ភាពខុសគ្នារវាងជំងឺវង្វេងវង្វាន់ និងជំងឺចាស់ភ្លេច
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៥៦
បាត់បង់ការចងចាំរហូតធ្វើអ្វីជាកិច្ចការប្រចាំថ្ងៃមិនកើត មិនមែនជាដំណើរការជរាធម្មតាទេ ! អាការៈបែបនេះអាចជាសញ្ញាមួយ នៃជំងឺវង្វេងវង្វាន់ ឬការបាត់បង់បញ្ញាញាណ។ វង្វេងវង្វាន់ ជាជំងឺស្លាប់ខួរក្បាល តាមរយៈការបាត់បង់បន្តិចម្តងៗ ភាពចងចាំ លែងចេះគិត លែងចេះពិចារណារកហេតុផល។ ប្រសិនបើអ្នក គឺសាច់ឈាមអ្នកមានបញ្ហាខាងចងចាំ សូមសង្កេតមើលកំរិតសមត្ថភាពបញ្ញាញាណផ្សេងទៀត តើមានការប្តូរផ្លាស់ដែរឬទេ ? សូមកុំមើលរំលង ឆាប់ទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកមូលហេតុឱ្យបានច្បាស់លាស់។
ជំងឺវង្វេងវង្វាន់ ត្រូវបានរកឃើញដោយគ្រូពេទ្យជាតិអាល្លឺម៉ង់ ឯកទេសចិត្តសាស្ត្រនិងប្រព័ន្ធប្រសាទ លោក Alois Alzheimer។ ហេតុដូច្នេះហើយបានជានៅបស្ចឹមលោកគេហៅជំងឺវង្វេងវង្វាន់ថា ជាជំងឺAlzheimer។ ប៉ះពាល់លើប្រព័ន្ធប្រសាទ នៅក្នុងខួរក្បាល ជំងឺវង្វេងជាការបាត់បង់ បន្តិចម្តងៗកោសិកាប្រព័ន្ធប្រសាទផ្នែកចងចាំ។
រហូតមកទល់នឹងពេលនេះ គេនៅពុំទាន់ដឹងដោយច្បាស់លាស់ អំពីមូលហេតុដែលបង្កឱ្យមានជំងឺវង្វេងវង្វាន់នេះទេ។ សមាគមបារាំង France Alzheimer ធ្លាប់បានបង្ហាញការសង្ស័យថាជាតិអាលុយមីញ៉ូម ក្នុងទឹក អាចជាដើមហេតុមួយ។ តែការសិក្សាជាច្រើនបានផ្តោតលើផលវិបាកនៃជាតិអាលុយមីញ៉ូមនេះ ចំពោះជំងឺ ពុំទាន់មានលទ្ធផលណាមួយបញ្ជាក់ថាមានទំនាក់ទំនងគ្នា ដូចការសង្ស័យសោះ។
ភ្លេចភ្លាំងស្មារតី ភ្លេចលែងចេះគិតគូរ ចេះកាន់លុយកាន់កាក់ តើនេះមិនមែនជាអាការៈរបស់មនុស្សចាស់ទេឬ ? វង្វេងវង្វាន់ជាជំងឺកើតលើមនុស្សចាស់ ប៉ុន្តែការវង្វេងជាជំងឺ និងការភ្លេចព្រោះវ័យចំណាស់ ខួរក្បាលមិនសូវល្អ មិនដូចគ្នាទេ ! ខាងក្រោមនេះជាភាពខុសគ្នាខ្លះៗរវាងអាការៈចាស់ និងជំងឺវង្វេងវង្វាន់
បាត់បង់ការចងចាំរហូតរំខានដល់ការងារប្រចាំថ្ងៃ
តើអ្វីជាសញ្ញាចាស់ធម្មតា ៖ ភ្លេចម្តងម្កាល ភ្លេចឈ្មោះ ភ្លេចណាត់ តែអាចរកនឹកឃើញវិញនៅពេលក្រោយ
ឯការភ្លេច ដែលជាសញ្ញារោគសំខាន់ជាងគេរបស់ជំងឺវង្វេងវង្វាន់ គឺជារលត់ការចងចាំ ភ្លេចនូវរាល់អ្វីៗដែលទើបកើតឡើង ទើបប្រាប់ ទើបនិយាយរួចភ្លាមៗ។ ជាការភ្លេច មិនចងចាំអ្វីដែលពេលវេលា ជាព្រឹត្តិការណ៍សំខាន់ក្នុងជីវិតរបស់ខ្លួន ជាអ្វីដែលធ្លាប់ធ្វើជាប្រចាំ និងភ្លេចហើយសួរគេសួរឯងដដែលឡើងវិញ ឬទៅមើលកំណត់ហេតុ ជំនួយស្មារតីហើយនៅតែមិននឹកឃើញទៀត។
លែងចេះគិតឬដោះស្រាយ
តើអ្វីជារោគសញ្ញាចាស់ធម្មតា ៖ គិតលេខអាចខុស ម្តងម្កាល រៀបចំគម្រោងអ្វី មួយធ្វើមិនចេញមកពីស្មុគចិត្ត ទាល់តែកូនជួយអារកាត់
តែចំពោះអ្នកមានជំងឺរវង្វេងវង្វាន់ មនុស្សមួយចំនួន អាចប្រែប្រួលសមត្ថភាពក្នុងការគិតរៀបចំការអ្វីមួយទាំងស្រុង និងលែងចេះគិតលេខ គិតអំពីចំនួន។ សូម្បីតែចំនួន ស្ករ អំបិល ត្រូវបង់ក្នុងម្ហូបក៏លែងអាចកំណត់បាន។ អ្នកជំងឺខ្លះទៀតបានផ្តល់រោគសញ្ញាជាការលំបាកផ្ចង់គំនិត ឬប្រើពេលយូរទម្រាំនឹងអាចសម្រេចធ្វើអ្វីមួយ។
លែងចេះធ្វើជាការងារប្រចាំថ្ងៃ
តើអ្វីជាសញ្ញាចាស់ធម្មតា ៖ ជួនកាលមនុស្សចាស់ក៏ត្រូវពឹងក្មេងឱ្យបើកកាច់ភ្លើងចង្ក្រាន ឬជួយបើកទូរទស្សន៍ដែរ
ប៉ុន្តែសម្រាប់អ្នកកើតជំងឺវង្វេងវង្វាន់ គាត់លែងធ្វើការផ្ទះជាប្រចាំថ្ងៃកើតដោយខ្លួនឯង លែងចេះប្រើប្រាស់របស់របរខ្លួនឯង។ ជួនកាលទៀត សូម្បីតែត្រូវដើរទៅកាន់កន្លែងដែលធ្លាប់ស្គាល់ច្បាស់ ក៏ទៅមិនដល់ផង។ រឿងលុយកាក់ ថវិកា ចាត់ចែងចាយមិនចេញទេ។
ច្របូកច្របល់ ច្រលំពេល ច្រលំកន្លែង
តើអ្វីជាសញ្ញាចាស់ធម្មតា ៖ អាចភាន់ភាំង មិនចាំថ្ងៃ មិនចាំពេលនៅគេសួរ តែគេទៅផុតឬក្រោយមកបន្តិច នឹកឃើញឡើងវិញ
តែចំពោះអ្នកមានរោគសញ្ញាជំងឺវង្វេង គ្មានឡើយការគិតការចាំការស្តីទាក់ទងនឹងពេលវេលា ថ្ងៃខែឆ្នាំរដូវ រយៈកាលប៉ុន្មានក៏មិនដឹង។ បុគ្គលមានជំងឺអាចមិនយល់នូវអ្វីដែលកើតឡើងកន្លងយូរថ្ងៃ និងមិនយល់ ឬក៏ភ្លេចថាហេតុអ្វី គាត់មកដល់ដំណាក់កាលនេះ ពីពេលណា និងយ៉ាងដូចម្តេច និងមិនដឹងថាខ្លួនឯងនៅទីណាផងទេ។
ពិបាកយល់ពីរូបភាព ពីទីតាំង
តើអ្វីជាសញ្ញាចាស់ធម្មតា ៖ ស្រវាំងភ្នែក មើលមិនច្បាស់ មើលមិនយល់ព្រោះភ្នែកឡើងបាយ
តែសម្រាប់អ្នកខ្លះ ភ្នែកមានបញ្ហា គឺជាសញ្ញារោគនៃជំងឺវង្វេង។ អ្នកជំងឺអាចពិបាកអាន ពិបាកវាយតម្លៃចម្ងាយ អាចពិបាកកំណត់ពណ៌ កំណត់ពន្លឺ ... អ្វីដែលគាត់មើលឃើញ និងការគិតខុសគ្នាស្រលះ។ អ្នកជំងឺអាចមើលរូបខ្លួនឯងក្នុងកញ្ចុះឆ្លុះថាជាមនុស្សម្នាក់ផ្សេងទៀត មិនស្គាល់ថាជារូបខ្លួនឯងទេ។
និយាយស្តីមិនចប់ឃ្លា ឬនិយាយចេះតែខុស
តើអ្វីជាសញ្ញាចាស់ធម្មតា ? ដល់ពេលវ័យចំណាស់ទៅ ជួនកាលអាចរកនឹកមិនឃើញនូវពាក្យអ្វីមួយ ដែលខ្លួនចង់និយាយ ចង់ប្រើ
ប៉ុន្តែសម្រាប់អ្នកមានជំងឺវង្វេងវង្វាន់ គាត់អាចមានការលំបាកក្នុងការនិយាយស្តីតែម្តង និយាយមិនចប់ឃ្លា មិនអាចឆ្លើយឆ្លងជាមួយដៃគូកិច្ចសន្ទនា ដោយត្រឹមត្រូវ សួរឆ្វេងឆ្លើយស្តាំ គេនិយាយគោ គាត់និយាយអំពីក្របីតែម្នាក់ឯង ឬនិយាយឃ្លា/រឿងដដែលៗ។ ជួនកាលទៀតអ្នកមានជំងឺវង្វេង លែងស្គាល់ពាក្យឬមិនអាចរកពាក្យមកនិយាយឱ្យចំនូវអ្វីដែលគាត់ឬហៅទេ ហៅនាឡិកាដៃ ជានាឡិកាប៉ោល ។ល។ និង។ល។
ភ្លេច លែងចេះរៀបរយ
តើអ្វីជាសញ្ញាមនុស្សចាស់ ? ភ្លេចរបស់របរអ្វីមួយ ឬដាក់ចោលរបស់របរអ្វីមួយមិនត្រូវកន្លែងដើម តែអាចរកនឹកឃើញវិញដោយខ្លួនឯង ព្រោះមានសមត្ថភាពរំលឹកដាននូវអ្វីដែលបានធ្វើកន្លងមក
ប៉ុន្តែបើជាអ្នកវង្វេងវង្វាន់វិញ អ្នកជំងឺអាចយករបស់របរទៅប្រើប្រាស់របស់ខ្លួន ទៅទុក ទៅលាក់នៅក្នុងកន្លែងណាមួយដែលគ្មាននរណានឹកស្មានដល់ ក្នុងកន្លែងមិនគួរគប្បី។ ជួនក៏លាក់បាត់រហូតតែម្តង ហើយមិនអាច មិនចេះនឹករកឃើញវត្ថុនោះវិញបានទេ ! មិនដឹងថាខ្លួនគាត់ផ្ទាល់ជាអ្នកធ្វើឱ្យបាត់ដោយខ្លួនឯងទេ។ ហើយមិនអាចរកនឹកបកថយក្រោយវិញបានឡើយ។ បើបាត់មិនឃើញពីភ្នែក នៅនឹងភ្នែកសោះ ក៏អ្នកជំងឺវង្វេងអាចចោទថាគេលួចរបស់គាត់ទៀត។ សកម្មភាពបែបនេះមានកើតកាន់តែញឹកញាប់ឡើងៗ។
ពិចារណាចេះតែខុស
តើអ្វីជារោគសញ្ញាមនុស្សចាស់ ? គិតស្មានខុស ស្មានទាបជាងការពិតម្តងម្កាល
ប៉ុន្តែចំពោះបុគ្គលមានជំងឺវង្វេង គឺជាការប្តូរផ្លាស់ទាំងស្រុងនៃការគិត នៃការសម្រេចចិត្ត។ ឧទាហរណ៍ ក្នុងបញ្ហាលុយកាក់ អ្នកជំងឺអាចធ្វើការវាយតម្លៃខុសទាំងស្រុង លែងដឹងតម្លៃនេះលុយ ឱ្យគេច្រើន ព្រោះគិតស្មានតែតិច។ លែងចេះប្រយ័ត្នប្រយែងខ្លួន លែងដឹងស្អាត ឬកខ្វក់។ ទៅបន្ទោរបង់ អត់លាង ដោយគិតស្មានថាធ្វើហើយ។ លែងដឹងថាកំរិតអនាម័យខ្លួនមានត្រឹមណា។
ដកខ្លួនចេញពីសង្គម
តើរោគចាស់មានសញ្ញាដូចម្តេច ? មានអារម្មណ៍ខ្ជិល នឿយណាយ មិនសូវចង់បំពេញការងារ ក្នុងវិជ្ជាជីវៈ ការងារក្នុងគ្រួសារ ឬសង្គម
ប៉ុន្តែសម្រាប់អ្នកមានជំងឺវង្វេងវង្វាន់ គេអាចចាប់ផ្តើមដោយការដកខ្លួនចេញលែងធ្វើសកម្មភាពលំហែ សង្គម កីឡា តាមទម្លាប់ ឬគម្រោងការងាររបស់ខ្លួនផ្ទាល់ តែម្តង។ នៅក្នុងក្រុមជាមួយគេឯង អ្នកជំងឺអាចលែងធ្វើអ្វីទាន់គេ លែងស៊ីចង្វាក់ យូរទៅអាចគេចចេញពីគេ ផ្តាច់ទំនាក់ទំនងជាមួយសង្គមតែម្តង។
ប្តូរអារម្មណ៍ និងបុគ្គលិកលក្ខណៈ
តើអ្វីជារោគសញ្ញាចាស់ ? ចាស់ធម្មតា គ្មានជំងឺ មិនងាយធ្វើអ្វីប្តូរខុសទម្លាប់ ធ្លាប់ធ្វើយ៉ាងដូចម្តេច គឺធ្វើយ៉ាងនោះហើយ បើនរណាមកផ្តាច់ទម្លាប់គាត់ គឺមិនបានទេ !
ប៉ុន្តែចរិត និងបុគ្គលិកលក្ខណៈរបស់មានផ្ទុកជំងឺវង្វេងវង្វាន់វិញ អាចប្តូរផ្លាស់ណាស់។ គាត់អាចក្លាយជាមនុស្សមិនច្បាស់លាស់ មានមន្ទិល មានការថប់បារម្ភ ខកចិត្តចិត្ត និងប្តូរផ្លាស់ក្រលាប់ចាក់ ភ្លាមភ្លែត មិនថានៅផ្ទះ នៅកន្លែងធ្វើការ នៅផ្ទះគេ ឬនៅកន្លែងប្លែកណាមួយដែលគាត់មិនពេញចិត្ត។
វិធីការពារឱ្យក្រកើតជំងឺវង្វេងវង្វាន់
នៅជំងឺAlzheimer គឺជាជំងឺដ៏គួរឱ្យភ័យខ្លាចខ្លាំងជាងគេ លំដាប់ទីពីរបន្ទាប់ពីជំងឺមហារីក។ ការភ័យខ្លាចនេះ ក៏ព្រោះតែមួយចំណែក មកពីជំងឺនេះបានធ្វើឱ្យយើងបាត់បង់ឯករាជ្យ ហើយជាពិសេសទៅទៀត គ្មានទេថ្នាំសម្រាប់ព្យាបាល ! រហូតមកទល់ពេលនេះ អ្នកវិទ្យាសាស្ត្របានរកឃើញត្រឹមតែថ្នាំសម្រាប់ពន្យារពេល កុំឱ្យអាការៈសញ្ញាភ្លេចវង្វេងធ្លាក់ដុនដាបលឿនខ្លាំងពេកតែប៉ុណ្ណោះ។ ហើយថ្នាំនោះទៀតសោត នៅមានប្រសិទ្ធិភាពមិនប្រាកដប្រជាប៉ុន្មានឡើយ។
តែជាសំណាងល្អ ឥទ្ធិពលនៃជំងឺវង្វេងវង្វាន់អាចពន្យឺតបាន។ មានការសិក្សាជាច្រើនបានផ្តល់សេចក្តីសង្ឃឹមនិងគួរឱ្យលើកទឹកចិត្តថា ការការពារមានតួនាទីសំខាន់ណាស់ នៅក្នុងការទប់ស្កាត់ជំងឺAlzheimer តាំងពីនៅក្មេង។ ពាក្យថាទប់ស្កាត់ មិនមែនជាការទប់ស្កាត់កុំឱ្យមានដំបៅស៊ីកោសិកាប្រព័ន្ធប្រសាទឱ្យរួមតូចទេ តែជាការទប់ស្កាត់កុំឱ្យឆាប់កើតជំងឺនេះ។ បើតាមរបាយការណ៍របស់មូលនិធិដើម្បីស្រាវជ្រាវវេជ្ជសាស្ត្រ ចេញផ្សាយជាសាធារណៈនៅខែកញ្ញានេះ មានកត្តា៦យ៉ាងដែលអាចជួយការពារជំងឺវង្វេងវង្វាន់ ៖
- កាត់បន្ថយគ្រោះហានិភ័យកើតជំងឺសរសៃឈាមបេះដូង
- ចៀសវាងកុំឱ្យមានជំងឺស្ត្រេសរ៉ាំរ៉ៃ
- អនុវត្តជាប្រចាំការបញ្ចេញកម្លាំងកាយសម្បទា ធ្វើកីឡា
- ប្រកាន់យករបបអាហាតត្រឹមត្រូវ ៖ បរិភោគបន្លែបៃតងរាល់ពេល ទទួលទានផ្លែឈើជារុក្ខជាតិស៊ីផ្លែមូលតូច ពណ៌ក្រហមក្រមៅ និងពិសេសត្រី
- បង្កើនសកម្មភាពលំហែ
- រក្សាទំនាក់ទំនងសង្គមល្អ មានមិត្តមានភក្តិ ជួបគេជួបឯង មានគ្នាជជែក ពិភាក្សា ពិចារណា តស៊ូមតិគ្នា អានសៀវភៅ រៀនភាសាបរទេស។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ