អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ទទួល​ទាន​កាហ្វេច្រើន​ ​អាយុ​វែង ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កម្មវិធី​សុខភាព​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ធ្លាប់​បាន​ជម្រាប​ជូន​លោក​អ្នក​ស្តាប់​រួច​ហើយ​អំពី​គុណ​ប្រយោជន៍និង​គុណវិបត្តិ​នៃ​កាហ្វេ។ កាលពី​សប្តាហ៍​មុន​ ការ​សិក្សាពីរ​​ថ្មី មួយ​នៅ​​អឺរ៉ុប​និងមួយ​នៅអាមេរិក​ បាន​បង្ហាញ​ថា​ អ្នក​ទទួល​ទាន​កាហ្វេបី​ពែង​ក្នុង​មួយ​ថ្ងៃ ​មាន​អាយុ​វែងជាង​អ្នក​មិន​ពិសា​សោះ។ តើ​ការ​សិក្សា​នេះ​សំអាង​លើ​អ្វី ? និង​ពន្យល់​យ៉ាង​ដូច​ម្តេច​ខ្លះ ? តើ​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​ដែរ​ទេ ?

Café Cappuccino
Café Cappuccino REUTERS/Phil Noble/File Photo
ផ្សាយពាណិជ្ជកម្ម

គុណ​ប្រយោជន៍​នៃ​ការ​ទទួល​ទាន​កាហ្វេ​ជា​ប្រចាំ​ចំពោះ​សុខភាពដែល​ធ្លាប់​ប្រធានបទ​នៃ​ការ​តស៊ូ និង​ជជែក​គ្នា​ តាំង​ពីយូរយា​រ​ណាស់​មក​ហើយ ត្រូវ​បាន​បញ្ជាក់ឡើង​វិញ តាម​រយៈ​ការ​សិក្សា​ថ្មី​ពីរបន្ថែម​ទៀត។ ជា​ការ​សិក្សា​ក្នុង​ទ្រង់ទ្រាយ​ធំ មួយ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ក្នុង​ប្រទេសចំនួន​១០ និង​មួយ​ទៀត នៅ​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​ និង​អ្នក​ជំនាញ​ឯករាជ្យ​ បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត ថា​ការ​សិក្សា​នេះ មានទម្រង់​ជា​​ការ​តាមដាន​ សង្កេត និង​សម្គាល់​មើល មិន​មែន​ជា​ការសិក្សា​បែប​វិទ្យាសាស្ត្រដោយ​ធ្វើ​វិភាគ​​ស្វែង​រក​​ហេតុ និង​ផល​ឡើយ។

តើ​ការ​សិក្សា​សម្គាល់នេះ​​បាន​លទ្ធផល​យ៉ាងណា​ខ្លះ ទើប​អ្នក​ស្រាវជ្រាវ​ហ៊ាន​ទៅ​ចុះ​ផ្សាយ​នៅ​ក្នុង​ទំព័រ​ទស្សនាវដ្តី​សុខភាព​អាមេរិក Annal of Internal Medicine ?

ទទួល​ទាន​កាហ្វេ​ប្រមាណ​បី​ពែង​ក្នុង​មួយ​ថ្ងៃ ជា​ប្រចាំ ទោះ​បី​កាហ្វេ​នោះ​គ្មាន​ជាតិ​កាហ្វេអ៊ីន​ក៏​ដោយ ក៏​ទំនង​ជាអាច​ជួយ​ឱ្យ​អ្នក​បរិភោគ​មាន​អាយុ​វែង​​ជាង​អ្នក​ដែល​មិន​ទទួល​ទាន​កាហ្វេ​សោះ​។ នេះ​បើ​តាម​ការ​សិក្សា​អឺរ៉ុប ដែលបាន​​វិភាគ​ទិន្នន័យ ​លើ​មនុស្សប្រុស​មនុស្ស​ស្រី ក្នុង​វ័យ​ចាប់​ពី​៣៥​ឆ្នាំ​ឡើង​ទៅ ​ជាង​កន្លះ​លាន​នាក់ រយៈ​ពេល​១៦​ឆ្នាំ និងដែល​អម​ដោយ​ការងារ​​អង្កេត​អឺរ៉ុប​មួយ​ទៀត ស្តី​ពី​ជំងឺ​មហារីក​និង​ចំណី​អាហារ​ ។

អ្នក​ស្រាវជ្រាវអឺរ៉ុប​​បាន​សង្កេត​ឃើញ​ថា ហានិភ័យ​នៃ​មរណភាព​ មិន​ថា​ដោយ​មូលហេតុ​ជំងឺ​អ្វី​ទេ សុទ្ធ​តែ​មាន​កំរិត​ទាប ក្នុង​រង្វង់​​អ្នកផឹក​កាហ្វេ​ជា​ប្រចាំ ​ភាគ​ច្រើន​ ជា​ពិសេស​ហានិភ័យ​ដែល​បង្កឡើង​ដោយ​ជំងឺ​ទាក់ទងនឹង​ចរន្ត​ឈាម និង​ប្រព័ន្ធ​រំលាយ​​អាហារ។ នេះ​បើ​តាមការ​ពន្យល់​លម្អិត​របស់លោក Marc Gunter ​ភ្នាក់ងារស្រាវជ្រាវ​មហារីក​​អន្តរជាតិ និងជា​មេគំនិត​ដឹកនាំ​ការ​​​សិក្សា​អង្កេត។

កាហ្វេ​ជា​ភេសជ្ជៈ​ដ៏​ពេញ​និយម មាន​អ្នក​ទទួល​ទាន​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ជាមួយ​នឹង​ការ​ឆុង​ផឹក​ជា​ប្រចាំ​ប្រមាណ ២២៥០​លាន​ពែង ក្នុង​មួយ​ថ្ងៃៗ។ ប៉ុន្តែ​នេះ​ជា​លើក​ដំបូង​ហើយ ដែល​មាន​​សិក្សា​ស្រាវជ្រាវស្តី​អំពី​ឥទ្ធិពល​នៃ​កាហ្វេ​ចំពោះ​សុខភាព​ និង​អាយុ​យឺនយូរ​ ជា​ទ្រង់ទ្រាយ​ធំ​ស្ទើរ​ពាស​ពេញ​ប្រទេស​​នៅ​ទ្វីប​អឺរ៉ុប​យ៉ាង​ដូច្នេះ។ ហើយ​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​និងជា​ទីសង្ឃឹម ​ គឺ​ថា លទ្ធផល​មាន​ប្រហាក់​ប្រហែល​គ្នា​ទាំង​អស់ បើទោះ​បី​ជា​នៅ​ក្នុង​ប្រទេស​សិក្សា​ទាំង​១០​នោះ មាន​ប្រពៃណី​ និង​ទម្លាប់ទទួ​លទាន​ចំណី​អាហារ​កាហ្វេ​​ខុស​ប្លែក​គ្នា យ៉ាង​ណា​ក៏​ដោយ។

ការ​សិក្សាក៏​​បាន​ផ្តល់​ពន្លឺ​ដ៏សំខាន់​មួយ​ទៀត ដល់​​អ្នក​ស្រាវជ្រាវ​​ឱ្យ​​​យល់​អំពី​ យន្តការ​​នៃ​គុណប្រយោជន៍ដ៏​វិសេស​​របស់​កាហ្វេ។ អ្នក​ទទួល​កាហ្វេគ្មាន​ជាតិ​កាហ្វេ​អ៊ីន​ ក៏​បាន​ទទួល​ផល​ល្អ និង​មាន​អាយុ​វែង​ដែរ។ នេះ​បញ្ជាក់​ថា ​កាហ្វេ មាន​គុណប្រយោជន៍​ខ្ពស់ មិនមែន​ដោយ​សារ​សារធាតុកាហ្វេអ៊ីន ដែល​មាន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ក្នុង​កាហ្វេ​ទេ តែ​គឺមក​ពី​​កាហ្វេ​មាន​ផ្ទុក​សារធាតុ​អង់ទីអុកស៊ីដង់​ច្រើន​ខ្លាំងដែរ។ សារធាតុ​អង់ទីអុកស៊ីដង់​នេះ ត្រូវ​បាន​គេ​ដឹង​និង​ទទួល​ស្គាល់យ៉ាង​ជាក់​លាក់ ​ថា​មាន​តួនាទី​សំខាន់ខ្លាំង​​ណាស់​ក្នុងការទប់​ស្កាត់​ជំងឺ​មហារីក។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​អ្នក​ស្រាវជ្រាវ។

ទទួល​ទាន​កាហ្វេ​ច្រើន​ ហានិភ័យ​មរណៈទាប

ចំពោះ​ការ​សិក្សា​ទី​ពីរ​ នៅ​សហរដ្ឋ​អាមេរិក​វិញ ធ្វើ​ឡើង​លើ​មនុស្សពេញ​វ័យ​​ប្រមាណ​ជាង​១៨​ម៉ឺន​នាក់ មានដើម​កំណើត​ផ្សេង មក​ពី​គ្រប់​ជាតិ​សាសន៍​ចម្រុះ​គ្នា អាយុ​ពី​៤៥ ទៅ​៧៥​ឆ្នាំ ក្នុង​រយៈ​ពេល​ជា​មធ្យម​១៦​ឆ្នាំ​ដែរ។​ អ្នក​ស្រាវជ្រាវ​បាន​សម្គាល់​ឃើញ​មាន​ចំណង​រវាងការ​ទទួល​ទាន​កាហ្វេ​និង​សុខភាព ៖ បើ​ជា​​អ្នក​ទទួល​ទានកាហ្វេ​ច្រើន​ខ្លាំង អ្នក​នោះ​មាន​ហានិភ័យ​មរណៈ​ទាប​ខ្លាំង ព្រោះពួក​គាត់​អាច​កាត់​បន្ថយ​ជំងឺ​សរសៃ​ឈាម​បេះដូង ផ្លូវ​ដង្ហើម តម្រង​នោម មហារីក និង​ទឹកនោម​ផ្អែម តាមរយៈ​ការ​ទទួល​កាហ្វេ​ជា​ប្រចាំ។

និយាយ​ជា​រួម​និង​ឱ្យ​ច្បាស់​ងាយ​យល់ បើ​បុគ្គល​ម្នាក់​មាន​ទម្លាប់​ផឹក​កាហ្វេ​មួយ​ពែង​ក្នុង​មួយ បុគ្គល​នោះ​នឹងអាច​កាត់​បន្ថយ​​​គ្រោះថ្នាក់​ស្លាប់​ក្នុង​អំឡុង​ពេល​សិក្សា​តាមដាន​​បាន​១២% បើ​ប្រៀប​ទៅ​នឹង​​អ្នក​មិន​ទទួល​ទាន​កាហ្វេ​សោះ​​។ ចំណែក​អ្នកទទួល​កាហ្វេ​ដល់​ទៅ​បី​ពែង​ក្នុង​មួយ​ថ្ងៃ​ ហានិភ័យ​នៃ​​គ្រោះ​មរណៈ​របស់​ពួក​គាត់​អាច​កាត់​បន្ថយ​បាន​ដល់​ទៅ​១៨%។ ហើយ​ដូច​ជា​ការ​សិក្សា​សម្គាល់​នៅ​អឺរ៉ុប​ដែរ អ្នក​ទទួល​ទាន​​កាហ្វេ​គ្មាន​ជាតិ​កាហ្វេអ៊ីន ក៏​ទទួល​បាន​នូវ​​​គុណ​ប្រយោជន៍ល្អ​​ចំពោះ​សុខភាព​និង​ជីវិត​​ប្រហាក់​ប្រហែល​គ្នា។

ការ​សម្គាល់ មិនមែន​ជា​អនុសាសន៍

ប៉ុន្តែទោះ​បី​ជា​បាន​សម្គាល់​ឃើញ​ភាព​ល្អ​របស់​កាហ្វេ​យ៉ាង​ដូច្នេះ​ក៏​ដោយ ក៏​ក្រុម​អ្នកស្រាវជ្រាវ​ទាំង​អស់ ​មិន​អាច​និយាយ​ទៅកាន់​សាធារណជន “សូម​ពិសារ​កាហ្វេ ដើម្បី​មាន​អាយុ​វែង” ​បាន​ឡើយ ! ព្រោះ​ការ​សិក្សា​នេះ គ្រាន់តែ​ជា​បង្ហាញ​ថា​ “វា​អាច​មាន​ចំណង​ រវាង​កាហ្វេ និង​អាយុវែង ប៉ុណ្ណោះ។ នេះ​បើ​ការ​សង្កត់​ធ្ងន់​របស់​សាស្រ្តាចារ្យ​ផ្នែក​វេជ្ជសាស្រ្ត​ការពារ​នៃ​សាកលវិទ្យាល័យ​កាលីហ្វ័រនី​ខាង​ត្បូង ដែល​​ជា​អ្នក​ដឹកនាំ​ការ​ស្រាវជ្រាវ​។

​អ្នក​ស្រាវជ្រាវ​នៅអឺរ៉ុប ក៏ដូច​ជា​នៅ​អាមេរិក បាន​ព្រមព្រៀង​រំលឹក​បញ្ជាក់​មតិ​សាធារណៈ​ទាំង​អស់​ថា ការ​សិក្សា​នេះ បាន​មក​ពី​ការ​សម្គាល់ មិនមែន​ជាលទ្ធផល​នៃ​ការ​វិភាគ​ លាត​ត្រដាង​តាមបែប​វិទ្យាសាស្ត្រ​អំពី​ហេតុ​និង​ផល​ឡើយ។ ដូច្នេះ​គ្មានទេ​ការ​ផ្តល់​អនុសាសន៍​ឱ្យ​លោក​អ្នក​ កាត់​បន្ថយ​ឬ​ប្រឹង​ទទួល​ទាន​កាហ្វេនោះ។ លទ្ធផល​នៃ​ការ​សម្គាល់​នេះ គ្រាន់​តែ​ជា​សំណើ​មួយ​សូម​ឱ្យ​ទទួល​ទាន​កាហ្វេ​ដោយ​សមរម្យ​ មិន​ហួស​ហេតុ​ ! ត្រឹម​បី​ពែង​ក្នុង​មួយ​ថ្ងៃ​យ៉ាង​ច្រើន​ ទំនង​ជា​អាច​ផ្តល់​ផល​ល្អ​ ផល​ចំណេញ​ដល់​សុខភាព។

តើ​កាហ្វេ​ជា​អ្វី ? កាហ្វេ​ពិត​ជា​មាន​ផលល្អ​ចំពោះ​សុខភាព​មែន​ឬ​យ៉ាងណា ?

ដុះ​ក្នុង​ធម្មជាតិ និង​រក​ឃើញ​ដំបូងនៅ​ប្រទេស​អេត្យូពី ចំការ​កាហ្វេបាន​​បង្ហាញ​វត្តមានជាលើក​ទី​មួយ​​​នៅ​ប្រទេស​យេម៉ែន តែ​គឺ​​អារ៉ាប៊ី​សាអូឌីត​ជា​អ្នក​ផ្តើម​គំនិតនិង​ច្នៃ​មក​ទទួល​ទាន​កាហ្វេ​ជា​ភេសជ្ជៈ​មុនគេ បន្ទាប់​ពីបាន​ឮ​អ្នក​គង្វាល​ជៀម​នៅ​ប្រទេស​ជិត​ខាង​រៀប​រាប់​ថា​សត្វ​ជៀម​របស់​ពួកគេ​មាន​កម្លាំង​ចម្លែក​ មិន​ដេក​ទេ ក្រោយ​ពី​បាន​ស៊ី​ផ្លែរុក្ខជាតិ​កាហ្វា (នេះ​បើ​តាម​រឿង​និទាន)។ កាហ្វា ជា​ខេត្ត​មួយ​របស់​អេត្យូពី។

គេ​ត្រូវ​រង់ចាំ​ដល់សតវត្សរ៍​ទី ១៧ ​ទើប​អ្នកស្រាវជ្រាវ​ឱសថសាស្ត្របារាំង​ លោក Nicolas Lémery បាន​ផ្តល់​សេចក្តី​វិភាគ​ដំបូង​អំពី​​គុណសម្បត្តិ​ដ៏​ប្រពៃ​របស់​កាហ្វេ ​ថា “កាហ្វេ​ជួយប៉ូវ​​ក្រពះ ជំនួយ​ខួរ​ក្បាល ជួយ​រំលាយ​អាហារ​ កាត់​បន្ថយ​អាការៈ​ឈឺក្បាល កាត់​បន្ថយ​ជាតិពុល​ក្នុង​ឈាម ទប់​មិន​ឱ្យ​ងងុយ​ក្រោយ​បាយ​រួច ជំរុញ​ការ​បត់​ជើង​តូច​ សម្រួល​ការធ្លាក់រដូវ​របស់​ស្រ្តី និង​ជួយ​សម្រក​ក្បាល​ពោះ តែ​កាហ្វេ​អាច​ធ្វើ​ឱ្យ​អារ​អត់​កូន។ នេះ​ជា​គុណ​ប្រយោជន៍​ដ៏​វិសេសវិសាល​របស់​កាហ្វេ​រក​ឃើញ​ និង​ត្រូវ​បានគេយក​ប្រើ​ជា​​ឱសថផង​នៅ​សម័យ​នោះ។

នៅ​ឆ្នាំ​១៨១៩ ពិភពលោក​បាន​យល់​កាន់​តែ​ច្បាស់ទៀត​អំពី​គុណ​ប្រយោជន៍​នៃ​កាហ្វេ តាមរយៈ​របក​គំហើញ​របស់​​គីមីវិទូ​ជាតិ​អាល្លឺម៉ង់ ដែល​បាន​ញែក​រក​ឃើញ​ជាតិ​កាហ្វេអ៊ីន នៅ​ក្នុង​កាហ្វេ។ កាហ្វេអ៊ីន​ ក៏​មាន​ច្រើន​ដែរ​នៅ​ក្នុង​រុក្ខជាតិ ជា​ច្រើន​ទៀត ដូច​ជា តែ កូឡា ក្វា តែ​​ច្រើន​ខ្លាំងពិសេស​ជាងគេ​គឺ​នៅ​​ក្នុង​កាហ្វេ។ ដោយមាន​ផ្ទុកកាហ្វេអ៊ីនក្នុង​បរិមាណ​ដ៏​ខ្ពស់​ (៨០%)​ ​​​ ​​ទើប​កាហ្វេ​អាច​​មាន​សមត្ថភាព​ពិសេស​ថា​ជួយ​ពង្រឹង​ប្រព័ន្ធសរសៃ​​ប្រសាទ​ បង្កើន​ភាព​ប្រុង​ប្រយ័ត្ន និង​កាត់​បន្ថយ​ភាព​ងោកងុយ។ ប៉ុន្តែ មូលេគុល​កាហ្វេអ៊ីន ក៏​អាច​បង្ក​ផល​ប៉ះពាល់​ដល់​​សុខភាព​ដែរ។ មាន​ន័យ​ថា បើ​ទទួល​កាហ្វេ​ច្រើន​ នោះ​​គេ​នឹង​អាច​ជួបបញ្ហា​សម្ពាធឈាម​​ (ឡើង​ឈាម) ដំណើរ​បេះដូង​ដើរ​ញាប់ ញ័រ​ដៃ​ញ័រ​ជើង​ញ័រ​ខ្លួន ជ្រួល​រំភើបជ្រុល​។

ដូច​ម្តេ​ច​ទៅ​ដែល​ហៅ​ថា​ច្រើន ? ញ៉ាំ​ប៉ុន្មាន​ដែល​មិន​ប៉ះពាល់​ដល់សុខភាព?

​​អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រចំណាប់​អារម្មណ៍​ខ្លាំងនឹង​បញ្ហា​នេះ​ ​តាំង​ពី​ជា​ច្រើន​ឆ្នាំ​មកហើយ។ កា​រសិក្សា​មាន​ច្រើន​និង​ជា​បន្ត​បន្ទាប់។ លទ្ធផល​នៃ​ការ​វិភាគ​រវាង​ពី​ឆ្នាំ​២០០១ ដល់ ២០១៥ បាន​បង្ហាញ​ថា​ មនុស្ស​ពេញ​វ័យ​អាច​ស្រូប​ជាតិ​កាហ្វេអ៊ីន​ដោយ​គ្មាន​បញ្ហា​បាន ត្រឹម​៤០០មីល្លីក្រាម​ក្នុង​មួយថ្ងៃ ពោល​គឺ​ស្មើ​នឹង​កាហ្វេ​ខ្មៅ​បួន​ពែង ឬ​២,៥​ក្រាម​សម្រាប់​ក្មេងជំទង់ ហើយ​ស្ត្រី​មាន​ផ្ទៃពោះ ត្រឹម​ប្រមាណ​៣០០មីល្លីក្រាម។ ប៉ុន្តែ​មនុស្ស​ម្នាក់​ៗ​មិន​ដូច​គ្នា​ ការ​ទទួល​យក​​ជាតិកាហ្វេអ៊ីន​ក៏​មិន​ដូច​គ្នាដែរ​ បើ​ជា​អ្នក​មាន​ជំងឺ​ថ្លើម មាន​បញ្ហា​ដំណេក​ ការ​ទទួល​ទាន​កាហ្វេ​គួរ​មាន​កំរិត។ ការ​ប្រឹង​​រត់​តាម​​​បរិមាណ​កំណត់​ដើម្បី​សុខភាព​ពិត​ជា​គ្មាន​ន័យ​អ្វី​ទេ ! សូម​ស្តាប់​សេចក្តី​ត្រូវ​ការ​របស់​ខ្លួន​ប្រាណ​ទើប​ប្រសើរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ