ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/10 12h00 GMT

​ស្រាបៀរជាប់​សង្ស័យ​ជា​អ្នក​បង្ក​ជំងឺ​រលាកសន្លាក់

​ស្រាបៀរជាប់​សង្ស័យ​ជា​អ្នក​បង្ក​ជំងឺ​រលាកសន្លាក់
 
ស្រាបៀរ​ជាប់​សង្ស័យ​បង្ក​ជំងឺ​រលាក​សន្លាក់ Getty Images

នរណា​មិន​ចូល​ចិត្ត​​ស្រាបៀរ ? ប៊ីយ៉ែរ មាន​ច្រើន​​យ៉ាង​ ច្រើន​ម៉ាក និង​​ជា​ទី​ពេញ​និយម​ខ្លាំងណាស់ ! ប៉ុន្តែ​ស្រាបៀរ​មិន​មែន​ជា​ភេសជ្ជៈ​​ដ៏​សាមញ្ញ​ឡើយ ! ស្រាបៀរ​អាច​ធ្វើ​ឱ្យ​អ្នក​ធ្លាក់​ខ្លួន​ជាមនុស្ស​ញៀន​សុរា និង​មាន​បញ្ហា​សុខភាព​ជា​ច្រើន។ គុណប្រយោជន៍​នៃ​ការ​ទទួល​ស្រាបៀរ​ ដែល​គេ​តែង​ឃោសនា​កន្លង​មក មិន​ត្រូវ​បាន​រក​ឃើញ​​ទេ នៅ​ពេល​ធ្វើ​វិភាគ​សិក្សា​ត្រឹម​ត្រូវ។ ខាង​ក្រោម​នេះ​ជា​មូលហេតុ៥យ៉ាង​ដែលអ្នក​គួរ​ឈប់​ទទួល​ទាន​ស្រាបៀរ។

ស្រាបៀរ​ ជាគ្រឿង​ស្រវឹង មាន​ជាតិ​អាល់កុល​ មាន​ជាតិ​​សុរ៉ា ដូច្នេះ​យើង​ត្រូវ​ទទួល​ទាន​វា​ ដោយ​ប្រុង​ប្រយ័ត្ន និង​ មាន​កំរិត​បំផុត !

ទទួល​ទាន​តិច​ ហានិភ័យ​ក៏​មាន​ទាប ​! ដើម្បី​ការពារ​ហានិភ័យ​ វិធី​សាស្ត្រ​ដ៏​​​ប្រសើរ​​បំផុត​គឺ​មិនត្រូវ​​ទទួលទាន​​សោះ នូវ​រាល់​គ្រប់​ប្រភេទ​នៃ​សុរា ! គ្រោះថ្នាក់​ដ៏សំខាន់ជាង​គេ បង្ក​ឡើយ​ដោយ​​សុរា គឺ​ ភាព​ញៀន ឬ​ភាព​ប្រមឹក។ ហើយ​គឺ​​ការ​​​ញៀន​និងភាព​​ប្រមឹកនេះ​ឯង​ដែល​បង្កើន​ហានិភ័យ​​អ្នក​ប្រព្រឹត្ត​ឱ្យ​ជួប​បញ្ហា​សុខភាព​ផ្លូវកាយ​ផង និង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ទៀត។

ស្រាបៀរទំនង​ជា​អាច​ផ្តល់​គុណ​ប្រយោជន៍​ខ្លះដែរ​ ដល់​សុខភាព ប៉ុន្តែ​គុណប្រយោជន៍​នោះ​នឹង​ត្រូវ​រលត់​រលាយទៅ​វិញ ប្រសិន​បើ​អ្នក​ទទួលទាន​​ច្រើន​ជ្រុល។

បង្កើនគ្រោះកើតជំងឺមហារីក

ដូចជាអាល់កុលនិងជាតិសុរាដទៃទៀតដែរ ស្រាបៀបង្កើនហានិភ័យកើតជំងឺមហារីក។ តើជាជំងឺមហារីកអ្វី ? សុរាជាភ្នាក់ងារទទួលខុសត្រូវបង្កជំងឺមហារីកច្រើនមុខណាស់ ! សរីរាង្គកាយមនុស្សផ្នែកណាដែលគ្រឿងស្រវឹងបានហូរឆ្លងកាត់ សរីរាង្គនោះសុទ្ធតែរងហានិភ័យអាចរាលដាលទៅកើតជាជំងឺមហារីក ពោលគឺ តាំងពីមាត់ អណ្តាត បំពង់អាហារ ក្រពះ ថ្លើម ពោះវៀនតូច ពោះវៀនធំ ...គ្មានផ្នែកណាមួយបានរួចខ្លួនទេ។

ក្រៅអំពីឈ្មោះជំងឺដ៏កាចសាហាវគួរឱ្យខ្លាចបំផុតនោះ ស្រាបៀអាចជាដើមហេតុបង្កជំងឺក្រិនថ្លើម ជំងឺថ្លើមរ៉ាំរ៉ៃ ដែលងាយនឹងវិវឌ្ឍន៍ទៅជាដុំសាច់មហារីក។ ជាតិសុរា-ស្រាបៀ នឹងទៅរំខានថ្លើមមិនឱ្យបំពេញតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់មនុស្ស នោះគឺ តួនាទីបំផ្លាញជាតិពុលពីក្នុងខ្លួន ជួយរំលាយអាហារ រក្សាបំរុងទុកថាមពល និងការសំយោគសារធាតុចិញ្ចឹម (ចំណីអាហារទៅចិញ្ចឹមសរីរាង្គ)។

ស្រាបៀរ​​ផ្តល់ថាមពលខ្លាំង

មានតែផលិតផលឧបភោគបរិភោគពពួកស្រាបៀរ និងសុរាទេ ដែលគ្មានដាក់ផ្លាកលម្អិតអំពីធាតុផ្សំ និងកំរិតថាមពលផ្តល់ដោយភេសជ្ជៈនោះទេ។ ជាទូទៅអ្នកលក់ស្រាបៀរតែងឃោសនាអួតអាងថាបៀមិនសូវផ្តល់ថាមពល និងមិនធ្វើឱ្យធាត់ទេ។ ពាក្យសំអាងនេះមិនខុសឡើយ ! ព្រោះថា ក្នុង១០០មីល្លីលីត្រ បៀផ្តលថាមពលប្រមាណ៤៦គីឡូកាឡូរី ស្រាក្រហម វីស្គី

ប៉ុន្តែនៅក្នុងស្ថានភាពជាក់ស្តែង តើនរណាទទួលទានស្រាបៀម្តង១០០មីល្លីលីត្រ ?! ស្រាបៀដាកជូនភ្ញៀវមួយកែវស្តង់ដារមានបរិមាណដល់ទៅ ២៥០មីល្លីលីត្រ ដែលផ្តល់ថាមពលដល់ទៅ ១២០ គីឡូកាឡូរីឯណោះ ទល់នឹង១០០Kcal សម្រាប់ស្រាក្រហមមួយកែវ (១២៥ម.ល.) ឬ៧០Kcal សម្រាប់មួយកែវវីស្គី (៣០ម.ល.)។

នេះមិនមែនជាការណែនាំឱ្យអ្នកប្តូរទម្លាប់ទទួលទានស្រាបៀទៅទទួលទានស្រាក្រហម ឬវីស្គី ឬពពួកស្រាខ្លាំងនោះឡើយ តែជាការដាស់ស្មារតីលោកអ្នកឱ្យជ្រួតជ្រាបអំពីផលវិបាកនៃស្រាបៀចំពោះសរីរាង្គកាយ ដោយធ្វើឱ្យអ្នកចូលចិត្តទទួលទានវាឡើងទម្ងន់។ ជាថ្មីម្តងទៀត គ្រប់សារធាតុអាល់កុលសុទ្ធតែផ្តល់ថាមពលខ្លាំង។ ក្នុងមួយក្រាមអាល់កុល មានផ្ទុកថាមពលដល់ទៅ ៧ គីឡូកាល់ឡូរី ពោលគឺស្មើនឹងទទួលទានប៊ឺមួយក្រាម។

ដើម្បីសម្រួល​ការ​គិត សូម​ចង​ចាំ​ថា ស្រាបៀរ​​កំប៉ុង​ឬ​ដបឬ​កាច់ ដែល​មាន​អត្រា​ជាតិ​អាល់កុល ៥% គឺ​ស្មើ​នឹងមាន​ជាតិ​អាល់កុល​ ៤៤ក្រាម។

ដូច្នេះ ក្រៅអំពីហានិភ័យជួបគ្រោះកើតជំងឺមហារីក ក្រិនថ្លើម ស្រាបៀអាចរួមចំណែកយ៉ាងខ្លាំងឱ្យយើងឡើងទម្ងន់ មានជំងឺធាត់ជ្រុល និងមានជំងឺសរសៃឈាមបេះដូង។

ស្រាបៀរអាចផ្តល់ផលល្អចំពោះបេះដូង បើធ្វើកីឡា និងផឹកម្តងម្កាល ?

ការសិក្សាជាច្រើនបានបង្ហាញថា មនុស្សដែលសកម្មខ្លាំង បញ្ចេញកម្លាំងកាយច្រើនមែនទែន ការទទួលទានសុរា និងស្រាបៀបន្តិចបន្តួចអាចផ្តល់ប្រយោជន៍ជាការការពារបេះដូង ! នេះបើតាមប្រសាសន៍របស់សាស្ត្រាចារ្យវេជ្ជសាស្ត្រជំនាញបេះដូង លោក Jean Pierre Després កាលពីឆ្នាំ២០១១។ សម្រាប់លោកសាស្ត្រាចារ្យ បន្សំជីវិតបែបសកម្ម និងទទួលទានស្រាបៀមានកំរិត មិនមែនជាការបំផ្លាញសុខភាពទេ។ ប៉ុន្តែកំរិតនៃការទទួលទានជាតិសុរានោះ ត្រូវតែតិចតួច និងសមហេតុផលបំផុត ! តិចរហូតមិនបាច់ទទួលទានសោះតែម្តងទើបស្រួលគិត ដើម្បីបញ្ចៀសពាក្យថា ផឹកជ្រុល។

សម្រាប់ក្រុមអ្នកកីឡាដែលគិតថា ផឹកស្រាបៀដើម្បីប្រមូលកម្លាំងបានឆាប់ បំបាត់អាការៈស្រេកទឹកបានលឿន គួរតែទទួលទានទឹកជាជំនួសវិញទើបមានគុណប្រយោជន៍ប្រសើរពិត។ ការពីបានបញ្ចេញកម្លាំងកាយ ខ្លួនប្រាណយើងត្រូវការជាតិសំណើម។ ឯជាតិអាល់កុលជាភ្នាក់ងារចម្រោះទឹក ជាមេសម្ងួត ! ដូច្នេះគេមិនត្រូវទទួលទានវាទេ ! ស្រាបៀ ច្រោះលឿនជាងភេសជ្ជៈអាល់កុលផ្សេងៗទៀតខ្លាំងណាស់។ បើច្រោះកាន់តែលឿន មានន័យសរីរាង្គកាយក៏ឆាប់ខ្សោះអស់ជាតិទឹកកាន់តែឆាប់ដែរ។

ស្រាបៀរ​ជាប់សង្ស័យបង្កជំងឺរលាកសន្លាក់ឆ្អឹង

នៅឆ្នាំ២០១៥ អ្នកស្រាវជ្រាវសាកលវិទ្យាល័យណុតធីងហ្កាម បានសាកសួរមនុស្សពីរក្រុម ៖ មួយក្រុមជាអ្នកមានជំងឺរលាកសន្លាក់ឆ្អឹងធ្ងន់ធ្ងរ និងមួយក្រុមទៀតជាមនុស្សជាមានសុខភាពល្អ អាយុពី៤៥ឆ្នាំទៅ៨៦ឆ្នាំ។ ក្រុមអ្នកមានជំងឺសុទ្ធតែជាអ្នកទទួលទានសុរាទាំងអស់ និងគ្រឿងស្រវឹងគ្រប់ប្រភេទ។ ជាងនេះទៅទៀត ក្នុងចំណោមក្រុមអ្នកជំងឺនោះ មួយភាគធំជាអ្នកមានចំណូលចិត្តប្រព្រឹត្តពិសារបៀរ។ គ្មានអ្វីគួរឱ្យចម្លែកនិងភ្ញាក់ផ្អើលទេ ព្រោះថាភេសជ្ជៈមួយប្រភេទនេះ សម្រួលឱ្យងាយឡើងទម្ងន់ ដែលប្រៀបដូចជាបានបង្កើនគ្រោះហានិភ័យឱ្យងាយមានជំងឺរលាកសន្លាក់។

ដើម្បីអាចចេញសេចក្តីសន្និដ្ឋានបូកសរុបលទ្ធផលនៃការសិក្សាបាន អ្នកស្រាវជ្រាវបានផ្តោចចំណាប់អារម្មណ៍លើបរិមាណស្រាបៀរដែលក្រុមអ្នកជំងឺនោះទទួលទានក្នុងមួយសប្តាហ៍ៗ។ ជនណាដែលផឹកស្រាបៀរពី៨ទៅ១៩កែវ (កែវស្តង់ដារ ២៥០ម.ល.) ក្នុងមួយសប្តាហ៍ និងមានអាយុពី២១ទៅ៥០ឆ្នាំ ហានិភ័យកើតជំងឺរលាកសន្លាក់ឆ្អឹងបានកើនឡើងពី ៤ទៅ ១១៥% ច្រើនជាងអ្នកមិនបរិភោគសោះ។ បរិភោគបៀរចាប់ពី១០កែវឡើងទៅក្នុងអាទិត្យ កំណើនគ្រោះថ្នាក់កើតជំងឺឆ្អឹងឡើងខ្ពស់ខ្លាំងដល់ទៅ +៤៥%ទៅ ២១៩%។

អ្នកស្រាវជ្រាវទទួលយកលទ្ធផលប្រកបដោយភាពប្រុងប្រយ័ត្ននៅឡើយ ព្រោះតែការសិក្សានេះផ្អែកទៅលើហេតុការណ៍ដែលបានកើនឡើងរួចទៅហើយ តាមរយៈសំណួរចម្លើយផ្តល់ដោយអ្នកជំងឺផ្ទាល់ ឬពីក្រុមគ្រួសារ។ ដូច្នេះវាអាចមានការឆ្លើយបំផ្លើស ឬចម្លើយបង្រួម។ យ៉ាងណាក៏ដោយ ក៏អ្នកស្រាវជ្រាវ​បានប្រាកដចិត្តខ្លាំង​អំពីផលវិបាកជាយថាហហេតុបង្កឡើងដោយស្រាបៀរ ព្រោះនៅក្នុងការសិក្សានេះ អ្នកស្រាវជ្រាវមិនបានរាប់ និងគិតបញ្ចូលអ្នកជំងឺដែលមានទទួលទានពពួកស្រាផ្សេងៗទៀតឡើយ។

តាមរយៈលទ្ធផលទទួលបាននេះ ស្រាបៀរបានក្លាយជាជនជាប់ចោទកាន់តែខ្លាំងថាជាភ្នាក់ងារបង្កឱ្យមានជំងឺរលាកសន្លាក់ឆ្អឹង ពីព្រោះអ្នកឯកទេសអាចរកឃើញ សមតិកម្មជាចំណងភ្ជាប់សម្រាប់មកធ្វើការបកស្រាយពន្យល់បានយ៉ាងជាក់លាក់ ៖ ការទទួលទានស្រាបៀរ ទំនងជាបង្កើនអត្រាជាតិអាស៊ីតអ៊ុយរិចនៅក្នុងឈាម។ នៅពេលណាជាតិអាស៊ីតអ៊ុយរិចឡើងខ្ពស់ នោះវានឹងទៅពន្លឿនភាពសឹករិចរឹលនៃសន្លាក់។ ហេតុ​ដូច្នេះ​ហើយ​ទើប​ពួក​គេ​ងាយ​រង​គ្រោះ​កើត​ជំងឺ​រលាក​សន្លាក់។

ផឹកបៀរសាច់ស្អាត ?

កាលពីឆ្នាំ២០១៥ ក្រុមហ៊ុនស្រាបៀរជប៉ុន បានចេញលក់ស្រាបៀរ Precious ជាមួយការផ្សាយពាណិជ្ជកម្មដ៏ទាក់ទាញបំផុត ៖ ញ៉ាំបៀរសាច់ស្អាត។ តើស្រាបៀរអាចធ្វើស្បែកល្អបានយ៉ាងដូចម្តេច ?! ក្រុមហ៊ុនបានពន្យល់ថានៅក្នុងស្រាបៀររបស់គេ មានផ្ទុកសារធាតុ Collagène ជាតិប្រូតេអ៊ិនម្យ៉ាងជួយពន្យឺត និងធ្វើឱ្យស្បែក មានសំរិល។

ប៉ុន្តែបញ្ហានៅត្រង់ថា ការលេបការផឹកជាតិកូលាហ្សែនចូលតាមមាត់ទៅ វាមិនអាចជ្រាបចូលដល់ស្បែក ឬស្បែកអាចទាញយកជាតិនេះបាន។ ដើម្បីឱ្យសារធាតុប្រូតេអ៊ីន កូឡាហ្សែន ជះឥទ្ធិពលដល់ស្បែកបាន ដរាបណាតែ​វាត្រូវ​ផលិតដោយកោសិកា ឬមានការចាក់បញ្ចូលសារធាតុនោះទៅក្នុងស្បែក។ ការផ្សាយពាណិជ្ជកម្មបែបនេះ ជាការបោកប្រាស់ ហើយបើអស់លោកលោកស្រីណាស្ម័គ្រទទួលទានស្រាបៀរ លោកអ្នកងាយធ្លាក់ក្នុងភាពញៀន ប្រមឹក ច្រើនជាងបាត់ជ្រួញហើយ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ