ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 11/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 11/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT

ពុលអាហារ​ជំងឺ​ស្រាល​ តែ​មិន​គួរ​ប្រហែស

ពុលអាហារ​ជំងឺ​ស្រាល​ តែ​មិន​គួរ​ប្រហែស
 
ម្ហូបប្រគេនលោក នា​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​ រូបភាព​ឯកសារ

ករណី​ពុលអាហារ បាន​ក្លាយ​ជា​ហានិភ័យ​មួយ​របស់​ប្រជាពលរដ្ឋ​​កម្ពុជា​ទូទៅ។ នាយក​ដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​នៃ​​​ក្រសួង​សុខាភិបាល ក៏​​ទើប​បាន​រៀប​ចំ​សិក្ខាសាលា​មួយ ស្តី​ពីការ​បង្ការ​ការ​ពុល​ចំណី​អាហារ​ កាល​ពី​ថ្ងៃ​អង្គារ​ទី ១២​ កញ្ញាដែរ។ ជា​ធម្មតា​ ជំងឺ​ពុល​អាហារ​អាច​សាប​រលាប​និង​ជា​ក្នុង​រយៈ​ពេល​ដ៏​ខ្លី ប៉ុន្តែ​ជំងឺនេះ​អាច​ធ្ងន់ធ្ងរ​ខ្លាំង​ប្រសិនបើ​ជា​ការ​ពុល​​បង្ក​ឡើង​ដោយ​ពពួក​បាក់តេរី។ ​​តើ​កា​រពុល​អាហារ​​កើត​ឡើង​យ៉ាង​ដូចម្តេច ? ​មាន​រោគ​សញ្ញា​អ្វី​ខ្លះ និង​អាច​ព្យាបាល​បាន​យ៉ាង​ដូចម្តេច ?

ក្រោយ​ពី​បាន​ទទួល​ទាន​អាហារ តែ​ប៉ុន្មាន​ម៉ោង ស្រាប់​តែ​លោក​អ្នក​មាន​អាការៈចុក​ពោះ ក្អួតចង្អោរ រាគ ឬ​/និង​ក្តៅ​ខ្លួន​ ... ទាំង​នេះ​ជា​រោគ​សញ្ញាទូទៅ​ ​ដែល​អាច​ឱ្យ​គេ​សន្និដ្ឋាន​បាន​ថា​ជា​ការ​ពុល​អាហារ​។ ពុល​អាហារ​អាច​បណ្តាលមក​ពីមូល​ហេតុ​ច្រើន​យ៉ាង គឺ​ពុល​អាហារ​ដោយ​សារ​ជាតិ​ពុល​ធម្មជាតិ​ (ឧទាហរណ៍​ផ្សិត ត្រីកំពត ..) ដោយសារ​សារធាតុគីមី​ថ្នាំសម្លាប់​សត្វល្អិត ប្រើ​ក្នុង​ពេល​ដាំដុះ ដែល​មិន​គោរព​បទដ្ឋាន​សុខភាព និ​ងការ​ពុល​ដោយ​សារ​​ចំណី​ចំណុក​ មិន​ស្អាត ពោល​គឺ​​មាន​​ផ្ទុក​ និងមាន​​ការ​ចម្លង​មេរោគ​ជាពពួក​ បាក់តេរី វីរ៉ុស ឬ​ដង្កូវ​ព្រូន។ កម្មវិធី​សុខភាព​របស់​យើង​ថ្ងៃ​នេះ សូមផ្តោត​ជា​សំខាន់​ទៅ​លើករណី​ជំងឺ​ពុល​អាហារចុង​ក្រោយ​​តែ​ប៉ុណ្ណោះ។​

ប៉ុន្តែ​គ្រប់​ការ​ពុល​ចំណី​អាហារ​មិន​ផ្តល់​អាការៈ​សញ្ញារោគ​ដូចគ្នា​ទេ។ ភាព​ខុស​គ្នា​គឺ​បណ្តាល​មក​ពី​ប្រភេទ​នៃ​មេរោគ និង​យន្តការ​នៃ​ការ​ចាប់​ពុល។ មេរោគ​ខ្លះ​ សំងំ​ក្នុង​ខ្លួន​យូរ​ ខ្លះ​ក៏​ឆាប់ ... ជាតិពុល​ដែល​បង្ក​ឡើង​ដោយ​គ្រឿង​សមុទ្ទ សារាយ ក្តាមខ្យង​ ច្រើន​តែ​​ផ្តល់​ប្រតិកម្ម​លឿន។ ពពួក​បាក់តេរីផ្សេង​ទៀត នាំ​ជាតិ​ពុល​ចូល​ក្នុង​ខ្លួន​ហើយ ក៏​សំងំសិន។ ពីរ​ទៅ​បួនម៉ោង​ក្រោយ​ទើប​ផ្តើម​សកម្មភាព។ ពពួក​បាក់តេរី​ប្រភេទ​នេះ ច្រើន​ជា​ពពួក​ស្តាហ្វីឡូកុក Staphylocoques បាក់តេរី​នៅ​ជាប់​នឹង​ដៃ​កខ្វក់​រួច​ចម្លង​​តាម​ចំណី​អាហារ។ បាក់​តេរី​មួយ​ចំនួន​ទៀត សំងំ​ពី​៤ ដល់​ទៅ ១២​ម៉ោង ទើប​ចាប់​បញ្ចេញជាតិ​ពុល។ ពពួក​បាក់តេរីមួយ​ក្រុម​ខ្លះ​ទៀត បង្ក​ជំងឺ​និង​វាយប្រហារ​លើ​ពោះវៀន​តែម្តង។ ឯ​ចំណែក​ពពួក​អតិសុខុមប្រាណ ដង្កូវព្រូន ឬ​តេញ៉ា សំងំ​រាប់​ខែ​ក្នុង​ខ្លួនមនុស្ស និង​មិន​ផ្តល់​រោគ​សញ្ញា​អ្វី​ទាំង​អស់។

ផលវិបាក​ចំពោះ​សុខភាព​មិន​មែន​បង្ក​ឡើង​ដោយ​​ជាតិពុលរបស់​ពពួក​មេរោគ​និង​បាក់តេរី​​នោះ​ទេ ព្រោះ​ពពួក​បាក់តេរី​ខ្លះ​ក៏​ល្អ និង​ចាំ​បាច់​សម្រាប់​ខ្លួនសរីរាង្គកាយ​ តែ​នៅ​មាន​ករណី​ធ្ងន់ធ្ងរ​ខ្លាំង​មួយ​ទៀត គឺ​ការ​បង្កើន​និង​ពង្រីកបក្ស​ពួកវាឱ្យ​ឡើង​ចំនួន​ច្រើន​ជ្រុល​ ក្នុង​ករណី​បែប​នេះ អាការៈពុល​ចំណី​អាហារ​​អាច​ស្តែង​ចេញ​នៅ​រវាង​ពី​១២​ទៅ​៤៨​ម៉ោងក្រោយ​ការ​ទទួល​ទាន​រួច។ ករណី​បែប​នេះ​អាច​ក្លាយ​ជា​ជំងឺ​ធ្ងន់ធ្ងរ​ខ្លាំង ព្រោះ​បើ​ប៉ះ​ចំមេរោគ​កាច វា​អាច​ផ្តល់​ជា​អាការៈ​សញ្ញា​បត់​ជើង​ចេញ​ឈាម​ ! ជា​ការ​ហូរ​ឈាមចេញ​ពី​ពោះវៀនធំ ឬ​ក៏ផ្តល់​ជា​ដំណើរ​អស់​រដូវ ជា​ការ​រលាក​ស្រោម​ខួរ​ក្បាល ឬ​ធ្លាក់​ខ្លួន​មាន​ជំងឺ​នៅ​​តម្រង​នោម ដែល​សុទ្ធ​សឹង​ជា​ជំងឺ​​ធ្ងន់មែនទែន។ ស្ត្រី​មានផ្ទៃពោះ​ជា​ជនងាយ​រងគ្រោះ និង​ផលវិបាក​ខ្លាំង​អំពី​ការ​ពុល​អាហារ​នេះ។ សូម​ស្ត្រី​មាន​គភ៌​គួរ​ប្រុង​ប្រយ័ត្ន​មែនទែន។

ជា​ទូទៅ​ ការ​ពុល​អាហារ​តែង​ស្តែង​ឡើង​​ក្នុង​រយៈ​ពេល​២៤​ម៉ោង ក្រោយពី​ការ​ទទួល​ទាន​អាហារ​​មាន​ជាតិ​ពុល ឬ​មាន​មេរោគ។ រោគ​សញ្ញា​ដូច​ជា​ឈឺ​ពោះ ក្អួត ចង្អោរ រាក​រូស និង​ក្តៅ​ខ្លួន អស់​កម្លាំង ត្រូវ​រលុប​បាត់​ទៅ​វិញ ជា​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ក្រោយ ឬ​យ៉ាង​យូរអាច​អូស​បន្លាយ​ពេល​ដល់​មួយ​សប្តាហ៍។ ភាគ​ច្រើន​ ជំងឺ​ពុល​អាហារ​នឹង​ត្រូវ​ជា​ទៅ​វិញ​ដោយ​ខ្លួន​ឯង​នៅ​ពេល​វា​អស់​ចំណាយ​ ដោយ​មិន​បាច់​ប្រើ​ថ្នាំ​ទេ។ ​លោក​អ្នក​អាច​រក​ថ្នាំ​ទទួល​ទាន​ដោយ​ខ្លួន​ឯង​បន្តិច​បន្តួច​ដើម្បី​កំរិត​​ការ​​​រាគរូស​ ឬ​អាការៈ​ក្អួត​ចង្អោរ ប៉ុន្តែ​​គ្រូពេទ្យ​អាចផ្តល់​ថ្នាំ​ ផ្សះ ប្រើ​សិន​បើ​ការ​បង្ក​រោគ​និង​អំណាច​ពុល​របស់​បាក់តេរី​ខ្លាំង​ជ្រុល។

ប៉ុន្តែ​សូម​ចង​ចាំ​ថា​ ការ​ពុល​អាហារ​ក៏​អាច​ធ្ងន់ធ្ងរ​ខ្លាំង ដល់​ថ្នាក់​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​ដែរ​ ជាពិសេស​ចំពោះ​អ្នក​មាន​សុខភាព​នៅ​ទន់​ខ្សោយ​ដូច​ជា​ មនុស្ស​ចាស់ជរា ទារក អ្នក​មាន​ជំងឺ​ខ្សោយ​ប្រព័ន្ធ​ការពារ​ខ្លួន។

ដើម្បី​ចៀសវាង​កុំ​ឱ្យ​ជួប​ករណី​ពុល​អាហារ អាជ្ញាធរ​សុខភាព សូម​ណែនាំ​ដូច​ខាង​ក្រោម ៖

ត្រូវ​រក្សា​អនាម័យ​ សូម​លាង​ដៃ​មុន​ពេល​និង​ក្រោយ​ធ្វើ​ម្ហូបអាហារ និង​ក្រោយ​បន្ទោរបង់

កុំ​ដាក់​ម្ហូបអាហារត្រីសាច់​បន្លែ​ឆៅ លាយ​លំ​ប៉ះ​ម្ហូបអាហារ​ឆ្អិន

កុំ​​ទទួល​ទាន​អាហារ​សល់​យូរ ហួស​កាល​កំណត់ ម្ហូប​ដាក់​ចោល​ហាល​ថ្ងៃ ហាល​វាល​ចោល​យូរ​ម៉ោង រុយ​រោម

កុំ​យក​អាហារកក​ រលាយ​ហើយ​ យក​ទៅ​បង្ក​ក​វិញ

ទុក​ដាក់​ចំណី​អាហារ​ក្នុងទី​សម​គួរ កុំ​ឱ្យត្រូវ​ថ្ងៃ និង​​ ក្នុង​ទី​ដែល​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង

កុំ​ទទួល​ទាន​អាហារ​កំប៉ុង​ អាហារស្រាប់​ណា ដែល​មាន​ប្រអប់​វា​ប៉ោង រហើប ឬ​មាន​ឡើង​ពណ៌ ឡើង​ផ្សិត ពេល​បើក​ភ្លាម

ចំណីអាហារ​កំប៉ុង​បើក​ហើយ ត្រូវ​ចាក់​ដាក់​ប្រអប់​ ដាក់ចាន កុំ​ទុក​ក្នុង​កំប៉ុង​ដើម​វា​ឱ្យ​សោះ

ចំពោះ​អ្នក​ចូល​ចិត្ត​ទទួល​ទាន និង​បេះ​ផ្សិត​ សូម​ប្រយ័ត្នពេល​ដក​កុំ​ដាក់​ផ្សិត​លាយ​ប្រភេទ​ចូល​គ្នា និង​ទទួល​ទាន​តែ​ផ្សិត​ណា​ដែល​អ្នក​ស្គាល់​ច្បាស់។

កុំ​ទទួល​ទាន​ថ្នាំ​លាយ​ជាមួយ​សុរា។

បាក់តេរីភ្នាក់ងារ​បង្ក​ជំងឺ​ពុលអាហារ

នៅក្នុង​ភាសាសាមញ្ញ​ យើង​ប្រើ​ពាក្យ​ថា​ពុល​អាហារ ឬ​រលាក​ពោះវៀន តែ​តាមការ​ពិត​ មាន​ជំងឺ​ឆ្លង​ដល់​ទៅ​ជា២០០​ខុស​គ្នា​ដែល​ត្រូវ​បាន​ចម្លង​ដោយ​ចំណីអាហារ​។ ភ្នាក់ងារ​ចម្លង​មេរោគ​ខ្លះ អាច​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ទន់​ខ្សោយ​ស្រាប់​ស្លាប់​ និងបង្ក​ជា​ជំងឺ​រាត​ត្បាត​ខ្លាំង​បាន។ ពពួក​វីរ៉ុស​ ចម្លង​តាម​ចំណីអាហារ​ច្រើន​តែ​បង្ក​ជា​ជំងឺ​ដែល​មាន​សភាពធ្ងន់ធ្ងរ​ខ្លាំង ដូច​ជា​​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ អា អឺ ឬ​ជំងឺ​រលាក​ក្រពះ រលាក​ពោះវៀន។ ចំពោះ​​​ពពួក​អតិសុខុមប្រាណដង្កូវ​ព្រូនតេនញ៉ា ​ ក៏​អាច​បង្ក​ឱ្យ​មាន​អាការៈ​និង​ជំងឺ​ពុល​អាហារ​បាន​ដែរ។ មេរោគ​ដែល​គេ​ជួបប្រទះ​ញឹក​ញាប់ ជាង​គេ និងកាច​​អាច​បង្ក​ជា​ជំងឺ​ធ្ងន់ ​គឺ​ពពួក​បាក់តេរី Clostridium botulinum, Clostridium perfringens, Campylobacter, Escherichia coli, Salmonella និង Staphylococcus. ដែលជា​ភ្នាក់ងារ​ធ្វើ​ឱ្យ​អាហារ​ជូរ​ផ្អូម រលួយ​ ស្អុយ ធុំក្លិន មាន​រសជាតិ​មិន​ល្អ​។ ពពួក​វីរ៉ុស និង​បាក់តេរី ​នេះ​អាច​មើល​ឃើញ​ដោយ​ប្រើ​មីក្រូទស្សន៍​ និង​​មិន​ប្រាកដ​ថា​ធ្វើ​ឱ្យ​អាហារ​ប្រែប្រួល​ក្លិន​និ​ងរសជាតិ​ភ្លាម​ទេ តែ​​បាក់តេរី​និង​វីរ៉ុស​ទាំង​នោះ នឹង​ទៅ​បំបែក​ខ្លួន បង្កើន​​សមត្ថភាព​បង្ក​ជា​ជំងឺ​នៅ​ពេល​ចូល​ដល់​ក្នុង​ខ្លួន​មនុស្ស​យើង។

  • Clostridium botulinum

ការ​ពុល​អាហារ​ដោយ​ពពួក​បាក់តេរី​ botulinum ច្រើន​ជា​ការ​​ពុល​អាហារ​ធ្ងន់ធ្ងរ​។ បាក់តេរី​ប្រភេទ​នេះ ច្រើន​មាន​វត្តមាន​នៅ​ក្នុង​អាហារ​កំប៉ុង អាហារ​បំរុង​ទុកសម្រាប់​​បរិភោគ​ពេល​យូរ ធ្វើ​ឱ្យ​ផ្ទាល់​ដៃ បែប​លក្ខណៈ​គ្រួសារ។ ធ្វើ​ដោយ​ផ្ទាល់​ដៃ​ជា​ការ​ល្អ ប៉ុន្តែពេល​ខ្លះ​យើង​មិន​អាច​គោរព​បាន​នូវ​​​កំរិត​នៃ​សីតុណ្ហភាព​ក្នុង​សម្លាប់​មេរោគ។ ការ​ពុល​អាហារដោយ​ botulinum ក៏អាច​កើត​មាន​ឡើង​ ក្រោយ​ពី​ការ​ទទួល​ទាន​អាហារ​សាច់ឆៅ ឬ​គ្រឿង​សមុទ្ទ​មិន​ស្រស់។ រោគ​សញ្ញា​នៃ​ការ​ពុលអាហារ​ដោយ​ពពួកបាក់តេរី botulinum ច្រើន​ស្តែង​ឡើង​ជា​ទូទៅ​ ជា​អាការៈ​អស់​កម្លាំង​ ចុះ​ខ្សោយ​ខ្លាំង ក្អួត ចង្អោរ ទល់​លាមក និង​ឈឺក្បាល។ មេរោគ​នេះ​អាច​វាយលុក​ដល់ប្រព័ន្ធ​ប្រសាទ​ ដោយ​ធ្វើ​ឱ្យ​អ្នក​ជំងឺ​មាន​អាការៈ​ស្រវាំងភ្នែក មើល​ឃើញ​រូប​ឌុប ពិបាក​និយាយស្តី ទន់​សាច់ដុំ និង​ពិបាក​ដក​ដង្ហើម។ បើ​គ្មាន​កា​រព្យាបាល​ទាន់​ពេលវេលា​ និង​ត្រឹម​ត្រូវ​ទេ អ្នក​ជំងឺ​អាច​ស្លាប់​បាន​ក្នុង​រវាង​ពី​បី​ទៅ​៧​ថ្ងៃ។

  • ការ​ពុល​អាហារ​បង្ក​ឡើង​ដោយ​ពពួក​បាកតេរី​ Clostridium perfringens

បាក់តេរី​ប្រភេទ​នេះ បង្កការ​សាយភាយ​ជាតិ​ពុល​ នៅ​ក្នុង​ពោះ​វៀន បន្ទាប់​ពី​ការ​ទទួល​ទាន​អាហារ​មិន​ស្អាត​ មាន​ផ្ទុក​មេរោគ​បាក់តេរី​ច្រើន។ ពពួក​បាក់តេរី​នេះ មាន​នៅ​ក្នុង​អណ្តាត សាច់​សម្រាប់​សោ្ងរ​ស៊ុប ឬ​នៅ​ក្នុង​ទឹក​ជ្រលក់។ រោគ​សញ្ញា​ពុល​ក្អួត ចង្អោរ​ រាក ក្តៅ​ខ្លួន បង្ក​ដោយ​បាក់តេរី​នេះ ច្រើន​លេច​ឡើង​នៅ​រវាង​ពី​៨ ទៅ​២៤​ម៉ោង​ ក្រោយ​ការ​ទទួល​ទាន។

  • បាក់តេរី​ Campylobacter

ក្រុម​នេះ​មាន​ច្រើន​នៅ​ក្នុង​គ្រឿង​ក្នុង​មាន់​ទា​ជ្រូក គោ កណ្តុល សត្វបក្សាបក្សី​ព្រៃ សត្វ​ជាមិត្ត​របស់​មនុស្ស និង​នៅក្នុង​ទឹក​ (ធម្មជាតិ)។ មេរោគ​ក្រុម​នេះ​អាច​បង្ក​ឱ្យ​មាន​ការ​រាគ​រូស ចង្អោរ រមួល​ក្រពះ ចុក​សាច់ដុំ ឈឺក្បាល​មួយ​ចំហៀង និង​ក្តៅ​ខ្លួន។ តែ​វា​ក៏​អាច​បង្ក​ភាព​ស្មុគស្មាញ​និង​ធ្ងន់ធ្ងរ ទៅ​ជា​ជំងឺ​រលាកស្រោមខួរក្បាល​ រលាក​ប្រព័ន្ធ​ទឹក​មូដ រលាក​តម្រង​នោម និង​សន្លាក់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អ្នកឯកទេស​បាន​ណែនាំ​ ឱ្យ​យើង​ចំអិន​​ សាច់​មាន់​ទា សាច់​ជ្រូក ឱ្យ​ឆ្អិន​មែន​ទែន​ សិម​បរិភោគ។

  • បាក់តេរី​ ឬ​អ៊ីកូឡី Escherichia coli

បាក់តេរី​ ឬ​អ៊ីកូឡី រស់​នៅក្នុង​ពោះវៀន​មនុស្ស​ និង​សត្វ​មាន​ឈាម​ក្តៅ (សាច់គោចិញ្ចាំ)។ បាក់តេរី​នេះ អាច​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ​ខ្លាំង​ចម្លង​បាន​តាម​រយៈ​ចំណី​អាហារ។ គេ​ក៏​រក​ឃើញ​មាន​វា​នៅ​ក្នុង​សាច់​មាន់​ទា​ មិន​សូវ​ឆ្អិន ទឹក​ដែល​គ្មាន​​ការ​ចម្រាញ់​ដាក់ក្លរ​សម្លាប់​មេរោគ និង​ទឹក​ផ្លែបោមគាប​ ដោយ​​មិន​ឆ្លង​កាត់​ការប្រព័ន្ធ​សម្លាប់​មេរោគ។ ការ​ពុលអាហារ​ដោយ​ចម្លង​បាក់តេរី​ប្រភេទនេះ អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ស្លាប់​ប្រមាណ​ពី​២០ទៅ​៣០% ជាពិសេស​លើ​ក្រុម​មនុស្ស​វ័យ​ក្មេង​ នៅ​ជា​កុមារ ចាស់​ជរា​ និង​អ្នក​មាន​ជំងឺ​ប្រចាំ​កាយ​ខ្សោយ​ប្រព័ន្ធ​ការពារ​ខ្លួន។​

  • ពុលអាហារ​ដោយ​បាក់តេរី Salmonella

បាក់តេរី​ប្រភេទ​នេះ ​សំងំ​រីកធំធាត់​នៅ​ក្នុង​បំពង់​រំលាយ​អាហារ។ បើ​ចំពោះ​មនុស្ស ពពួក​បាក់តេរី​នេះ ជា​ភ្នាក់ងារ​បង្ក​ជំងឺ​រលាក​ពោះវៀន និង​គ្រុន​ពោះវៀន។ សាច់​មាន់​ទា​ឆៅ​ជាទិសដៅ​ស៊ីប​របស់ Salmonella។ សាច់​ឆៅ ឬ​មិន​សូវ​ឆ្អិន ទឹក​ដោះ​គោ​ឆៅ (ទឹកគោ​មិន​ឆ្លង​កាត់​ប្រព័ន្ធ​សម្លាប់​មេរោគ) ស៊ុត ព្រមទាំង​បន្លែ​ផ្លែឈើ សុទ្ធ​តែ​អាច​ចម្លងមេរោគ​ពពួក​បាក់តេរី​ តាម​រយៈ​ការ​ប៉ះពាល់ ដីហុយ​​ប៉ះ ប៉ះ​លាមក​សត្វ​ ហើយ​លាង​មិន​ស្អាត។ ​រោគសញ្ញា​ពុល​អាហារ​ដោយ​ពពួក​បាក់តេរី​មាន​ជា​អាទិ៍ ឈឺ​ក្បាល​មួយ​ចំហៀង រាគ ចុក​ពោះ​ ក្អួត ព្រឺ​ ក្តៅ​ខ្លួន ឬ​ចង្អោរ។

  • ពុល​អាហារ​ដោយ​បាក់តេរី​ staphylocoques (staphylococcus aureus)

មាន​ជួប​ប្រទះ​ច្រើន និង​ញឹក​ញាប់​ជាងគេ ! ព្រោះ​វា​បាន​ទទួល​កា​រចម្លង​តាម​រយៈ​ការ​ប៉ះពាល់​ដោយ​ដៃមិន​ស្អាត ទៅ​លើ​ចំណី​អាហារ រៀប​ចំ​​មិន​ស្អាត ឬ​ដោយ​ចុង​ភៅ​មាន​ជំងឺ​។ ​ ម្ហូប​មាន​មេរោគ ​ទុក​​ត្រូវ​ថ្ងៃ​ ត្រូវ​ខ្យល់​តែ​ពីរ​បី​ម៉ោង គឺគ្រប់គ្រាន់​សម​ល្មម​នឹង​បាក់តេរី​ធ្វើការ​បំបែក​ខ្លួន​បាន។ ​ញ៉ាំ​ហើយអាច​​ពុល​ ! ពពួក​បាក់តេរីឱកាសនិយម​នេះ បើ​ក្នុង​ទម្រង់​កាច​អាច​ធ្វើ​ឱ្យ​មាន​បញ្ហា​រលាក​តម្រង​នោម និង​អាច​ផ្តល់​​រោគ​សញ្ញា​ដូច​ជា ចុក​រមួល​ពោះ ក្អួត និង​រាគ​ខ្លាំង៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ