អានតួអត្ថបទ

លោក​ សុខ អាន ទទួល​មរណភាព

លោក សុខ អាន បាន​ទទួល​មរណភាព​ នៅ​ថ្ងៃពុធ ទី ១៥​មីនា វេលា​ម៉ោង​ ១៨​និង​៣២​នាទី ​នៅ​មន្ទីរពេទ្យ​ក្រុង​ប៉េកាំង ក្នុង​ជន្មាយុ ៦៦​ឆ្នាំ ដោយ​រោគាពាធ។ មុន​សេចក្តី​​ប្រកាស​​មរណភាព លោកឧបនាយក​រដ្ឋមន្ត្រី​ សុខ អាន ត្រូវ​​ព្រះមហាក្សត្រ​​តែងតាំង​គោរមងារ​ជា​ សម្តេច​វិបុល​បញ្ញា សុខ អាន។ តើ​លោក សុខ អាន ជា​នរណា?

លោក សុខ អាន ឧបនាយក​រដ្ឋមន្ត្រីកម្ពុជា
លោក សុខ អាន ឧបនាយក​រដ្ឋមន្ត្រីកម្ពុជា
ផ្សាយពាណិជ្ជកម្ម

លោក សុខ អាន គឺ​ជា​បញ្ញាវន្ត​​មួយ​រូប​ ដែល​បានរៀន​ចប់​ផ្នែក​ វិទ្យាសាស្ត្រ​សង្គម នៅឆ្នាំ​១៩៧២​ បន្ទាប់មក​ លោក​បាន​រៀនបន្តរហូត​​​ទទួល​សញ្ញាបត្រ​ ពី​សាលា​ភូមិន្ទរដ្ឋ​បាល តាំង​តែ​ពី​ឆ្នាំ​១៩៧៥​មកម្ល៉េះ​។​ លោក​ត្រូវ​បាន​គេ​ប្រគល់​​សញ្ញា​បត្រ​បណ្ឌិត​កិត្តិយស​ ដល់ទៅ​៤-៥! ខ្លះបាន​ពីកម្ពុជា ​អាមេរិក រុស្ស៊ី និង​កូរ៉េ ។​

មាន​ជំនក់​ចិត្ត​នឹង​ល្បែង​កម្សាន្ត​ជល់​មាន់ និង​ជា​ម្ចាស់​ចម្ការ​ជា​ច្រើន​ហិកតា​ លោក សុខ អាន មាន​ស្រុក​កំណើត​នៅ​ស្រុក​គីរីវង់ ខេត្ត​តាកែវ។ មាន​មាឌធំ សម្បុរ​ស ភ្នែក​តឹងៗ លោក សុខ អាន រៀប​ការ​ជាមួយ​អ្នក​ស្រី ថេង អានី សុខអាន មាន​​កូន​ស្រីម្នាក់និងប្រុស៤​នាក់។ កាល​ពី​កុមារភាពនិង​វ័យ​​ជំទង់ គ្រួសាររបស់​​លោក ក្រីក្រ ហើយ​យុវ​ជន​ សុខ អាន ​បាន​មករស់​នៅ​រៀន​សូត្រ​ជាមួយ​សាច់​ញាត្តិ​បងប្អូន​ នៅភ្នំពេញ​។ លោក ​ សុខ អាន ​ចេះដឹង​ អាច​ប្រើប្រាស់ភាសា​ខ្មែរ អង់គ្លេស និង​បារាំង ​បាន​ច្បាស់​លាស់។​

មុន​នឹង​បានកាន់​តំណែង ជា​​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន​ បាន​ធ្វើ​ការ​ងារ​ជិត​ស្និទ្ធ​បំផុត ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន គឺ​ធ្វើ​ជា​អគ្គលេខាធិការ​នៃ​ក្រសួង​ការបរទេស ដែលជា​ប្រធាន​ខុទ្ទកាល័យ​ផ្ទាល់របស់​លោក ហ៊ុន សែន ចាប់ពី​បែក​សម័យ​ខ្មែរ​ក្រហមបាន​បន្តិច​ នៅ​ឆ្នាំ​១៩៨១​។ ជា​ច្រើន​ឆ្នាំក្រោយ​មក ​អ្នក​ទាំងពីរ​ក៏​​បាន​ក្លាយ​ជា​ដន្លង​នឹងគ្នា​ ដោយ​កូន​ប្រុស​របស់​​លោក សុខ អាន គឺលោក សុខ ពុទ្ធីវុធ ភ្ជាប់​ចំណង​អាពាហ៍ពិពាហ៍​ជាមួយ​កូន​ស្រីលោក ហ៊ុន សែន, គឺ​អ្នក​ស្រី​ ហ៊ុន ម៉ាលី។​​

 
ក្នុង​ជីវិត​នយោបាយ​និង​កិច្ច​ការ​បម្រើ​ជាតិ លោក សុខ អាន​ ធ្លាប់​ធ្វើ​ជា​ ឯកអគ្គ​រាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា បន្ទាប់​មកលោក​ធ្វើជាអនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ រួច​​មកជាអនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ហើយក៏​​ក្លាយ​ជា រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​បាន​ជាប់​ឆ្នោត​ជា​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​តាកែវ តាំងតែ​ពីការ​បោះឆ្នោត​ជាតិ​លើកទី​១ ដែល​រៀបចំ​ដោយ​ អ៊ុនតាក់​ មកម្ល៉េះ។ ​

នៅក្នុងគណ​បក្សប្រជាជជន​កម្ពុជា​​ លោក សុខ អាន បាន​កាន់​កាប់​តំណែង​ជាប្រធាន​ខុទ្ទកាល័យ​កណ្តាល​របស់​មជ្ឈិម​​បក្ស​នៅ​ឆ្នាំ​១៩៩១ ហើយ​ក្រោយ​មកទៀតនិង​រហូត​ដល់​ពេល​ទទួល​មរណភាព​ លោកគឺ​​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃ​យ៍ គណៈកម្មាធិការ​កណ្តាល​​ របស់​បក្ស​កាន់អំណាច។​

ជាអ្នក​ចេះ​ដឹង និងជាអ្នក​មាន​អំណាច​ក្នុងបក្ស​និង​ក្នុង​ជួរ​រដ្ឋាភិបាល លោក សុខ អាន ត្រូវ​គេ​មើល​ឃើញថា ជារដ្ឋមន្ត្រី ដែល​ក្តោប​ក្តាប់ឯកសារ​និង​​មុខ​តំណែងតួនាទី​​ជាច្រើន​។​

ជាក់​ស្តែង ក្រៅពី​តំណែង​ស្ទើរ​ផុត​លេខ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ លោក​គឺជា​ប្រធាន​របស់​អាជ្ញាធរ​ជាតិ​ជាច្រើន តួយ៉ាង​អាជ្ញាធរ​ជាតិអប្សារា ​អាជ្ញាធរ​ជាតិប្រេង​កាត ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​រាជបណ្ឌិត្យ​សភា​វិជ្ជាជីវៈតុលាការ ប្រធាន​ក្រុម​ការងារ​ដើម្បី​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ទទួល​ស្គាល់​គុណភាព​អប់រំ​កម្ពុជា ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​កំណែទម្រង់​រដ្ឋបាល​ ប្រធាន​គណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ​ និង​មាន​ឈ្មោះ​ជា​ប្រធាននិងអនុប្រធានរបស់​ស្ថាប័ននិង​​អង្គភាព​នេះនោះ​មួយ​ចំនួន​ទៀត។​

ស្នាដៃដែល​ជា​សមិទ្ធផល​សំខាន់​របស់​លោក សុខ អាន គឺបាន​​ជួយ​ជ្រោម​ជ្រែង​ការ​ដាក់បញ្ចូន​​​ប្រា​សាទ​​ព្រះ​វិហារ​ ចូល​ក្នុង​បញ្ជី​សម្បត្តិបេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្តូ និង​បាន​ចូលរួម​​ជាមួយ​ក្រសួង​ការបរទេស ក្នុង​ការ​ប្តឹង​តវ៉ាចំពោះ​ភាគី​ថៃ ​ទៅកាន់​តុលាការ​អន្តរជាតិ​ក្នុង​សំណុំ​រឿងប្រាសាទ​​ព្រះវិហារ​នេះ​ ព្រមទាំង​ការ​តស៊ូ​មតិ​ប្រមូល​យក​រូប​ដិមា​របស់​ខ្មែរ​ដែល​បាត់​បង់​ ពី​បរទេស​មកមាតុភូមិ​​វិញ​។ រួម​​ទាំង​ការ​រៀប​ចំ​ឲ្យ​បង្កើត​ឡើង​ នូវ​សាលា​ក្តី​ខ្មែរ​ក្រហម​ ដែល​កំពុង​តែ​ដំណើរ​ការ​កាត់​ទោស​ថ្នាក់​ដឹកនាំ​កំពូល​របស់​ខ្មែរ​ក្រហម នៅ​សព្វថ្ងៃនេះ​ ក៏​ជា​ស្នាដៃ​គុណ​សម្បត្តិ​ របស់​លោក សុខ អាន​ ​ដែរ​​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ