបានស្គាល់យ៉ាងច្បាស់អំពីទម្លាប់នៃការបំបៅទឹកដោះកូននេះ។ តាំងពីយូរយារមកហើយ ដែលពួកគេបានរកឃើញនិងដឹងថា គឺជំហររបស់ទារក ដែលជាអ្នកសម្រួលនិងបញ្ជាក់អំពីប្រសិទ្ធិភាពនៃបំបៅដោះ។ ស្ត្រីដែលប្រើដៃស្តាំ បំបៅកូនស្រួលនៅពេលបីកូនខាងដៃឆ្វេង ចំណែកស្ត្រីប្រើដៃឆ្វេងច្រើនពរបីបំបៅកូនខាងស្តាំស្រួលជាង។ ភាពខុសគ្នានៃទម្លាប់ប្រើឆ្វេងឬស្តាំនេះ ក៏មានខុសគ្នាខ្លាំងដែរសម្រាប់សុដន់។ ក្រពេញទឹកដោះក៏ធ្វើការមិនស្មើគ្នាដែររវាងខាងស្តាំនិងខាងឆ្វេង។ ចំណែកទារកក៏ដូចគ្នា កូនក្មេងតែងមានជម្រើសចូលចិត្តដោះខាងស្តាំជាងឆ្វេង ឬឆ្វេងជាងស្តាំ ជាការធម្មតា។ ហើយចុងក្រោយទៅដោះណាមិនសូវប្រើក៏ឆាប់ស្វិតអត់ទឹកដោះទៅតាមនោះដែរ។
១០- បំបៅដោះកូន ជាមធ្យោបាយពន្យារកំណើតបែបធម្មជាតិ ?
មធ្យោបាយពន្យារកំណើតដែលប្រាកដថាមិនប៉ះពាល់ដល់សុខភាពកូន ពេលកំពុងបៅដោះម្តាយ គឺ ការប្រើកងក្នុងស្បូន។ ប៉ុន្តែសូមជ្រាបថា ការបំបៅដោះនេះជាវិធីសាស្ត្រនៃការពន្យារកំណើតបែបធម្មជាតិ។ អង្គការសុខភាពពិភពលោក បានឃោសនាអភិវឌ្ឍន៍ និងសិក្សាខ្លាំងអំពីវិធី ម៉ាម៉ា ពន្យារកំណើតដោយបំបៅដោះនេះ ដោយបានរកឃើញអំពីប្រសិទ្ធិភាពយ៉ាងជាក់ស្តែង រយៈពេល១០០ថ្ងៃដំបូង ដូចប្រើថ្នាំពន្យារកំណើតដោយលេបថ្នាំយ៉ាងដូច្នោះ។ ប៉ុន្តែការពន្យារកំណើតបែបធម្មជាតិនេះ តម្រូវឱ្យអ្នកជាម្តាយត្រូវបំបៅដោះកូន ទាំងយប់ទាំងថ្ងៃ ៨ដងក្នុងមួយថ្ងៃ។
បំបៅកូនទាំងស្រុងជាថ្នាំការពន្យារកំណើតដ៏ប្រសិទ្ធ ប៉ុន្តែបើអ្នកជាម្តាយបំបៅដោះកូនតែមួយភាគ ផែនការពន្យារកំណើតបែបធម្មជាតិ គ្មានប្រសិទ្ធិភាពពិតប្រាកដទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ