ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/04 12h00 GMT

គេង​តិច​ជាង​៦​ម៉ោងក្នុង​មួយ​យប់ បង្កើន​គ្រោះ​កើត​ជំងឺ​ផ្តាសាយ​បួន​ដង

គេង​តិច​ជាង​៦​ម៉ោងក្នុង​មួយ​យប់ បង្កើន​គ្រោះ​កើត​ជំងឺ​ផ្តាសាយ​បួន​ដង
 
គេង​តិច​ជាង​៦​ម៉ោង​ក្នុង​មួយយប់​អាច​បង្កើន​គ្រោះ​កើត​ជំងឺ​ផ្តាសាយ​ដល់​ទៅ​បួន​ដង DR

តើ​អ្នកសំរាន្ត​ជាមួយ​នរណា ? មិន​ថា​ជាមួយ​ស្វាមី ឬ​ភរិយា ឬ​ជាមួយ​កូន​​ ឬ ជាមួយ​​មិត្ត​កំដរ​ជា​សត្វ​ទេ សំរាន្ត​មាន​គ្នា​អាច​រំខាន​ដល់​ដំណេក​ពេល​យប់​របស់​អ្នក​ ! ដំណេក​មិន​គ្រប់គ្រាន់ គេង​តិច​ជា​៦ម៉ោង ក្នុង​មួយ​យប់ អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​ និង​ធ្វើ​ឱ្យ​ប្រព័ន្ធ​ការពារ​ខ្លួន​យើង​ចុះ​ខ្សោយ​។ នា​ឱកាស​ទិវាជាតិ​ផ្នែក​​ដំណេក​ នៅ​ប្រទេស​បារាំង ជា​​លើក​ទី ១៧ នៅ​ថ្ងៃទី ១៧​មីនានេះ វិទ្យាស្ថាន​ជាតិ​ផ្នែក​ដំណេក​របស់​បារាំង បាន​ទាញ​សញ្ញា​អាសន្ន​អំពី​​គ្រោះ​ថ្នាក់​នៃ​ការ​គេង​មិន​គ្រប់គ្រាន់ ដែល​គេ​សង្កេត​ឃើញ​មាន​កាន់​តែ​ច្រើនឡើងៗ​ក្នុង​សង្គម​សម័យ​អ៊ីនធ័រនែត។

បើ​តាម​វិទ្យាស្ថានជាតិ​ផ្នែក​ដំណេក និង​ប្រុងប្រយ័ត្ន ដែល​ជា​អ្នក​ផ្តួច​ផ្តើម​គំនិត​បង្កើត​ទិវា​ដំណេក​ឡើង ​​បាន​ដាស់​តឿន​ថា នា​ពេល​បច្ចុប្បន្ន​នេះ បណ្តា​ជន​បារាំងគេង​តិច​ទៅៗ និង​មិនសូវ​​ស្ងប់ស្រួល​​ទេ ! ពាក់​កណ្តាល​គេង​មិន​គ្រប់ មួយភាគ​បី​មាន​បញ្ហា​ដំណេក។ ១៦%​ មាន​ជំងឺ​គេង​មិន​លក់​រ៉ាំរ៉ៃ ៧៣%​ គេង​ភ្ញាក់ៗ យ៉ាង​ហោច​មួយ​ដង​ក្នុង​មួយ​យប់ ខាត​អស់​ប្រមាណ​ជា​៣០​នាទី​ដំណេក និង​២៨%​ងោក​ពេល​ថ្ងៃ។

សម្រាប់​ក្រុម​អ្នក​ឯកទេស​ដំណេក​បារាំង នេះ​គឺ​បណ្តាល​មក​ពី​ល្បឿន​ជីវិត​ ការងារ​ និង​បច្ចេកវិទ្យា​ទំនើប ដែល​រំខាន​ដល់​ប្រព័ន្ធ​ដំណេក​ធម្មជាតិ​របស់​មនុស្ស និង​​ដែល​​ជា​គ្រោះ​ថ្នាក់​សម្រាប់​សុខភាព។​ ដោយហេតុ​តែ​ចង់​បង្ហាញ​សមត្ថភាព​ក្នុង​កន្លែង​ធ្វើការ ​មនុស្សគ្រប់​រូប​ភ្លេច​គិត​ពី​រឿង​សុខភាព​ដំណេក។ ម្យ៉ាង​វិញ​ទៀត ក្នុង​សម័យ​អភិវឌ្ឍន៍ សម័យ​​​អ៊ីនធ័រនែត និង​ប្រព័ន្ធ​សង្គម អេក្រង់តូច អេក្រង់​ធំ បាន​ក្លាយ​ជា​សម្ភារៈ​មិន​អាច​ខ្វះ​បាន​ នៅ​ជាប់​គ្រប់​ដៃ គ្រប់​ម៉ោង ទាំង​យប់​ទាំង​ថ្ងៃ ៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ! តែ​គឺ​សម្ភារៈនេះ​ឯង​ដែល​បាន​ធ្វើ​ឱ្យ​ប្រព័ន្ធ​ដំណេក​ធម្មជាតិ​របស់​មនុស្ស​ប្រែប្រួល​​ទាំង​ស្រុង និង​ធ្វើ​ឱ្យ​យើង​មាន​កង្វះ​ដំណេក​ ឬ​គេង​មិន​លក់​ជាប់​ជា​ប្រចាំ។ នេះ​បើ​តាម​ការ​កត់​សម្គាល់​របស់​លោកស្រី​ប្រធាន​វិទ្យាស្ថាន​ជាតិ​ផ្នែក​ដំណេក​របស់​បារាំង។ 
 
អ្នក​ខ្លះ​ ការងារ​តម្រូវ ! សម័យ​បច្ចេកវិទ្យា គេ​អាចបំពេញ​​ការងារ​​ដោយ​មិនធ្វើ​បំលាស់​ទី ធ្វើការ​ធ្វើ​នៅ​ផ្ទះ​ក៏​បាន ប៉ុន្តែ​កិច្ចបែប​នេះ មាន​ប្រសិទ្ធិភាព​ខ្ពស់ តែ​ក៏​អាច​ជា​បញ្ហា​ដែរ​ ព្រោះ​យើង​ភ្លេច​គិត និងភ្លេច​បែង​ចែង​ពេល​វេលា​ការងារ និង​ជីវិត​ឯកជន។ ទោះ​ក្នុង​ហេតុផល​អ្វី​ក៏​ដោយ ក៏​ការ​​បញ្ឈរ​ភ្នែក​នៅ​មុខ​អេក្រង់ មិន​ត្រឹម​​តែ​បានធ្វើឱ្យ “ការមើល​ហត់នឿយ” ទេ តែ​ពន្លឺ LEDs ​ ពណ៌​ខៀវ​របស់ទូរស័ព្ទ អេក្រង់ ...​ ជា​ការ​បំប៉ន​ភាព​ប្រុង​ប្រយ័ត្ន​របស់​មនុស្ស​ មាន​កម្លាំងទប់​ងងុយ​​ដូច​​​បាន​ទទួលទាន​​កាហ្វេ​។ អេក្រង់​ជា​កាហ្វេរបស់​ភ្នែក ! ដូច្នេះ​ប្រសិនបើ​លោក​អ្នក​ងប់​នឹង​អេក្រង់ ដល់​ម៉ោង​គេង​ហើយ​ ក៏​នៅ​បើក​ទូរស័ព្ទ​ ឆ្លើយ​សារ​ទាំង​កណ្តាល​រាត្រី គឺ​ដូច​ជា​ដាក់​បន្ទុក​លើ​ខួរ​ក្បាល​​ឱ្យ​ស្ថិត​ក្នុង​ស្ថានភាព​ត្រៀម​អាសន្ន​ជាប់​ជា​ប្រចាំ។ ខួរក្បាល​មិន​បាន​សម្រាក​ទេ។ ចង់​ឬ​មិន​ចង់ ដំណេក​លោក​អ្នក​ត្រូវ​រំខាន​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​។ ផ្ទុយ​ស្រលះ​នឹង​និយម​ន័យ​នៃ​ការ​ដេក គឺ​ត្រូវ​ស្ងាត់ និង​គ្មាន​អ្វី​ទាំ​ងអស់។
ចុះ​អ្នក​វិញ ? តើ​អ្នក​គេង​គ្រប់​គ្រាន់​ទេ ?
 
គេង​មិន​គ្រប់​គ្រាន់​អាច​នាំ​ឱ្យ​ខូច​សុខភាព។ ដូច្នេះ​សួរ​ថា​តើ​មនុស្ស​ម្នាក់ៗ ត្រូវ​គេង​ប៉ុន្មាន​ម៉ោង ទើប​ល្អ ? ហើយ​អ្វី​ខ្លះ​ទៅ​ជា​គ្រោះ​ថ្នាក់ នៃ​ការ​គេង​មិន​គ្រប់​គ្រាន់ ? យើង​ស្តាប់​ប្រសាសន៍​របស់​លោកស្រី វេជ្ជបណ្ឌិត Joëlle Adrien ឯកទេស​ប្រព័ន្ធ​ប្រសាទជីវសាស្ត្រ និង​ជា​ប្រធាន​វិទ្យាស្ថាន​ជាតិ​ផ្នែក​ដំណេក​នៅ​ប្រទេស​បារាំង
 
“​សេចក្តី​ត្រូវការ​ផ្នែក​ដំណេក​ខុស​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់ ! ប៉ុន្តែ​គេ​ចាត់​ទុក​ថា គេងតិច​ជាង៦​ម៉ោង ក្នុង​មួយ​យប់ គឺមាន​បញ្ហា​ចោទ​ដល់​សុខភាព​ហើយ។ ជំងឺ​ដែល​បណ្តាល​មក​​ការ​គេ​មិន​គ្រប់​គ្រាន់ គឺ​បើ​គេង​តិច​ជា​៦​ម៉ោង​យូរៗ​ទៅ នឹង​ធ្វើ​ឱ្យ​លេច​ចេញ​នូវ​ជំងឺ​មេតាបូលិក ពោល​គឺ​ ​មាន​ហានិភ័យ​ជួប​គ្រោះ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​សម្ពាធ​ឈាមឡើង​ឈាម ធ្ងន់ធ្ងរ ដែល​អាច​ប៉ះពាល់​ដល់​សរសៃឈាម​បេះដូង។ គេង​មិន​គ្រប់​ក៏​នឹង​អាចធ្វើ​ឱ្យ​កើត​មាន​ប្រតិកម្ម​រលាក និង​គ្រោះ​ប៉ះពាល់​ផ្លូវចិត្ត ដូច​ជា​មាន​ស្តេស មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ ... មិន​ត្រូវ​មើល​ស្រាល​ពេល​វេលា​គេង​ទេ។ គោរព​សេចក្តី​ត្រូវការ​នៃដំណេក ជា​ប្រការ​ដ៏​សំខាន់​ចាំបាច់​បំផុត។”
 
បើ​តាម​ការ​សិក្សា​របស់​អាមេរិក ចេញ​ផ្សាយ​ក្នុង​សារព័ត៌មាន​Sleep វិញ មនុស្ស​ណា​ដែល​គេង​មិន​គ្រប់​គ្រាន់ មានហានិភ័យ​ជួប​គ្រោះ​ កើត​​ជំងឺផ្តាសាយ​ ច្រើន​ជាង​អ្នក​គេង​គ្រប់គ្រាន់​ដល់​ទៅ​បួន​ដង។ ការ​សន្និដ្ឋាននេះ ជា​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​សាកល្បង​លើ​មនុស្ស​១៦៤​នាក់ ទាំងពីរ​ភេទ អាយុ​ពី ១៨ ទៅ​៥៥​ឆ្នាំ​ ដែល​សុខ​ចិត្ត​ប្រឈម​នឹង​វីរ៉ុស​ផ្តាសាយ​។ អ្នក​វិទ្យាសាស្ត្រ​បាន​ថត​ទម្លាប់​គេង​របស់​ពួក​ម្នាក់ៗ និង​បាន​ទទួល​ការ​ត្រួត​ពិនិត្យ​សុខភាព​ជា​មុន ដោយ​បាន​ផ្តល់​ព័ត៌មាន​​ចាំបាច់​​ ដើម្បី​ឱ្យ​អ្នក​ស្រាវជ្រាវ​បាន​ស្គាល់​ពួក​គេ​កាន់​តែច្បាស់។
ក្រោយ​ពី​បាន​បណ្តក់​​បញ្ចូល​វីរ៉ុស​ផ្តាសាយ​ រីណូវីរ៉ុស​ ​ក្នុង​ច្រមុះអ្នក​ស្ម័គ្រ​ចិត្ត​ហើយ អ្នក​វិទ្យាសាស្ត្រ​ធ្វើ​ការ​តាមដាន​ និង​វិភាគ​មើល​ជា​រៀង​រាល់​ថ្ងៃ​ ការ​វិវឌ្ឍន៍​នៃ​វីរ៉ុស។ នៅ​ក្នុង​ចំណោម​ពួក​គេ​ទាំង​១៦៤​នាក់ មាន​១២៤​នាក់ បាន​ឆ្លង​មេរោគ​ ក្នុងនោះ ៤៨​នាក់​បាន​ឆ្លង​និង​កើត​ជំងឺ​ផ្តាសាយ យ៉ាង​ពេញ​លក្ខណៈ។
 
​អ្នក​ដែល​បាន​ឆ្លង​វីរ៉ុស និង​ធ្លាក់​ខ្លួន​ឈឺផ្តាសាយ​ សុទ្ធ​តែ​បាន​​គេង​តិច​ជាង​៦​ម៉ោង ក្នុង​មួយយប់​ ក្នុងរយៈ​ពេល​ពេញ​មួយ​សប្តាហ៍​នេះ។ បើ​តាម​លទ្ធផល​ពិសោធន៍​នេះ ភាព​​រងគ្រោះមាន​​ច្រើន​លើស​ដល់​៤,២​ដង សម្រាប់​អ្នក​​គេង​តិច​ជាង​៦​ម៉ោង និង​បួន​ដង​កន្លះ សម្រាប់​អ្នក​គេង​តិច​ជាង​៥​ម៉ោង។ ផ្ទុយ​ទៅ​វិញ សម្រាប់​អ្នក​គេង​លើស​ពី​៦​ទៅ​៧​ម៉ោង ផលគុណ​នៃ​ហានិភ័យ​មាន​ត្រឹម​តែ​១,៦ប៉ុណ្ណោះ។ សម្រាប់អ្នក​វិភាគ កង្វះ​ដំណេក​ភ្នាក់ងារចំបង​នាំ​ធ្លាក់​ខ្លួន​ឈឺ​ មិនមែន​អាយុ​ ​កំរិត​ស្តេស​ខ្ពស់​ឬ​ទាប ប្រព្រឹត្ត​​បារី ឬ​ផឹក​ស្រា​ ពូជខ្លាំង​ពូជ​ខ្សោយ ទេ.... គុណភាព​ដំណេក​ ជា​កត្តា​ដែល​សំខាន់​ជាង​គេ​បង្អស់សម្រាប់​សុខភាព។
 
ដំណេក​មាន​តួនាទី​ជា​មើលការ​ខុស​ត្រូវ​ប្រព័ន្ធ​ការពារ​ខ្លួន​។ កង្វះ​ដំណេក ឬ​គេង​មិន​គ្រប់ក្រាន់ អាច​រំខាន​ចរាចរណ៍​នៃ​កោសិការ​ខ្លះ​របស់​ប្រព័ន្ធ​ការពារ​ខ្លួន ជា​ហេតុធ្វើ​ឱ្យ​មេរោគ​អាច​ជ្រៀត​ចូល​ និង​ពង្រីក​កម្លាំង​វាយលុក​ក្នុង​ខ្លួន​ប្រាណ​មនុស្ស​បាន ដែល​ជា​កត្តា​អនុគ្រោះ​ឱ្យ​ងាយ​កើត​ជំងឺ​រលាក ចម្លង​រោគ។
 
ផ្តាសាយ​គ្រាន់​តែ​ជា​ផលវិបាក​តូច​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែកង្វះ​ដំណេក​អាច​នឹង​បន្សល់ទុក​នូវ​ផលវិបាក​ធ្ងន់ធ្ងរ​ខ្លាំង ដូច​ដែល​អ្នក​ស្រាវជ្រាវ​អាមេរិកធ្លាប់​សិក្សា​កន្លង​មក ថា​មាន​ចំណង​ទាក់ទង​គ្នា​រវាង​កង្វះដំណេក​នឹង​ជំងឺ​រ៉ាំរ៉ៃ ជំងឺ​ស្លាប់​មុន​អាយុ​ គ្រោះ​កើត​ជំងឺ​សរសៃឈាម​បេះដូង ជំងឺ​មេតាបូលិក ទឹក​នោម​ផ្អែម លើស​ឈាម​ ដូច​បាន​រៀប​រាប់​ខាង​លើ។ ទាំង​នេះ នៅ​មិន​ទាន់​រាប់​អំពី​ផលវិបាក​មិនមែន​ជំងឺ គឺ​គ្រោះ​ថ្នាក់​ចរាចរណ៍ បង្ក​ឡើង​ដោយ​ការ​ងងុយគេង ពេល​បើកបរផង។
 
ចុះ​សួរ​ថា​តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ទើប​គេង​បាន​គ្រប់គ្រាន់ ? សម្រាប់លោកស្រី​វេជ្ជបណ្ឌិត Joëlle Adrien យក​ល្អ​គឺ​ត្រូវ​គេង​ម្នាក់​ឯង​ ព្រោះ​ការ​គេង​មាន​គ្នា​ថ្វី​បើ​អាច​កំដៅ​អារម្មណ៍​បាន​មែន ប៉ុន្តែ​មិន​ប្រាកដ​ថា​យើង​អាចគេង​បាន​ដោយ​ស្កប់​ស្កល់​ល្អ​ឡើយ ៖
 
ការ​គេង​មាន​គ្នា អាច​ជា​រំខាន​ដំណេក​ សម្រាប់​មនុស្ស​ខ្លះដែល​មាន​ប្រមាណ​ជា​៣០%។ ការ​រំខាន​នោះ​មិន​មែន​ដោយ​សារ​តែ​សំឡេង​​ស្រមុក ដូច​ជា​យើង​គ្រប់​គ្នា​គិត​ឡើយ បើ​ទោះ​បី​ជា​មនុស្ស​ទូទៅ​ ស្រមុកចម្រើន​ទៅ​តាម​វ័យ​យ៉ាងណា​ក៏​ដោយ។ តាម​ការ​ពិត ការ​រំខាន​ដំណេក​ខ្លាំង​គេ លំដាប់​លេខ​មួយ គឺ​ការ​រើ​បម្រាស់។ ការ​គេង​បម្រាស់​ជា​ករណី​ធម្មតា​របស់​មនុស្ស​លោក ! ក្នុង​មួយ​យប់ៗ​ មនុស្ស​តែង​គេង​រើ​ធ្វើ​ចលនា​ប្រមាណ​ពី ៤០ ទៅ​៦០​ចលនា។ តែ​មនុស្ស​គ្រប់រូប​មិន​ដែលគិត​ថា​ការរើ​នេះ​ជា​រំខាន​ដំណេក​ទេ៕

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • នាទីសុខភាពនិងអនាម័យ

    គេងក្នុង​បន្ទប់​ជាមួយ​ឪពុក​ម្តាយ​​កាត់​បន្ថយ​ហានិភ័យ​ទារកដេក​​ស្លាប់​

    ស្វែងយល់បន្ថែម

  • នាទីសុខភាពនិងអនាម័យ

    « គេងថ្ងៃ » របប​បន្ថែម​សម្រាប់​​ប៉ូវ​ដំណេក

    ស្វែងយល់បន្ថែម

  • នាទីសុខភាពនិងអនាម័យ

    គេង​មិន​គ្រប់គ្រាន់​នាំ​ឱ្យ​ខូច​សុខភាព

    ស្វែងយល់បន្ថែម

  • រលាក​ថ្លើម​រាតត្បាត​ខ្លាំង​ជាង​ជំងឺ​របេង និង​អេដស៍

    រលាក​ថ្លើម​រាតត្បាត​ខ្លាំង​ជាង​ជំងឺ​របេង និង​អេដស៍

    ចំនួន​មនុស្ស​ស្លាប់​ព្រោះ​ជំងឺ​រលាក​ថ្លើម​ មាន​ការ​កើន​ឡើង​ ពេញ​ពិភពលោក ! នៅ​ក្នុង​ចំណោម​អ្នក​ជំងឺ​​រលាក​ថ្លើម​ចំនួន ប្រមាណ ៣២៥​លាន​នាក់ មាន​ចំនួន​តិច​តួច​ណាស់ ដែល​​ដឹង​ខ្លួន​ថា​​ផ្ទុក​មេរោគនេះ​។ …

  • ទិវាសុខភាព​ពិភពលោក២០១៧ ឧទ្ទិសដល់​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​

    ទិវាសុខភាព​ពិភពលោក២០១៧ ឧទ្ទិសដល់​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​

    ​ទិវា​សុខភាព​ពិភពលោក តែង​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ នៅ​ថ្ងៃទី ៧ មេសា​ ដើម្បីជា​ការ​​រំលឹក​ដល់ខួប​នៃ​ការ​បង្កើត​អង្គការ​សុខភាព​ពិភពលោក​ឡើង និង​ដើម្បីឆ្លៀត​​ឱកាស​​​​ប្រមូល​ផ្តុំ​កម្លាំង​គ្នា​ឧទ្ទិស​ដល់​ប្រធានបទ​សុខភាព​ណា​មួយ​ជា​ប្រយោជន៍​​ដល់​ពិភពលោកទាំង​មូល។ …

  • តើឫស​ជា​ជំងឺ​អ្វី ?

    តើឫស​ជា​ជំងឺ​អ្វី ?

    ឫស​ មាន​ទម្រង់​ដូច​ជា​ដំបៅ​សើរ​ស្បែកតូច​ ស្រាល ដែលបង្ក​ឡើង​ដោយ​​​វីរ៉ុស។ ឫសអាច​កើត​​នៅ​ម្រាម​ដៃ ម្រាមជើង ​បាតជើង លើ​មុខ ឬ​នៅ​ក នៅ​ឃ្លៀក ជួន​ឈឺ​ខ្លាំង ជួន​ឈឺ​តិច។ ឫស​ជា​ជំងឺ​ស្រាល …

  • យល់​ដឹង​អំពី​ជំងឺរលាក​សួត

    យល់​ដឹង​អំពី​ជំងឺរលាក​សួត

    ជំងឺ​រលាក​សួត អាច​ចាត់​ទុក​ជា​ជំងឺ​កាច​សាហាវ​មួយ ដែល​អាច​សម្លាប់​ជីវិត​មនុស្ស​ បាន​ដោយ​ងាយ​ ប្រសិន​បើ​គ្មាន​ការ​ការពារ និង​ព្យាបាល​ដោយ​ត្រឹម​ត្រូវ និង​ទាន់​ពេល​វេលា។ …

  • តើ​គួរ​ជ្រើសរើស​ផលិតផល​សំអាង​យ៉ាង​ដូចម្តេច ?

    តើ​គួរ​ជ្រើសរើស​ផលិតផល​សំអាង​យ៉ាង​ដូចម្តេច ?

    ផាត់​មុខ លាប​ក្រេម​ម្សៅ ឡេ លាប​សក់ អប់​ប្រេង​ម្សៅ ... នរណា​មិន​ចង់​ស្អាត មិន​ចង់​ល្អ មិន​ចង់​លើក​តម្កើង​សម្រស់​ឱ្យ​កាន់​តែ​ស្រស់​ស្អាតផូរផង់ ក្មេង​ជាង​វ័យ និង​គួរ​ឱ្យទាក់ទាញ​នោះ …

  • តើ​គួរ​​​ចម្អិន​អាហារ​ បែបណា ទើប​អាច​ទាញ​ប្រយោជន៍​បាន​ច្រើន​ចំពោះ​សុខភាព ?

    តើ​គួរ​​​ចម្អិន​អាហារ​ បែបណា ទើប​អាច​ទាញ​ប្រយោជន៍​បាន​ច្រើន​ចំពោះ​សុខភាព ?

    ការ​ចម្អិន​ម្ហូបអាហារ​ មិន​មែន​ត្រឹម​តែ​មាន​ឥទ្ធិពល​ផ្តល់ជា​​រសជាតិ​​ខុស​គ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​តួនាទី​សំខាន់សុខភាព​ដែរ។ ការ​ចម្អិន​អាច​ធ្វើ​ឱ្យ​ចំណី​អាហារ​​តែ​មួយ​ …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ