អានតួអត្ថបទ
កម្ពុជា-នយោបាយ

រដ្ឋាភិបាល​តែង​តាំង​ការងារ​ច្រើន​បន្ថែម​ឱ្យ​លោកប៊ិន ឈិន

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន បាន​ចុះហត្ថលេខា​លើ​សេចក្តី​សម្រេច​មួយ​កែ​សម្រួល​ និង​កំណត់​ភារៈកិច្ច​ឱ្យ​លោក ប៊ិន ឈិន ដែល​ជា​រដ្ឋមន្ត្រី​ស្តីទី​នៃ​គណៈរដ្ឋមន្ត្រី។ ក្នុង​លិខិត​ដែល​អ្នក​សារព័ត៌មាន​ទើប​តែ​ទទួល​បាន ប៉ុន្តែ​បាន​ចេញ​កាល​ពី​ថ្ងៃ​ទី ២៧​មីនា​នោះ លោក​ប៊ិន ឈិន​មាន​មុខងារ​ជា​ច្រើន​ដែល​សុទ្ធ​តែ​ជា​ការងារ​របស់​លោក​សុខ អាន អតីត​រដ្ឋមន្ត្រី​ទទួល​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី។

រដ្ឋាភិបាល​តែង​តាំង​ការងារ​ច្រើន​បន្ថែម​ឱ្យ​លោក​ប៊ិន ឈិន
រដ្ឋាភិបាល​តែង​តាំង​ការងារ​ច្រើន​បន្ថែម​ឱ្យ​លោក​ប៊ិន ឈិន
ផ្សាយពាណិជ្ជកម្ម

មាន​មុខនាទី​ជា​ច្រើន​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ប្រគល់​ឱ្យ​លោក​ប៊ិន ឈិន​ដើម្បី​ជួយ​ដោះ​ស្រាយ​ការងារ​ប្រចាំ​ថ្ងៃ​របស់​ប្រមុខ​រដ្ឋាភិបាល​បន្ទាប់​ពី​មរណៈកាល​របស់​លោក​សុខ អាន។ ការងារ​របស់​លោក​ប៊ិន ឈិន​រួម​មាន ទទួល​បន្ទុក​ប្រចាំ​ការ​ដោះ​ស្រាយ​ការងារ​ប្រចាំ​ថ្ងៃ​ជំនួស​នាយក​រដ្ឋមន្រ្តី សម្រប​សម្រួល​កិច្ចការ​សម្រាប់​គណៈរដ្ឋមន្រ្តី នាយក​រដ្ឋមន្រ្តី និង​បណ្តា​ឧបនាយក​រដ្ឋមន្រ្តី។ ក្រៅ​ពី​នេះ លោក​ប៊ិន ឈិន​ក៏​នឹង​ត្រូវ​ទទួល​បន្ទុក​ការងារ​តាម​ដាន​សម្រប​សម្រួល​ដំណើរ​ការ​តុលាការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ផង​ដែរ។ លោក​ប៊ិន ឈិន​ក៏​ទទួល​សិទ្ធិ​ពី​នាយក​រដ្ឋមន្រ្តី ក្នុង​ការ​ពិនិត្យ និង​សម្រេច​លើ​ការងារ​របស់ «ច្រក​ចេញ-ចូល​តែ​មួយ» នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ប៉ុន្តែ​ការងារ​នេះ​លោក​ប៊ិន ឈិន​នឹង​សុំ​ការ​ណែនាំ ឬ​ការ​សម្រេច​ពី​លោក​នាយក​រដ្ឋមន្ត្រី​លើ​ការងារ​ដែល​មាន​វេទយិតភាព​ខ្ពស់។

បន្ថែម​ពី​ការងារ​ខាង​លើ រដ្ឋមន្ត្រី​ស្តីទី​រូប​នេះ​នឹង​ទទួល​សិទ្ធិ​ពី​នាយក​រដ្ឋមន្រ្តី​ក្នុង​ការ​ពិនិត្យ និង​សម្រេច​លើ​សំណើរ​ស្មុំ​កូន និង​ការ​លា​សញ្ជាតិ ហើយ​ដោយ​ឡែក​ការងារ​ចាស់​របស់​លោក​គឺ​ដឹក​នាំ​ផ្ទាល់​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​ទំនាស់​ដី​ធ្លី​ក៏​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​ដដែល។ ហើយ​លោក​ប៊ិន ឈិន នឹង​ទទួល​បន្ទុក​លើ​ការងារ​ដឹក​នាំ​ផ្ទាល់​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់ និង​ការងារ​រៀប​ចំ​ចម្លើយ​តប​នឹង​សំណួរ​របស់​សមាជិក​រដ្ឋសភា ស្រប​តាម​នីតិវិធី​ច្បាប់ ហើយ​ចុង​ក្រោយ​គឺ​ជួយ​ការងារ​នាយក​រដ្ឋមន្ត្រី​លើ​ការងារ​បង្ការ ទប់​ស្កាត់ និង​ប្រឆាំង​អំពើ​ពុក​រលួយ។ គួរ​បញ្ជាក់​ថា លោកប៊ិន ឈិន ដែល​ជា​ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំ​ការ ត្រូវ​បាន​រដ្ឋាភិបាល​តែង​តាំង​ជា​រដ្ឋមន្ត្រី​ស្តីទី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី ១៦ មីនា​ក្រោយ​មរណកាល​របស់​លោក​សុខ អាន កាល​ពី​ថ្ងៃ​ទី ១៥ មីនា​កន្លង​ទៅ​នេះ។

សូម​រំលឹក​ផង​ដែរ​ថា រដ្ឋាភិបាល​កម្ពុជា ទើប​បាន​ផ្ទេរ​អាជ្ញាធរ និង​គណៈកម្មការ​ចំនួន ៥​ឱ្យ​ចូល​ទៅ​នៅ​ក្រោម​ក្រសួង​នីមួយៗ​វិញ។ ក្នុង​នោះ​មាន​អាជ្ញាធរ​អប្សរា និង​អាជ្ញាធរ​ព្រះ​វិហារ ត្រូវ​ទៅ​នៅ​ក្រោម​ក្រសួង​វប្បធម៌ គណៈកម្មការ​គ្រប់​គ្រង​ផ្លូវ​ដែក ត្រូវ​ផ្ទេរ​ឱ្យ​ទៅ​នៅ​ក្រោម​ក្រសួង​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូន ក្រុម​ប្រឹក្សា​គណៈវិស្វកម្ម​ត្រូវ​ប្រគល់​ឱ្យ​ក្រសួង​ការងារ។ ដោយ​ឡែក​ក្រុម​កាយរិទ្ធិ​របស់​ជាតិ​ក៏​ត្រូវ​ផ្ទេរ​មក​ឱ្យ​ក្រសួង​អប់រំ​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ