ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT

ភាព​ខុសគ្នា​រវាង​​ជំងឺ​វង្វេង​វង្វាន់ និង​ជំងឺ​ចាស់ភ្លេច​

ភាព​ខុសគ្នា​រវាង​​ជំងឺ​វង្វេង​វង្វាន់ និង​ជំងឺ​ចាស់ភ្លេច​
 
ជំងឺវង្វេងវង្វាន់​កើន​ឡើង​គ្រប់​ទិសទី​នៅ លើ​ពិភពលោក Getty Images

បាត់បង់ការ​ចងចាំ​រហូត​ធ្វើ​អ្វី​ជា​កិច្ចការ​ប្រចាំ​ថ្ងៃ​មិន​កើត មិនមែន​ជា​ដំណើរ​ការ​ជរា​ធម្មតា​ទេ ! អាការៈ​បែប​នេះ​អាច​ជា​សញ្ញា​មួយ​ នៃ​ជំងឺ​វង្វេងវង្វាន់ ឬ​ការ​បាត់​បង់​បញ្ញាញាណ​។ វង្វេងវង្វាន់​ ជា​ជំងឺ​ស្លាប់ខួរ​ក្បាល តាម​រយៈ​ការ​បាត់បង់បន្តិច​ម្តងៗ ​ភាព​ចង​ចាំ​ លែង​ចេះ​គិត លែង​ចេះ​ពិចារណា​រក​ហេតុផល។ ប្រសិន​បើ​អ្នក គឺ​សាច់​ឈាម​អ្នក​មាន​បញ្ហាខាង​ចងចាំ សូម​សង្កេត​មើល​​កំរិត​សមត្ថភាព​​បញ្ញា​ញាណ​ផ្សេង​ទៀត តើ​មាន​ការ​ប្តូរ​ផ្លាស់ដែរ​ឬទេ ? សូម​កុំ​មើល​រំលង​ ឆាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​រក​មូលហេតុ​ឱ្យ​បាន​ច្បាស់​លាស់។

ជំងឺ​វង្វេង​វង្វាន់ ត្រូវ​បាន​រក​ឃើញ​ដោយ​គ្រូពេទ្យ​ជាតិ​អាល្លឺម៉ង់ ឯកទេសចិត្តសាស្ត្រ​និង​ប្រព័ន្ធ​ប្រសាទ លោក Alois Alzheimer។ ហេតុដូច្នេះ​ហើយ​បាន​ជា​នៅបស្ចឹម​លោក​គេ​ហៅ​ជំងឺ​វង្វេងវង្វាន់​ថា ជាជំងឺ​Alzheimer។ ប៉ះពាល់​លើ​ប្រព័ន្ធ​ប្រសាទ នៅ​ក្នុង​ខួរក្បាល​ ជំងឺ​វង្វេង​ជា​​ការ​បាត់​បង់​ បន្តិច​ម្តងៗ​កោសិកាប្រព័ន្ធ​ប្រសាទ​ផ្នែក​​ចងចាំ។

រហូត​មក​ទល់​នឹង​ពេល​នេះ គេ​នៅ​ពុំ​ទាន់​ដឹង​ដោយ​ច្បាស់លាស់ អំពី​មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​ជំងឺ​វង្វេង​វង្វាន់​នេះ​ទេ។ សមាគមបារាំង ​France Alzheimer ធ្លាប់​បាន​បង្ហាញ​ការ​សង្ស័យ​ថា​ជាតិ​អាលុយមីញ៉ូម ​ក្នុង​ទឹក អាច​ជា​ដើម​ហេតុ​មួយ។ ​តែការ​សិក្សា​ជា​ច្រើន​បាន​ផ្តោត​លើ​ផលវិបាក​នៃ​ជាតិ​អាលុយមីញ៉ូម​នេះ ចំពោះ​ជំងឺ​ ពុំ​ទាន់​មាន​លទ្ធផល​ណា​មួយ​បញ្ជាក់​ថា​មាន​ទំនាក់ទំនង​គ្នា​ ដូច​ការ​សង្ស័យ​សោះ។

ភ្លេច​ភ្លាំង​ស្មារតី ភ្លេច​លែង​ចេះ​គិត​គូរ ចេះ​កាន់​លុយ​កាន់​កាក់ តើ​នេះ​មិនមែន​ជា​អាការៈ​របស់​មនុស្ស​ចាស់​ទេ​ឬ ? វង្វេង​វង្វាន់​ជា​ជំងឺកើត​លើ​​មនុស្ស​ចាស់ ប៉ុន្តែ​ការ​វង្វេង​ជា​ជំងឺ និង​ការ​ភ្លេច​ព្រោះ​វ័យ​ចំណាស់ ខួរក្បាល​មិន​សូវ​ល្អ មិន​ដូចគ្នា​ទេ ! ខាង​ក្រោម​នេះ​ជា​ភាព​ខុស​គ្នាខ្លះៗ​រវាង​អាការៈ​ចាស់ និង​ជំងឺ​វង្វេង​វង្វាន់​

បាត់​បង់​ការ​ចងចាំ​រហូត​រំខាន​ដល់​ការងារ​ប្រចាំ​ថ្ងៃ

តើ​អ្វី​ជា​សញ្ញា​ចាស់​ធម្មតា ៖ ភ្លេច​ម្តង​ម្កាល​ ភ្លេ​ច​ឈ្មោះ ភ្លេច​ណាត់ តែ​អាច​រក​នឹក​ឃើញ​វិញ​នៅ​ពេល​ក្រោយ

ឯការ​ភ្លេច​ ដែល​ជា​សញ្ញា​រោគ​​សំខាន់​ជាងគេ​របស់​ជំងឺ​វង្វេងវង្វាន់ គឺ​ជា​រលត់​ការ​ចង​ចាំ ភ្លេច​នូវ​រាល់​អ្វី​ៗ​ដែល​ទើប​កើត​ឡើង ទើប​ប្រាប់​ ទើប​និយាយ​រួច​ភ្លាមៗ។ ជា​ការ​ភ្លេច​ មិន​ចង​ចាំ​អ្វី​ដែល​ពេល​វេលា​ ជា​ព្រឹត្តិការណ៍​សំខាន់​ក្នុង​ជីវិត​របស់​ខ្លួន ជា​អ្វី​ដែល​ធ្លាប់​ធ្វើ​ជា​ប្រចាំ និង​ភ្លេច​ហើយ​សួរ​គេ​សួរ​ឯង​ដដែលឡើង​វិញ​ ឬ​ទៅ​មើល​កំណត់​ហេតុ​ ជំនួយ​ស្មារតី​ហើយ​នៅ​តែ​មិន​នឹក​ឃើញទៀត។

លែង​ចេះ​គិតឬ​ដោះស្រាយ​

តើ​អ្វី​ជា​រោគ​សញ្ញា​ចាស់​ធម្មតា ៖ គិតលេខ​អាច​​ខុស ម្តងម្កាល រៀប​ចំ​គម្រោង​អ្វី មួយ​ធ្វើមិន​ចេញ​មក​ពី​ស្មុគចិត្ត ទាល់​តែ​កូន​ជួយ​អារកាត់

​តែ​ចំពោះ​អ្នក​មាន​ជំងឺ​រវង្វេងវង្វាន់​ មនុស្ស​មួយ​ចំនួន អាច​ប្រែប្រួល​សមត្ថភាព​​ក្នុង​ការ​គិត​រៀប​ចំ​ការ​អ្វី​មួយ​ទាំង​ស្រុង និង​លែង​ចេះ​គិត​លេខ​ គិត​អំពី​ចំនួន។ សូម្បី​តែ​ចំនួន​ ស្ករ អំបិល​ ត្រូវ​បង់​ក្នុង​ម្ហូប​ក៏​លែង​អាច​កំណត់​បាន​។ អ្នក​ជំងឺ​ខ្លះ​ទៀត​បាន​ផ្តល់​រោគ​សញ្ញា​ជា​ការ​លំបាក​ផ្ចង់​គំនិត​ ឬ​ប្រើ​ពេល​យូរ​​ទម្រាំ​នឹង​អាច​សម្រេច​ធ្វើ​អ្វី​មួយ​។

លែង​ចេះ​ធ្វើ​ជា​ការ​ងារ​ប្រចាំ​ថ្ងៃ

តើ​អ្វី​ជា​សញ្ញា​ចាស់​ធម្មតា ៖ ជួនកាល​មនុស្ស​ចាស់​ក៏​ត្រូវ​ពឹង​ក្មេង​ឱ្យ​បើក​កាច់ភ្លើង​​ចង្ក្រាន ឬ​ជួយ​បើក​ទូរទស្សន៍​ដែរ

ប៉ុន្តែ​សម្រាប់​អ្នក​កើត​ជំងឺ​វង្វេងវង្វាន់ គាត់​លែង​ធ្វើការ​ផ្ទះជា​​ប្រចាំ​ថ្ងៃ​កើត​ដោយ​ខ្លួន​ឯង លែង​ចេះ​ប្រើប្រាស់​របស់​របរខ្លួនឯង។ ជួនកាល​ទៀត សូម្បី​តែត្រូវ​ដើរ​ទៅ​កាន់​កន្លែង​ដែល​ធ្លាប់​ស្គាល់​ច្បាស់ ក៏​ទៅ​មិន​ដល់​ផង។ រឿង​លុយកាក់ ​ថវិកា​ ចាត់​ចែងចាយ​មិន​ចេញ​ទេ។

ច្របូក​ច្របល់ ច្រលំពេល ច្រលំ​កន្លែង

តើ​អ្វី​ជា​សញ្ញា​ចាស់​ធម្មតា ៖ អាច​ភាន់​ភាំង មិន​ចាំ​ថ្ងៃ មិន​ចាំ​ពេល​នៅគេ​សួរ តែ​គេ​ទៅ​ផុត​ឬ​ក្រោយមក​បន្តិច នឹក​ឃើញ​ឡើង​វិញ​

តែ​ចំពោះ​អ្នក​មាន​រោគ​សញ្ញា​ជំងឺ​វង្វេង គ្មាន​ឡើយ​ការ​គិត​ការ​ចាំ​ការ​ស្តី​​ទាក់ទង​នឹង​ពេល​វេលា ថ្ងៃ​ខែឆ្នាំ​​រដូវ ​រយៈ​កាល​ប៉ុន្មាន​ក៏​មិន​ដឹង។ បុគ្គល​មាន​ជំងឺ​អាច​មិន​យល់​នូវ​អ្វី​ដែល​កើត​ឡើង​កន្លង​យូរ​ថ្ងៃ និ​ងមិន​យល់​ ឬ​ក៏ភ្លេច​ថា​ហេតុ​អ្វី​ គាត់​​មក​ដល់​ដំណាក់​កាល​នេះ ពី​ពេល​ណា និង​យ៉ាង​ដូចម្តេច​ និង​មិន​ដឹង​ថា​ខ្លួន​ឯង​នៅ​ទីណា​ផង​ទេ។

ពិបាក​យល់​ពីរូបភាព ពី​ទីតាំង

តើ​អ្វី​ជា​សញ្ញា​ចាស់​ធម្មតា ៖ ស្រវាំង​ភ្នែក មើល​មិន​ច្បាស់ មើល​មិន​យល់​ព្រោះ​​ភ្នែក​ឡើង​បាយ​

តែ​សម្រាប់​អ្នក​​ខ្លះ ភ្នែក​មាន​បញ្ហា គឺ​ជា​សញ្ញា​រោគ​នៃ​​​ជំងឺ​វង្វេង។ អ្នក​ជំងឺ​អាច​ពិបាក​អាន ពិបាក​វាយ​តម្លៃ​ចម្ងាយ អាច​ពិបាក​កំណត់​ពណ៌ កំណត់​ពន្លឺ​ ... អ្វី​ដែល​គាត់​​មើលឃើញ​ និងការ​គិត​ខុស​គ្នា​ស្រលះ។ អ្នក​ជំងឺ​អាច​មើល​រូប​ខ្លួន​​ឯង​ក្នុង​កញ្ចុះ​ឆ្លុះ​ថា​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត មិន​ស្គាល់​ថា​ជា​រូប​ខ្លួន​ឯង​ទេ។​​

និយាយស្តីមិនចប់ឃ្លា​ ឬ​និយាយ​ចេះ​តែ​ខុស

តើអ្វីជា​សញ្ញា​ចាស់​ធម្មតា ? ដល់​ពេល​វ័យ​ចំណាស់​ទៅ ជួន​កាល​អាច​រក​នឹក​មិន​ឃើញ​នូវ​ពាក្យ​អ្វី​មួយ ដែល​ខ្លួន​ចង់​និយាយ ចង់​ប្រើ

ប៉ុន្តែ​សម្រាប់​អ្នក​មាន​ជំងឺ​វង្វេង​វង្វាន់ គាត់​អាច​មាន​ការ​លំបាក​ក្នុង​ការ​និយាយ​ស្តី​តែ​ម្តង និយាយ​មិន​ចប់​ឃ្លា មិន​អាច​ឆ្លើយ​ឆ្លង​ជាមួយដៃគូ​​កិច្ច​សន្ទនា ដោយ​ត្រឹម​ត្រូវ​ សួរ​ឆ្វេង​ឆ្លើយ​ស្តាំ គេ​និយាយ​គោ គាត់​និយាយ​អំពី​ក្របីតែ​ម្នាក់ឯង ឬ​និយាយ​ឃ្លា​/រឿងដដែលៗ។ ជួន​កាល​ទៀត​អ្នក​មាន​ជំងឺ​វង្វេង លែង​​ស្គាល់​ពាក្យ​ឬ​មិន​អាច​រក​ពាក្យ​មក​និយាយ​ឱ្យ​ចំ​នូវ​អ្វី​ដែល​គាត់​ឬហៅ​ទេ ហៅ​នាឡិកា​ដៃ ជានាឡិកា​ប៉ោល ។ល។ និង​។ល។

ភ្លេច​ លែង​ចេះ​រៀប​រយ​

តើ​អ្វី​ជា​សញ្ញា​មនុស្ស​ចាស់ ? ភ្លេច​របស់​របរ​អ្វី​មួយ ឬ​ដាក់ចោល​របស់​របរ​អ្វី​មួយ​​មិន​ត្រូវ​កន្លែង​ដើម​ តែ​អាច​រក​នឹក​ឃើញ​វិញ​ដោយ​ខ្លួន​ឯង ព្រោះ​មាន​សមត្ថភាព​រំលឹក​ដាន​នូវ​អ្វី​ដែល​បាន​ធ្វើ​កន្លង​មក

ប៉ុន្តែ​បើ​ជា​អ្នក​វង្វេង​វង្វាន់​វិញ អ្នក​ជំងឺ​អាច​យក​របស់​របរ​ទៅ​ប្រើប្រាស់​របស់​ខ្លួន​ ទៅ​ទុក ទៅ​លាក់​នៅ​ក្នុង​កន្លែងណា​មួយ​ដែល​គ្មាន​នរណា​នឹក​ស្មាន​ដល់ ក្នុង​កន្លែង​មិនគួរ​គប្បី។ ជួន​ក៏​លាក់​បាត់​រហូត​តែម្តង​ ហើយ​មិន​អាច​ មិន​ចេះ​នឹក​រកឃើញ​វត្ថុ​នោះ​វិញ​បាន​ទេ ! មិន​ដឹង​ថា​ខ្លួន​គាត់​ផ្ទាល់​ជា​អ្នក​ធ្វើ​ឱ្យ​បាត់​ដោយ​ខ្លួន​ឯង​ទេ។ ហើយ​មិន​អាច​រក​នឹក​បក​ថយ​ក្រោយ​វិញ​បាន​ឡើយ។ បើ​បាត់​មិន​ឃើញ​ពី​ភ្នែក​ នៅ​នឹង​ភ្នែក​សោះ​ ក៏​អ្នក​ជំងឺ​វង្វេង​អាច​ចោទ​ថា​គេ​លួច​របស់​គាត់​ទៀត។ សកម្មភាព​បែប​នេះ​មាន​កើតកាន់​តែ​ញឹកញាប់​ឡើងៗ។

ពិចារណា​ចេះ​តែ​ខុស

តើ​អ្វី​ជា​រោគ​សញ្ញា​មនុស្ស​ចាស់ ? គិត​ស្មាន​ខុស​ ស្មាន​ទាប​ជាង​ការ​ពិត​ម្តង​ម្កាល

ប៉ុន្តែ​ចំពោះ​បុគ្គល​មាន​ជំងឺ​វង្វេង គឺ​ជា​ការ​ប្តូរ​ផ្លាស់​ទាំង​ស្រុង​នៃ​ការ​គិត នៃ​ការ​សម្រេច​ចិត្ត​។ ឧទាហរណ៍ ក្នុង​បញ្ហា​លុយកាក់​ អ្នក​ជំងឺ​អាច​ធ្វើ​ការ​វាយ​តម្លៃខុស​ទាំង​ស្រុង​ លែង​ដឹង​តម្លៃ​នេះ​លុយ ឱ្យ​គេ​ច្រើន ព្រោះ​គិត​ស្មាន​តែ​តិច។ លែង​ចេះ​ប្រយ័ត្ន​ប្រយែង​ខ្លួន លែង​ដឹង​ស្អាត​ ឬ​កខ្វក់។ ទៅបន្ទោរបង់ អត់​លាង ដោយ​គិត​ស្មាន​ថា​ធ្វើ​ហើយ​។ ​លែង​ដឹង​ថា​កំរិត​អនាម័យ​ខ្លួន​មាន​ត្រឹម​ណា។​​

ដក​ខ្លួន​ចេញ​ពី​សង្គម​

តើ​រោគ​ចាស់​មាន​សញ្ញា​ដូចម្តេច ? មាន​អារម្មណ៍​ខ្ជិល​ នឿយណាយ មិន​សូវ​ចង់​បំពេញ​ការ​ងារ ក្នុងវិជ្ជាជីវៈ ការងារ​ក្នុង​គ្រួសារ ឬ​សង្គម​

ប៉ុន្តែ​សម្រាប់​អ្នក​មាន​ជំងឺ​វង្វេងវង្វាន់ គេ​អាច​ចាប់​ផ្តើម​ដោយ​ការ​ដក​ខ្លួន​ចេញ​លែង​ធ្វើ​សកម្មភាព​លំហែ​ សង្គម កីឡា តាម​ទម្លាប់ ឬ​គម្រោង​ការងារ​របស់​ខ្លួន​ផ្ទាល់​ តែ​ម្តង។ នៅ​ក្នុង​ក្រុម​ជាមួយគេ​ឯង អ្នក​ជំងឺ​អាច​លែង​ធ្វើ​អ្វី​ទាន់​គេ លែង​ស៊ីចង្វាក់​ យូរ​ទៅ​អាច​គេច​ចេញ​ពី​គេ​ ផ្តាច់​ទំនាក់ទំនង​ជា​មួយ​សង្គម​តែ​ម្តង។

ប្តូរអារម្មណ៍ និង​បុគ្គលិកលក្ខណៈ​

តើ​អ្វីជា​រោគ​សញ្ញា​ចាស់ ? ចាស់​ធម្មតា​ គ្មាន​ជំងឺ​ មិន​ងាយ​ធ្វើ​អ្វី​ប្តូរ​ខុស​ទម្លាប់ ធ្លាប់​ធ្វើ​យ៉ាង​ដូចម្តេច​ គឺ​ធ្វើ​យ៉ាង​នោះ​ហើយ បើ​នរណា​មក​ផ្តាច់​ទម្លាប់គាត់ គឺ​មិន​បាន​ទេ !

ប៉ុន្តែចរិត​ និង​បុគ្គលិក​លក្ខណៈ​របស់​​មាន​ផ្ទុក​ជំងឺ​វង្វេង​វង្វាន់​វិញ អាច​ប្តូរ​ផ្លាស់​ណាស់។ គាត់​អាច​ក្លាយជា​មនុស្ស​មិន​ច្បាស់​លាស់ មាន​មន្ទិល​ មាន​ការ​ថប់​បារម្ភ ខកចិត្ត​ចិត្ត​ និ​ង​ប្តូរ​ផ្លាស់​ក្រលាប់​ចាក់​ ភ្លាម​ភ្លែត មិន​ថា​នៅ​ផ្ទះ នៅ​កន្លែង​ធ្វើការ នៅ​ផ្ទះ​គេ ឬ​នៅ​កន្លែង​ប្លែក​ណា​មួយ​ដែល​គាត់​មិន​ពេញ​ចិត្ត។

វិធី​ការពារឱ្យ​ក្រ​កើត​ជំងឺ​វង្វេងវង្វាន់

នៅ​ជំងឺ​Alzheimer គឺ​ជា​ជំងឺ​ដ៏​គួរ​ឱ្យ​ភ័យ​ខ្លាច​ខ្លាំង​ជាង​គេ​ លំដាប់​ទីពីរ​បន្ទាប់​ពី​ជំងឺ​មហារីក​។ ការ​ភ័យ​ខ្លាច​នេះ ក៏​ព្រោះ​តែ​មួយ​ចំណែក​ មក​ពី​ជំងឺ​នេះ​បាន​ធ្វើ​ឱ្យ​យើង​បាត់​បង់​ឯករាជ្យ ហើយ​ជាពិសេស​ទៅ​ទៀត គ្មាន​ទេ​ថ្នាំ​សម្រាប់​ព្យាបាល ! រហូត​មក​ទល់​ពេល​នេះ អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ត្រឹម​តែ​ថ្នាំ​សម្រាប់​ពន្យារ​ពេល​ កុំ​ឱ្យ​អាការៈ​សញ្ញា​ភ្លេច​វង្វេង​ធ្លាក់​ដុនដាប​លឿន​ខ្លាំង​ពេក​តែ​ប៉ុណ្ណោះ។ ហើយ​ថ្នាំ​នោះទៀត​សោត នៅ​មាន​ប្រសិទ្ធិភាព​មិន​ប្រាកដ​ប្រជា​ប៉ុន្មាន​ឡើយ។

តែ​ជា​សំណាង​ល្អ ឥទ្ធិពល​នៃ​ជំងឺ​វង្វេង​វង្វាន់​អាច​ពន្យឺត​បាន។ មាន​ការ​សិក្សា​ជា​ច្រើន​បាន​ផ្តល់​សេចក្តី​សង្ឃឹម​និង​គួរ​ឱ្យ​លើក​ទឹក​ចិត្ត​ថា ការ​ការពារ​មាន​តួនាទី​សំខាន់​ណាស់ នៅ​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​Alzheimer តាំង​ពី​នៅ​ក្មេង​។ ពាក្យ​ថា​ទប់​ស្កាត់ ​ មិនមែន​ជា​ការ​ទប់​ស្កាត់​កុំ​ឱ្យ​មាន​ដំបៅស៊ី​កោសិកា​ប្រព័ន្ធ​ប្រសាទ​​ឱ្យ​រួម​តូច​ទេ តែ​ជា​ការ​ទប់​ស្កាត់​កុំ​ឱ្យ​ឆាប់​កើត​ជំងឺ​នេះ។ បើ​តាម​របាយការណ៍​របស់​មូលនិធិដើម្បី​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ខែកញ្ញា​នេះ មាន​កត្តា​៦​យ៉ាង​ដែល​អាច​ជួយ​ការ​ពារ​ជំងឺ​វង្វេងវង្វាន់ ៖

  • កាត់​បន្ថយ​គ្រោះ​ហានិភ័យ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង
  • ចៀសវាង​កុំ​ឱ្យ​មានជំងឺ​​ស្ត្រេស​រ៉ាំរ៉ៃ
  • អនុវត្ត​ជា​ប្រចាំ​ការ​បញ្ចេញ​កម្លាំង​កាយ​សម្បទា ធ្វើ​កីឡា
  • ប្រកាន់​យក​របប​អាហាត​ត្រឹម​ត្រូវ ៖ បរិភោគ​បន្លែ​បៃតង​រាល់​ពេល ទទួល​ទាន​ផ្លែឈើ​ជា​រុក្ខជាតិ​ស៊ីផ្លែ​មូល​តូច ពណ៌​ក្រហម​ក្រមៅ និង​ពិសេស​ត្រី
  • បង្កើន​សកម្មភាព​លំហែ
  • រក្សា​ទំនាក់ទំនង​សង្គម​ល្អ មាន​មិត្ត​មានភក្តិ ជួបគេ​ជួប​ឯង មាន​គ្នា​ជជែក​ ពិភាក្សា ពិចារណា តស៊ូ​មតិ​គ្នា អាន​សៀវភៅ រៀន​ភាសា​បរទេស។
  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ