ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/03 12h00 GMT

មូលហេតុ​១០​យ៉ាង​ដែល​ស្ត្រីគួរ​បំបៅ​ដោះ​កូន

មូលហេតុ​១០​យ៉ាង​ដែល​ស្ត្រីគួរ​បំបៅ​ដោះ​កូន
 
ការ​បំបៅ​ដោះកូន​អាច​ជួយ​ការពារ​កូន​ពី​ជំងឺ​ឆ្លង​ផ្សេងៗ និង​អ្នក​ម្តាយ​ពី​ជំងឺ​មហារីក​សុដន់​និង​មាត់​ស្បូន @Helen Keller International

ឱ្យ​កូន​បៅ​ដោះ ឬ​ទឹក​ដោះ​គោ ជា​ជម្រើស​របស់​បុគ្គល ឬ​របស់​ស្ត្រី​ជា​ម្តាយ ! តែ​ក៏​ជាប្រធានបទ​សំខាន់​ដែល​​​ភ្នាក់ងារ​សុខភាព​សាធារណៈ ត្រូវ​គិត​គូរខ្លាំង​​ដែរ ! ការ​សិក្សា​អន្តរជាតិ​ថ្មី​មួយទៀត ក្នុង​ប្រទេស​ចំនួន​១៦៤ បាន​បង្ហាញ​ថា​ ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ អាច​បញ្ចៀស​​មរណភាព​កុមារ​ក្រោម​អាយុ​៥​ឆ្នាំ បាន​ ៨២៣០០០​នាក់​ ក្នុង​មួយ​ឆ្នាំៗ​នៅ​លើ​ពិភពលោក និង អាច​បញ្ចៀស​ជំងឺ​ឆ្លង​កុមារ​ជា​ច្រើន​មុខ។ មិន​តែ​ប៉ុណ្ណោះការ​បំបៅ​ដោះ​កូន អាច​ជួយ​​កាត់​បន្ថយ​គ្រោះ​មរណៈ​របស់​មាតា​ពី​ជំងឺ​មហារីក​ដោះ​ បាន​ដល់ទៅ​​ពីរ​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ។

 

ទឹក​ដោះ​ម្តាយ​មាន​គុណ​ប្រយោជន៍​ណាស់ តែ​ការ​បំបៅ​ជា​ជម្រើស​របស់​បុគ្គល ! ស្ត្រី​ខ្លះ​មានការ​សង្ស័យ​ ស្ត្រី​ខ្លះ​ទៀត​មិនចង់​តែ​ម្តង​ ... គួរ​តែ​មាន​ម្តាយ​រីក​រាយ​ចិញ្ចឹម​កូន​ដោយ​ដោះ​គោ​ ជា​ជាង​មាន​ម្តាយ​បំបៅដោះ​ ទាំង​បង្ខំ​ចិត្ត​និង​មាន​ស្ត្រេស​ពេញ​ខ្លួន។
 
រយៈ​ពេល​បំបៅកូន​ជា​សេចក្តីសម្រេច​របស់​ម្តាយ​និងទៅ​តាម​សេចក្តី​ត្រូវ​ការ​របស់​កូន។ ជា​ទូទៅ អង្គការ​សុខភាព​ពិភពលោក ណែនាំ​ឱ្យបំបៅ​ដោះកូន​សុទ្ធ​របស់​៦​ខែ បន្ទាប់​មក​ត្រូវ​ផ្តល់​ចំណី​អាហារ​ប្លែកៗ គ្រប់​មុខ​បន្តិច​ម្តងៗ​ ដោយ​បន្ត​បំបៅ​ដោះ​​ទៀត​ក៏​បាន។ បើ​ជា​កូន​​កើត​មកមិន​ខែ ក្រុមគ្រូពេទ្យ​ពិត​ជា​មាន​អនុសាសន៍​ពិសេស​ ចង់​ឱ្យ​អ្នក​ជា​ម្តាយ​បំបៅ​ដោះ​កូន ច្រើន​ជាង​ជម្រើស​ទឹកដោះគោ​ដប។
 
១- ការ​បំបៅ​ដោះ​កូន​អាច​សង្គ្រោះ​ជីវិត​កុមារ​ពី​ការ​ស្លាប់​ ដោយ​ការ​ចម្លង​រោគ និង​ជួយការ​ពារ​អ្នក​ជា​​ម្តាយ​មែនឬ ?
 
ទិន្នន័យ​វិភាគ​ចុះ​ផ្សាយ​នៅក្នុង​ទស្សនាវដ្តី​សុខភាព​ The Lancet ថ្ងៃទី ២៩​មករា ២០១៦ ឧបត្ថម្ភ​ដោយ​មូលនិធិ Bill et Melinda Gates ព្រមទាំង Welcome Trust britannique ​ បាន​មក​ពង្រឹង​អនុសាសន៍​របស់​អង្គការសុខភាព​ពិភពលោក ដែល​ណែនាំ​ឱ្យ​ស្ត្រី​​ជា​ម្តាយ​បំបៅ​ដោះ​កូន​សុទ្ធ យ៉ាង​ហោច​ឱ្យ​បាន​៦​ខែ និង​បំបៅ​លាយ​ជាមួយ​ទឹក​ដោះ​គោ​រហូត​ដល់​ពីរ​ឆ្នាំ។ ការ​សិក្សា​នេះ​ក៏​បាន​បញ្ជាក់​​​ឱ្យ​កាន់​ច្បាស់​នូវ​ការ​ប៉ាន់​ស្មាន​ពី​មុន ថា​ការ​បំបៅ​ដោះកូន​ ពិត​ជា​អាចជួយ​សង្គ្រោះ​ជីវិត​កុមារបាន​ ៨សែន​នាក់​ឱ្យ​រួច​ពី​ការ​ស្លាប់​មែន។
 
ផល​ប្រយោជន៍​នៃ​​ការ​បំបៅ​ដោះ​កូន មិន​ពាក់​ព័ន្ធ​តែ​នឹង​កុមារ​នៅ​ក្នុង​ប្រទេស​ក្រីក្រ​ទេ ! អ្នក​មាន អ្នក​ក្រ រស់​នៅ​ក្នុង​ប្រទេស​ជឿន​លឿន រស់​នៅ​ក្នុង​ប្រទេស​ក្រីក្រ ការ​បំបៅ​ដោះ​កូន សុទ្ធ​បាន​ជួយ​សង្គ្រោះ​ជីវិត​កុមារ និង​ថវិកា​ ដ៏​ច្រើន​សន្ធឹក​សន្ធាប់។
 
ជា​ទូទៅ បើ​តាម​ការសិក្សា មាន​ក្មេង​ម្នាក់​ក្នុង​ចំណោម​៥​នាក់ នៅ​ក្នុង​ប្រទេស​អ្នក​មាន បាន​ទទួល​ការ​​បំបៅ​​ដោះ​ពី​ម្តាយ​ សុទ្ធ​ឬ​លាយ​រហូត​ដល់​អាយុ​១២​ខែ ចំណែក​នៅ​ក្នុង​ប្រទេស​មាន​ចំណូល​ទាប​និង​មធ្សម​គឺ​ស្ទើរ​១០០%។ ប៉ុន្តែ​នៅក្នុង​ប្រទេស​ក្រីក្រ​ កំពុង​អភិវឌ្ឍន៍​នេះ មាន​ទារក​តែ​ម្នាក់​ប៉ុណ្ណោះ​​ក្នុង​ចំណោម​បី​នាក់ បាន​បៅ​ដោះ​ម្តាយ​សុទ្ធ​រហូត​ដល់​អាយុ​៦​ខែ ដូច​អ្វី​ដែល​មាន​ចែង​ក្នុង​អនុសាសន៍​របស់​អង្គការ​សុខភាពពិភពលោក។
 
២- ការ​បំបៅ​ដោះ​កូន​អាច​សង្គ្រោះ​ជីវិត​កុមារ​ពី​ជំងឺ និង​ការ​​ចម្លង​រោគ
 
ការ​បៅ​ទឹក​ដោះ​ម្តាយ អាច​កាត់​បន្ថយ​គ្រោះ​ជួប​ជំងឺ​រាករូស​បាន​ពាក់​កណ្តាល ជំងឺ​ផ្លូវ​ដង្ហើម​បាន​មួយ​ភាគ​បី។ ឯ​នៅ​ប្រទេស​ជឿន​លឿន ថ្វី​បើ​អត្រា​ស្លាប់​​របស់​កុមារ​មាន​ទាប​មែន ប៉ុន្តែការ​បំបៅ​ដោះ​នៅ​តែ​ប្រយោជន៍​ខ្លាំង ព្រោះ​អាច​ជួយ​កាត់​បន្ថយហានិភ័យ​​​មរណៈអត់​ហេតុ​របស់ទារក​បាន​៣៦% កាត់​បន្ថយ​ជំងឺរ​លាក​ពោះវៀន​តូច​ ពោះ​វៀន​ធំ បាន​៥៨%។
 
​​​៣- ការ​បំបៅ​ដោះ​កូនជួយ​ម្តាយ​ឱ្យ​បញ្ចៀស​ជំងឺ​មហារីក​
 
អ្នក​ជា​ម្តាយ ក៏​បាន​ទទួល​ផល​វិជ្ជមាន​ពី​ការ​បំបៅ​ដោះ​នេះ​ដែរ ដោយ​មិន​ត្រឹម​តែ​អាច​បញ្ចៀស​គ្រោះ​កើត​ជំងឺ​មហារីក​ដោះ​ បាន​ពីរ​ម៉ឺន​ករណី​ក្នុង​មួយ​ឆ្នាំៗ​ទេ តែ​ថែម​ទាំង​អាច​ការពារ​ជំងឺ​មហារីក​អូវែ​របាន​ទៀត។ នេះ​បើ​តាម​ការ​សិក្សា​ដដែល។
 
៤- បំបៅ​ដោះ​កូន​ជា​សន្សំ​ថវិកា
ខាង​ផ្នែក​ពាណិជ្ជកម្ម​វិញ ការ​សិក្សា​បាន​រំលឹក​ថា ទីផ្សារ​ទឹកដោះ​គោ​មាន​ទំហំ​ ជិត​៤៥​ពាន់​លាន​ដុល្លារ​នៅ​​ឆ្នាំ​២០១៤ ហើយ​នឹង​អាច​កើន​ឡើង​ដល់​៧០​ពាន់​លាន​នៅ​ឆ្នាំ​២០១៩។ ទីផ្សារ​នេះ​ហាក់​ដូច​ជា​គឿង​ហើយ​នៅ​ប្រទេស​ជឿន​លឿន ដូច្នេះ​អ្នក​ឧស្សាហកម្ម​កំពុង​សម្រុក​ទិស​ដៅ​ នៅ​តាម​​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដោយ​មិន​ខ្លាច​នឹង​វាយលុក​ធ្វើ​ពាណិជ្ជកម្ម​​ទាក់ទាញ គ្រប​លើ​​សកម្មភាព​ផ្សព្វផ្សាយ​សុខភាព​សាធារណៈ​ឱ្យ​បំបៅ​ដោះ​កូន​​ទេ។
 
៥- ​តើ​ទឹក​ដោះ​ម្តាយ មាន​លក្ខណៈ​ពិសេស​យ៉ាង​ណា ?
ដើម្បី​បាន​យល់​អំពី​គុណភាព​នៃ​ទឹក​ដោះ ត្រូវ​យល់​ថា​សុដន់​ស្ត្រី ដែល​ជា​ប្រភព​ទាក់ទាញ និង​តំណាង​លម្អសម្គាល់​​កាយ​ស្ត្រី។ ៨០% នៃ​សុដន់​គឺ​ជា​​ ជា​លិកា​ខ្លាញ់ ដែល​គេ​យក​មក​ផ្គុំ​នៅ​សាច់​ដុំ​ត្រង់​ដើម​ទ្រូង។ សុដន់​ព័ទ្ធជិត​​ដោយ​ស្រទាប់​ជាលិកា​ទម្រ ដែល​​ជាលិកា​ខ្លាញ់ និង​នៅ​ពី​លើ​គឺ​ជា​ក្រពេញ​ផលិត​ទឹក​ដោះ ព្រមទាំង​បំពង់​បង្ហូរ​ទឹក​ដោះ​ប្រទាក់​ក្រឡាគ្នា ជា​សរសៃ​រវាម​ សម្រាប់​នាំ​ទឹក​ដោះ​មក​បំពង់ធំ​ដែល​ប្រជុំ​គ្នា​នៅ​ក្បាល​ដោះ។ ​បើ​ក្រពេញ​នេះ​ច្រើន​ នោះ​អ្នក​ជា​ម្តាយ​នឹង​មាន​ទឹក​ដោះ​ច្រើន។ មិន​មែន​ទំហំ​នៃ​​សុដន់ទេ​ជា​​កំណត់​បរិមាណ​ទឹកដោះ។​
នៅ​ពេល​មាន​ផ្ទៃ​ពោះ អ័រមូនផ្លូវភេទ​​ស្ត្រី œstrogènes និង progestérone ធ្វើ​ការ​អភិវឌ្ឍ​ ពង្រីក​បំប៉ោង​បំពង់​បង្ហូរ​ទឹក​ដោះ។ ហេតុ​ដូច្នេះ​ហើយ​បាន​សុដន់​ស្ត្រី​ ឡើង​ប៉ោង​ធំ។ រហូត​ទាល់​តែ​ដល់​ខែ​ទី​៥ ទើប​សុដន់​ស្ត្រី​ផ្តើម​ផលិត​ទឹក​ដោះ ដោយមាន​ជំនួយ​ពី​អ័រមូន​ម្យ៉ាង​ទៀត នៅ​ខួរ​ក្បាល។
 
ប៉ុន្តែ​ក្នុង​ដំណាក់​កាល​នេះ ស្ត្រី​មាន​ទឹក​ដោះ​មែន ប៉ុន្តែ​ដោះ​ពុំ​ទាន់​ឡើង​ទេ។ ទឹក​ដោះស្ត្រី​​ ក៏​មិន​ទាន់​អាច​បំបៅ​បាន​ ! ជា​ទឹក​ដោះ​បឋម មាន​ឈ្មោះបច្ចេកទេស​ថា colostrum និង​​ពុំ​សូវ​សម្បូរ​ជីរជាតិទេ។
 
ក្រោយ​សម្រាល​កូន​រួច ទើប​ក្រពេញ​ទឹក​ដោះ​ចាប់​ផ្តើម​ធ្វើ​សកម្មភាព ដើម្បី​ផលិត​ទឹក​ដោះ។ អ័រមូន​ថ្មី​មួយ​ទៀត​ ជា​អ្នក​ជួយ​សម្រួល និង​ទ្រទ្រង់​ការ​បញ្ចេញ​ទឹក​ដោះ។
 
ទឹក​ដោះ​ម្តាយ​មាន​គុណប្រយោជន៍​ច្រើន​យ៉ាងខ្លាំង​ណាស់។ ទី​មួយ​ គឺ​ទឹក​ដោះ​ម្តាយ​ឆ្លើយ​តប​បាន​ទៅនឹង​សេចក្តី​ត្រូវ​ការ​ផ្នែក​អាហារូបត្ថម្ភ​របស់​ទារក​ យ៉ាង​ប្រពៃ​បំផុត ព្រោះ​ល្បាយ​ទឹក​ដោះ​ ប្តូរ​ប្រែ​រហូត​​ជា​រៀង​រាល់​សប្តាហ៍​ ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ការ​លូត​លាស់​របស់​ទារក។
ទឹក​ដោះ​ម្តាយ​មាន​ផ្ទុក​សារធាតុ​ក្លុយស៊ីត គឺ​ស្ករ​ដើម្បី​ជា​ថាមពល និង​ខ្លាញ់។ មានផ្ទុក​យ៉ាង​តិច​តួច​នូវ​សារធាតុ​ប្រូទីត ដែល​ក្រពះ​ទារកពិបាក​នឹង​ធ្វើ​ការ​រំលាយ​។ ថ្វី​បើ​ទឹក​ដោះ​ម្តាយ​មាន​ជាតិ​កាល់ស្យូម​តិច​ជាង​ទឹក​ដោះ​គោ​ឆុង តែ​ទឹកដោះ​ម្តាយ​ងាយ​ជម្រាប​ចូល​ទៅ​ចិញ្ចឹម​សព៌ាង្គកាយ​ទារក​ណាស់។​
 
ទឹក​ដោះ​ម្តាយ​​សម្បូរ​ខ្លាំង​ទៅ​អង្គបដិបក្ស ធាតុ​សម្រាប់​ការពារ​ខ្លួន ដែល​អនុញ្ញាត​ឱ្យ​ទារក និង​កុមារ អាច​​ប្រយុទ្ធ​ប្រឈម​នឹង​ការ​ចម្លង​រោគ​ផ្សេងៗ។ ជាង​នេះ​ទៅ​ទៀត ទឹក​ដោះ​ម្តាយ​ជា​ទឹកដោះ​បរិសុទ្ធ​គ្មាន​​មេរោគ មាន​កម្តៅ​ល្មម ងាយ​រំលាយ និង​មិន​បង្ក​ឱ្យ​មាន​អាការៈ​អាល់ឡែកហ្ស៊ី​ទេ។ ស្ករទឹក​ដោះ ​ជា​សារធាតុ​ម្យ៉ាង ​ដែល​ ​ជា​ញឹកញាប់ ​ក្មេង​និង​ទារក​ភាគ​ច្រើនច្រើន​ ពិបាក​ទទួល អាច​ជួយ​សម្រួល​ការ​លូត​លាស់​នៃ​ពពួក​បាក់តេរី​នៅ​ក្នុង​ពោះវៀន ដូច្នេះ​មាន​ន័យ​ថា​បាន​ជួយ​សម្រួល​ការ​រំលាយ​អាហារ។ ការ​បោះ​ទឹក​ដោះ​ម្តាយ ដូច​ជាបង្រៀន​កូន​ឱ្យ​បាន​ស្គាល់​រស​ជាតិ​​អាហារ​ បន្លែ​ ត្រី​សាច់ ផ្សេងៗ​ ដែល​ស្ត្រី​ជា​ម្តាយ​បាន​ទទួល​​ទាន។
 
៦- តើការ​បំបៅ​ដោះ​កូន នឹង​ធ្វើ​សុដន់​ធ្លាក់-​យារឬ ?
​នេះ​ជា​រឿង​អាស្រូវ​មួយ​ដែល​មាន​បង្កប់​ក្នុង​បេះដូង​ស្រ្តី​ នៅ​ពេល​ចាប់​ផ្តើម​បំបៅ​កូន​ដំបូង។ តាមការពិត គឺ​ការ​ឡើង​ទម្ងន់​ហួស​កំរិតទេ ដែល​បាន​ទាញ​ស្បែក​ស្រោប​សុដន់​​នោះ​យារ។ ហើយ​ជា​ទូទៅ នៅ​ពេល​ពរ​ពោះ​នោះ​ហើយ ដែល​ស្ត្រី​ឡើង​គីឡូ​ច្រើន ទើប​ក្រោយ​ពី​សម្រាល​កូន​ហើយ សុដន់​ធ្លាក់។ តែ​ការ​​​​ឡើងដោះ​​ខ្លាំង​ពេក ​មិន​ត្រូវ​បាន​គេ​បន្ទោស​ថា​ជា​ដើម​ហេតុ​នាំ​ឱ្យ​​ ​សុដន់​ស្ត្រី​ឆាប់​ធ្លាក់​ទេ។ ដោះ​ឡើង​ខ្លាំង ជា​ទូទៅ​នៅ​បី​ក្រោយ​ការ​សម្រាល។ ការ​ឡើង​បែប​នេះ​គឺ​បណ្តាលមក​ពី​កង្វះ​ទំនាក់ទំនង​ម្តាយ​និង​កូន។ នៅ​តាម​មន្ទីរ​សម្ភព​ខ្លះ ប្រទេស​ខ្លះ គេ​ណែនាំ​អ្នក​ជា​ម្តាយ​មិន​ឱ្យ​បំបៅ​កូន​ភ្លាម​ទេ។ តែ​នេះ​ជា​ការ​គិត​ខុស ត្រូវ​តែ​លើក​ទឹក​ចិត្ត​ឱ្យ​ម្តាយ​បំបៅ​កូន​ភ្លាម និង​ដោយ​សេរី  ទើប​ល្អ។
 
៧- តើ​ជា​ការ​ពិត​មែន​ឬ ដែល​ថា​​​​ចំណី​អាហារខ្លះ​ឬ​ភេសជ្ជៈ​ខ្លះ ជួយ​​ឱ្យ​សម្បូរ​ទឹក​ដោះ​ ?
នេះ​ជា​អបិយជំនឿ និង​ទម្លាប់​ជឿ​តៗ​ច្រើន​ជាង ការ​ពិត​បែប​ជីវសាស្ត្រ ! ការ​ទទួល​ទាន​អាហារ​​ប្លែកៗ​ ច្រើន​មុខ គឺ​វិធី​សាស្ត្រ​ដ៏​ប្រសើរ​និង​ប្រពៃ​បំផុត​ក្នុង​បង្អាត់​ទារក​ដោយ​មិន​ដឹង​ខ្លួន ឱ្យ​បាន​ភ្លក្ស​រសជាតិ​ផ្សេងៗ និង​ដែល​ធ្វើ​ឱ្យ​កុមារ​នេះ​មាន​ចំណូល​ចិត្ត​ ទទួល​ទាន​អាហារ​គ្រប់​មុខ​ដែរ។ ព្រោះ​សូម​ចង​ចាំ​ថាថ្វី​បើ​ ទឹក​ដោះ​ម្តាយមិន​ប្តូរ​ពណ៌ មាន​ក្លិន មាន​រសជាតិ ប្លែកៗ​គ្នា​ ទៅ​តាមចំណី​អាហារ​ដែល​គាត់​បរិភោគ​ចូល​ទៅ។ ​ទារក​ អាច​រក​ដោះ​ម្តាយ​ឃើញ ដោយ​សារ​ក្លិន​ទឹក​ដោះ ក្លិន​ញើស ហើយ​បញ្ច្រាស​មក​វិញ​ ទារក​នឹង​បាន​ហាត់​ស្គាល់​រសជាតិអាហារ ទៅ​តាម​អ្វី​ម្តាយ​ទទួល​ទាន។
៨- តើ​ការ​នឿយ​ហត់​អស់​កម្លាំង​នឹង​អាច​ធ្វើ​ ឱ្យ​ទឹក​ដោះ​មិន​សូវ​ជីវជាតិ​ដែរ​ទេ ?
ការ​បំបៅ​កូន​មានពីរ​ដំណាក់កាល ! ដំណាក់កាល​ដំបូង ពេល​ផ្តើម​បំបៅ​ភ្លាម ទឹក​ដោះ​មិន​ទាន់​សូវ​ចេញ​ស្រួល មិន​ទាន់​មាន​ទម្លាប់​រវាង​ម្តាយនិងកូន ការ​បំបៅ​ដោះអាច​​គ្មាន​ពេល​វេលា កូន​យំ​ចេះ​តែ​ហុច​ដោះ​ឱ្យ​បៅ​ទៅ ...
 
នៅ​ពេល​ទឹក​ដោះ​ចេញ​ស្រួល កូន​ក៏​ចេះ​បៅ​ត្រឹម​ត្រូវ​ហើយ យើង​អាច​កំណត់​ពេល​ម៉ោង បៅ​​ទៅ​តាម​កាលវិភាគ ពេល​ម៉ោង​ធ្វើការ។ ជា​ការ​បង្ហាត់​កូន​ឱ្យ​ស្គាល់​ដឹង​ពេល​បៅ​ផង ព្រោះ​កូន​ង៉ែត​ចេះ​ដឹង​រាល់​ថ្ងៃ ល្មមអាច​យល់អំពី​ចង្វាក់​បៅ​​បាន​ហើយ។ ជា​សរុប​ទៅ​ គេ​​ត្រូវ​ការ​ចំណាយ​ពេល​ពី បី​ទៅ​បួន​ខែ ដើម្បី​ទម្លាប់​ទាំង​ទារក ទាំងយន្តការ​បញ្ចេញ​ទឹកដោះ​របស់​សុដន់។
 
ការ​នឿយ​ហត់​អាច​​ប៉ះពាល់​ដល់​ភាព​ទំនេរ អាច​ធ្វើ​ឱ្យ​ម្តាយ​មិនសូវ​បាន​សម្រាក​ មិន​អាច​ជួប​កូន​បាន​ច្រើន​ដូច​មុន ហើយ​នៅ​ពេល​នោះ​ការ​ផលិត​ទឹក​ដោះ​ក៏​ចុះ​ថយ​ដែរ តែ​មិន​ទាក់​ពាន់​នឹង​គុណភាព​ទេ។
 
៩- តើ​ការ​បំបៅ​ដោះ​ ដោយ​​​ដោះ​តែ​ម្ខាង​ ​គ្រប់គ្រាន់​ដែរ​ឬទេ ?
បំបៅ​ដោះ​កូន​ដោយ​សុដន់​ម្ខាង ឬ​ពីរ​ខាង មិន​មែន​ជា​បញ្ហា​អ្វី​ទាំង​អស់ ! បើ​ទឹក​ដោះ​គ្រប់គ្រាន់ ការ​លូត​លាស់ពិត​ជា​គ្មាន​បញ្ហា​ទេ។ អ្នក​ស្រាវជ្រាវ​បាន​ស្គាល់​យ៉ាង​ច្បាស់​អំពី​ទម្លាប់​នៃ​ការ​បំបៅ​ទឹក​ដោះកូន​នេះ។ តាំង​ពី​យូរយារ​មក​ហើយ ដែល​ពួក​គេ​បាន​រក​ឃើញ​និង​ដឹង​ថា គឺ​ជំហរ​របស់​ទារក​ ដែល​ជា​អ្នក​សម្រួល​និង​បញ្ជាក់​អំពី​ប្រសិទ្ធិភាព​នៃ​បំបៅ​ដោះ។ ស្ត្រី​ដែល​ប្រើ​ដៃ​ស្តាំ​ បំបៅ​កូន​ស្រួល​នៅ​ពេល​បី​កូន​ខាង​ដៃ​ឆ្វេង ចំណែក​ស្ត្រី​ប្រើ​ដៃ​ឆ្វេង​ច្រើន​ពរបី​បំបៅ​កូន​ខាង​ស្តាំ​ស្រួល​ជាង។ ភាព​ខុស​គ្នានៃ​ទម្លាប់​ប្រើ​​​ឆ្វេងឬ​​ស្តាំ​នេះ ក៏​មាន​ខុស​គ្នា​ខ្លាំង​ដែរ​សម្រាប់​សុដន់។ ​ក្រពេញ​ទឹក​ដោះ​ក៏​ធ្វើការ​មិន​ស្មើ​គ្នា​ដែរ​រវាង​ខាង​ស្តាំ​និ​ងខាង​ឆ្វេង។ ចំណែក​ទារក​ក៏​ដូច​គ្នា កូន​ក្មេង​តែង​មាន​ជម្រើស​ចូល​ចិត្ត​ដោះ​ខាងស្តាំ​ជាង​ឆ្វេង​ ឬ​ឆ្វេង​ជាង​ស្តាំ ជា​ការ​ធម្មតា។ ហើយ​ចុងក្រោយ​ទៅ​ដោះណា​មិន​សូវ​ប្រើ​ក៏​ឆាប់​ស្វិត​អត់​ទឹក​ដោះ​ទៅ​តាម​នោះ​ដែរ។

១០- បំបៅ​ដោះ​កូន ជា​មធ្យោបាយ​ពន្យារ​កំណើត​បែប​ធម្មជាតិ ?
មធ្យោបាយ​ពន្យារ​កំណើត​ដែល​ប្រាកដ​ថា​មិន​ប៉ះពាល់​ដល់​សុខភាពកូន​ ពេល​កំពុង​បៅ​ដោះ​ម្តាយ គឺ ការ​ប្រើ​កង​ក្នុង​ស្បូន។ ប៉ុន្តែ​សូមជ្រាប​ថា ការ​បំបៅ​ដោះ​នេះ​ជា​វិធី​សាស្ត្រ​នៃ​ការ​ពន្យារ​កំណើត​បែប​ធម្មជាតិ។ អង្គការ​សុខភាព​ពិភពលោក បាន​ឃោសនា​អភិវឌ្ឍន៍ និង​សិក្សា​ខ្លាំង​អំពី​វិធី​ ម៉ាម៉ា ពន្យារ​កំណើត​ដោយ​បំបៅ​ដោះនេះ ដោយ​បាន​រក​ឃើញ​អំពី​ប្រសិទ្ធិភាព​​យ៉ាង​ជាក់​ស្តែង​ រយៈ​ពេល​១០០​ថ្ងៃ​ដំបូង ដូច​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ដោយ​លេប​ថ្នាំ​យ៉ាង​ដូច្នោះ។ ប៉ុន្តែ​ការ​ពន្យារ​កំណើត​បែប​ធម្មជាតិ​នេះ តម្រូវ​ឱ្យ​អ្នក​ជា​ម្តាយ​ត្រូវ​បំបៅ​ដោះ​កូន​ ទាំង​យប់​ទាំង​ថ្ងៃ ៨​ដង​ក្នុង​មួយ​ថ្ងៃ។
 
បំបៅ​កូន​ទាំង​ស្រុង​ជា​ថ្នាំ​ការពន្យារ​កំណើត​ដ៏​ប្រសិទ្ធ ប៉ុន្តែ​បើ​អ្នក​ជា​ម្តាយ​បំបៅ​ដោះ​កូន​តែ​មួយ​ភាគ​ ផែនការ​ពន្យារ​កំណើត​​បែប​ធម្មជាតិ​ គ្មាន​ប្រសិទ្ធិភាព​ពិត​ប្រាកដ​ទេ៕

 

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ