អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

តើ​ឈឺក្បាល​បែប​ណា ដែល​គួរ​ព្រួយ​បារម្ភ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឈឺក្បាល​ជា​អាការៈ​ដែល​តែង​កើត​មាន​លើ​មនុស្ស​គ្រប់រូប និង​ជា​ញឹក​ញយ។ ឈឺក្បាល​ខ្លះ​ជា​ រឿង​ធម្មតា គ្មាន​អ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​ទេ សម្រាក ឬ​ទទួល​ទាន​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​មួយ​គ្រាប់​ពីរ ជា​ការ​ស្រេច។ ប៉ុន្តែ​ការ​ឈឺក្បាល​ខ្លះ ជា​សញ្ញា​បន្ទាន់​ បញ្ជាក់​ថា​អាច​មាន​ជំងឺ​ធ្ងន់ធ្ងរ។ តើការ​ឈឺក្បាល​បែប​ណា​ និង​​ពេល​ណា​ ដែល​គួរ​ព្រួយ​បារម្ភ ? 

តើ​ឈឺក្បាល​បែប​ណា ដែល​គួរ​ព្រួយ​បារម្ភ ?
តើ​ឈឺក្បាល​បែប​ណា ដែល​គួរ​ព្រួយ​បារម្ភ ?
ផ្សាយពាណិជ្ជកម្ម

ឈឺក្បាល​ជា​អាការៈ​ដែល​មាន​កើត​ឡើង​យ៉ាង​ញឹកញយ ហើយ​មាន​មនុស្ស​ច្រើន​ណាស់ ដល់​ទៅ ៤៦%​ ប្រកាស​ថា​ធ្លាប់​​ជួប​អាការៈ​ឈឺក្បាល​ ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។ ៦០%​ មាន​អាការៈ​ឈឺក្បាល​ហើយ​ក្តៅខ្លួន​ទៀត​ តែ​មាន​៦%​ប៉ុណ្ណោះ ដែល​ឈឺក្បាល​ជាប់​ជា​ប្រចាំ​រាល់​ថ្ងៃ។ ឈឺពេញ​ក្បាល ឈឺ​មួយ​ចំហៀង​ក្បាល​ ជា​ទូទៅ​ គ្មាន​អ្វី​ជា​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែជួន​​វា​រំខាន​ខ្លាំង​។

ឈឺចាប់ ឈឺ​ចាក់ ឈឺខ្ទោកៗ​ពេញ​លលាដ៍​ក្បាល​ ទាំង​នេះ​លក្ខណៈ​ឈឺ​ដែល​មនុស្ស​គ្រប់​រូប​តឺងពិពណ៌នា​រៀប​រាប់​អំពី​អាការៈ​ឈឺក្បាល​ម្តងៗ។ តែ​រោគ​ឈឺក្បាល គឺ​សំដៅ​លើ​រាល់​គ្រប់​អាការៈ​នៃ​ការ​ឈឺ​នៅ​ក្នុង​ក្បាល និង​លលាដ៏។

ឈឺក្បាល​មាន​ច្រើន​ប្រភេទ​ណាស់ តែ​គេ​អាច​បែក​ចែង​បាន​ដូច​ខាង​ក្រោម ៖
-       ការលេច​ឡើង​នៃ​អាការៈ​ឈឺក្បាល ៖ ស្ងៀមៗ​ស្រាប់តែ​លេច​អាការៈ​​ឈឺក្បាលភ្លាមភ្លែត​ឡើង ដោយ​ងំ​ឡើងៗ
-       កន្លែង​ឈឺ ៖ ជួនកាល ការឈឺ​រាយ​ពេញ​​ក្បាល ជួន​ឈឺ​តែ​នៅ​ផ្នែក​ខាង​ណា​មួយ​នៃ​ក្បាល
-       កំរិត​នៃការ​ឈឺ ៖ មិន​ឈឺ​ខ្លាំង​ទេ​ តែ​មាន​អារម្មណ៍​ដូច​ជា​រំខាន ជួន​ជា​ការឈឺ​ខ្លាំង​យូរ រហូត​រំខាន​ដល់​សកម្មភាព​ការងារ​ជា​ទម្លាប់ ហើយអាច​ជា​​ការ​ឈឺ​​​បន្ត​ងំ​ក្នុង​ក្បាល ឬ​ ខ្ទោកៗ
-       បរិបទ​ដែល​នាំ​ឱ្យ​ឈឺក្បាល ៖ មាន​កត្តា​ក្រៅ​ខ្លួន​ជា​ច្រើន​ដែល​ជា​ភ្នាក់ងារ​នាំ​កើត​អាការៈ​ឈឺក្បាល ដូច​ជា​បរិយាកាស​ពុល​ខ្លាំង ប្រើ​ថ្នាំ ទទួល​ទាន​សុរា ។ ការ​ឈឺក្បាល​អាច​កាន់​ខ្លាំង​ នៅ​ពេល​យើង​​ប្រឹង​ធ្វើ​អ្វី​មួយខ្លាំង​ពេក/​ហួស​កម្លាំង
-       រយៈ​ពេល​ ៖ ការ​ឈឺក្បាល​ធម្មតា អាច​លេច​ឡើង​រួច​ក៏​បាន​បាត់​ទៅ វិញ​ យ៉ាង​លឿន។ តែ​បើ​ជា​រោគ​ឈឺក្បាល​រ៉ាំរ៉ៃ នោះ​អាការៈ​ឈឺក្បាល​នៅងំ​ជាប់ ​ក្នុង​ក្បាល ​ជា​ទូទៅ ​ ដោយ​យឺតៗ និង​ឡើង​បន្តិច​ម្តងៗ រយៈ​ពេល​រាប់​អាទិត្យ ចូល​ដល់​រាប់​ខែ​
-       ឈឺក្បាល​ដែល​អម​ដោយ​រោគ​សញ្ញាផ្សេងៗ​ទៀត ដូច​ជា​ក្តៅ​ខ្លួន ក្អួត​ ចង្អោរ ធ្ងន់ខ្លួន និង​បាត់​បង់​ញាណ ...

មូលហេតុ​នៃ​ការ​ឈឺក្បាល

មូលហេតុ​ដែល​បង្ក​ឱ្យមាន​អាការៈ​រោគ​ឈឺក្បាល មាន​ប្លែកៗ​គ្នា​ ដែល​ជាទូទៅ​ ច្រើន​តែ​គ្មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ទេ។ ប៉ុន្តែ​គេ​អាច​កំណត់​បាន​នូវ​មូលហេតុ​ធំៗ​សំខាន់ពីរ ៖

ឈឺក្បាល​ដោយ​តឹង​សាច់​ដុំ
នៅ​ក្នុង​ករណី​នេះ ការ​ឈឺក្បាល ច្រើន​តែ​ត្រូវ​អូសបន្លាយ​ពេល​វេលា​យូរ​ថ្ងៃ និង​មាន​អាការៈ​សញ្ញា​ដូច​ខាង​ក្រោម ៖ ឈឺ​ជាប់ មិន​សូវ​ខ្លាំង និង​បែប​រាយ​សាយ ហើយ​ធ្លាប់​ឈឺ​បែប​នេះតាំង​ពី​យូរ​មក​ហើយ។ ជា​ការ​ឈឺ ដែល​គ្មាន​អាការៈ​ក្អួត​ចង្អោរ​ជាមួយ​ទេ។ ពេល​ប្រឹង​ និង​ប្រើ​កម្លាំង​ទៅ មិន​ឈឺថែម តែ​ឈឺ​ខ្លាំង​នៅ​ពេល​មាន​ស្ត្រេស និងសង្កេត​មាន​លក្ខណៈ​ធូរ​ស្បើយ​ប្រសើរ នៅ​ពេល​សប្បាយ​ចិត្ត បាន​លំហែ​។ ជា​ការ​ឈឺ ដែល​ដូច​​គ្មាន​អ្វី​សោះ​ក្នុង​ក្បាល ធ្វើ​ឱ្យ​ពិបាក​ផ្ចង់​អារម្មណ៍​ ឬ​ជា​ការ​ឈឺ​ព្រោះ​ក្បាល​ធ្ងន់​ជ្រុល។ បន្ទាប់​ពី​មានអារម្មណ៍​ខ្វាយ​ខ្វល់​ និង​មាន​ការ​កន្ទ្រាក់​ដាច់​ដុំ​ក។

ប្រកាំង-ឈឺក្បាល​មួយ​ផ្នែក

គេ​អាច​ចាត់​ទុក​ថា​លោក​អ្នក​មាន​ជំងឺ​ឈឺក្បាល​មួយ​ផ្នែក​ មីក្រែន បាន​ ដរាបណា​អាការៈ​ឈឺ​នោះ​លេច​ឡើង​ យ៉ាង​ហោច​៥​ដង និង​ក្នុង​មួយ​ដងៗ លោកអ្នក​តែង​មាន​រោគ​សញ្ញា​ពីរ​មុខ​ទៀត​ យ៉ាង​តិច ដូច​ជា​ ៖
 - ឈឺត្រង់ចំហៀង​ណា​មួយ​នៃ​ក្បាល​យ៉ាង​ច្បាស់លាស់
- ឈឺខ្លាំង​ ខ្ទោកៗ
- ឈឺ​កាន់​តែ​ខ្លាំង​នៅ​ពេល​ប្រឹង​ធ្វើ​អ្វី​មួយ ដោយ​ប្រើ​កម្លាំង ឬ ដោយ​គ្រាន់​តែ​ធ្វើ​កិច្ចការ​តាម​ទម្លាប់។
មិន​តែ​ប៉ុណ្ណោះ ការ​ឈឺក្បាល​មីក្រែន អាច​មាន​អម​ដោយ​អាការៈ​មួយ​ ក្នុង​ចំណោម​អាការៈ ក្អួត ចង្អោរ ខ្លាច​ពន្លឺ​ឈឺក្បាល​ភ្លាម​ពេល​ត្រូវពន្លឺថ្ងៃ ឬ​ពេល​ឮ​សំឡេង​ខ្លាំង។
មូលហេតុ​ផ្សេង​ទៀត​ដែល​បង្ក​ឱ្យ​ឈឺក្បាលដែរ តែ​ជា​ការ​កម្រ​ណាស់​នោះ គឺ​រលាក​រន្ធ​ច្រមុះ​ មាន​ជំងឺ​ឡើង​ឈាម​ មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល រលាក​ស្រោម​ខួរ រលាក​ភ្នែក ឬ​ពុល​ជាតិ​គីមី​អ្វី​មួយ។

ការ​ព្យាបាល

​ឈឺក្បាល​ជា​អាការៈ​ជំងឺស្រាល អាច​​ធ្វើការ​ព្យាបាល​ដោយ​ខ្លួន​ឯង​បាន​ ប្រសិន​បើ​ ​កំរិត​នៃ​ការ​ឈឺ​នោះ មិន​ខ្លាំងរហូត​ដល់​ធ្វើការ​ងារ​មិន​កើត ម្តង​ម្កាល ធ្លាប់ឈឺបែប​នេះ​ដែរ និង​បាន​ដឹង​អំពី​មូលហេតុ​នៃការ​ឈឺ តុល្យការ​សុខភាព​ល្អ​ត្រឹមត្រូវ ...​ ការ​ព្យាបាល​ដោយ​ខ្លួន​ដោយ​លេប​ថ្នាំ​​ ពីរ​បី​គ្រាប់​ ដូច​ជា ប៉ារ៉ាសេតាម៉ុល និង​ពពួក​ថ្នាំ​បំបាត់​ការ​ឈឺចាប់ Ibuprofène ឬ Aspirine អាច​បំបាត់​ការ​ឈឺចាប់​បាន ហើយ។ តែ​សូម​ចង​ចាំ​ថា ត្រូវ​លេប​ថ្នាំ​តែ​មួយ​មុខ​ ក្នុង​ពេល​តែ​មួយ​  និង​សូមប្រុង​ប្រយ័ត្ន​ខ្លាំង នៅ​ពេល​សម្រេច​ចិត្ត​ប្រើពពួក​ថ្នាំ​បំបាត់​ការ​ឈឺចាប់ Ibuprofène ឬ Aspirine ព្រោះ​ថ្នាំ​ពីរ​ប្រភេទ​នេះ​អាច​បង្ក​ផលវិបាក​ប្រសិន​បើ​មាន​ជំងឺ​អ្វី​ផ្សេង​ជាប់​នឹង​ខ្លួន។

សូម​គិតគូរ​ទៅ​​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ជំងឺទូទៅ នៅ​ពេល​ណា​អាការៈ​ជំងឺ​ឈឺ​ក្បាល​ កាន់តែ​ខ្លាំង​ឡើងៗ កាន់​តែ​យូរ​ថ្ងៃ​ទៅៗ ឡើង​រាប់​អាទិត្យ​ រាប់​ខែ លេប​ថ្នាំ​បំបាត់ការ​ឈឺចាប់​ហើយ​នៅ​តែ​មិន​ស្រាក​ស្រាន្ត ហើយ​លោកអ្នក​មិន​ធ្លាប់​មាន​អាការៈ​ឈឺក្បាល​បែប​នេះ​ពី​មុន​មក​ទេ ទើប​តែ​កើត​នៅ​ពេល​នេះ និង​ជា​លក្ខណៈ​ញយៗ។

ប៉ុន្តែ​អាការៈ​ឈឺក្បាលក៏​អាច​ជា​សញ្ញា​អាសន្ន​មួយ​​ប្រាប់​អំពី​គ្រោះថ្នាក់​នៃ​សុខភាព​ដែរ។ ការឈឺក្បាល​​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​បំផុត​ គឺ​នៅ​ពេល​ការ​ឈឺក្បាល​មាន​អម​ដោយ​អាការៈ​សញ្ញា​ផ្សេងៗ​ទៀត ដូច​ជា​ ៖
-       ​ធ្លាប់​មាន​អាការៈ​ឈឺក្បាលដែរ តែ​លើក​នេះ មាន​លក្ខណៈ​ខ្លាំង​ចំឡែក​ ព្រម​ទាំង​មាន​ការ​ឈឺចុក​ចាប់​សាច់​ដុំ ក្អួត នឿយ​ហត់​ អស់​កម្លាំង បាត់​ការ​ចងចាំ ស្រវាំង​ភ្នែក។ អាការៈ​បែប​នេះ លោក​អ្នក​ចាំ​បាច់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជា​ដាច់​ខាត។
-       អាការៈ​ឈឺក្បាល លេច​ឡើង​ភ្លាម​ភ្លែត ក្នុង​កំរិត​ខ្លាំង ធ្វើ​ឱ្យ​យើង​អស់​កម្លាំង​ចុះ​ខ្សោយ​មួយ​រំពេច សាច់ដុំ​ចុះទន់​ មាន​អារម្មណ៍​ច្របូល​ច្របល់ ឈឺក្បាល​ហើយ​ក្តៅ​ខ្លួន ក្អួត តឹង​ច្រឡក ឈឺ​ក្នុង​ភ្នែក ជា​អាការៈ​ជំងឺ​ដែល​ត្រូវ​ប្រញាប់​រួសរាន់​ទៅ​មន្ទីរ​ពេទ្យ​ឱ្យ​លឿន​បំផុត ឬ​ត្រូវ​ហៅ​ក្រុមគ្រូពេទ្យ​មក​​សង្គ្រោះ​ជា​បន្ទាន់។

អាការៈ​សញ្ញា​៥​យ៉ាង​នៃ​ការ​ឈឺក្បាល ដែល​គួរឱ្យ​​ព្រួយ​បារម្ភ

-​ ឈឺក្បាល​ហើយក្អួត កើត​ឡើង​នៅ​ពេល​ព្រឹក ជា​អាការៈ​សញ្ញា​បន្ទាន់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម ព្រោះ​រោគ​សញ្ញា​នេះ​អាច​បណ្តាល​មក​ពី​មាន​ការ​លូត​លាស់​ដុំ​សាច់​នៅ​ក្នុង​ខួរ​ក្បាល​ ទើប​ជំរុញ​ឱ្យ​មាន​ការ​ឈឺក្បាល​ខ្លាំង រហូត​ចង់ក្អួត​ផង ចង់ចង្អោរ​ផង។ ការ​ឈឺក្បាល​បែប​នេះ បណ្តាល​មក​ពី​សម្ពាធ​ក្នុង​ក្បាល​ឡើង​ខ្លាំង​លលាដ៍។ នៅ​ពេល​យើង​​ស្ថិត​ក្នុង​ជំហរ​ដំណេក សម្ពាធ​ខ្លួន​ប្រាណ​ឡើង​កាន់​ខ្ពស់​ បុក​ទៅ​ក្បាល។ ឈឺក្បាល​ហើយ​ក្អួត​ ក៏​អាច​ជា​សញ្ញា​ប្រាប់​ថា​របួស​ ឬ​ដំបៅ​នៅ​ក្នុង​លលាដ៍ក្បាល​ ដែល​ជា​រោគ​សញ្ញា​ត្រូវ​សង្គ្រោះ​ឱ្យ​បាន​ក្នុង​ពេល​ដ៏​ខ្លី​បំផុត​ ទើប​ប្រសើរ។

- ឈឺក្បាល ចុក​ដៃ ៖ ប្រសិន​បើ​លោក​អ្នក​មាន​អាការៈ​ឈឺក្បាល​ហើយ ហើយ​មាន​អារម្មណ៍​ដូច​ជា​ចាក់​ស្កៀប​ ឬ​ស្ពឹកស្រពន់​​ដៃ សឹង​ដូច​ស្វិត​ដៃ លោកអ្នក​ទំនង​ជា​កំពុង​រង​គ្រោះ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល។ ការ​ឈឺចាប់​បែប​នេះ​អាច​ធ្វើ​អ្នក​ជំងឺ​ ពិបាក​និយាយ​ស្តី ស្រវាំង​ភ្នែក ស្ពឹក​មុខ- មាត់ ​មួយ​ចំហៀង លើក​ដៃ​ លើក​ជើងលែង​រួច ឬ​ស្ពឹក​មួយ​ចំហៀង​ខ្លួន​តែ​ម្តង។ ប្រសិន​បើលោក​អ្នក​មាន​សញ្ញា​បែប​នេះ ឬ​នៅចំពោះ​មុខ​អ្នក​ជំងឺ​បែបនេះ សូម​បញ្ជូន​អ្នក​ជំងឺ​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ ឱ្យ​បាន​កាន់​តែ​ឆាប់​កាលណា កាន់​តែ​ប្រសើរ ព្រោះ​បើ​ប្រហែស​តែ​មួយ​ម៉ោង ​នោះ​ប្រព័ន្ធប្រសាទ​១២០​លាន​នឹង​ត្រូវ​បំផ្លាញ បួន​ម៉ោង​ក្រោយ​ក្តី​សង្ឃឹម​ថា​នឹង​ធ្វើ​ឱ្យ​ស្ថានភាព​អ្នក​ជំងឺ​បាន​ប្រសើរ​ឡើង​វិញ ស្ទើរ​តែ​លែង​មាន​សោះ។

- ឈឺក្បាល​ខ្លាំង​មួយរំពេច​ពេល​មាន​ផ្ទៃពោះ។ ស្ត្រីមាន​ពរពោះ​ច្រើន​ជួប​អាការៈ​ឈឺក្បាល​ជា​ញឹកញយ​ ប៉ុន្តែ​ប្រសិនបើ​កំរិត​នៃ​ការ​ឈឺ​លេចភ្លាម​ ឈឺខ្លាំង​ ហើយ​អ្នក​មាន​ផ្ទៃ​ចូល​ដល់​ត្រី​មាស​ទី​បី​ហើយ ការ​ឈឺបែប​នេះ អាច​ជា​សញ្ញា​ថា​អ្នកមាន​សម្ពាធ​ឈាម​មិន​ល្អ កំរិត​ជាតិ​ប្រូតេអ៊ីន​ច្រើន​ជ្រុល​ក្នុង​ទឹក​នោម ដូច្នេះ​អ្នក​អាច​ប្រឈម​នឹង​គោះ​​កើត​រោគប្រកាច់​ ​ព្រាយ​ក្រឡាភ្លើង ពេល​ឆ្លង​ទន្លេ ដែលអាច​ធ្វើ​អ្នក​ម្តាយ​និង​ទារក​ក្នុង​ផ្ទៃ​ស្លាប់​បាន។

-ឈឺក្បាល ក្រោយដួល ឬ​មាន​គ្រោះថ្នាក់។ លោក​អ្នកជា​ជន​រង​គ្រោះ​ថ្នាក់ចរាចរណ៍ ឬ​ដួល​ធម្មតា តែ​មួយថ្ងៃពីរ​ក្រោយ ជួន​មួយ​អាទិត្យ​ពីរ​ក្រោយ​ ស្រាប់​តែ​អ្នក​មាន​អារម្មណ៍​ថា​ឈឺក្បាលខ្លាំង​ទ្រាំ​លែង​បាន​តែ​ម្តង។ អាការៈ​នេះ អាច​ជា​សញ្ញា​បញ្ជាក់​ថា​មាន​ថ្នក់​ឈាម​ដាច់​ចេញ​ពី​សរសៃ​ឈាម​តូច​ប៉ោង​នៅ​ក្នុង​ក្បាល។ ត្រូវ​តែ​ទៅ​​ព្យាបាល​ជា​បន្ទាន់​ ព្រោះ​ថ្នក់​ឈាម​ក្នុង​ខួរក្បាល​នេះ អាច​នឹង​ធ្វើ​ឱ្យ​អ្នក​បាត់​បង់​ស្មារតី​សន្លប់

- ឈឺក្បាល​រហូត​បាត់​ការ​ចង​ចាំ។ ឈឺក្បាល​ខ្លាំង អាច​ធ្វើ​ឱ្យ​បាត់​ការ​ចង​ចាំ ឱ្យ​ងងឹត​ភ្នែក ហឹង​​ត្រចៀក​ស្តាប់អ្វី​លែង​លឺ និង​មិន​អាច​ប្រមូល​ផ្តុំ​ផ្ចង់​អារម្មណ៍​បាន​មូល​ឡើយ។ អាការៈ​សញ្ញា​មិន​ធម្មតា​បែប​នេះ អាច​បណ្តាល​មក​ពី​មាន​ដុំ​សាច់​ក្នុង​ខួរក្បាល តែ​ជួន​កាល​ដុំ​សាច់​នោះ​មិន​កាច។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី យើង​មិន​ត្រូវ​បង្អង់នឹង​បញ្ជូន​អ្នក​ជំងឺ​ទៅ​មន្ទីរ​ពេទ្យ​សង្គ្រោះ​បន្ទាន់​ ​សូម្បី​តែ​មួយនាទី ដើម្បីបាន​ទទួល​ការ​ត្រួត​ពនិត្យ​ ថត​ឆ្លុះ​ត្រឹម​ត្រូវ​ថា​តើ​ជា​ករណី​ធ្ងន់ធ្ងរ​ឬ​អត់៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ