អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

យល់​ដឹង​អំពី​ការ​ប្រើ​ប្រាស់​អេក្រង់​ ៖ តើ​អេក្រង់​មាន​គ្រោះ​ថ្នាក់​យ៉ាងណា​ខ្លះ​ចំពោះ​សុខភាព​កុមារ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​សង្គម​សម័យ​អ៊ីនធ័រនែត សម័យ​ហ្វេសប៊ុក អេក្រង់​ទូរស័ព្ទ ទូរទស្សន៍ កុំព្យូទ័រ មាន​វត្តមាន​គ្រប់​ទិសទី ដល់​ស្រុក​ស្រែ​ជនបទ​ ... បើ​ទីណា​ក៏​អេក្រង់ តើ​វា​អាច​ជះ​ផលវិបាក​យ៉ាងណា​ចំពោះ​កុមារ ? គ្មាន​អ្វី​ដែលត្រូវ​ស្លន់​ស្លោ​ ឬ​រត់​រំលង​បច្ចេកវិទ្យា​អ៊ីនធ័រនែត​ឡើយ តែ​ត្រូវ​ចេះ​ប្រើ​វា​ ដើម្បី​ទាញ​ប្រយោជន៍​សម្រាប់​កុមារ​នាពេល​អនាគត។

តើ​អេក្រង់មាន​គ្រោះថ្នាក់​យ៉ាងណា​ចំពោះ​កុមារ
តើ​អេក្រង់មាន​គ្រោះថ្នាក់​យ៉ាងណា​ចំពោះ​កុមារ © Goodluz - Fotolia
ផ្សាយពាណិជ្ជកម្ម

អារម្មណ៍​ដែល​បង្ក​ឡើង​ដោយ​ពិភពឌីជីថលសម័យ​បច្ចុប្បន្ន ​ អាច​មាន​ឥទ្ធិពល​ខុស​គ្នា​ ទៅ​តាម​ដំណាក់កាល​លូត​លាស់​របស់​កុមារ។ មាន​ន័យ​ថា បើ​ក្មេង​នោះ​បាន​ទទួល​ការ​អប់រំ​តម្រង់ទិស​ត្រឹម​ត្រូវ ក្នុង​ពេល​ដែល​ពួក​គេ​ឆ្លង​កាត់​ជីវិតមុខ​អេក្រង់​ នោះអនាគត​របស់​គេ​នឹង​បាន​ទទួល​ប្រយោជន៍​ជា​ច្រើន​​ពី​អ្វី​ដែល​ពួក​បាន​ឃើញ។ ប៉ុន្តែ​បើ​គ្មាន​ការ​តម្រង់​ទិស​ អេក្រង់​អាច​បំផ្លាញ​កុមារ​បាន​យ៉ាង​ងាយ។

ហេតុដូច្នេះ​ហើយ​បាន​ជា​អ្នក​ស្រាវជ្រាវ និ​ង​ជំនាញ បារាំង បាន​បើក​យុទ្ធនាការ​អប់​រំ​ឪពុក​ម្តាយ​ឱ្យចេះ​ប្រើ​ប្រាស់​អេក្រង់​​ជាមួយ​កូន។ យុទ្ធនាការ​នោះ​មាន​ឈ្មោះ​ថា ៣-៦-៩-១២។ លេខ​បួន​​នេះ​ជា​ ចំណុច​គោល សម្គាល់​អាយុ​​កុមារ​ដែល​អាច​ចាប់​ផ្តើម​មើល​អេក្រង់។ យុទ្ធនាការ​នេះ​ជា​គំនិត​ផ្តួច​ផ្តើម​របស់​ លោក​វេជ្ជបណ្ឌិត Serge Tisseron ​ គ្រូពេទ្យ​ឯកទេស​ចិត្តសាស្ត្រ​កុមារ ដ៏ល្បីល្បាញ​នៅ​ប្រទេស​បារាំង។

៣- ​បី​ឆ្នាំ ​មើល​ទូរទស្សន៍​មុន​អាយុ​៣បីឆ្នាំ​

នៅ​​ក្រោម​អាយុ​បី​ឆ្នាំ ក្មេង​ត្រូវ​ការ​រៀន​កំណត់​ឱ្យ​ស្គាល់​អ្វី​ជា​ទីតាំង បន្ទាប់​មក​ពេល​វេលា។ ដើម្បី​បាន​ស្គាល់​កន្លែង​ ក្មេង​ត្រូវ​ការ​ស្ថាបនា​ខ្លួន​តាម​រយៈ​ការ​ទៅ​ឃើញ​ទីតាំង​ បរិស្ថាន​ពិត​ៗ។ ឯ​ចំណែក​ការ​សម្គាល់​ពេលវេលា គឺក្មេង​ចាំ​ចេះ​ចាប់​ដឹង តាម​រយៈ​រឿងនិទាន ដែលយើង​​និយាយ​ប្រាប់​ និង​តាម​រយៈ​សៀវភៅ​ដែល​ក្មេង​បើក​លេង។​ ហេតុដូច្នេះ​ហើយ​បាន​ជា​យើង​ត្រូវ​ចៀសវាង​កុំ​ឱ្យ​ក្មេង​មើល​ទូរទស្សន៍ ឬ​ឌីវីឌី ដែល​ផ្តល់​តែ​ផល​អវិជ្ជមាន​លើ​កុមារ។ ថាប្លែត ត្រូវ​មាន​ថានៈ​ស្មើ​នឹង​វត្ថុ​ឬ​ល្បែង​លេង​បែប​បូរាណ​ផ្សេងៗ​ទៀត និង​ត្រូវ​មាន​​មនុស្ស​ធំ​នៅ​អម​លេង​ជាមួយ​ដើម្បី​បង្កើនប្រយោជន៍​ពីការលេង​ មិន​មែន​ដាក់​ឱ្យ​អង្គុយ​មើល​ស្ងៀម​ឡើយ។

សូមអាន ៖ ទូរទស្សន៍​បំផ្លាញ​សុខភាព

៦- ហាម​លេង​ហ្គេម​មុន​អាយុ​៦​ឆ្នាំ​

ជៀស​វាង​កុំ​ដាក់​ទូរទស្សន៍​ និង​កុំព្យូទ័រ​ ក្នុង​បន្ទប់​គេង​កូន។ កំណត់​ម៉ោង​ពេល​លេង​នៅ​មុខ​អេក្រង់ និង​ជ្រើសរើស​មើល​កម្មវិធី​ទូរទស្សន៍​ទៅ​តាម​វ័យ។ ក្នុង​ករណី​ អ្នកធូរ​ធារ​ចង់​ផ្តល់​ឱកាស​កូន​បាន​លេង​របស់​ទំនើប​ ជា​ល្បែងហ្កេម​វីដេអូ សូម​ជ្រើសរើស​ល្បែង​ណា​ដែល​លេង​ច្រើន​គ្នា ជា​ជាង​ល្បែង​លេង​តែ​ម្នាក់​ឯង​នៅ​មុខ​អេក្រង់។ លេង​ជុំ​គ្នា​ជា​មួយ​ឪពុកម្តាយ បងប្អូន​ ម្តង​ម្កាល​ជា​ប្តូរ​ផ្លាស់​បរិយាកាស​ក្នុង​គ្រួសារ​ផង និ​ងជា​របៀប​រៀន​បែប​លែង​កំសាន្តផង។

សូម​កុំ​ធ្វើ​កាដូ ជា​ប្រដាប់​លេង​ហ្កេម​ឱ្យ​កូន​នៅ​ពេល​មិន​ទាន់​មាន​អាយុ​៦​ឆ្នាំ​ឱ្យ​សោះ ព្រោះ​នៅ​អាយុ​ប៉ុណ្ណេះ​ បើ​លេង​តែ​ម្នាក់​ឯង ក្មេង​នឹងឆាប់​ងប់​ណាស់​។

៩- ហាម​លេង​អ៊ីនធ័រនែត​មុនអាយុ​៩​ឆ្នាំ

ចៀសវាង​កុំ​ដាក់​​ទូរទស្សន៍​និ​ងកុំព្យូទ័រ​ក្នុងបន្ទប់​គេង​កូន។ ដាក់​កំហិត​ច្បាស់​លាស់​អំពី​ពេល​ម៉ោង​លេង​ហ្កេម​មើល​ទូរទស្សន៍ នៅ​មុខ​អេក្រង់។

នៅ​អាយុ​នេះ លោក​អ្នក​ជា​ឪពុកម្តាយ​គួរ​ប្រុង​ប្រយ័ត្ន​កុំ​ឱ្យ​កូន​អាច​លេង​ ឬមាន​អ៊ីនធ័រនែត​លេង​​ក្នុង​បន្ទប់តែ​ម្នាក់​ឯង​ឱ្យ​សោះ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​គ្រប់គ្រង​កូន​បាន និង​ចង់​ឱ្យ​កូន​មាន​គណនី​អ្វី​មួយ​ ក្នុង​ប្រព័ន្ធអ៊ីនធ័រនែត អ្នក​ត្រូវ​ពន្យល់​ និង​ប្រាប់​កូន​ឱ្យ​យល់​អំពី​សិទ្ធិលើ​រូបភាព (កុំ​យក​រូប​គេ​មក​ប្រើផ្តេសផ្តាស) និង​ជាពិសេស​សិទ្ធិ​ឯកជន (កុំ​បង្ហាញ​រូបខ្លួន​ឯង តាម​ទំនើង​ចិត្ត)។

១២- ហាម​លេង​ប្រព័ន្ធ​សង្គម​មុន​អាយុ​១២​ឆ្នាំ

បន្ត​រក្សា​វិន័យ​តឹង​តែង​ដដែល ទាក់​ទង​នឹង​ពេល​ម៉ោង​នៅ​មុខ​អេក្រង់។ កំណត់​ពិចារណា​ជាមួយ​កូន​អ្នក​ដោយ​ផ្ទាល់​អំពី​ភាព​ចាំបាច់ និង​ប្រយោជន៍​នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ។ រំលឹក​ប្រាប់​កូន​ជា​ញឹកញយ​អំពី​វិធាន​បី​យ៉ាង​នៃ​ការ​ប្រើ​ប្រាស់​អ៊ីនធ័រនែត ៖

អ្វី​ដែល​យើ​ង​បង្ហោះ​ទៅអាច​ក្លាយ​ជា​របស់​សាធារណៈ

អ្វី​ដែល​យើង​បង្ហោះទៅ​នឹង​នៅ​ក្នុង​ប្រព័ន្ធ​នោះ​ជារហូត

អ្វី​ដែល​យើង​មើល​ឃើញ ត្រូវ​ទទួល​អាន​ដោយ​ប្រុង​​ប្រយ័ត្នបំផុត ព្រោះ​ទិន្នន័យ​ខ្លះ​ពិត ខ្លះ​មិន​ពិត។

ចាប់​ពី​អាយុ​១២​ឆ្នាំ

ក្មេង​ចាប់​ពី​អាយុ​១២​ឆ្នាំ​ឡើង​ទៅ​អាច​ប្រើ ឬ​លេង​អ៊ីនធ័រនែត​ម្នាក់ឯង​បាន ប៉ុន្តែ​ការ​ត្រួត​ពិនិត្យ និង​កំណត់​ពេលវេលា​លេង​នៅ​តែ​ចាំបាច់ដដែល។ ចៀស​វាង​កុំ​ភ្ជាប់​អ៊ីនធ័រនែត ជាប់​ទាំង​យប់​ទាំង​ថ្ងៃ នៅ​ក្នុង​បន្ទប់​គេង​កូន ដែល​ជា​បុព្វហេតុ​នាំ​កូន​គេង​មិនគ្រប់។ ពិភាក្សា​ជាមួយ​​កូន​ជាប់​ជា​ប្រចាំ​អំពី​ខ្លឹម​សារ​ដែល​កូន​ស្វែង​រក​ និង​ទាញ​មើល​នៅ​ក្នុង​អ៊ីនធ័រនែត​ ការ​លួច​ថត​ចម្លង គ្រោះ​ថ្នាក់​លួច​មើល​រឿង​អាសអាភាស​កូន​ជ្រូក​ គឺ​ការគំរាម​ជំរិតតាម​បណ្តាញ​អ៊ីនធ័រនែត​​ ។ល។ និង​។ល។

សូមអាន ៖ ទូរស័ព្ទ អ៊ីនធ័រនែត គ្រឿងញៀន​របស់​មនុស្ស​សម័យ​ថ្មី

ហាម​ម្តាយ​ឪពុក​ប្រើ​ទូរស័ព្ទ​នៅ​មុខកូន

ប៉ុន្តែ​មុន​នឹង​ឈាន​ទៅ​អនុវត្ត​វិន័យ​ក្រិត្យក្រម​បាន​ដរាប​ណា​តែ​អ្នក​ជា​ឪពុកម្តាយ ធ្វើ​ជា​គំរូ​ល្អ​ជា​មុន​សិន។ ចុះ​អ្នក​ក៏​ងប់ និង​ជក់​មើល​អេក្រង់​ដែរ​ តើ​កូន​អាច​យក​គំរូ​បាន​យ៉ាង​ដូចម្តេច ?! ហើយ​សូម​កុំភ្លេច​ថា បើ​អ្នក​ជា​ឪពុកម្តាយ​ងប់​នឹង​អេក្រង់​ទូរស័ព្ទ​ទៅ​ហើយ អ្នក​មិន​ត្រឹម​តែ​ពិបាក​និយាយ​ពន្យល់​កូន​ទេ តែ​ថែម​ទាំង​បាន​ធ្វើ​កូន​តូចៗ ជាពិសេស​កូន​ក្រោម​អាយុ​បី​ឆ្នាំ​​ ​ជួប​វិបត្តិ​ដោយ​មិន​ដឹង​ខ្លួន។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​នៅ​ពេល​ដែល​ឪពុកម្តាយ​​ងប់​នឹង​អេក្រង់ នោះ​កូនៗ​នឹង​បាន​ទទួល​ការ​ចាប់​អារម្មណ៍​មើល​ការ​ខុស​ត្រូវ​មិន​គ្រប់​គ្រាន់​ពី​​អ្នក​ឡើយ មិន​តែ​ប៉ុណ្ណោះ កូន​អ្នក​នឹង​ត្រូវ​ប្រឈម​នឹងហានិភ័យ​មាន​ការ​លូត​លាស់​មិន​សូវ​លឿន ជាពិសេស​មាន​វិបត្តិ​ភាសា ក្រ​ចេះ​និយាយ។

ឥរិយាបថ​ងប់​នឹង​អេក្រង់​ទូរសព្ទ​ទាំង​កូន​នៅ​ក្បែរ​ខ្លួន​សោះ បាន​និង​កំពុង​ផ្តល់​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ដល់​ក្រុម​គ្រូពេទ្យ​ឯកទេស​កុមារ​បារាំង។ គ្រូពេទ្យ​ទាំង​នោះ​បាន​ទាញ​សញ្ញា​អាសន្ន​ញយ​ដង​ហើយ​អំពី ផលវិបាក​ទៅ​ថ្ងៃ​អនាគត​ចំពោះ​ការអភិវឌ្ឍ​របស់​ក្មេង។ ហេតុ​អ្វី​បាន​ជា​ដូច្នេះ ? តើ​គ្រូ​ពេទ្យ​មាន​សេចក្តី​ពន្យល់​យ៉ាង​ណា​ទំនាក់ទំនង​រវាង​ការ​លូត​លាស់​របស់​កូន​និង​ការ​ងប់​លេង​ទូរស័ព្ទ​របស់​ឪពុកម្តាយ ?

ការ​លូត​លាស់​នៃ​ការគិត​របស់​កុមារ មិន​កើត​ឡើង​ដោយ​ឯងៗ​ទេ ! បច្ចុប្បន្ន​នេះ គ្រូពេទ្យ​ឯកទេស​កុមារ​ បាន​សង្កេត​ឃើញ​មាន​កុមារ​​មាន​វិបត្តិ​ភាសា និង​អត្តចរិក​កាន់​តែ​ច្រើនឡើងៗ ហើយ​វិបត្តិ​នេះ​បង្ក​ឡើយ​ដោយ​មូលហេតុ​ដ៏​សាមញ្ញ​មួយ​ប៉ុណ្ណោះ ៖ គឺ​ឪពុកម្តាយ​​រវល់​កាន់​ទូរស័ព្ទ​ជាប់​ដៃ ភ្នែក​ផ្តោត​ជាប់​អេក្រង់ ​ជាប់​ជា​ប្រចាំ រហូត​ភ្លេច​​និយាយ​លេង​ជាមួយ​កូន ពោល​គឺ​និយាយ​ដែរ​តែ​មិន​គ្រប់​គ្រាន់ តែ​អ្នក​ជា​ឪពុកម្តាយ​បែរ​ជាមើល​ឃើញ​ថា​កូន​មិន​និយាយ​ទៅ​វិញ។ ប៉ុន្តែ​តាមការពិត​ទៅ ក្មេង​មាន​​វិបត្តិ​ភាសា​ ! ខួរក្បាល​របស់​គេ​មិន​បាន​រៀន មិន​បាន​ថត​ភ្ជាប់​ រៀប​ចំ​ការ​គិតទៅនឹង​ការ​​និយាយ​ស្តី។​ ទង្វើ​របស់ឪពុកម្តាយ​នេះ អាច​នឹង​រុញ​ច្រាន​កូន​ឱ្យ​ធ្លាក់​ក្នុង​វិបត្តិ​កាន់​តែធ្ងន់ធ្ងរ រហូត​កូន​មានអាការៈ​ដូច​កើត​ជំងឺ​អូទីស្ម។ កូន​អាយុ​ជាង​១​ខួប​ហើយ​​មិន​ឆ្លើយ​ មិន​ងាក​នៅ​ពេល​គេ​ហៅ​ឈ្មោះ​ចំ មិន​មើល​អ្នក​ដែល​និយាយ​ជាមួយ​គេ បើ​បណ្តោយ​កូន​នោះ​នឹង​មិន​អាច​ចូល​សាលា​រៀន​ជាមួយគេ​ឯង​បាន​ឡើយ។

សម្រាប់​ក្រុមគ្រូពេទ្យ​បារាំង បើ​ឪពុកម្តាយ​បោះបង់​ទូរស័ព្ទ​ដៃ កូននឹង​មាន​ការ​លូតលាស់​ចេះ​ដឹង​ប្រសើរ​ឡើង​ភា្លម។ ព្រោះ​ក្មេង​​ចាប់ចេះ​និយាយ និង​​ផ្តើម​លូត​លាស់សមត្ថភាព​ផ្នែក​ភាសា​នៅ​អាយុ​មួយ​ខួបបាន ក្នុង​ករណី​ណា​ដែល​ឪពុកម្តាយ​និយាយច្រើន​ជាមួយ​កូន​នោះ។ នៅ​ពេល​ម្តាយ​ឪពុក​និយាយច្រើន​ជាមួយ​កូន​ ទារក​ឬ​កូន​តូច​នោះ​​នឹង​ថត​ទុក​នូវ​​សំឡេង​និង​ពាក្យ​ពេចន៍របស់​ម្តាយ​ឪពុក​ជា​គ្រឿង​ស្តុក។ ដូច្នេះ​បើ​កូន​អ្នក​មាន​ភាព​យឺតយ៉ាវ​ផ្នែក​និយាយ​ស្តី អ្នក​ជា​ឪពុកម្តាយ​សាកល្បង​ផ្តាច់​ទូរស័ព្ទ​ដៃ​ និង​អេក្រង់ ហើយ​មក​និយាយ​លេង​ជា​មួយ​កូន​ទៅ គ្រូពេទ្យ​ឯកទេស​បារាំង ធានា និង​ជឿជាក់​ រោគសញ្ញា​ជា​ក្មេង​អូទីស្ម​របស់​កូន​អ្នក​នឹង​រលុប​បាត់ យ៉ាង​លឿន។ លឿន​ក្នុង​រយៈ​ពេល​តែ​ពីរ​បី​សប្តាហ៍ក៏​មាន។

មើល​អេក្រង់​ច្រើន​បង្ក​ហានិភ័យ​អ្វីខ្លះ?

គ្រោះ​ថ្នាក់​មាន​ច្រើនណាស់ ! ការសិក្សា​រយៈពេល​វែង​​មួយ​​ ដឹកនាំ​ធ្វើនៅ​កាណាដា តាំង​ពី​ឆ្នាំ​១៩៩៧​មក ក្នុង​គ្រួសារ​ចំនយន​១៣០០​គ្រួសារ បាន​បង្ហាញ​ថា ក្មេង​អាយុ​ក្រោម​បី​ឆ្នាំ​ដែល​ត្រូវ​បាន​ឪពុកម្តាយ​បណ្តោយ​ឱ្យ​មើល​ទូរទស្សន៍​ ច្រើន​ជាង​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ នៅ​ពេល​ធំ​ឡើង​អាយុ​១០​ឆ្នាំ​ មាន​ភាគរយ​ជួប​គ្រោះ​លំបាក​ក្នុង​ការ​ផ្ចង់​អារម្មណ៍​ធំ លទ្ធផល​នៃ​ការ​សិក្សា​ក៏មិន​ល្អ ជា​ពិសេស​ក្នុង​មុខវិជ្ជា​គណិតវិទ្យា ហើយ​ងាយ​ជួប​គ្រោះ​ធាត់​ចុក​ខ្លាញ់។ ក្មេង​ៗ​ទាំង​នោះ​ មាន​ចរិក​មិន​សូវ​ស្វិតស្វាញ​ក្នុង​កាងារ​ ហើយ​ច្រើន​តែ​ក្លាយ​ជា​ជន​រងគ្រោះ​បង្អាប់​លេង​ពី​សំណាក់​មិត្ត​ភក្តិ​ក្នុង​ថ្នាក់។ នៅ​ឆ្នាំ​២០១៦ សាស្ត្រាចារ្យ​ជា​អ្នក​ដឹកនាំ​ការ​សិក្សា​នោះ បាន​បង្ហាញ​លទ្ធផល​ថ្មី​បន្ថែម​​ទៀត តែ​លើក​នេះ​ទាក់ទង​នឹង​អាក្បកិរយា​ ឬក និង​សមត្ថភាព​​ចូល​សង្គម​កុមារ​ទាំង​នោះ ដែល​ពេល​នេះ​មាន​អាយុ​១៣​ឆ្នាំ ក្លាយ​ជា​ក្មេង​ពេញជំទង់។ ក្នុង​ករណី​ក្មេង​ណា​ បាន​ចំណាយ​ពេល​ច្រើន​នៅ​មុខ​អេក្រង់​ មុន​អាយុ​បី​ឆ្នាំ ដល់​ពេលជំទង់​ក្មេង​នោះ មាន​ហានិភ័យ​ក្លាយ​ជា​ជន​រងគ្រោះ​និង​មាន​ភាព​ឯកា​ខ្លាំង ខ្លះ​សឹង​អាច​ចាត់​ទុក​បាន​ថា​ជា​ក្មេង​មាន​អាក្បកិរិយា​ក្រៅ​សង្គម​ផង។

តើ​ត្រូ​វធ្វើ​ដូច​ម្តេច​ បើ​ក្មេង​វក់​មើល​អេក្រង់​ទៅ​ហើយ ?

សមត្ថភាព​ចិត្ត​សាស្ត្រ​របស់​ក្មេង​អាច​ពត់​ពេន​បាន​យ៉ាង​ងា​យ​មិនដូច​មនុស្ស​ធំ ពេញ​វ័យ​ទេ។ ដូច្នេះ​អ្វីៗ​ក៏​អាច​ប្តូរ​ផ្លាស់​បាន​ដែរ សម្រាប់កុមារ​។ សូម​អ្នក​ជា​ឪពុកម្តាយ​កុំ​រួញ​រា​នឹង​ប្តូរ​វិន័យ និង​ប្រើ​អំណាច​ប្តូរ​ផ្លាស់​ទម្លាប់​រស់​នៅ​របស់​កូន​អី។ ប៉ុន្តែ​សូម​កុំ​ប្តូរផ្លាស់​ទម្លាប់​និង​វិន័យ​ តាម​បែប​កំហឹង​ និង​ភ្លាម​ភ្លែត ដោយ​គ្មាន​ការ​ពន្យល់​ និង​ដោយ​មិន​ប្រាប់​ហេតុផល។ កូន​កាន់​តែ​ធំ កាន់​តែ​សំខាន់​។

តើ​អ្វី​ជា​ប្រការ​ល្អ​គួ​រ​អនុវត្ត ?

ការ​មើល​អេក្រង់​ត្រូវ​មាន​ម៉ោង​កំណត់ និងកំរិត​ច្បាស់​លាស់។ ម្តាយ​ឪពុក ​​ត្រូវតែ​រំលឹកនិង​សួរ​​កូន​ជា​និច្ច​​ថា​គេ​បាន​ចំណាយ​ពេល​មើល​អេក្រង់​អស់​ប៉ុន្មាន​ម៉ោង​ហើយ​។ គួរ​តែ​នៅ​មើល​ជាមួយ​កូន ជា​អ្នក​ជ្រើសរើស​កម្មវិធី​ជាមួយ​កូន​ និង​ជជែក​ពិភាក្សា​ជាមួយ​កូន​នូវ​អ្វី​ដែល​គេ​បាន​មើល​ បាន​លេង។ ជា​ចុងក្រោយ​ ប្រសិន​បើ​គ្មាន​ជម្រើស​ ត្រូវ​នៅ​មុខ​​អេក្រង់ហើយ សូម​លៃលក​ធ្វើ​ឱ្យ​ណា​​ឱ្យ​ក្មេង​ប្រើ​​ពេលវេលានោះ​សម្រាប់​​បញ្ចេញ​សកម្មភាពដែល​ប្រើ​គំនិត​ច្នៃ​ប្រឌិត មាន​លក្ខណៈ​ត្រិះរិះ​។ ចំពោះ​ករណី​កូន​នៅ​អាយុ​ក្រោម​បី​ឆ្នាំ ម្តាយ​ឪពុក​ត្រូវ​តែ​មិន​មើល​ទូរទស្សន៍ មើលអេក្រង់​ទូរស័ព្ទ​ពេល​កូន​ភ្ញាក់។ ទោះ​បី​ជា​កូន​មើល​ជាមួយ​ក៏​ដោយ ក៏​សកម្មភាព​របស់​ម្តាយ​ឪពុក​នោះ ជះ​ឥទ្ធិពល​រំខាន​ដល់​ការ​ស្ថាបនា​សមត្ថភាព​ផ្ចង់​អារម្មណ៍​របស់​កូន​ដែរ។​ បើ​ចង់​មើល​ទូរទស្សន៍ ឬ​លេង​ទូរស័ព្ទ យក​ល្អ​ចាំ​កូន​គេង​លក់​សិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ