ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/10 12h00 GMT

តើ​គួរ​ជ្រើសរើស​ផលិតផល​សំអាង​យ៉ាង​ដូចម្តេច ?

តើ​គួរ​ជ្រើសរើស​ផលិតផល​សំអាង​យ៉ាង​ដូចម្តេច ?
 
សមាគម​UFC-Que Choisir បាន​ធ្វើ​តេស្ត​លើ​ផលិតផល​សំអាង​និង​អនាម័យ​ ឃើញ​ថា​មាន​សារធាតុគីមីនាំ​ឱ្យ​​​ខូច​សុខភាព​​ដល់​ប្រព័ន្ធ​អ័រមូន​ BSIP/UIG via Getty Images

ផាត់​មុខ លាប​ក្រេម​ម្សៅ ឡេ លាប​សក់ អប់​ប្រេង​ម្សៅ ... នរណា​មិន​ចង់​ស្អាត មិន​ចង់​ល្អ មិន​ចង់​លើក​តម្កើង​សម្រស់​ឱ្យ​កាន់​តែ​ស្រស់​ស្អាតផូរផង់ ក្មេង​ជាង​វ័យ និង​គួរ​ឱ្យទាក់ទាញ​នោះ ?! មនុស្ស​ចាស់​ក្មេង ស្រីប្រុស តែង​តែ​ចង់​សាក​ល្បង​ចំណាយ​ប្រើ​ផលិតជំនួយ​ ទៅ​តាម​ធនធាន​ ឬ​ទៅ​តាម​ទំនើង​ចិត្ត​ភ្លើនភ្លើត​មួយសារៗ មិនថា​គេ​ថា​ខ្ញុំ។ ប៉ុន្តែ​តើ​គួរ​ជ្រើសរើស​ផលិតផល​បែប​ណា ? បើ​របាយការណ៍​ទើប​ចេញ​កាលពី​សប្តាហ៍​មុន​បង្ហាញ​ថា​មានគ្រឿង​ក្រអូប និង​​ផលិត​ផល​សំអាង​ដល់​ទៅ​៤០០​មុខ​ មាន​ផ្ទុក​សារធាតុ​មួយ​ឬ​ច្រើន ដែល​អាច​បង្ក​ជំងឺ​អាល់ឡែកហ្ស៊ី និង​ផលវិបាក​ដល់​ក្រពេញ​អ័រមូន។

 

ក្រេម​ ឡេ មាន​ច្រើន​ប្រភេទ សម្រាប់​ស្បែក​មុខ​ស្ងួត ស្បែក​សើម ... ខ្លះ​ថ្លៃកប់​ពពក ខ្លះ​ថោក​ខ្លាំង​ស្ទើរ​តែ​មិន​គួរ​ឱ្យ​ជឿ រហូត​អតិថិជន​ខ្លះ​ចោទ​សួរ​អំពី​ប្រសិទ្ធភាព​វា។ តម្លៃ​មិន​មែន​ជា​កត្តា​ចម្បង​នៃ​ជម្រើស​ក្រេម​ឡើយ អ្នក​ខ្លះ​ក៏​អាច​ត្រូវ​ធាតុ​នឹង​ពពួក​ផលិតផល​ថោក​ជាង​របស់​ថ្លៃ អ្នក​ខ្លះ​ទៀត​ត្រូវ​តែ​ជាមួយ​ក្រេម​ថ្លៃ ឯ​ថោក​ប្រើ​មិន​បាន។ ដូច្នេះ​គេ​មិន​អាច​ទម្លាក់​ទំនួល​ខុស​ត្រូវ​ផ្នែកគុណភាព​ទៅ​លើ​តម្លៃតែ​មួយ​មុខ​បាន​ឡើយ។
 
ដូច្នេះ​សួរ​ថា​តើ​ត្រូវ​ជ្រើសរើស​ផលិតផល​បែបណា ? ព្រោះ​ថា​បើ​ជ្រើស​មិន​ត្រូវ គឺ​ដូច​ជា​បាន​ចំណាយ​ថវិកា​ឥត​ប្រយោជន៍​ ហើយ​អាច​នឹង​ធ្វើ​ឱ្យ​ខូច​ស្បែក ខូច​សម្រស់​ទៀត។ មិន​តែ​ប៉ះពាល់​ដល់​សម្រស់ និង​ស្បែក​ខាង​ក្រៅ​ខ្លួនទេ ផលិតផល​ខ្លះ​ទៀត​មាន​ផ្ទុកសារធាតុ​គីមី​ អាច​ធ្វើ​ឱ្យ​ខូច​ដល់​សុខភាព​តែម្តង។
 
សាប៊ូ​ដុស​ខ្លួន សាប៊ូ​កក់​សក់ ក្រែម​លាប​ខ្លួន លាប​មុខ គ្រឿង​ក្រអូប ស្បាយ​បំបាត់​ក្លិន​ឃ្លៀក ឬ​ថ្នាំ​ដុះ​ធ្មេញ ... ផលិតផល​សំអាង របស់​មនុស្ស​ធំ និងសូម្បី​តែ​​របស់​ទារក​ មួយ​ចំនួន​ មាន​ផ្ទុក​សារធាតុគីមី​ ដែល​អាច​បង្ក​អាល់ឡែកហ្ស៊ី និង​ ផលរំខាន​ដល់​ប្រព័ន្ធ​ផលិតអ័រមូន។ នេះ​បើ​តាម​របាយការណ៍​របស់​សហព័ន្ធ​​ការពារ​អ្នក​ប្រើប្រាស់​បារាំង UFC-Que Choisir។
សមាគម​បាន​រាប់​ឃើញ​មាន​ផលិតផល​សំអាង​យ៉ាង​ហោច​ក៏ប្រមាណ​បួន​រយ​មុខ មាន​ផ្ទុក​ ​សារធាតុ​គីមី​ពុល​ប៉ះពាល់​ដល់​សុខភាព។
 
វត្តមាន​នៃ​សារធាតុ​ នៅ​តែ​មាន​ច្រើន​ជា​និច្ច ! ៩០%​នៃ​ផលិតផល​ដែល​សមាគម​ធ្លាប់​ចង្អុល​មុខ​កាលពី​ឆ្នាំ​២០១៦ នៅ​តែ​រក្សា​សារធាតុ​គីមី​មិន​គួរ​​នោះដដែល ដោយ​មិន​ខ្វល់​អំពី​សុខភាព​របស់​ប្រើប្រាស់​សោះ។

អាល់ឡែកហ្ស៊ី

សារធាតុ​គីមី ឬ​ចង្ក្រោមគ្រួសារ​​សារធាតុគីមី​​​នោះ មាន​ដល់​ទៅ​ ១១​មុខ ដែល​សមាគម​បារាំង​បាន​សម្តែង​ការ​​​ព្រួយ​បារម្ភ​ខ្លាំង​បំផុតនោះ គឺ​សារធាតុអាល់ឡែកហ្សែន​និង​សារធាតុ​គីមី Perturbateur Endocrinien (PE)។
 
ប្រើ​មិន​ត្រូវ ប្រើ​ទៅ​ខូច​ស្បែក ... មិន​ប្រាកដ​ថា​តែ​ជា​បញ្ហាទាក់ទង​នឹង​​ប្រសិទ្ធភាព​របស់​ផលិតផល​ទេ។ ប៉ុន្តែ​តាម​ការ​ពិត​ទៅ​ ​គឺ​បណ្តាលមក​ពី​ផលិតផល​ទាំង​នោះ​មាន​សារធាតុ​បន្សំ​​ខ្លះ​ ជា​ភ្នាក់ងារ​អាល់ឡែកហ្សែន មិន​ត្រូវ​នឹង​ស្បែក​របស់​លោក​អ្នក ទើប​បង្ក​ជា​ប្រតិកម្ម បញ្ចេញ​អាការៈ​អាល់ឡែកហ្ស៊ី​ឡើង។

​ភ្នាក់ងារ​អាល់ឡែកហ្សែន ឬ​សារធាតុ​ដែល​អាច​បង្ក​អាល់ឡែកហ្ស៊ី  នៅ​តែ​បន្ត​មាន​ច្រើន​ក្នុង​ផលិតផល​សំអាង និង​គ្រឿង​ក្រអូប សាប៊ូកក់​សក់។  ​សារធាតុ​អាល់ឡែកហ្សែនមាន​ច្រើន​មុខ ក្នុង​នោះ​មាន​ពីរ ដែល​គួរ​ឱ្យ​ខ្លាច​ជាង​គេ គឺ methylisothiazolinone (MIT) ​methylchloroisothiazolinone (MCIT) ព្រោះ​សារធាតុគីមី​ប្រើ​សម្រាប់​រក្សា​ផលិតផល​បាន​យូរនេះ ទើប​ត្រូវ​បាន​ហាមឃាត់​ជា​ដាច់​ខាត​មិន​ប្រើប្រាស់​នៅ​ក្នុង​ផលិតផលណា​ដែល​មិន​ត្រូវ​ការ​លាង​ទឹក​សម្អាត​ឡើយ។  ​
 
​កាន់​តែ​ធ្ងន់ធ្ងរ និង​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង​បំផុត​ថែម​ទៀត សម្រាប់​ពិភព​អ្នក​វេជ្ជសាស្ត្រ នោះ​គឺ​ផលប៉ះពាល់​នៃ​ផលិត​ផលដល់​សុខភាព​ ដោយ​ប្រើ​សារធាតុ​គីមី Perturbateur Endocrinien PE។ 
តើ​សារធាតុ​គីមីនេះ​ជា​អ្វី ? និង​មាន​គ្រោះ​ថ្នាក់​យ៉ាង​ណា​ ? សូម​ស្តាប់​ការ​ពន្យល់​លម្អិត​របស់​អ្នក​ស្រី Stéphane Horel
 
សារធាតុ​គីមី PE (Perturbateur Endocrinien) គឺ​ជាភ្នាក់ងារ ​គីមី ធម្មជាតិ ឬ​សប្បនិម្មិត្ត ដែល​អាច​ជ្រៀត​ចូល​នៅ​ក្នុង​​​ប្រព័ន្ធ​អ័រមូន របស់មនុស្ស។ អ័រមូន​ដែល​ជា​មូលេគុល​ជ្រាប​តាម​ឈាម ដោយ​សារក្រពេញ​ពិសេស ដើម្បី​ចាត់​ចែង​បញ្ជា​ពី​ចម្ងាយ​ (ពីខួរក្បាល) ដំណើរការ​របស់​​សរីរាង្គ និង​ជា​លិកា​មួយ​ចំនួន។ អ័រមូន​មាន​ឥទ្ធិពល​លើ​អាកប្បកិរិយា​របស់​មនុស្ស លើ​យន្តការ​របស់​ខ្លួន​មនុស្ស ​ជា​អ្នក​កំណត់​ការ​លូតលាស់​ធំធាត់ ការ​ឡើង​ខ្លួន​ពេញ​កម្លោះ​ពេញក្រមុំ​ សីតុណ្ហភាព​ខ្លួន​ប្រាណ បំផ្លែង​ជាតិ​ខ្លាញ់ ការ​ឃ្លាន ការ​ឱ្យ​ឆ្ងាញ់ ដំណេក កំរិត​ជាតិ​ស្ករ​អាំងស៊ុយលីន ចង្វាក់​បេះដូង ...
ដោយ​ហេតុ​តែ​បរិមាណ​​អ័រមូន​ដែល​​មនុស្ស​យើង​ត្រូវ​បញ្ចេញ​ជា​រៀង​រាល់​ថ្ងៃ ជាទូទៅ​មាន​កំរិត​ទាប​ ដើម្បី​មាន​ប្រសិទ្ធភាព​​ខ្ពស់ ដូច្នេះ​
 
សារធាតុ​គីមី PE ​​ដែល​ជា​ធាតុ​បន្សំ​មួយ​ក្នុង​ផលិតផល​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ​នេះ អាច​នឹង​ធ្វើ​ប៉ះពាល់​​ដល់​ប្រព័ន្ធ​អ័រមូន និង​អាច​បង្ករាល​ទៅ​ជា​មាន​ជំងឺ​ និង​មាន​ភាព​មិន​ប្រក្រតី​ក្នុង​ខ្លួន​មនុស្ស។ ពិភព​វេជ្ជសាស្ត្រ​​បាន​ប្រើ​សារធាតុ​គីមី​នេះ​ នៅ​ក្នុង​ថ្នាំ​ពន្យារ​កំណើត គ្រាប់ ឬ​កងក្នុង​ស្បូន ដោយ​ចេតនា ដើម្បី​ឱ្យ​សារធាតុ​នេះ​បញ្ចេញ​ឥទ្ធិពល​លើ​អ័រមូន។
 
គេ​ក៏​សង្កេត​ឃើញ​មាន​សារធាតុ​គីមីនេះ នៅ​ក្នុង​ផលិតផល​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន ក្នុង​ទម្រង់​ជា​សារធាតុ BHA  នៅ​ក្នុង​កញ្ចប់​ចំណី​អាហារ​ផ្លាស្ទិក ជ័រ​វែនតា បន្សំធ្មេញ​ដាក់ ផ្នែក​ខាង​ក្នុង​នៃ​អាហារ​កំប៉ុង ព្រម​ទាំង​ក្នុង​​ក្នុង​ផលិតផល​​កែ​សម្ផស្ស គ្រឿង​សំអាង ក្រោម​ឈ្មោះ​ថា -Paraben។ ជា​ butylparaben និង propylparaben មាន​នៅ​ក្នុង​ផលិតផល​ថែទាំ​សក់ ម្សៅ​លាប​មុខ ម៉ាស្ការ៉ា ឬ​សាប៊ូ​ដុស​ខ្លូន ជា​ដើម​។ល។
 
សារធាតុ​គីមី​ perturbateurs endocriniens ជា​តំណាង​គ្រោះ​ថ្នាក់​ដ៏​ពិសេស​ព្រោះ​ថា​ ទោះ​ក្នុង​បរិមាណ​ដ៏​តិច​តួច​ក្តី ក៏​វា​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ដែរ ដោយ​អាច​បង្កើន​ហានិភ័យ​អភិវឌ្ឍ​​ទៅ​ជា​ជំងឺ​​បាន​ដែរ។ ជំងឺ​នោះ​ជា​ប្រភេទ​ជំងឺ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អ័រមូន ព្រោះ​អ័រមូន​ដែល​មនុស្ស​បញ្ចេញ​ជា​រៀង​រាល់​ថ្ងៃ ជា​ទូទៅ​ក្នុង​ក្នុង​បរិមាណ​តិច​តួច​បំផុត។ បុគ្គល​ដែល​ងាយ​រង​គ្រោះ​​អំពី​ភ្នាក់ងារ​គីមី​មួយ​នេះ គឺកុមារ និង​ក្មេង​ជំទង់ កំពុង​លូត​លាស់ ព្រមទាំង​​ស្ត្រី​មាន​ផ្ទៃពោះ ដែល​មាន​​ទំនាក់ទំនង​ជា​មួយ​កូន​តាម​រយៈ​អ័រមូន​នេះ​ឯង។ ឥទ្ធិពល​របស់​សារធាតុ​គីមី​អ័រមូននេះ លើ​ស្ត្រី​​មាន​គ៌ភ អាចរំខាន​ដល់​ការ​លូត​លាស់​របស់​ទារក​ក្នុង​ផ្ទៃ និង​ពេល​កើតមក រហូត​ដល់​ធំ គឺ​ប្រៀប​ដូច​ជា​ការ​សាប​ព្រោះ​គ្រាប់​ពូជ​មាន​ជំងឺ ដល់​កូន​ ឱ្យ​កើត​មកភ្លាម ដោយ​​អាច​នឹង​មាន​ការ​លូត​លាស់​ប្រដាប់​ភេទ​ខុស​ប្រក្រតី ជា​ពិសេស​ក្មេង​ប្រុស ដោយ​ ឬ​មាន​ជំងឺផ្សេង​ទៀត នៅ​២០ ឬ​៣០​ឆ្នាំ​ក្រោយ។
 
កំណើន​ជំងឺ​ទាក់ទង​នឹង​ប្រព័ន្ធ​អ័រមូន​ នា​ពេល​បច្ចុប្បន្ន​នេះ អាច​ត្រូវ​បាន​គេ​ពន្យល់​ថា​បណ្តាលមក​ពី​មនុស្ស​ជំនាន់​​មុន​ប្រើវត្ថុ​មាន​សារធាតុ perturbateurs endocriniensដោយ​មិន​ដឹង​ខ្លួន។សារធាតុ​គីមី​PE ខ្លះ​អាច​បន្សល់​ឥទ្ធិពល​និង​ផលវិបាក​ឆ្លង​ជំនាន់។
 
ដើម្បី​ជា​ជំនួយ​ក្នុង​ជ្រើសរើស​ផលិតផល​​សំអាង​មក​ប្រើប្រាស់ សូម​លោក​អ្នក​​កុំទុក​ចិត្ត​លើ​ផ្លាក និង​អក្សរ​ធំៗ សរសេរ​ថា​ មាន​ជាតិ​អាល់ហ្សែក​តិច​បំផុត ឬ​គ្មាន​ ប៉ារ៉ាបិន​អ្វី សូម​ពិនិត្យ​មើល​​​សារធាតុបន្សំ ដែល​សរសេរ​តូចវិញ។
សូម​ចៀសវាង​កុំ​ប្រើប្រាស់​​​ផលិតផលណា​ដែល​មាន​ផ្ទុក​សារធាតុ​គីមី​ដូច​ខាង​ក្រោម ៖​ បញ្ចី​ឈ្មោះ​លម្អិត​នៃ​សារធាតុ​គីមី​គួរ​ចៀសវាង​មាន​សរសេរ​លម្អិត​ក្នុង​វិបសៃត៍​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ km.rfi.fr ជា​ខេមរភាសា ក្នុង​ទំព័រ​កម្មវិធី​សុខភាព៕
 
 សូម​ចៀងវាង​កុំ​ប្រើ​ផលិតផល​ដែល​មាន​សារធាតុ​ខាងក្រោម​នេះ ជា​ពិសេស​ចំពោះ​កុមារ​ 

 

 
- Ammonium Lauryl Sulfate = រលាក
 
- Benzophenone-1, Benzophenone-3 = អាល់ឡែកហ្សែន សារធាតុ​គីមី perturbateurs endocriniens ប៉ះពាល់​ដល់​អ័រមូន
- BHA = សារធាតុ​គីមីប៉ះពាល់​ដល់​អ័រមូន
 
- BHT = សារធាតុ​គីមី​ប៉ះពាល់​ដល់​អ័រមូន
 
- Butylparaben, Potassium Butylparaben ou Sodium Butylparaben =សារធាតុ​គីមី  ប៉ះពាល់​ដល់​អ័រមូន
 
- Cyclopentasiloxane, Cyclotetrasiloxane, Ciclomethicone = សារធាតុ​គីមីប៉ះពាល់​ដល់​អ័រមូន
 
- Ethylhexyl Methoxycinnamate =សារធាតុ​គីមី ប៉ះពាល់​ដល់​អ័រមូន
 
- Methylchloroisothiazolinone (MCIT), Methylisothiazolinone (MIT) = អាល់ឡែកហ្សែន
- Phenoxyethanol = សារធាតុពុល​ខ្លាំង​ដល់​ថ្លើម​ តែ​ហាក់​ដូច​ជា​មិន​សូវ​គ្រោះ​ថ្នាក់​ខ្លាំងដល់​​មនុស្ស​ធំ
 
- P-phenylenediamine = អាល់ឡែកហ្សែន
 
- Propylparaben, Potassium Propylparaben ou Sodium Propylparaben =សារធាតុ​គីមី ប៉ះពាល់​ដល់​អ័រមូន
 
- Sodium Lauryl Sulfate = រលាក
- Triclosan =សារធាតុ​គីមី ប៉ះពាល់​ដល់​អ័រមូន
 
 
 
 

 

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ