ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/05 12h00 GMT
កម្ពុជា

ពិធី​បូជា​សព លោក សុខ អាន មាន​ការ​ចូល​រួម​ពី​ប្រមុខ​រដ្ឋាភិបាល ឥស្សរជន​ជាន់​ខ្ពស់ និង​តំណាង​គណបក្ស​ប្រឆាំង​

media ពិធីដង្ហែសពលោក សុខ អាន ឆ្ពោះទៅឈាបនដ្ឋាន នៅមុខវត្តបុទុម នៅព្រឹកថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៧។ @FB/Samdech Hun Sen Prime Minister

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ សព​ លោក សុខ អាន ឧប​នាយក​រដ្ឋ​មន្រ្តី និង​ជា​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី ត្រូវ​បាន​ដង្ហែ​ឆ្ពោះ​ទៅ​កាន់​ឈាបនដ្ឋាន​ មុខ​វត្ត​បទុម ដើម្បី​រៀប​ចំ​ពិធី​បូជា។ នៅ​ក្នុង​ពិធីបូជា​សព នេះ មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​កម្ពុជា​សំខាន់ៗ​ ឧប​នាយក​រដ្ឋ​មន្រ្តីថៃ  អនុ​ប្រធានា​ធិបតីឥណ្ឌូ​នេ​ស៊ី ព្រម​ទាំង​តំណាង​គណបក្ស​សង្រ្គោះ​ជាតិ​ផង​ដែរ​។

បន្ទាប់​ពីសព​លោក​ សុខ អាន ​ឧប​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ និង​ជាមន្ត្រី​ជាន់​ខ្ពស់​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវ​បាន​បញ្ជូន​ពី​ទីក្រុង​ប៉េកាំង​មក​ដល់​កម្ពុជា​ កាល​ពី​ព្រឹកព្រលឹម​ ថ្ងៃទី ១៦ មីនា ។​ នៅ​ព្រឹក​ថ្ងៃ​ទី ១៩ មីនា នេះ សព​របស់​លោក ត្រូវ​បាន​រំកិល​ចេញ​ពី​គេហដ្ឋាន នា​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឆ្ពោះ​ទៅ​វត្ត​បុទុមវត្តី​ដើម្បី​បូជា​បន្ទាប់​ពី​តម្កល់​ទុក​ធ្វើបុណ្យ​តាំង​ពី​ថ្ងៃទី ១៦មីនា​មក​។   

នៅ​ក្នុង​ពិធី​បូជា​សព​នៅ​ថ្ងៃ​អាទិត្យ​នេះ មាន​ការ​ចូល​រួម​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក នាយក​រដ្ឋមន្រ្តី ហ៊ុន សែន លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធាន​រដ្ឋសភា អនុប្រធានាធិបតីឥណ្ឌូនេស៊ី ឧប​នាយក​រដ្ឋ​មន្ត្រី​ថៃ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្រ្តី​រាជការ​ជា​ច្រើន​នាក់​ទៀត។ ព្រម​ជាមួយ​គ្នា​នេះ នៅ​ក្នុង​ពិធី​បូជា​សព​របស់​លោក សុខ អាន លោក សាយ ឈុំ ជា​អ្នក​អានវិយោគ​កថា និង​ជីវប្រវត្តិ ចំណែក លោក ហេង សំរិន ជូន​ភ្លើង​ដល់​សព​។
 
ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ ដឹក​នាំ​ដោយ​លោក ប៉ុល ហំម និង លោកស្រី មួរ សុខហ៊ួរ អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​ចូល​រួម​គោរព​វិញ្ញាក្ខន្ធ​សពលោក សុខ អាន ឧប​នាយក​រដ្ឋ​មន្រ្តី រដ្ឋ​មន្រ្តី​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៩​មីនា​នេះ​។ លោក ប៉ុល ហំម អនុ​ប្រធានគណបក្ស​សង្រ្គោះ​ជាតិ បាន​បញ្ជាក់​ថា ទោះ​បី​ជា​គណបក្ស​សង្រ្គោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា មាន​ទស្សនៈ​នយោបាយ​ខុស​គ្នា​ក្តី ប៉ុន្តែ​ការ​គោរព​សព​ជា​លើក​ចុង​ក្រោយ គឺ​ជា​ការ​បង្ហាញ​នូវ​គុណ​ធម៌ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក កឹម សុខា ដែល​ជា​ប្រធាន​គណបក្ស ​មិន​បាន​ចូល​រួមនោះ​ទេ ដោយ​សារ​តែ​លោក​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស។
 
ជុំវិញ​ប្រតិកម្ម​ការ​ចំណាយ​លើ​ពិធី​បុណ្យ​សព​ ដែល​រដ្ឋាភិបាល​គ្រោង ចំណាយ​ ៣០០០ លាន រៀល ប្រហែល​ ៧៥ម៉ឺន​ដុល្លារ​អាមេរិក កាល​ពី​ល្ងាច​ថ្ងៃ​ទី ១៨ មីនា លោក​សាយ ឈុំអនុ​ប្រធាន​​គណបក្ស​ប្រជាជន​កម្ពុជា បាន​សរសេរ​លិខិត​ទៅ​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ដោយ​ស្នើ​សុំ បង្វែរ​លុយ​រៀប​ចំបុណ្យ​សព លោក សុខ អាន ចូល​ទៅ​ក្នុង​ថវិកា​រដ្ឋ​វិញ ហើយ ការ​ចំណាយ​ទាំង​នេះ ជំនួស​វិញ​ដោយថវិកា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។
 
គួរ​រំលឹក​ថា ព្រះមហាក្សត្រ​ នរោត្តម សីហមុនី បាន​ប្រោស​ព្រះរាជ​ទាន​គោរមងារ លោក សុខ អាន ជា «សម្តេច​វិបុល​បញ្ញា សុខ អាន» កាល​ថ្ងៃទី​១៣ មីនា ។ ពីរថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​ រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​ជូនដំណឹង​ជា​សាធារណៈ ថា លោក សុខ អាន បាន​ទទួល​មរណភាព​ នៅថ្ងៃទី​១៥ មីនា វេលា​ម៉ោង ១៨:៣២នាទី នៅមន្ទីរពេទ្យ​ទីក្រុង​ប៉េកាំង ប្រទេស​​ចិន ដោយ​រោគាពាធ ក្នុង​ជន្មាយុ ៦៦​ឆ្នាំ​។ ​ រាជ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​១៦ មីនា បាន​សម្រេច ប្រគល់​ភារកិច្ច​ បន្ថែម​ជូន​លោក ប៊ិន ឈិន ឧប​នាយករដ្ឋ​មន្រ្តី ទទួល​បន្ទុក​ប្រចាំ​ការ ធ្វើជា រដ្ឋមន្រ្តី​ស្តីទី​ទទួល​បន្ទុក​​ទីស្តី​ការគណៈរដ្ឋ​មន្រ្តី ជំនួស​លោក សុខ អាន ដែល​បាន​ទទួល​មរណ​ភាព​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ