អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

​គំនិតយល់​​ខុស​១០​យ៉ាង​ ទាក់ទង​នឹង​បារី ឬ​ថ្នាំ​ជក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី ៣១ ឧសភា ជា​ទិវា​ពិភពលោក​គ្មាន​ថ្នាំ​ជក់។ អង្គការ​សុខភាព​ពិភពលោក និងប្រទេស​​ដៃគូ តែង​ប្រារព្វ​ទិវា​នេះ​ជា​រៀង​រាល់​ឆ្នាំ ក្នុង​បំណង​ដាស់​តឿន​រំលឹក​អំពី​ហានិភ័យ​បង្ក​ឡើង​ដោយ​បារី ឬ​ថ្នាំ​ជក់​ ចំពោះ​សុខភាព ចំពោះ​អ្នក​ស្រូប​ផ្សែង​បារី​ពីគេ និង​ដើម្បី​ជំរុញ​ឱ្យ​មាន​នយោបាយ​កាត់​បន្ថយ​​ការ​ប្រើប្រាស់​បារី​​ប្រកប​ដោយ​ប្រសិទ្ធភាព។ សម្រាប់​ឆ្នាំ​២០១៧​នេះ ទិវា​ពិភពលោក​គ្មាន​ថ្នាំ​ជក់ បាន​ផ្តោត​ប្រធានបទ​លើ "ថ្នាំជក់​ គំរាម​ការ​អភិវឌ្ឍន៍"។​តើ​បារី​មាន​គ្រោះ​ថ្នាក់​យ៉ាង​ណា​ខ្លះ​ ចំពោះ​សុខភាព ? ការធ្វើ​កីឡា និង​ជក់​បន្តិច​បន្តួច អាច​លុប​បំបាត់​គ្រោះថ្នាក់​បាន​ដែរ​ឬទេ​ ?

ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់ ២០១៧ ផ្តោត​លើ​ប្រធានបទ ថ្នាំ​ជក់​គំរាម​មនុស្ស​គ្រប់រូប
ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់ ២០១៧ ផ្តោត​លើ​ប្រធានបទ ថ្នាំ​ជក់​គំរាម​មនុស្ស​គ្រប់រូប oms
ផ្សាយពាណិជ្ជកម្ម

ជក់បារី គឺ​ជា​ការ​គំរាមកំហែង​ដ៏ធ្ងន់ធ្ងរ​មួយចំពោះសុខភាព​សាធារណៈ​ពិភពលោក​​ដែល​ពុំ​ធ្លាប់​មាន​ការ​វាស់​វែង​ទេ។ ប៉ុន្តែ​អ្វី​ដែល​ច្បាស់ គឺ​​បារីជា​ការ​គំរាម​កំហែង​ការ​អភិវឌ្ឍន៍ ចំពោះ​មនុស្ស​គ្រប់រូប ! ​បារី​សម្លាប់​មនុស្ស​ជាង​៧​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ។ ចំនួន​នេះ​នឹង​កើន​ឡើង​ដល់​៨លាន​នាក់ នៅ​ឆ្នាំ​២០៣០ ប្រសិន​បើ​គ្មាន​វិធានការ​ប្រយុទ្ធ​ប្រឆាំង​ទេ។ ជាង​៦​លាន​នាក់​ជា​អ្នក​កំពុងជក់ ឬ​ធ្លាប់​ជក់​បារី ហើយ​ជិត​៩​សែន​នាក់ ជា​អ្នក​ស្រូប​ផ្សែង​បារី​ពី​គេ​ដោយ​អចេតនា។

ក្នុងរាល់​​៦វិនាទី​ម្តង​ មាន​មនុស្ស​ម្នាក់​ស្លាប់​ព្រោះ​បារី ឬ​អាច​និយាយ​បាន​ថា​ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ​ស្លាប់​១០​នាក់ មាន​ម្នាក់​ត្រូវ​បាន​សម្លាប់​ដោយ​បារី ដោយ​ផ្ទាល់​និង​ដោយ​ប្រយោល។ អ្នកកំពុង​ជក់​បារី​ក្នុងពេល​បច្ចុប្បន្ន ពាក់កណ្តាល​នឹង​ត្រូវ​ស្លាប់​ដោយ​សារ​ជំងឺ​ទាក់ទង​នឹង​បារី។

 
ចំនួន​អ្នក​ជក់​បារី​នៅ​លើ​ពិភពលោក មាន​ប្រមាណ​១ពាន់​លាន​នាក់​ ក្នុង​នោះ​ជិត​៨០%​រស់​នៅ ក្នុង​ប្រទេស​ក្រីក្រ ឬ​​ប្រទេស​មាន​ចំណូល​មធ្យម ! ប្រទេស​ដែល​អត្រាមរណៈ​ដោយ​បារី​មាន​កំរិត​ខ្ពស់​ខ្លាំង។

ថ្នាំ​ជក់ ឬ​បារី ជា​ប្រភព​នៃ​គ្រោះ​ថ្នាក់ និ​ងបាន​បង្ក​ឱ្យ​មាន​មនុស្សស្លាប់​ច្រើន​ជាង ជំងឺ​របេង​ ជំងឺ​ស៊ីដា គ្រោះថ្នាក់​ចរាចរណ៍​ បូក​បញ្ចូល​គ្នា​ទៅ​ទៀត។ ហេតុ​ដូច្នេះ​ហើយ​បាន​គ្រប់​ប្រទេស និង​ថ្នាក់​ដឹកនាំ​នយោបាយ ក៏​ដូច​ជា​បុគ្គល​ជា​ពលរដ្ឋ​សាមញ្ញ​ គួរ​តែ​ចូល​រួម​ចំណែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ថ្នាំ​ជក់ ព្រោះ​វា​មិន​ត្រឹម​តែ​អាចជួយ​ការ​ពារ សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​ទេ តែ​ថែម​ទាំង​អាច​ចំណេញ​ផ្នែក​សេដ្ឋកិច្ច ដោយមិន​បាច់​ត្រូវ​ចំណាយ​ថវិកា​សម្រាប់​ថែទាំ​អ្នក​ជក់​បារី។

ថ្នាំជក់​ឬ​បារី មិន​មែន​ត្រឹម​តែ​ធ្វើ​ឱ្យ​អ្នក​ជក់​ផ្ទាល់ ខូច​សុខភាព​ទេ បរិស្ថាន​នៅ​ជុំ​វិញ​ខ្លួន ទាំង​ធម្មជាតិ ទាំង​មនុស្ស​សត្វ​ដែល​នៅ​ក្បែរ​ និង​បាន​ស្រូប​ផ្សែង​បារី​ពី​គេ​ ក៏​ត្រូវ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដូច​គ្នា ព្រោះ​ថា​ផ្សែង​បារី ​មាន​ផ្ទុក​សារធាតុ​គីមី​ ​ ជាង​៤ពាន់​ប្រភេទ ដែល​ក្នុង​នោះ​ មាន​យ៉ាង​ហោច​២៥០​មុខ ជាសារធាតុ​គីមី​ពុល និង​ជាង​៥០​មុខ​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក។

​ជាតិ​ពុល​របស់​ថ្នាំ​ជក់​ មាន​តាំង​ពី​កំណើត​ រហូត​ដល់​ឆេះ​ចេញ​ផ្សែង។ គ្រាន់​តែធ្វើ​កា​រក្នុង​ចំ
ការ​ថ្នាំ​ជក់​ ក៏​ជា​តំណាង​ហានិភ័យ​មួយ​ស្រេច​ទៅ​ហើយ ជាពិសេស​កុមារ។ នៅ​ក្នុង​ប្រទេស​ខ្លះ ដោយ​សារ​តែ​ជីវភាព​​​ក្រីក្រ ទ័ល​ខ្លាំង​ពេក គ្រួសារ​ខ្លះ​បាន​បញ្ជូន​កូន​ដែល​នៅ​ជា​កុមារ​នៅ​ឡើយ​ទៅ​ធ្វើ​ការ​ក្នុង​ចំការ​ដាំដុះ​ថ្នាំ​ជក់។ កុមារ​ទាំង​នោះ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ! ដែល​មិន​ខុស​អ្វី​ប៉ុន្មាន​ពី​ជំងឺ​បង្ក​ឡើយ​ដោយ​ផ្សែង​បារី​ទេ។ ​​គឺ​ជា​គ្រោះ​ថ្នាក់​ដែល​កើត​ឡើង​តាម​រយៈ​ការ​ប៉ះពាល់​ កាន់​និង​កាច់​ស្លឹក​ថ្នាំ។ ជាតិ​នីកូទីន ដែល​មាន​ជា​ពី​កំណើត​ក្នុង​ដើម​និង​ស្លឹក​ថ្នាំ​ជក់ អាច​ជ្រាប​ចូល​តាម​ស្បែក​ និង​បង្ក​ជា​គ្រោះ​ថ្នាក់​កើត​ជំងឺ​ផ្សេងៗ​បាន​ នៅ​ពេលកុមារ​​កាន់ កាច់​ស្លឹក​ថ្នាំនោះ​ស្រស់ៗ។

ថ្នាំ​ជក់​ឬ​បារី​ មាន​ជាតិ​ពុល​ខ្លាំង អ្នក​ជក់​បារី និង​ក្រុមគ្រួសារ​អ្នក​ជក់​បារី​ មួយ​ចំនួន​ក៏​បាន​ជ្រួតជ្រាប​អំពី​គ្រោះ​ថ្នាក់​បង្ក​ឡើង​ដោយ​​បារីដែរ ប៉ុន្តែ​ការ​ផ្តាច់​បារី​ជារឿង​មួយ​ផ្សេង​ទៀត។ ហេតុអ្វី​បាន​ជា​ដូច្នេះ ?! ខាង​ក្រោម​ជា​សំណួរ​ចម្លើយ​​ដែល​អាច​បំភ្លឺ​នូវ​ការ​គិត​ខុស​មួយ​ចំនួន។

ខ្ញុំ​ជក់​តិច​តួច ដូច្នេះ​នឹង​គ្មាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​ដល់​សុខភាព​ទេ ?

ខុស ! ការសិក្សា​វិទ្យាសាស្ត្រច្រើន​ណាស់ បាន​បង្ហាញ​ថា ជក់​បារី សូម្បីតែ​មួយ​ដើម​ក្នុង​មួយ​ថ្ងៃ ក៏​ហានិភ័យ​ជួប​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព កើន​ឡើង​ដែរ។ នៅ​ពេល​ត្រូវ​ផ្សែង​បារី ដែល​យើង​បឺត​ចូល​ទៅ ទោះ​មួយ​ដើម​ក្តី ក៏​នឹង​អាច​ធ្វើ​ឱ្យ​ទង​សួត​​​ត្រូវ​រលាក​ និង​​យូរៗ​អាចបង្ក​ឱ្យ​​មាន​ដុំ​សាច់​ ជួន​អត់​ដែរ ព្រោះ​ថា​មនុស្ស​យើងកើត​មក​មិន​ដូច​គ្នា​ ខ្លះ​ក៏​មាន​សុខភាព​រឹង​មាំ​ខ្លាំង ខ្លះ​មិន​សូវ។ ប៉ុន្តែ​ ការ​ដែលទង​សួត​​រលាក​ញយៗ​​ ម្តង​ហើយ​ម្តង​ទៀតនេះ​ឯង​ដែរ​ជា​គ្រោះថ្នាក់។ ជក់​មួយ​ដើម​ ឬ​ ៥​ដើម ឬ​២០​ដើម​ក្នុង​មួយ​ថ្ងៃ ជា​ច្រើន​ឆ្នាំ​ទៅ កត្តា​បង្ក​គ្រោះ​ហានិភ័យ​​មាន​ដូច​តែ​គ្នា។ អ្នក​មាន​ឈ្មោះ​ថា​ជា​អ្នក​ជក់​បារី ! ហើយ​ផ្សែង​បារី​ដែល​អ្នក​បង្ហុយ​ចោល​ តែ​ត្រូវ​ស្រូប​ចូល​ដោយ​អ្នក​នៅក្បែរ ក៏​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ស្រូបផ្សែង​ពី​គេ​​ដូច​គ្នា​។ ទោះស្រូប​តិច​ក្តី ម្តងម្កាល​ក្តី​ ក៏​ផ្សែងបារីអាច​បង្ក​គ្រោះ​ថ្នាក់​បាន​ដែរ។ ពោល​គឺ​គ្មាន​កំរិត​អប្បបរិមា​ឡើយ។

អ្នក​ជក់​គ្មាន​ឆន្ទៈ​ឈប់ ទើប​មិន​អាច​ផ្តាច់​បាន​ ?
កុំ​បន្ទោស​​ដូច្នេះ​ ! អ្នក​ឯកទេស​បាន​ប្រកាស​ថា “ពាក្យ​សំដី​ខាង​លើ​ជា​ការ​ដាក់​កំហុស។ ផ្តាច់​បារី​មិន​មែន​ជា​បញ្ហា​ឆន្ទៈ​ទេ តែ​មក​ពីទម្លាប់”។ ​ជាតិ​នីកូទីនក្នុង​បារី ថ្នាំ​ជក់ ផ្តល់​ការ​ញៀន​ដូច​ជក់​កញ្ឆា និង​ទៅ​ខួរក្បាល​ ត្រង់​កន្លែង​តែ​មួយ​ដែល​ផ្តល់​ភាព​ធូរ​ស្រាល​ក្នុង​អារម្មណ៍។ តាមការពិត ជាតិ​នីកូទីន ជា​អ្នក​បង្កើត​ឱ្យ​ភាព​រីករាយ និង​មាន​សមត្ថភាព​ប្រឆាំង​នឹង​ការ​ធ្លាក់​ទឹក​ចិត្ត ហើយ​អាច​ប្រព្រឹត្ត​ក្នុង​រយៈ​ពេល​វែង​បាន​ទៀត ខុស​ពី​អ្នក​ប្រើគ្រឿង​ញៀន​កូកាអ៊ីន មិន​អាច​ធុន​បាន​យូរ​ឡើយ។ បារី គឺ​ជា​គ្រឿង​ញៀន គ្រាន់​តែ​មិន​បាន​ធ្វើ​ឱ្យ​មនុស្ស​ចេញ​ក្រៅ​សង្គម​ដូច​ញៀន​ស្រា ញៀន​អាភៀន។

នីកូទីន ជា​ជាតិ​ពុល ?
នីកូទីន​របស់​ថ្នាំ​ជក់​ គឺ​ជា​ថ្នាំ​ញៀន ! ប៉ុន្តែ​នីកូទីន មិន​មែន​ជា​ភ្នាក់ងារ​បង្ក​​ជំងឺ​មហារីក​ទេ។ នីកូទីន បង្កើន​សម្ពាធ​ឈាម បង្កើន​ល្បឿន​ចង្វាក់​បេះដូង​ និង​ជា​អ្នក​ជំរុញ​ឱ្យ​មាន​ការ​បញ្ចេញ​អ័រមូន​អាដ្រេណាលីន។ គឺ​​​នីកូទីន​នេះ​ឯង​ដែល​ជំរុញ​ឱ្យ​អ្នក​ជក់​បារី​ញៀន​ ព្រោះ​ដោយ​សារ​នីកូទីន ទើប​មាន​ការ​បញ្ចេញ​អ័រមូន​ដូប៉ាមីន នៅ​ខួរក្បាល ដែល​ដូច​ជា​ចុច​ត្រង់​សរសៃ​ផ្តល់​ភាព​រីករាយ។

បារី​ស្រាល ឬ​ តូច មិន​សូវ​ពុល ?
មិនត្រឹម​ត្រូវ​ទេ ! បារី​ស្រាល បារី Light ត្រូវ​បាន​ហាមឃាត់​ហើយ ព្រោះ​វា​ជាការ​បំភ័ន្ត​អ្នក​ប្រើប្រាស់។ បារី​ស្រាល ជា​បារី​ដែល​មិន​សូវ​មាន​ជាតិ​ មិន​សូវ​ឆ្ងៀម​ ... មិន​ខ្លាំង ក៏ព្រោះ​តែ​អ្នក​ផលិត​បាន​បន្ថែម​រសជាតិ​ផ្សេងៗ​ មក​បាំង​បិទ​​រសជាតិ​ដើម រសជាតិ​ជ័រ​ថ្នាំ​ជក់ ប៉ុន្តែ​សូម​កុំ​ភ្លេច​ថា​គឺ​សារធាតុ​បន្ថែម​នេះឯង​ដែល​នឹង​ទៅ​បន្ថែម​ការ​ខូត​ខាត​ដល់​តម្រង និង​ផ្លោក​នោម។ បារី​ស្រាល បារី​ហិរ បារីវានី ... បារី​ទាំង​នេះ​ផ្តល់​ជាតិ​ពុល​ក្នុ​ងកំរិត​ដដែល មិន​តិច​​មិន​ច្រើន​ជាង​ឡើយ តែដោយ​សារជាតិ​គីមី ទើប​ធ្វើ​ឱ្យ​បារី​នោះ​មាន​លក្ខណៈ​និង​រសជាតិ​ខុស​ពី​បារី​ធម្មតា។

បារី​មូរ​ដៃ មាន​លក្ខណៈ​ធម្មជាតិ​ជាង ?
ទេ ! បារី​មូរ​ដៃ​ផ្តល់​ផល​ប្រយោជន៍​តែ​មួយ​គត់ ! គឺ​ការ​ចំណាយ​ពេល​យូរ​ជាង​បន្តិច​ មុន​នឹងក្លាយ​ជា​បារី យក​មក​ជក់។ អ្នក​ជក់​ ត្រូវ​ការ​លា​រក​កញ្ចប់​ថ្នាំ ក្រដាស​ រួច​រុំ មិន​អាច​នឹង​ចង់​ភ្លាម​ ហូត​ខ្វាច់​ដាក់ក្នុង​បឺត​ភ្លាម​ទេ។ ការ​ជក់​បារី​មូរ​ដៃ គ្រាន់​តែ​មិន​សូវ​ស្រួល​ខ្លាំង​ពេក​ដូច​ជក់​បារី​ទិញ​មូ​រ​ស្រាប់។ ប៉ុន្តែ​គ្មាន​ទេ ពាក្យ​ថា​ធម្មជាតិ ឬ​មិន​ធម្មជាតិ​នោះ។ ​មិន​ថា​ជា​ បារី​មូរដៃ ថ្នាំ​កាតាប ថ្នាំ​ចំហ៊ុយ​ ថ្នាំ​ហាន់​ ថ្នាំស្លឹក ស៊ីហ្កា ។ល។ និង​។ល។ ថ្នាំជក់ អាច​មានទម្រង់​ខុស​គ្នា​ សម្រាប់​ទាក់ទាញ​អ្នក​ប្រើប្រាស់មែន ប៉ុន្តែ​កំរិត​បន្សំ​របស់​ថ្នាំជក់​ដូច​គ្នា​ទាំង​ស្រុង។

បើ​យើង​​ជក់​យូរ​ឆ្នាំ​ជ្រុល​ទៅ​ហើយ វា​គ្មាន​ប្រយោជន៍​អ្វី​បញ្ឈប់​ទេ ?
ខុស ! ប្រសិន​បើ​គេ​ឈប់​ជក់​តែ​ ៤៨​ម៉ោង នោះ​ថង់​ខ្យល់​សួត ចាប់​ផ្តើម​ស្រលះ ខ្លួន​ប្រាណ​យើង​ក៏​បាន​បញ្ចេញ​ជាតិ​នីកូទីន​ចេញ។ គុណភាព​នៃ​ពណ៌​សម្បុរ​ស្បែក​ក៏​បាន​ប្រសើរ ​មាត់​ក៏​លែង​សូវ​ធុំក្លិន។ ពេល​ឈប់​ជក់​ គេ​អាច​ដក​ដង្ហើម​ចេញ​ចូល​ជា​ខ្យល់​ពិត ស្គាល់​​ក្លិន ដឹង​រសជាតិ​។ ទោះ​អាយុ​៩០​ឆ្នាំ​ក៏​ដោយ​ ក៏​ការ​ឈប់​ជក់​បារី​នៅ​តែ​មាន​ប្រយោជន៍​ដែរ។

ជក់​បារី​មែន តែ​ខ្ញុំ​បាន​​កីឡា។ ការ​ធ្វើ​កីឡា អាច​រំលាយ​ជាតិ​បារី​បាន ?
មិន​ទេ ! ធ្វើ​កីឡា ពេល​ខ្លួន​ជាអ្នក​ជក់​បារី បាន​ត្រឹម​តែ​រំលឹក​​ឱ្យ​យើង​បាន​ដឹង​ថា​ខ្លួន​យើង​បំពុល​ដោយ​ជាតិ​បារី​ប៉ុណ្ណា​ប៉ុណ្ណោះ។ ការ​ជក់​បារី ​បាន​ធ្វើឱ្យ​មាន​ការ​បំផ្លែង​ហ្សែន​របស់​ជាលិកា​។ ឯ​ការ​ធ្វើ​កីឡា មិន​បាន​ធ្វើ​ប៉ះពាល់​​ដល់​យន្តការ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ មាន​តែ​ការ​ឈប់​ជក់​បារី​ទេ ដែល​អាច​បង្កើន​សមត្ថភាព​ធ្វើ​កីឡា​របស់​យើង​បាន។

ខ្ញុំ​នឹង​ឡើង១០​​គីឡូ បើ​ឈប់​ជក់​បារី ?
អ្នក​ឯកទេស បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា មិន​មែន​ការ​ឈប់​ជក់​បារី​ទេ ដែល​ធ្វើ​ឱ្យ​ធាត់។ អ្នក​ដែល​ឡើង​១០​គីឡូក្រាម​ក្រោយ​ពេល​ឈប់​ជក់​បារី មក​ពី​គាត់​តែ​ចេះ​តែ​មាន​អារម្មណ៍​ថា​ខ្វះ​អ្វី​មួយ​ “ជូរមាត់” ហេតុ​ដូច្នេះ​ហើយ​ទើប​ចេះ​តែ​រក​អ្វី​មក​ញ៉ាំ​ជំនួស។ តែ​វា​ក៏​ជា​ការ​ពិត​ដែរ​ ព្រោះ​ដោយ​ជាក់​ស្តែង​ទៅ ជាតិ​នីកូទីន គឺ​ជា​អ្នក​ទៅ​បំផ្លាញ​សារធាតុ​ស្កររំលាយ​អាហារ​ខ្លះ។ ដូច្នេះ​នៅ​ពេល​ឈប់​ជក់​ ក្រពះ​យើង​អាច​ស្រូប​អាហារ​បាន​ស្រួល​ជាង​ ទើប​យើង​មាន​សាច់​ទ្រលុក​ទ្រលន់​ជាង។ ដោយ​សារ​តែ​មូល​ហេតុ​នេះ​ហើយ​បាន​ជា ជាទូទៅ​ អ្នក​ជក់​បារី​តែង​មាន​រាង​ស្គម មាន​ទម្ងន់​ទាប​ជាង​ធម្មតា​​ប្រមាណ​ជា​ពីរ​គីឡូក្រាម។

ខ្ញុំ​ជក់​បារី​ ព្រោះ​វា​អាច​ជួយ​បន្ធូរ​អារម្មណ៍ និង​បំបាត់​ស្ត្រេស ?
បើ​គិត​ត្រឹម​ជាតិ​នីកូទីន ដែល​មាន​សមត្ថភាព​ទៅ​រំញោច​ខួរក្បាល​ឱ្យ​សប្បាយរីករាយ បារី​ជា​ថ្នាំ​បន្ធូរ​អារម្មណ៍​ហើយ ប៉ុន្តែ​ការ​ជក់​បារីនឹង​ធ្វើ​ឱ្យ​ថ្លើម​ តម្រង​នោម​ឆាប់​ហត់ នឹង​ធ្វើ​ឱ្យ​បេះដូង​លោត​លឿន​​ជាង​មនុស្ស​ធម្មតា។ ការ​លាង​សម្អាតជាតិ​ពុល​ចេញ​ពី​​សរីរាង្គ​របស់​យើង​ជា​យន្តការ​ធម្មជាតិ និង​ជា​ស្ត្រេសសរីរៈវិទ្យា​មួយ​ស្រាប់​ទៅ​ហើយ។ ហើយ​​យើង​ត្រូវ​ប្រឹង​​បង្វែរអារម្មណ៍​ ដែល​ធ្វើ​ឱ្យ​យើង​​ស្ត្រេស​ ដោយ​ទៅ​ជក់​បារី ដើម្បី​រំងាប់​អារម្មណ៍​នោះ​វិញ។ ទង្វើ​បែប​នេះ​មាន​ន័យ​ថា យើង​កំពុង​បង្វែរ​ពី​ស្ត្រេស​មួយ ទៅ​រក​ស្ត្រេស​មួយ​ទៀត​តែ​ប៉ុណ្ណោះ។

ខ្ញុំ​នៅក្មេង​ ចាំ​ចាស់ សិម​ខ្ញុំ​ផ្តាច់​បារី ?
ខុស​ហើយ ! បច្ចុប្បន្ន​នេះ អាជ្ញាធរ​សុខភាព​ ចង់​​បញ្ចៀស​ឱ្យ​បាន​គំនិត​នេះ ! ព្រោះ​គេ​ដឹង​ច្បាស់​ណាស់​ថា អ្នក​ជក់​កាន់​ក្មេង​កាន់​តែ​ងាយ​ញៀន ហើយ​នៅពេល​ញៀន​គេ​​ពិបាក​បញ្ចុះ​បញ្ចូល​ក្មេង​ជក់​បារី​ឱ្យ​ឈប់​ខ្លាំង​ណាស់ ព្រោះ​ពួក​គេ​មាន​អារម្មណ៍​ថា​នៅ​ខ្លាំង មិន​មែន​ជា​អ្នក​ងាយ​រងគ្រោះ​ឡើយ​។ ប៉ុន្តែ​បើ​តួលេខ​ ​អ្នក​ជក់​បារីក្មេង ចំនួនដល់​ទៅ​​​ ៤០% មាន​កើត​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​ថ្នាំ​ជក់។ បើ​ឈប់​កាន់​តែ​ឆាប់ កាន់​តែ​អាច​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​ថ្នាក់​បាន​ច្រើន។ ហើយ​បើ​តាម​ភ្នាក់ងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ថ្នាំ​ជក់ អ្នក​ឈប់​ជក់​បារី​នៅ​អាយុ​ក្រោម​៣៥​ឆ្នាំ នឹង​មាន​សំណាង​ អាច​រស់​នៅ​បាន​យូរ​ដូច​មនុស្ស​ដែល​ពុំ​ធ្លាប់​ជក់​បារី​សោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ