ផលិតបំបាត់ក្លិនក្លៀក ជាប់ចោទជាភ្នាក់ងារបង្កជំងឺមហារីកសុដន់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៥០
កាយវិការដ៏សាមញ្ញ ជាប្រចាំរាល់ថ្ងៃ ប៉ុន្តែកាយវិការនៃអាចនឹងក្លាយជាគ្រោះថ្នាក់ សម្រាប់សុខភាព។ បើតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រស្វីស ដែលទើបបោះផ្សាយលទ្ធផលស្រាវជ្រាវរបស់ខ្លួន ក្នុងទំព័រទស្សនាវដ្តីសុខភាព បានបង្ហាញអំពីទំនាក់ទំនងពិតរវាងការប្រើប្រាស់ផលិតផលបំបាត់ក្លិនក្លៀកមានផ្ទុកជាតិអំបិលអាលុយមីញ៉ូម ទៅនឹងជំងឺមហារីកសុដន់។ ជាច្រើនឆ្នាំមកហើយ ដែលសារធាតុអំបិលអាលុយមីញ៉ូមនេះ បានក្លាយជាជនជាប់ចោទបង្កជំងឺមហារីកសុដន់នោះ។ ក្នុងពេលនេះ ពុំទាន់មានស្ថាប័នហ៊ានអារកាត់សេចក្តីអ្វីឡើយ ប៉ុន្តែប្រសិនបើអ្នកចង់កាត់បន្ថយគ្រោះកើតជំងឺមហារីកសុដន់ លោកអ្នកគួរតែជ្រើសរើសដើរតាមគោលការណ៍ ការពារជាងព្យាបាល។មានន័យថា យើងត្រូវឈប់ប្រើផលិតផលបំបាត់ក្លិនក្លៀកឬយ៉ាងណា ? តើអំបិលអាលុយមីញ៉ូមនេះ ជាអ្វី ?
បើតាមអ្នកស្រាវជ្រាវបារាំង លោក André Cicolella ឯកទេសផ្នែកគីមី ផ្នែកជាតិពុល និងខាងផ្នែកវាយតម្លៃហានិភ័យសុខភាព ចំនួនអ្នកកើតជំងឺមហារីកសុដន់ ដែលមានការកើនឡើងខ្លាំង ចាប់តាំងពីឆ្នាំ១៩៨០មក មួយភាគធំគឺបណ្តាលមកពីការប្រឈមនឹងសារធាតុគីមីពុលក្នុងបរិស្ថានជុំវិញខ្លួន និងក្នុងផលិតផលឧបភោគបរិភោគប្រចាំថ្ងៃ។ សារធាតុគីមីរាប់រយមូលេគុលសំយោគ ដូចជា phtalates, bisphénol, parabènes, PCB… ត្រូវបានគេចង្អុលមុខ ថាជាជនជាប់ចោទ ជាភ្នាក់ងារបង្កជំងឺមហារីក។
គ្រឿងសំអាង ផលិតផលសំអាង វិធីកែសម្ជស ជាច្រើនយ៉ាង ត្រូវបានជាប់ចោទ និងសង្ស័យថាបុព្វហេតុនាំកើតជំងឺមហារីក។ ថ្មីៗនេះទៀត ការសិក្សាស្រាវជ្រាវរបស់ក្រុមវេជ្ជសាស្ត្រ បានទាញសញ្ញាអាសន្នជាថ្មី នឹងភាពប្រឈមនៃជំងឺមហារីកសុដន់ ដោយហេតុតែប្រើផលិតផលសំអាងបំបាត់ក្លិនក្លៀក ដែលមានធាតុផ្សំជាសារធាតុអំបិលអាលុយមីញ៉ូម។តើសារធាតុអំបិលអាលុយមីញ៉ូមជាអ្វី ?
ប្រសិទ្ធិភាពអស្ចារ្យនៃសារធាតុអំបិលអាលុយមីញ៉ូម
សារធាតុអំបិលអាលុយមីញ៉ូម ដែលមានប្រើយ៉ាងច្រើន ជាគ្រឿងបន្សំ កប់ស្ទើរនៅក្នុងគ្រប់ចំណីអាហារ ទឹកម៉ាស៊ីន ក្នុងថ្នាំ និងផលិតផលសំអាង ក៏មានឈ្មោះក្នុងបញ្ជីខ្មៅជាប់សង្ស័យបង្កជំងឺមហារីកតាំងពីយូរយារមកហើយដែរ។ ហើយផលិតផលបំបាត់ក្លិនក្លៀកល្អៗ មានគុណភាពខ្ពស់ ច្រើនតែមានប្រើជាតិបន្សំអំបិលអាលុយមីញ៉ូមនេះ ព្រោះសារធាតុនេះ មានប្រសិទ្ធិភាពខ្លាំងណាស់ ក្នុងការទប់ស្កាត់ញើស ៖ គ្រាន់តែយកសារធាតុអំបិលអាលុយមីញ៉ូមលាបលើស្បែកត្រង់ណា វាអាចបង្រួមរន្ធញើស មិនឱ្យបែកញើសនៅក្លៀក ពោលគឺប្រឆាំងនឹងយន្តការរបស់ក្រពេញញើស។ ដូច្នេះ វាពិតជាអាចបញ្ចៀសមិនឱ្យមានក្លិនក្លៀក មានដាមញើសហៀមកដល់សម្លៀកបំពាក់បានយ៉ាងប្រពៃបំផុត។
អំបិលអាលុយមីញ៉ូមជាប់ចោទញយដងហើយ
អំបិលអាលុយមីញ៉ូម ជាជើងឯកផ្នែកបំបាត់ក្លិន ទប់ស្កាត់ញើស ! ប៉ុន្តែវាត្រូវបានគេយកទៅប្រើប្រាស់ និងលាបនៅក្លៀក ! និយាយឱ្យចំ គឺលាបនៅតំបន់ដែលមិនឆ្ងាយប៉ុន្មានពីសុដន់ តំបន់ដែលមានក្រពេញកូនកណ្តុរ សម្រាប់ផលិតនិងបង្ហូរទឹកដោះ។ ក្លៀកជាតំបន់គួរឱ្យប្រុងប្រយ័ត្នខ្លាំង ព្រោះវាងាយរងផលប៉ះពាល់ជាពិសេសតែម្តង ! ដូច្នេះវាជារឿងសមហេតុផលបំផុត ដែលគេត្រូវតែគិតចោទសួរអំពីបញ្ហាសុវត្ថិភាព នៃការប្រើអំបិលអាលុយមីញ៉ូមដែលមានបង្កប់ក្នុងផលិតផលសំអាងបំបាត់ក្លិនញើយ ផលិតផលប្រើជាប្រចាំរាល់ថ្ងៃ នៅតំបន់ក្លៀកនោះ។
រឿងអាស្រូវបន្ទោសអំបិលអាលុយមីញ៉ូម ជាភ្នាក់ងារបង្កហានិភ័យមហារីក ហាក់ដូចជាបានស្ងប់ស្ងាត់ និងបិទបញ្ចប់ម្តងហើយកាលពីឆ្នាំ២០១២ នៅពេលគណៈកម្មាធិការវិទ្យាសាស្ត្រអឺរ៉ុប ទទួលបន្ទុកសុវត្ថិភាពអ្នកប្រើប្រាស់ បានអះអាងថា “អាលុយមីញ៉ូមក្នុងផលិតផលគ្រឿងសំអាង មិនមែនជាភ្នាក់ងារបង្កជំងឺមហារីកទេ »។ ប៉ុន្តែកាលពីចុងឆ្នាំ២០១៦ អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យក្រុងហ្សឺណែវ ប្រទេសស្វីសពីររូប បានធ្វើការចោទប្រកាន់ជាថ្មី សារធាតុអំបិលអាលុយមីញ៉ូម ដោយចុះផ្សាយលទ្ធផលស្រាវជ្រាវរបស់លោក នៅក្នុងទំព័រទស្សនាវដ្តីសុខភាព International Journal of Cancer តែម្តង។
អំបិលអាលុយមីញ៉ូម និងមហារីកសុដន់
ការសិក្សារបស់អ្នកស្រាវជ្រាវស្វីសនេះបានផ្តល់លទ្ធផលគួរឱ្យព្រួយបារម្ភខ្លាំងណាស់ ! ព្រោះប្រសិនបើគេយកសារធាតុអំបិលអាលុយមីញ៉ូមទៅលាបលើកោសិកាសុដន់របស់កណ្តុររយៈពេលបួនទៅ៦ខែ កោសិកានោះបានក្លាយជាកោសិកាកាច។ បើគេចាក់អំបិលអាលុយមីញ៉ូមន៉ទៅក្នុងខ្លួនសត្វកណ្តុរ នោះវានឹងបង្កឱ្យមានការកកើតដុំសាច់កាច ជាមួយនឹងដំណើរប្តូរកន្លែងឈឺ កន្លែងកើតរោគ ឆ្លងរាលដាលពីតំបន់មួយទៅតំបន់មួយទៀត។
មនុស្សមិនមែនសត្វកណ្តុរមែន ! ប៉ុន្តែអ្នកស្រាវជ្រាវស្វីសដដែលនេះ ធ្លាប់បានពន្យល់បង្ហាញ កាលពីបួនឆ្នាំមុនថាអាលុយមីញ៉ូមរំខានឥរិយាបថរបស់កោសិកាសុដន់មនុស្ស ដែលគេបណ្តុះនៅក្នុងមន្ទីរពិសោធន៍។ សូម្បីតែក្នុងកំរិត ២០០០ ទៅ ១សែនដងតិចជាង កំរិតដូសអំបិលអាលុយមីញ៉ូមដាក់ក្នុងផលិតផលសំអាងក្តី ក៏វាបានបង្កផលប៉ះពាល់ដល់កោសិកាសុដន់នោះដែរ។
ចូរប្រយ័ត្នចំពោះស្បែករលាត់ ស្បែកទើបកោរថ្មីៗ
ប៉ុន្តែគ្មានប្រយោជន៍អ្វីដែលគួរស្លន់ស្លោឡើយ ! បើតាមក្បួនច្បាប់ ប្រសិនបើស្បែករបស់យើងល្អ ស្អាត សារធាតុបន្សំរបស់ផលិតផលសំអាងអាចជ្រាបចូលទៅខាងក្នុងបានតិចតួចណាស់ ព្រោះវាត្រូវឆ្លងកាត់រនាំងធម្មជាតិ ស្រទាប់ស្បែកសិនមុននឹងអាចបញ្ចៀបចូលក្នុងផ្ទៃជ្រៅបាន។
ក៏ប៉ុន្តែប្រសិនបើស្បែកអ្នក មានរបួស រហែក រលាត់ ឆូត អេះដាច់សាច់ មានតាអក ឬទើបកោរថ្មីៗ នោះសារធាតុអំបិលអាលុយមីញ៉ូម អាចបង្កើនសមត្ថភាពជ្រាបចូលក្នុងស្បែកបានដល់ទៅ៦ដងលើស។ នេះបើសមាគមក្រុមគ្រូពេទ្យបរិស្ថានបារាំង។ ភ្នាក់ងារសុវត្ថិភាពឱសថជាតិបារាំង បានផ្តល់អនុសាសន៍យ៉ាងច្បាស់លាស់ដល់ជនគ្រប់រូបមិនឱ្យប្រើប្រាស់ផលិតផលបំបាត់ក្លិនក្លៀកមានផ្ទុកសារធាតុអំបិលអាលុយមីញ៉ូមឡើយ លើក្លៀកទើបកោររោមថ្មី និងក្នុងករណីក្លៀកមានស្នាមរលាត់។
០,៦% កំរិតអតិបរិមានៃអំបិលអាលុយមីញ៉ូមក្នុងផលិតផលបំបាត់ក្លិនក្លៀក
ភ្នាក់ងារជាតិបារាំង បានទាមទារតាំងពីឆ្នាំ២០១១មក ក្រោមគោលការណ៍ការពារប្រសើរជាងព្យាបាល ឱ្យមានការកំរិតកំហាប់សារធាតុអាលុយមីញ៉ូមក្នុងផលិតផលបំបាត់ក្លិនក្លៀក ត្រឹម ០,៦%។ ប៉ុន្តែ អ្នកគ្មានលទ្ធភាពដឹងបានឡើយថាតើផលិតផលជាទីពេញនិយមដែលអ្នកប្រើរាល់ថ្ងៃ មានផ្ទុកកំរិតអាលុយមីញ៉ូមប៉ុណ្ណា ព្រោះគេគ្មានសរសេរលម្អិតអំពីកំរិតសារធាតុគីមីមួយនេះ នៅលើកញ្ចប់ផង។ ហើយជាងនេះទៅទៀត បើជាផលិតផលនៅអឺរ៉ុប គណៈកម្មការអឺរ៉ុបមិនទាន់បានចេញច្បាប់កំរិតក្រុមហ៊ុនគ្រឿងសំអាងទាំងនោះគោរពបរិមាណជាតិបន្សំផង។ បើតាមខ្ញុំដឹងមានផលិតផលខ្លះមានផ្ទុកសារធាតុអំបិលអាលុយមនីញ៉ូមនេះដល់ទៅ៥%ឯណោះ។
ជាគោលការណ៍ យើងគួរតែចេះប្រុងប្រយ័ត្ន ដោយត្រូវជ្រើសរើសផលិតផលបែបធម្មជាតិ ឬផលិតផលណាដែលគ្មានជាតិអាលុយមីញ៉ូម ដែលអាចជួយបំបាត់ក្លិន តែមិនបិទបង្រួមរន្ធបង្ហូរញើស។ ប៉ុន្តែសូមកុំប្រហែស Pierre d’alun ជាផលិតផលធម្មជាតិដែរ តែក៏មានផ្ទុកសារធាតុអំបិលអាលុយមីញ៉ូមដែរ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ