អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

តើការ​គេង​ច្រើន​ជ្រុល​អាចបង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​យ៉ាង​ណា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

គេង​មិន​គ្រប់គ្រាន់ អាច​បង្កគ្រោះ​ថា្នក់​ដល់​សុខភាព តែ​ការ​គេង​ច្រើន​ជ្រុល​ ក៏​ជា​កត្តា​នាំ​ឱ្យ​ខូច​សុខភាព​ដែរ។ គេ​អាច​ចាត់​ទុក​ថា​មនុស្សម្នាក់​គេ​ង​ច្រើន​ជ្រុល​ បើ​រយៈ​ពេល​គេង​លើស​ពី​១០ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ​បើ​តាម​កា​រសិក្សា​ទើប​ចេញ​ផ្សាយ​នៅ​ថ្ងៃទី ៣សីហា ២០១៨ គេង​លើស​ពី​១០​ម៉ោង​ក្នុង​មួយយប់ អាច​បង្កើន​គ្រោះ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូងដល់​ទៅ​ ៤៩% បើ​ប្រៀប​ទៅ​នឹង​អ្នក​គេង​តិច​ជាង៨​ម៉ោង។ តើ​ការ​គេង​ច្រើន​ជ្រុល​បង្ក​គ្រោះ​ថ្នាក់ដល់​សុខភាព​យ៉ាង​ណា​ខ្លះ ?

ដេក​ច្រើន​ជ្រុល​ក៏​ជា​ជំងឺ និង​នាំ​ឱ្យ​ខូច​សុខភាព​ដែរ
ដេក​ច្រើន​ជ្រុល​ក៏​ជា​ជំងឺ និង​នាំ​ឱ្យ​ខូច​សុខភាព​ដែរ Getty Images
ផ្សាយពាណិជ្ជកម្ម

គ្រប់​គ្រូពេទ្យ​ឯកទេស សុទ្ធ​តែ​ស្រុះ​ស្រួល​គ្នា​​ទាំង​អស់ លើ​​គុណភាព​ដំណេក ថា​​ជា​ប្រការ​សំខាន់​ណាស់​សម្រាប់​សុខភាព។

គេង​ទម្រេត​ខ្លួន​ ជា​ការ​សម្រាកអាច​បំបាត់​ការ​នឿយ​ហត់​ផ្លូវកាយ។ ឯ​ការ​គេង​លក់​ មាន​ដំណេក​ល្អ មិន​ត្រឹម​តែ​ប្រមូល​កម្លាំង​កាយ​បាន​ទេ តែ​ថែម​ទាំង​ប្រមូល​កម្លាំង​បញ្ញា​បាន​​ទៀត។ មាន​ន័យ​ដើម្បី​ចង​ចាំ​នូវ​អ្វី​ដែល​យើង​ធ្វើ ឬ​សិក្សា​​នៅពេល​ថ្ងៃបាន យើង​ត្រូវ​តែ​គេង​នៅ​ពេល​យប់។ ដំណេក​ជាអ្នក​​សម្រួល​ឃ្លាំង​ស្តុក​បញ្ញា និងរៀប​ចំ​ទុកដាក់​​​ចំណេះ​ដឹង​ថ្មី។ ហើយ​ដើម្បី​បំពេញ​ដំណើរការ​បែប​នេះ​បានល្អ ខួរក្បាល​ត្រូវ​ការ​កាត់​ផ្តាច់​ពី​ពិភព​ខាង​ក្រៅ ពោល​គឺ​ត្រូវ​ការ​គេង។ ចំពោះ​ក្មេង​ និង​កុមារ ដំណេក​មាន​ចំណែក​សំខាន់​ណាស់​សម្រាប់​ការ​លូត​លាស់​​នៃ​សពាង្គកាយ​ ឆ្អឹង សាច់​ដុំ ស្បែក... អ័រមូន​នៃ​ការលូត​​ធំធាត់ បញ្ចេញ​ខ្លាំង​តែ​នៅ​ពេល​គេង​នេះ​ឯង។ ​ចំពោះ​មនុស្ស​ពេញ​វ័យ​ ដំណេក​ថែម​ទាំង​អាច​ជួយ​កាត់​បន្ថយ​គ្រោះ​មាន​ជំងឺ​ធាត់​ចុក​ខ្លាញ់ ជំងឺ​ទឹកនោម​ផ្អែម ឬ​ស្លាប់​មុន​អាយុ។

យើង​ត្រូវការ​ដំណេក​ប្រកប​​គុណភាព មិនមែន​គ្រាន់​តែ​​ដើម្បី​អាច​ប្រមូល​ផ្តុំ​ផ្ចង់​អារម្មណ៍​ល្អ និង​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់ នៅ​ពេល​ថ្ងៃទេ តែ​ការ​គេងត្រឹម​ត្រូវ ជា​ជំនួយ​ដ៏ប្រពៃ​ខាង​ផ្នែក​ផ្តល់​ថាមពល​ដល់​សរីរាង្គ​កាយ​ និង​ប្រមូល​កម្លាំង​មក​វិញ​ប្រៀប​ដូច​ជាបាន​​សាក​ថ្មពេញ​យ៉ាង​ដូច្នោះ។

ប៉ុន្តែ​ថ្វី​បើ​ការ​ដំណេក​ជា​ប្រការ​ចាំ​បាច់​និង​សំខាន់​សម្រាប់​សុខភាព​មែន ​មិន​ត្រូវ​លោភ​ទេ ! ​អ្នក​ឯកទេស​ដំណេក សង្កេតឃើញ​ថា មាន​មនុស្ស​មិនតិចទេ ដែល​ល្មោភ​គេង។ ​​មនុស្ស​ណា​ដែល​គេង​លើស​ពី​១០ម៉ោង​ក្នុង​មួយ​ថ្ងៃ ជា​ទូទៅមនុស្ស​នោះ​តែង​មាន​សុខភាព​មិន​សូវ​ល្អ​ដូច​អ្នក​មាន​ទម្លាប់​គេង​តែ​៧​ទៅ​៨​ម៉ោងទេ។ ជនជាតិ​អាមេរិក​ជិត​៣០% ជាមនុស្ស​គេង​ច្រើន គេង​យូរ។

គេង​យូរ​ គេង​ច្រើន បាន​ក្លាយ​ទៅ​ទម្លាប់​ធម្មតា នៅ​ពេល​មនុស្ស​ចូល​ដល់​វ័យ​ចំណាស់។ ត្រង់​ចំណុច​នេះ គេ​មិន​ដឹង​ច្បាស់​លាស់​ទេ​ថា តើ​ជា​សញ្ញា​នៃ​ជំងឺ គាត់​គេង​ច្រើន​ព្រោះ​ឈឺ ឬ​ក៏​ដោយ​សារ​តែ​គេង​ច្រើន​ទើប​ឈឺទេ។ សម្រាប់​អ្នក​គ្រូពេទ្យ​ជំនាញខាង​ដំណេក ពួក​គាត់​សង្ស័យ​ច្រើន​ថា ការ​គេង​ច្រើន​ជា​​​តម្រ៉ុយបង្ហាញ​អំពី​បញ្ហា​សុខភាព។ គ្រូពេទ្យ​មួយ​ចំនួន​ផ្សេងទៀត បាន​ស្រែក​អះអាងតែម្តង​ថា ដេកច្រើន​ពេក អាច​នាំ​ឱ្យ​ឈឺ ! មូលហេតុ​​​ ៖ គេង​ច្រើន (លើស​ពី​៨ម៉ោង) មាន​ន័យ​ថា​គុណភាព​ដំណេក​យើង​មិន​ល្អ។ អ្នក​ដេក​លើ​គ្រែ​ រយៈ​ពេល​វែង​ ច្រើន មិន​ប្រាកដ​ថា​ជា​អ្នក​គេង​លក់​ស្ងប់​នោះ​ទេ។

អ្វី​ដែល​ប្រាកដ និង​គួរ​ចង​ចាំ​ទុក គឺ គេង​ច្រើន​ជ្រុល​អាច​បង្ក​គ្រោះ​ថ្នាក់​​ដូច​គេង​មិន​គ្រប់គ្រាន់​ដែរ !

ខាង​ក្រោម​នេះ​ជា​បញ្ហា​ដែល​អ្នកចូល​ចិត្ត​​គេង​ច្រើន​ជ្រុល​អាច​ជួប​ប្រទះ ៖

គ្រោះមាន​ជំងឺ​បេះដូង

ជំងឺ​បេះដូង​ជា​មូលហេតុ​ចំបង​មួយ​នៃ​មរណភាព​នៅ​សហរដ្ឋ​អាមេរិក។ គេង​ច្រើន​ជ្រុល​លើស​ពី​៨​ម៉ោង​ក្នុង​មួយ​យប់ បង្កើន​គ្រោះ​​មរណៈ​ ដោយមាន​ជំងឺ​បេះដូង ល់​ទៅ ៣៤%។

កើន​​ហានិភ័យ​ផ្នែក​បញ្ហា​ទម្ងន់

ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា មនុស្ស​ណា​ដែល​គេង​មិន​គ្រប់គ្រាន់ មាន​និន្នាការ​ ឡើង​ទម្ងន់ ធ្ងន់​ខ្លួន ហើយ​ការ​គេង​ច្រើន​ជ្រុល​ក៏មាន​ចំណង​​ជាមួយ​នឹង​ជំងឺ​ធាត់​ចុក​ខ្លាញ់​ដែរ។ វា​មិន​មែន​ជា​ចំណង​ហេតុ​និង​ផល​មែន តែ​ជំងឺធាត់​ចុក​ខ្លាញ់និង​គេង​ច្រើន មាន​ទំនាក់ទំនង​នឹង​គ្នា។ បើ​មនុស្ស​ម្នាក់​នោះ​ក្លាយ​ខ្លួន​ជា​អ្នក​ធាត់​ចុក​ខ្លាញ់ កាន់​តែ​ធាត់ គាត់​កាន់​តែ​ងាយ​ក្លាយ​ជា​មនុស្ស​ចូល​ចិត្ត​គេង គេង​ច្រើន។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​ចូល​ចិត្ត​គេង​ច្រើន​ គេង​យូរ នោះ​អ្នក​នឹង​មាន​ហានិភ័យ​ក្លាយ​ខ្លួន​ជា​មនុស្ស​ធាត់ជ្រុល​ចុក​ខ្លាញ់​ដែរ។ អំណះអំណាង​នេះ គឺជា​ក្បួន​គិត​​ដែល​ថា ចំណាយ​ពេល​ច្រើន​ដេក គឺ​ស្មើ​នឹង​ចំណាយ​ពេល​តិច​ធ្វើ​លំហាត់​ប្រាណ។ អ្នក​ចូល​ចិត្ត​គេង​មាន​ពេល​ទំនេរ​តិច​ណាស់​សម្រាប់​​ធ្វើ​អ្វី​ដែល​សកម្ម។ នេះ​បើ​តាម​ការ​ពន្យល់​របស់​គ្រូពេទ្យ​ឯកទេស។ បើ​និយាយ​បែប​ផ្សេង​ បើ​អ្នក​គេង​កាន់​ច្រើន អ្នក​​ធ្វើចលនា​​កាន់​តែ​តិច ខ្លួន​ប្រាណ​អ្នក​មិន​សូវ​បាន​ដុត​បំផ្លាញ​ថាមពលទេ។

​ការ​លូតលាស់​នៃ​ជំងឺ​ទឹកនោម​ផ្អែម​

គេង​ច្រើន​ជ្រុល អាច​នឹង​បង្កើន​អត្រា​ជាតិ​ស្ករ​ក្លុយកូស​ ​ដូច​គ្នានឹង​ករណី​​​គេង​ស្ទើរដែរ។ ដូច្នេះ​ត្រូវ​ចេះ​ប្រុង​ប្រយ័ត្ន​និង​គិត​គូរ​ដល់​គុណភាព​ដំណេក ព្រោះ​ថា ៖ កំរិត​អត្រា​ជាតិ​ក្លុយកូស​កើន​ឡើង​​អាច​បង្កើន​​គ្រោះ​ឱ្យ​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទីពីរ។ អំណះអំណាង​បែប​នេះ ពិត​ជា​សមហេតុសមផល​ណាស់ ព្រោះ​ហើយ​បើ​​គិត​ឱ្យកាន់​តែ​ល្អិត​​ទៅ​ ​ ​​ភាព​ស្រណុក​ស្រួល (មិន​ធ្វើ​អ្វី​ដោយ​ការ​គេង​យូរ)​ គឺ​ជា​​កត្តា​បង្កើន​ហានិភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ស្រាប់​ទៅ​ហើយ ទើប​បាន​ជា​ការ​គេង​ច្រើន​អាច​នាំ​ឱ្យ​យើង​កាន់​តែ​ធ្លាក់​ក្នុង​គ្រោះ​កើត​ជំងឺ​ទឹកនោម​ផ្អែម។

សុញ​គំនិត

អ្នក​ពុំ​អាច​ផ្ចង់​អារម្មណ៍ ប្រមូល​គំនិត​ឱ្យ​មូល ? កំហុស​គឺ​បណ្តាល​មក​ពី អ្នក​ខ្លះ​ពេល​ពេលវេលា​ចំណាយ​ឱ្យ​គ្រែ​គេង ! បើ​តាម​ការសិក្សា​មួយ​ បោះផ្សាយ​ក្នុង​ទំព័រ​ទស្សនាវដ្តី​អាមេរិក គេង​ច្រើន​ពេក​ រហូត​ក្លាយ​ជា​​ទម្លាប់​ យូរ​ខែ​យូរ​ថ្ងៃ​ទៅ​នឹង​អាច​ធ្វើ​ឱ្យ​ខួរ​ក្បាល​អ្នក​ចាស់​មុន​អាយុ​ដល់​ទៅ​ពីរ​ឆ្នាំ​ ព្រមទាំង​ធ្វើ​ឱ្យ​អ្នក​ពិបាក​​នឹង​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ។ មូលហេតុ​នៃ​បញ្ហា​នេះ គឺ​ទំនង​ជា​បណ្តាល​មក​ពី​អ្នក​គេង​ច្រើន​នោះ​ ភ្ញាក់​ញយ​ដង​នៅ​ពេល​យប់។ បើ​អ្នក​ភ្ញាក់​ញឹកញាប់​ មាន​ន័យ​ថា​អ្នក​មិន​អាច​គេង​លង់​លក់​បាន​ស្កប់​យូរ​គ្រប់គ្រាន់។ ដូច្នេះ​អ្នក​មាន​ដំណេក​មិន​ត្រឹម​ត្រូវ មិន​អាច​បំពេញ​តម្រូវ​ការ​ផ្នែក​ដំណេក​ឱ្យ​សរីរាង្គ​កាយ​បាន បើ​ទោះ​បី​ជា​ការ​ពិតជាក់​ស្តែង​អ្នក​បាន​ចំណាយ​ពេល​ដេក​ច្រើន​ម៉ោង​ជាង​គេ​ក៏​ដោយ។

ហានិភ័យ​ស្លាប់​មុន​អាយុ​

គេ​ង​ច្រើន​ជ្រុល​នឹង​ធ្វើ​ឱ្យ​អ្នក​ប្រឈម​នឹង​គ្រោះ​ស្លាប់​មុន​អាយុ ! ឮពាក្យ​នេះ​អ្នក​ពិត​ជា​ភ័យ ប៉ុន្តែ​វា​មិន​មែន​ជា​ការ​បង្អើល​ទេ តែ​ជា​ការពិត ! ការសិក្សា​អំពី​រោគរាតត្បាត​ កំរិត​ខ្ពស់​បាន​បង្ហាញ​ថា បុគ្គលណា​ដែល​គេង​ច្រើន​ តែង​មាន​គ្រោះ​ហានិភ័យ​ច្រើន​ជាងគេ​ខាង​ស្លាប់​មុន​អាយុ។ គ្មាន​នរណា​ដឹង​ថា​មក​ពី​ហេតុអ្វី​ច្បាស់​លាស់​ទេ ប៉ុន្តែ​ការ​រាល​ការរលាក​ដោយ​មេរោគ ទំនង​ជា​ដើរ​តួសំខាន់​ក្នុង​រឿង​នេះ។ មាន​ន័យ​ថា​បើ​អ្នក​នឹង​មាន​ហានិភ័យ​ខ្ពស់​​អាច​ស្លាប់​តាំង​ពី​នៅ​ក្មេង ប្រសិនបើ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​បេះដូង ​ជាប់​នឹង​ខ្លួន​ស្រេច​ទៅ​ហើយ ព្រោះ​ថា​ជំងឺ​ទាំង​អស់​នេះ មានទំនាក់ទំនង​ចង​ជិត​ទៅ​នឹង​ដំណេក​៖ ដេក​ច្រើន​ជ្រុល ឬ​ដេក​ស្ទើរ។

វិបត្តិ​អារម្មណ៍

ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ និងដំណេក ក៏​មាន​ទំនាក់ទំនង​នឹង​គ្នា​ស្អិត​ល្មួត​ដែរ ប៉ុន្តែ​សួរ​ថា រវាង​ភាព​​ធ្លាក់​ទឹក​ចិត្ត​មុន ឬ​ ​អារម្មណ៍​ចង់​តែ​ដេក​អត់​ងើប ​តើ​មួយ​ណា​មក​មុន ? បុគ្គល​ដែល​មាន​និន្នការ​ចង់​ធ្លាក់​ទឹក​ចិត្ត​តែង​គេង​ច្រើន​ជាង​ធម្មតា។ ដេក​ច្រើន​ ដេក​យូរ​អាច​នឹង​ធ្វើ​ឱ្យ​ស្ថានភាព​ធ្លាក់​ទឹក​ចិត្ត​កាន់​តែធ្ងន់ធ្ងរ។ អារម្មណ៍​សោកសៅ​ អាច​ផុស​ឡើង​ ម្តងម្កាល​ លើ​គ្រប់​មនុស្ស​ទូទៅ តែសូម​ចង​ចាំ​ថា ​គ្រប់​អ្នក​​គេង​ច្រើន​មិន​មែន​សុទ្ធ​តែមាន​​រោគ​សញ្ញា​គ្លីនិក​នៃ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ទេ។ ក្នុង​ករណី​ខ្លះ​ទៀត កាត់​បន្ថយ​ការ​គេង​អាច​គ្រប់គ្រាន់​នឹង​ធ្វើ​អារម្មណ៍​អ្នក​ប្រសើរ​ឡើង​ទៅ​វិញ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ