ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/08 12h00 GMT

តើ​មូស​ពិត​ជា​ចូល​ចិត្ត​ខាំ​អ្នក​មាន​ឈាម​ផ្អែម​មែនឬ ?

តើ​មូស​ពិត​ជា​ចូល​ចិត្ត​ខាំ​អ្នក​មាន​ឈាម​ផ្អែម​មែនឬ ?
 
មូសខ្លា «Aedes aegypti»ដែល​អាច​បង្ក​ជំងឺ​គ្រុនឈាម និង​ហ្ស៊ីកា REUTERS/Paulo Whitaker

កន្ទួល​ រមាស់ ស្នាមខ្មៅ ស្នាម​ក្រហម មិន​មែន​ត្រឹម​តែ​រំខាន​ដោយ​ការ​រមាស់ អេះ​ទេ ​មូស​ខាំ អាច​នាំ​មេរោគ​ បង្ក​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដូច​ជា គ្រុនឈាម គ្រុន​ចាញ់ ... មូស​ជា​ឃាតករ​សម្លាប់​មនុស្ស​លោក​ច្រើន​ជាង​សត្វល្អិត និង​សត្វ​​ផ្សេង​ៗ​ទៀត​ឆ្ងាយណាស់។ ក្នុង​មួយ​ឆ្នាំៗ​ មាន​មនុស្ស​ប្រមាណ​ជាង​បី​លាន​នាក់​បាន​ស្លាប់​ដោយ​មេរោគ​ចម្លង​ដោយ​មូស។

ហេតុ​អ្វី​បាន​ជា​មូស​ចូល​ចិត្តខាំ​មនុស្ស ? ហើយ​ហេតុ​អ្វី​ចូល​ចិត្ត​ខាំ​អ្នក​ជាង​គេ ? តើគេ​គួរ​ជឿទុក​ចិត្ត​លើ​ផលិតផល​​​​ការពារ​កុំ​ឱ្យ​មូសខាំដែរឬទេ ?​

អ្នក​វិទ្យាសាស្ត្រ​រាប់​ឃើញ​មាន​សត្វ​មូស​ប្រមាណ​ដល់​ទៅ​ជាង​៣៥០០​ប្រភេទ ! គ្រប់​សត្វ​មូសញី សុទ្ធ​តែ​ខាំ​ជញ្ជក់​ឈាមគេ តែ​ជា​សំណាង​ មាន​ពពួក​មូស​តែ​៣០០​ប្រភេទ​ប៉ុណ្ណោះ​ដែល​ចូល​ចិត្ត​ខាំ​មនុស្ស និង​មាន​តែ​ពពួក​មូស​បី​គ្រួសារ​ធំ ដែល​ខាំ​ខ្លាំងជាង ៖

- គ្រូសារ Aedes ជាពពួក​មូស​ខ្លា ដែល​អាច​បង្ក​ជំងឺ​គ្រុនឈាម ហ្ស៊ីកា ឈីគុនហ្គូនយ៉ា

- គ្រូសារ Anophèles ជាពពួក​មូស​ដែកគោល ដែល​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​គ្រុន​ចាញ់

- គ្រួសារ Culex ជាពពួក​មូស​រួម

ប៉ុន្តែ​តើ​ជា​ពិត​ដែរ​ឬទេ ដែល​ថា​មូស​ចូល​ចិត្ត​ខាំ​អ្នក​នេះ​ជាងអ្នក​នោះ ? បើ​មែន តើ​មក​ពី​ហេតុ​​អ្វីទៅ ?

អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​ចាប់​អារម្មណ៍​នឹង​បញ្ហា​នេះដែរ។ ការ​សិក្សា​ក៏​មាន​ច្រើន​ណាស់។ ការសិក្សា​ផ្តោត​ខ្លាំង​ទៅ​លើ​ពពួក​សត្វ​មូសដែល​ជា​ភ្នាក់​ងារចម្លង​មេរោគ​គ្រុន​ចាញ់ និង​គ្រុន​ឈាម ... ជា​លទ្ធផល​ មាន​ស្បែក​មនុស្ស​ខ្លះ មូស​ខាំ​ច្រើន មនុស្ស​ខ្លះ​ទៀត មូស​មិន​សូវ​ខាំ​​មែន !

ដើម្បី​បាន​យល់​ថា​ហេតុ​អ្វី​មូស​មាន​ចំណូល​ចិត្ត​ខាំ​ម្នាក់​នេះ​ជាង​ម្នាក់​នោះ យើង​ត្រូវ​ដឹង​ថា​តើ​អ្វី​ទៅ​ដែល​ទាក់ទាញ​មូល​ឱ្យ​​មក​ខាំ​យើង។

នៅ​ក្នុង​គ្រប់​ការ​សិក្សា​ទាំង​អស់ មិន​ថា​លើ​ពពួក​មូស​ប្រភេទ​ណា​ទេ សុទ្ធ​តែបាន​ផ្តល់​សេចក្តី​សន្និដ្ឋាន​ដូច​គ្នា គឺ​មនុស្ស​ជា​ចំណី​ដ៏​ឆ្ងាញ់ជាង​គេ​របស់​មូស។ បើ​មាន​សត្វ​ជ្រូក សត្វ​ឆ្កែ សត្វ​គោ​ ក្របី ស្វា និង​មនុស្ស​ មូស​ប្រាកដ​ជា​ហើរ​សំដៅ​រក​ឈាម​មនុស្ស​ហើយ ទោះ​បី​ជា​មនុស្ស​នៅ​ឆ្ងាយ​ជាង​គេ​ក៏​ដោយ។

បើ​តាម​ការស្រាវជ្រាវ មូស​ត្រូវ​បាន​ទាក់ទាញ​ដោយ​ឧស្ម័ន​កាបូនិក ! នៅ​ពេល​មាន​ក្លិន​នេះ​ មូស​ផ្តើម​ហោះហើរ​ទៅ​រក​ប្រភព​នៃ​ក្លិន នៅ​ពេល​ជិត​ទៅ​ដល់​ក្នុង​រង្វង់អង្កត់​ផ្ចិត​១០​ម. មូស​ចាប់​ផ្តើម​តម្រង់​ទិស​ទៅរក​ចំណី​ (ប្រភព​ក្លិន) នៅ​ត្រង់​ចំណុច​ណា​ដែល​ងងឹត​ជាង​គេ។ ពន្លឺ​មិន​ទាក់ទាញ​​សត្វ​មូស​ទេ ដូច្នេះ​ដាក់ឬ​បិទ​​អំពូល​ភ្លើង​បំភ្លឺ​មិន​មែន​ជា​មធ្យោបាយការពារ​មិន​ឱ្យ​មូស​ខ្លាំង​ឡើយ។ ផ្ទុយ​ទៅ​វិញ មូសមានអាំងហ្វារ៉ូ អាច​មាន​សមត្ថភាព​មើល​ឃើញ​ចាប់​ទិសដៅ​ចំណី​បាន​តាម​រយៈ​កម្តៅ (ចាប់​ពី​៣៧​អង្សារ​ទៅ ពោល​គឺ​កម្តៅ​ខ្លួន​មនុស្ស)​ ចម្ងាយ​២០ស.ម.មុន។

ក្លិន​និង​កម្តៅ គឺ​ជា​អ្វី​ដែល​មនុស្ស​​បញ្ចេញ ! ហេតុ​ដូច្នេះ​ហើយ​បាន​ជា​មូស​ចូល​ចិត្ត​ខាំ​មនុស្ស ប៉ុន្តែ​អ្វី​ខុស​ប្លែក​ពី​គ្នា​ គឺ​ទីតាំង​នៃ​ការ​ខាំ។ តាំង​ពី​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ អ្នក​ស្រាវជ្រាវ​បានដឹង​យ៉ាង​ច្បាស់​ ពពួក​មូស​ខ្លះ​មាន​ចំណូល​ចិត្ត​ខាំ​មនុស្ស​ត្រង់ផ្នែក​ណា​មួយ​នៃ​ខ្លួន។ ពពួកមូស​ដែកគោល ចូល​ចិត្ត​ខាំ​នៅ​ជើង កង​ជើង ខ្លះ​នៅ​ដៃ ខ្លះ​នៅ​ក ...

ហេតុ​អ្វី​ ? នេះ​គឺ​បណ្តាល​មក​ពី ក្លិនញើស។ អ្នក​ស្រាវជ្រាវ​បាន​សម្គាល់​ឃើញ​ថា ក្លិន​ញើស​ទាក់ទាញ​មូស​ខ្លាំងណាស់ ពីព្រោះ​នៅ​ក្នុង​ញើស​មាន​ឧស្ម័ន​កាបូនិក។ ម្យ៉ាង​វិញ​ទៀត ការ​ស្រាវជ្រាវ​កាន់​តែ​ស៊ីជម្រៅ បាន​បង្ហាញ​ថា មូស​មាន​អង់ទែន​នៅ​ក្បែរ​ទ្រនិច​របស់​វា ដែល​អាច​ចាប់​មិន​មែន​ត្រឹម​តែ​ក្លិន​និង​កម្តៅ​ខ្លួន​មនុស្ស​ទេ តែ​អាច​ចាប់​ដឹង​ថា​មាន​ពពួកមីក្រុម​ដែល​ពួក​គេ​ចង់​ស៊ី​នៅ​តោង​នៅ​លើ​ស្បែក​មនុស្ស​យើង។ ដោយ​សារ​តែសមាសភាគ​​នៃ​បាក់តែរី​លើ​ស្បែក​នេះ​ឯង​ដែល​​​មូស​ចង់​ខាំ​អ្នក​នេះ​ជាង​អ្នក​នោះ។ ហើយ​មូស​ខ្លះ​ចូល​ចិត្ត​ខាំ​អ្នក ពពួក​មូល​ខ្លះ​ទៀត​មិន​ចូល​ចិត្ត​ឡើយ។

មូស​មាន​ច្រើន​ប្រភេទណាស់ ! គេ​រាប់​ឃើញ​មាន​ដល់​ទៅ​៦៥​ប្រភេទ​នៅ​ប្រទេស​បារាំង។ មូស​ពពួក​អាណាហ្វែល​ដែល​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​គ្រុន​ចាញ់ ចូល​ចិត្ត​ខាំ​ស្បែក​ណា​ដែល​មាន​សមាសភាគ​បាក់តេរី​ Brevibacterium epidermidis បាក់តេរី​បង្កឱ្យ​មាន​​ក្លិន​នៅ​ជើង។

ចុះ​តើ​ការ​សម្គាល់​ ​ដែល​ថា​មូស​ខាំ​មក​ពី​ឈាម​ផ្អែម ? តើ​អ្នក​ស្រាវជ្រាវ​ពន្យល់​យ៉ាង​ដូចម្តេច​ដែរ​ ?

គេធ្លាប់​និយាយ​ច្រើន​អំពី​ករណី​ឈាម​ផ្អែម ឈាម​ក្តៅ ស្បែក​ផ្អែមទើប​មូល​ចូល​ចិត្ត​ខាំ។ ​មាន​ជំនឿ​ខ្លះ​ទៀត​​យល់​ថា ការ​ទទួល​ទាន​​ចំណី​មួយ​ចំនួន​ក៏​ទាក់ទាញ​មូស​ឱ្យ​ខាំដែរ ប៉ុន្តែ​គេ​ទំនង​ជា​ត្រូវ​រង់ចាំ​សិន រង់ចាំ​ក្រែង​មាន​​ការ​ស្រាវជ្រាវ​​ផ្តល់​លទ្ធផល​ជាក់ស្តែងណា​មួយ​ពី​ការ​រក​ឃើញ​បច្ចុប្បន្ន។ គិត​មក​ទល់​ពេល​នេះ គ្មាន​ការ​សិក្សា​ណា​បង្ហាញ​ថា​មូល​ចូល​ចិត្ត​ឈាម​ផ្អែម​ឬ​ឈាម​ត្រជាក់​ទេ។ នៅ​ក្នុង​គ្រប់​ការ​វិភាគ​កន្លង​មក បម្រែបម្រួល​ប្រភេទ​ឈាម​ ឬ​អត្រា​ជាតិ​ស្ករ​ក្នុង​ឈាម មិន​បាន​ប្តូរ​ផ្លាស់​តុល្យការ​នៃ​ការ​ខាំ​របស់​មូស​ឡើយ។

ប៉ុន្តែ​ទាក់ទង​នឹង​របប​ចំណី​អាហារ នៅ​ក្នុង​ការ​​ស្រាវជ្រាវ​ កាលពី​ឆ្នាំ​២០១០ អ្នក​វិភាគ​បាន​រក​ឃើញ​ថា ការ​បរិភោគ​ស្រាបៀ​បាន​បង្កើន​គ្រោះ​ហានិភ័យ​មូសខាំ​ខ្លាំង។ បើ​តាមការ​ពន្យល់​តាម​បែប​វិទ្យាសាស្ត្រ មូស​ចិត្ត​ខាំ​អ្នក​ផឹក​ស្រាបៀ​ ក៏​ព្រោះ​បៀ ក៏​ដូច​ជា​សុរា​ផ្សេង​ទៀត​ នៅ​ពេល​ទទួល​ទាន​ចូល​ទៅ​វា​បាន​បង្កើន​ការ​​បែក​ញើស បង្កើន​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក។ ហើយ​គឺ​ឧស្ម័ន​កាបូនិក​និង​ញើស​នេះ​ឯង​ដែល​ជា​អ្នក​ទាក់ទាញ​មូស។

មូសខាំ ហាម​អេះ ហេតុអ្វី ?

នៅ​ពេល​មូល​ខាំ​បឺត​ឈាម​មនុស្ស មូស​បាន​បញ្ចេញ​ទឹក​មាត់​វា​បញ្ជូល​ទៅ​ក្នុង​ស្បែក​យើង​ដើម្បី​ពង្រាវ​ឈាម​។ គឺ​វត្តមាន​ទឹកមាត់​មូស​ ដែល​​ប្រព័ន្ធការពារ​ខ្លួន​ត្រូវ​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​ ដោយ​បញ្ជូន​​មូលេគុល Histamine​ ទៅ​ទប់​ទល់និង​ការពារ​សរីរាង្គ​កាយ​យើង​មិន​ឱ្យ​រង​សារធាតុ​ថ្មី​មក​ពីក្រៅ​។ គឺ ​ហ៊ីតាមីន​នេះ​ឯង​ដែល​បង្ក​ជា​កន្ទួល និង​ការ​រមាស់​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អាការៈ​កន្ទួល​និង​រមាស់​ ដោយ​មូស​ខាំ​មាន​ខ្លាំង​ នៅ​ដើម​រដូវ​មូស​ ជាងនៅ​​ចុង​រដូវនោះ។

ប៉ុន្តែ​សូមកុំ​អេះ​ ! ​កន្ទួល​ខ្លះ​ឡើង​ដល់​ពង​មាន​ដក់​ទឹកទៀត។ ​បើ​ក្នុង​ករណី​បែប​នេះ សូម​កុំ​អេះ​ឱ្យ​សោះ ព្រោះ​អាច​ក្លាយ ឬការ​បង្ក​មេរោគ​​ បើ​និយាយ​តាម​ភាសា​បច្ចេកទេស​ពេទ្យ។ ជា​ធម្មតា បើ​កាន់​តែ​អេះ​ កាន់​តែ​រមាស់ ព្រោះ​នៅ​ពេល​អេះ មូលេគុល​​ហ៊ីតាមីនកាន់​តែ​មាន​សកម្មភាព​​រីក​សាយភាព​កាន់​ខ្លៃ ទើប​កាន់​តែ​រមាស់​។ ​ហើយ​ការ​អេះ​អាច​ធ្វើ​ឱ្យរលាត់​​ដាច់​សាច់ ក្លាយ​ការ​បង្ក​រោគ​បន្ថែម​មួយ​ទៀត។ ម្យ៉ាង​ទៀត​! បើ​​ក្រុម​អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ ពាក្យ​ណែនាំ​ ​មិន​ឱ្យ​អេះស្នាម​មូស​ខាំ គឺ​ជា​ដើម្បីកុំ​ឱ្យ​រំខាន​​​យន្តការ​ការពារ​របស់​សរីរាង្គ​មនុស្ស​។

វិធីការពារ​

អ្វី​ដែល​ប្រសើរ​បំផុត​គឺ​ ការពារ ! ការពារ​​​កុំ​ឱ្យ​មូសខាំ។ មាន​មូលេគុល​សំយោគ ឬ​ផលិតផល​គីមី​​បួន​ប្រភេទ ដែល​មាន​សមត្ថភាព​​បណ្តេញ​មូស ប្រកប​ដោយ​ប្រសិទ្ធិភាព ៖ DEET, IR 3535, Pycaridine, PMD RDO។ សូម​ប្រឹង​ចង​ចាំ​ឈ្មោះ​មូលេគុល​បួន​ប្រភេទនេះ​ ដែល​ជា​ធម្មតា​ ត្រូវ​មាន​សរសេរ​បញ្ជាក់​លើ​កញ្ចប់ របស់​ផលិតផល​ប្រឆាំង​មូស។

ចំណែក​ប្រសិទ្ធិភាព​របស់​ស្លឹកគ្រៃ​​ក្នុង​ការ​បណ្តេញ​មូសវិញ មិន​ត្រូវ​បាន​រក​ឃើញ​​នៅក្នុង​ការ​សិក្សា​តាម​បែប​វិទ្យាសាស្ត្រ​ទេ។ ស្លឹកគ្រៃ​អាច​បណ្តេញ​មូស​បាន​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ។ ចំណែក​ផលិតផល​លាប​ខ្លួន កង​ដៃ​បណ្តេញ​មូស ម៉ាស៊ីន​Ultrason ក្រដាស​បិទ​លើ​ខ្លួន ព្រមទាំង​ផលិតផល​ជា​ច្រើន​ផ្សេង​ទៀត​ ផលិត​ដោយ​ធម្មជាតិ ឬ​តាមបែប​គីមី វិទ្យាសាស្ត្រ​ អាច​មាន​ប្រសិទ្ធិភាព​យ៉ាង​​ត្រឹម​២០​នាទី​ប៉ុណ្ណោះ។

សូម​កុំ​រំពឹង​តែ​លើ​ផលិតផល​បណ្តេញមូស​តែ​ម្យ៉ាង ! នៅប្រទេស​កម្ពុជា​ កម្តៅ​ សំណើម ជា​អាកាស​ធាតុ​ដ៏​ប្រពៃ​នៃ​ការ​លូត​លាស់​របស់​សត្វ​មូសចង្រៃ។ សូមសម្អាត​ទីធ្លា​ ​បំបាត់​ថ្លុក បំបាត់​ជំរក​មូស​ សម្អាត​ផ្ទះ​សម្បែង ឱ្យ​មាន​ខ្យល់​ចេញ​ចូល​និង​ពន្លឺ ! ព្រមទាំង​គេង​ដាក់​មុង។ មិន​ត្រូវ​ធ្វើ​ប្រហែស​នឹង​បរិស្ថាន​ជុំ​វិញ​ផ្ទះ និង​ភូមិឋាន​ទេ ព្រោះ​បើ​តាម​អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​បារាំង មូស​កាច និងបង្ក​គ្រោះថ្នាក់​ខ្លាំង គឺ​អាស្រ័យ​លើ​បរិស្ថាន​នៃ​កំណើត​របស់​ពួក​គេ​។ សមត្ថភាព​ចម្លង​ជំងឺ​របស់​មូស​មក​មនុស្ស​ប្រែប្រួល​ទៅ​ប្រភព​ទឹក​ដក់​ដែល​បង្កបង្កើត​ពួក​គេ។ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​ពុំ​ទាន់​មាន​ចម្លើយ​ថា​តើ​មូស​ស្រុក​និង​មូស​ព្រៃ​ មួយ​ណា​គ្រោះ​ថ្នាក់​ជាង​មួយ​ណា​ទេ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ