គំនិតយល់ខុស១០យ៉ាង ទាក់ទងនឹងបារី ឬថ្នាំជក់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:១១
ថ្ងៃទី ៣១ ឧសភា ជាទិវាពិភពលោកគ្មានថ្នាំជក់។ អង្គការសុខភាពពិភពលោក និងប្រទេសដៃគូ តែងប្រារព្វទិវានេះជារៀងរាល់ឆ្នាំ ក្នុងបំណងដាស់តឿនរំលឹកអំពីហានិភ័យបង្កឡើងដោយបារី ឬថ្នាំជក់ ចំពោះសុខភាព ចំពោះអ្នកស្រូបផ្សែងបារីពីគេ និងដើម្បីជំរុញឱ្យមាននយោបាយកាត់បន្ថយការប្រើប្រាស់បារីប្រកបដោយប្រសិទ្ធភាព។ សម្រាប់ឆ្នាំ២០១៧នេះ ទិវាពិភពលោកគ្មានថ្នាំជក់ បានផ្តោតប្រធានបទលើ "ថ្នាំជក់ គំរាមការអភិវឌ្ឍន៍"។តើបារីមានគ្រោះថ្នាក់យ៉ាងណាខ្លះ ចំពោះសុខភាព ? ការធ្វើកីឡា និងជក់បន្តិចបន្តួច អាចលុបបំបាត់គ្រោះថ្នាក់បានដែរឬទេ ?
ជក់បារី គឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយចំពោះសុខភាពសាធារណៈពិភពលោកដែលពុំធ្លាប់មានការវាស់វែងទេ។ ប៉ុន្តែអ្វីដែលច្បាស់ គឺបារីជាការគំរាមកំហែងការអភិវឌ្ឍន៍ ចំពោះមនុស្សគ្រប់រូប ! បារីសម្លាប់មនុស្សជាង៧លាននាក់ក្នុងមួយឆ្នាំៗ។ ចំនួននេះនឹងកើនឡើងដល់៨លាននាក់ នៅឆ្នាំ២០៣០ ប្រសិនបើគ្មានវិធានការប្រយុទ្ធប្រឆាំងទេ។ ជាង៦លាននាក់ជាអ្នកកំពុងជក់ ឬធ្លាប់ជក់បារី ហើយជិត៩សែននាក់ ជាអ្នកស្រូបផ្សែងបារីពីគេដោយអចេតនា។
ក្នុងរាល់៦វិនាទីម្តង មានមនុស្សម្នាក់ស្លាប់ព្រោះបារី ឬអាចនិយាយបានថាក្នុងចំណោមមនុស្សពេញវ័យស្លាប់១០នាក់ មានម្នាក់ត្រូវបានសម្លាប់ដោយបារី ដោយផ្ទាល់និងដោយប្រយោល។ អ្នកកំពុងជក់បារីក្នុងពេលបច្ចុប្បន្ន ពាក់កណ្តាលនឹងត្រូវស្លាប់ដោយសារជំងឺទាក់ទងនឹងបារី។
ចំនួនអ្នកជក់បារីនៅលើពិភពលោក មានប្រមាណ១ពាន់លាននាក់ ក្នុងនោះជិត៨០%រស់នៅ ក្នុងប្រទេសក្រីក្រ ឬប្រទេសមានចំណូលមធ្យម ! ប្រទេសដែលអត្រាមរណៈដោយបារីមានកំរិតខ្ពស់ខ្លាំង។
ថ្នាំជក់ ឬបារី ជាប្រភពនៃគ្រោះថ្នាក់ និងបានបង្កឱ្យមានមនុស្សស្លាប់ច្រើនជាង ជំងឺរបេង ជំងឺស៊ីដា គ្រោះថ្នាក់ចរាចរណ៍ បូកបញ្ចូលគ្នាទៅទៀត។ ហេតុដូច្នេះហើយបានគ្រប់ប្រទេស និងថ្នាក់ដឹកនាំនយោបាយ ក៏ដូចជាបុគ្គលជាពលរដ្ឋសាមញ្ញ គួរតែចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងថ្នាំជក់ ព្រោះវាមិនត្រឹមតែអាចជួយការពារ សង្គ្រោះជីវិតប្រជាពលរដ្ឋទេ តែថែមទាំងអាចចំណេញផ្នែកសេដ្ឋកិច្ច ដោយមិនបាច់ត្រូវចំណាយថវិកាសម្រាប់ថែទាំអ្នកជក់បារី។
ថ្នាំជក់ឬបារី មិនមែនត្រឹមតែធ្វើឱ្យអ្នកជក់ផ្ទាល់ ខូចសុខភាពទេ បរិស្ថាននៅជុំវិញខ្លួន ទាំងធម្មជាតិ ទាំងមនុស្សសត្វដែលនៅក្បែរ និងបានស្រូបផ្សែងបារីពីគេ ក៏ត្រូវប្រឈមនឹងគ្រោះថ្នាក់ដូចគ្នា ព្រោះថាផ្សែងបារី មានផ្ទុកសារធាតុគីមី ជាង៤ពាន់ប្រភេទ ដែលក្នុងនោះ មានយ៉ាងហោច២៥០មុខ ជាសារធាតុគីមីពុល និងជាង៥០មុខជាភ្នាក់ងារបង្កជំងឺមហារីក។
ជាតិពុលរបស់ថ្នាំជក់ មានតាំងពីកំណើត រហូតដល់ឆេះចេញផ្សែង។ គ្រាន់តែធ្វើការក្នុងចំ
ការថ្នាំជក់ ក៏ជាតំណាងហានិភ័យមួយស្រេចទៅហើយ ជាពិសេសកុមារ។ នៅក្នុងប្រទេសខ្លះ ដោយសារតែជីវភាពក្រីក្រ ទ័លខ្លាំងពេក គ្រួសារខ្លះបានបញ្ជូនកូនដែលនៅជាកុមារនៅឡើយទៅធ្វើការក្នុងចំការដាំដុះថ្នាំជក់។ កុមារទាំងនោះប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ ! ដែលមិនខុសអ្វីប៉ុន្មានពីជំងឺបង្កឡើយដោយផ្សែងបារីទេ។ គឺជាគ្រោះថ្នាក់ដែលកើតឡើងតាមរយៈការប៉ះពាល់ កាន់និងកាច់ស្លឹកថ្នាំ។ ជាតិនីកូទីន ដែលមានជាពីកំណើតក្នុងដើមនិងស្លឹកថ្នាំជក់ អាចជ្រាបចូលតាមស្បែក និងបង្កជាគ្រោះថ្នាក់កើតជំងឺផ្សេងៗបាន នៅពេលកុមារកាន់ កាច់ស្លឹកថ្នាំនោះស្រស់ៗ។
ថ្នាំជក់ឬបារី មានជាតិពុលខ្លាំង អ្នកជក់បារី និងក្រុមគ្រួសារអ្នកជក់បារី មួយចំនួនក៏បានជ្រួតជ្រាបអំពីគ្រោះថ្នាក់បង្កឡើងដោយបារីដែរ ប៉ុន្តែការផ្តាច់បារីជារឿងមួយផ្សេងទៀត។ ហេតុអ្វីបានជាដូច្នេះ ?! ខាងក្រោមជាសំណួរចម្លើយដែលអាចបំភ្លឺនូវការគិតខុសមួយចំនួន។
ខ្ញុំជក់តិចតួច ដូច្នេះនឹងគ្មានបញ្ហាអ្វីធ្ងន់ធ្ងរដល់សុខភាពទេ ?
ខុស ! ការសិក្សាវិទ្យាសាស្ត្រច្រើនណាស់ បានបង្ហាញថា ជក់បារី សូម្បីតែមួយដើមក្នុងមួយថ្ងៃ ក៏ហានិភ័យជួបគ្រោះថ្នាក់ចំពោះសុខភាព កើនឡើងដែរ។ នៅពេលត្រូវផ្សែងបារី ដែលយើងបឺតចូលទៅ ទោះមួយដើមក្តី ក៏នឹងអាចធ្វើឱ្យទងសួតត្រូវរលាក និងយូរៗអាចបង្កឱ្យមានដុំសាច់ ជួនអត់ដែរ ព្រោះថាមនុស្សយើងកើតមកមិនដូចគ្នា ខ្លះក៏មានសុខភាពរឹងមាំខ្លាំង ខ្លះមិនសូវ។ ប៉ុន្តែ ការដែលទងសួតរលាកញយៗ ម្តងហើយម្តងទៀតនេះឯងដែរជាគ្រោះថ្នាក់។ ជក់មួយដើម ឬ ៥ដើម ឬ២០ដើមក្នុងមួយថ្ងៃ ជាច្រើនឆ្នាំទៅ កត្តាបង្កគ្រោះហានិភ័យមានដូចតែគ្នា។ អ្នកមានឈ្មោះថាជាអ្នកជក់បារី ! ហើយផ្សែងបារីដែលអ្នកបង្ហុយចោល តែត្រូវស្រូបចូលដោយអ្នកនៅក្បែរ ក៏បង្កគ្រោះថ្នាក់ដល់អ្នកស្រូបផ្សែងពីគេដូចគ្នា។ ទោះស្រូបតិចក្តី ម្តងម្កាលក្តី ក៏ផ្សែងបារីអាចបង្កគ្រោះថ្នាក់បានដែរ។ ពោលគឺគ្មានកំរិតអប្បបរិមាឡើយ។
អ្នកជក់គ្មានឆន្ទៈឈប់ ទើបមិនអាចផ្តាច់បាន ?
កុំបន្ទោសដូច្នេះ ! អ្នកឯកទេសបានប្រកាសថា “ពាក្យសំដីខាងលើជាការដាក់កំហុស។ ផ្តាច់បារីមិនមែនជាបញ្ហាឆន្ទៈទេ តែមកពីទម្លាប់”។ ជាតិនីកូទីនក្នុងបារី ថ្នាំជក់ ផ្តល់ការញៀនដូចជក់កញ្ឆា និងទៅខួរក្បាល ត្រង់កន្លែងតែមួយដែលផ្តល់ភាពធូរស្រាលក្នុងអារម្មណ៍។ តាមការពិត ជាតិនីកូទីន ជាអ្នកបង្កើតឱ្យភាពរីករាយ និងមានសមត្ថភាពប្រឆាំងនឹងការធ្លាក់ទឹកចិត្ត ហើយអាចប្រព្រឹត្តក្នុងរយៈពេលវែងបានទៀត ខុសពីអ្នកប្រើគ្រឿងញៀនកូកាអ៊ីន មិនអាចធុនបានយូរឡើយ។ បារី គឺជាគ្រឿងញៀន គ្រាន់តែមិនបានធ្វើឱ្យមនុស្សចេញក្រៅសង្គមដូចញៀនស្រា ញៀនអាភៀន។
នីកូទីន ជាជាតិពុល ?
នីកូទីនរបស់ថ្នាំជក់ គឺជាថ្នាំញៀន ! ប៉ុន្តែនីកូទីន មិនមែនជាភ្នាក់ងារបង្កជំងឺមហារីកទេ។ នីកូទីន បង្កើនសម្ពាធឈាម បង្កើនល្បឿនចង្វាក់បេះដូង និងជាអ្នកជំរុញឱ្យមានការបញ្ចេញអ័រមូនអាដ្រេណាលីន។ គឺនីកូទីននេះឯងដែលជំរុញឱ្យអ្នកជក់បារីញៀន ព្រោះដោយសារនីកូទីន ទើបមានការបញ្ចេញអ័រមូនដូប៉ាមីន នៅខួរក្បាល ដែលដូចជាចុចត្រង់សរសៃផ្តល់ភាពរីករាយ។
បារីស្រាល ឬ តូច មិនសូវពុល ?
មិនត្រឹមត្រូវទេ ! បារីស្រាល បារី Light ត្រូវបានហាមឃាត់ហើយ ព្រោះវាជាការបំភ័ន្តអ្នកប្រើប្រាស់។ បារីស្រាល ជាបារីដែលមិនសូវមានជាតិ មិនសូវឆ្ងៀម ... មិនខ្លាំង ក៏ព្រោះតែអ្នកផលិតបានបន្ថែមរសជាតិផ្សេងៗ មកបាំងបិទរសជាតិដើម រសជាតិជ័រថ្នាំជក់ ប៉ុន្តែសូមកុំភ្លេចថាគឺសារធាតុបន្ថែមនេះឯងដែលនឹងទៅបន្ថែមការខូតខាតដល់តម្រង និងផ្លោកនោម។ បារីស្រាល បារីហិរ បារីវានី ... បារីទាំងនេះផ្តល់ជាតិពុលក្នុងកំរិតដដែល មិនតិចមិនច្រើនជាងឡើយ តែដោយសារជាតិគីមី ទើបធ្វើឱ្យបារីនោះមានលក្ខណៈនិងរសជាតិខុសពីបារីធម្មតា។
បារីមូរដៃ មានលក្ខណៈធម្មជាតិជាង ?
ទេ ! បារីមូរដៃផ្តល់ផលប្រយោជន៍តែមួយគត់ ! គឺការចំណាយពេលយូរជាងបន្តិច មុននឹងក្លាយជាបារី យកមកជក់។ អ្នកជក់ ត្រូវការលារកកញ្ចប់ថ្នាំ ក្រដាស រួចរុំ មិនអាចនឹងចង់ភ្លាម ហូតខ្វាច់ដាក់ក្នុងបឺតភ្លាមទេ។ ការជក់បារីមូរដៃ គ្រាន់តែមិនសូវស្រួលខ្លាំងពេកដូចជក់បារីទិញមូរស្រាប់។ ប៉ុន្តែគ្មានទេ ពាក្យថាធម្មជាតិ ឬមិនធម្មជាតិនោះ។ មិនថាជា បារីមូរដៃ ថ្នាំកាតាប ថ្នាំចំហ៊ុយ ថ្នាំហាន់ ថ្នាំស្លឹក ស៊ីហ្កា ។ល។ និង។ល។ ថ្នាំជក់ អាចមានទម្រង់ខុសគ្នា សម្រាប់ទាក់ទាញអ្នកប្រើប្រាស់មែន ប៉ុន្តែកំរិតបន្សំរបស់ថ្នាំជក់ដូចគ្នាទាំងស្រុង។
បើយើងជក់យូរឆ្នាំជ្រុលទៅហើយ វាគ្មានប្រយោជន៍អ្វីបញ្ឈប់ទេ ?
ខុស ! ប្រសិនបើគេឈប់ជក់តែ ៤៨ម៉ោង នោះថង់ខ្យល់សួត ចាប់ផ្តើមស្រលះ ខ្លួនប្រាណយើងក៏បានបញ្ចេញជាតិនីកូទីនចេញ។ គុណភាពនៃពណ៌សម្បុរស្បែកក៏បានប្រសើរ មាត់ក៏លែងសូវធុំក្លិន។ ពេលឈប់ជក់ គេអាចដកដង្ហើមចេញចូលជាខ្យល់ពិត ស្គាល់ក្លិន ដឹងរសជាតិ។ ទោះអាយុ៩០ឆ្នាំក៏ដោយ ក៏ការឈប់ជក់បារីនៅតែមានប្រយោជន៍ដែរ។
ជក់បារីមែន តែខ្ញុំបានកីឡា។ ការធ្វើកីឡា អាចរំលាយជាតិបារីបាន ?
មិនទេ ! ធ្វើកីឡា ពេលខ្លួនជាអ្នកជក់បារី បានត្រឹមតែរំលឹកឱ្យយើងបានដឹងថាខ្លួនយើងបំពុលដោយជាតិបារីប៉ុណ្ណាប៉ុណ្ណោះ។ ការជក់បារី បានធ្វើឱ្យមានការបំផ្លែងហ្សែនរបស់ជាលិកា។ ឯការធ្វើកីឡា មិនបានធ្វើប៉ះពាល់ដល់យន្តការនោះឡើយ។ ផ្ទុយទៅវិញ មានតែការឈប់ជក់បារីទេ ដែលអាចបង្កើនសមត្ថភាពធ្វើកីឡារបស់យើងបាន។
ខ្ញុំនឹងឡើង១០គីឡូ បើឈប់ជក់បារី ?
អ្នកឯកទេស បានបញ្ជាក់យ៉ាងច្បាស់ថា មិនមែនការឈប់ជក់បារីទេ ដែលធ្វើឱ្យធាត់។ អ្នកដែលឡើង១០គីឡូក្រាមក្រោយពេលឈប់ជក់បារី មកពីគាត់តែចេះតែមានអារម្មណ៍ថាខ្វះអ្វីមួយ “ជូរមាត់” ហេតុដូច្នេះហើយទើបចេះតែរកអ្វីមកញ៉ាំជំនួស។ តែវាក៏ជាការពិតដែរ ព្រោះដោយជាក់ស្តែងទៅ ជាតិនីកូទីន គឺជាអ្នកទៅបំផ្លាញសារធាតុស្កររំលាយអាហារខ្លះ។ ដូច្នេះនៅពេលឈប់ជក់ ក្រពះយើងអាចស្រូបអាហារបានស្រួលជាង ទើបយើងមានសាច់ទ្រលុកទ្រលន់ជាង។ ដោយសារតែមូលហេតុនេះហើយបានជា ជាទូទៅ អ្នកជក់បារីតែងមានរាងស្គម មានទម្ងន់ទាបជាងធម្មតាប្រមាណជាពីរគីឡូក្រាម។
ខ្ញុំជក់បារី ព្រោះវាអាចជួយបន្ធូរអារម្មណ៍ និងបំបាត់ស្ត្រេស ?
បើគិតត្រឹមជាតិនីកូទីន ដែលមានសមត្ថភាពទៅរំញោចខួរក្បាលឱ្យសប្បាយរីករាយ បារីជាថ្នាំបន្ធូរអារម្មណ៍ហើយ ប៉ុន្តែការជក់បារីនឹងធ្វើឱ្យថ្លើម តម្រងនោមឆាប់ហត់ នឹងធ្វើឱ្យបេះដូងលោតលឿនជាងមនុស្សធម្មតា។ ការលាងសម្អាតជាតិពុលចេញពីសរីរាង្គរបស់យើងជាយន្តការធម្មជាតិ និងជាស្ត្រេសសរីរៈវិទ្យាមួយស្រាប់ទៅហើយ។ ហើយយើងត្រូវប្រឹងបង្វែរអារម្មណ៍ ដែលធ្វើឱ្យយើងស្ត្រេស ដោយទៅជក់បារី ដើម្បីរំងាប់អារម្មណ៍នោះវិញ។ ទង្វើបែបនេះមានន័យថា យើងកំពុងបង្វែរពីស្ត្រេសមួយ ទៅរកស្ត្រេសមួយទៀតតែប៉ុណ្ណោះ។
ខ្ញុំនៅក្មេង ចាំចាស់ សិមខ្ញុំផ្តាច់បារី ?
ខុសហើយ ! បច្ចុប្បន្ននេះ អាជ្ញាធរសុខភាព ចង់បញ្ចៀសឱ្យបានគំនិតនេះ ! ព្រោះគេដឹងច្បាស់ណាស់ថា អ្នកជក់កាន់ក្មេងកាន់តែងាយញៀន ហើយនៅពេលញៀនគេពិបាកបញ្ចុះបញ្ចូលក្មេងជក់បារីឱ្យឈប់ខ្លាំងណាស់ ព្រោះពួកគេមានអារម្មណ៍ថានៅខ្លាំង មិនមែនជាអ្នកងាយរងគ្រោះឡើយ។ ប៉ុន្តែបើតួលេខ អ្នកជក់បារីក្មេង ចំនួនដល់ទៅ ៤០% មានកើតជំងឺដែលបង្កឡើងដោយថ្នាំជក់។ បើឈប់កាន់តែឆាប់ កាន់តែអាចកាត់បន្ថយហានិភ័យគ្រោះថ្នាក់បានច្រើន។ ហើយបើតាមភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងថ្នាំជក់ អ្នកឈប់ជក់បារីនៅអាយុក្រោម៣៥ឆ្នាំ នឹងមានសំណាង អាចរស់នៅបានយូរដូចមនុស្សដែលពុំធ្លាប់ជក់បារីសោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ