ថ្នាំសម្លាប់សត្វល្អិតមានច្រើនប្រភេទណាស់ ! ពពួកថ្នាំពុលនេះ បង្កប់វត្តមាន នៅ ស្រែ ចំការ ក្រុង ក្នុងផ្ទះ ក្នុងចានបាយ ក្នុងបន្ទប់ទឹក ពោលគឺនៅស្ទើរគ្រប់ទិសទី ទាំងអស់។ អង្គការសុខភាពពិភពលោកបានរាប់ឃើញមានថ្នាំសម្លាប់សត្វល្អិតចំនួន៥មុខ ជាអាចជាភ្នាក់ងារបង្កជំងឺមហារីក។ ថ្នាំសម្លាប់សត្វល្អិតនេះ មានប្រើនៅក្នុងកសិកម្ម និងក៏មានប្រើច្រើនដែរនៅក្នុងផ្ទះ ដើម្បីកម្ចាត់សត្វមូស សត្វចៃ កណ្តុរកណ្តៀរ ជាដើម។ល។ ថ្នាំសម្លាប់សត្វល្អិត ក្នុងផ្ទះ ជាតំណាងគ្រោះថ្នាក់ដល់សុខភាពយ៉ាងខ្លាំង ដោយ វាក៏បានអាចបង្កហានិភ័យដល់កុមារ ឱ្យងាយកើតជំងឺមហារីកឈាម និងប៉ះពាល់ខ្លាំងដល់ការលូតលាស់ផ្នែកបញ្ញា។
ថ្នាំគីមីពុលសម្លាប់សត្វល្អិត មិនមែន មានតែនៅ ស្រែ ចំការ កន្លែងដាំដុះកសិកម្មទេ នៅឯក្រុង ក្នុងផ្ទះ ក្នុងហាង ក៏មានដែលសំណល់ថ្នាំពុលសម្លាប់សត្វល្អិត។ ថ្នាំបាញ់មូស ថ្នាំបំបាត់ចៃ ថ្នាំលាបឈើ ... សុទ្ធតែមានសារធាតុគីមី សម្លាប់សត្វល្អិតចង្រៃទាំងអស់។ ថ្នាំពុលគីមីប្រើក្នុងផ្ទះប្រភេទនេះ ពីមុនមកត្រូវបានគេចាត់ទុក ថាគ្មាន ឬមានគ្រោះថ្នាក់តិចតួចបំផុតសម្រាប់មនុស្ស។ ថ្នាំសម្លាប់សត្វល្អិត មានប្រើប្រាស់ដោយមិនដឹងខ្លួន និងយ៉ាងទូលំទូលាយនៅក្នុងផ្ទះ ដែលទារក កុមារ ក្មេង អាចយកដៃប៉ះពាល់ លូកត្រូវ និងលេបចូលពោះបានយ៉ាងងាយ តាមរយៈការយកដៃដាក់ក្នុងមាត់ ជាដើម។
បញ្ជីឈ្មោះមូលេគុលគីមី ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពមានវែងអន្លាយរហូតមិនអាចលើកមករៀបរាប់ឱ្យអស់ និងលម្អិតបានទេ។ ប៉ុន្តែបើតាមការសិក្សាស្រាវជ្រាវចំនួន១៦ ស្តីអំពីប្រធានបទនេះ អ្នកស្រាវជ្រាវបានស្រែកចោទចំៗថ្នាំពុលសម្លាប់សត្វល្អិតជាពិសេសតែម្តង មានជាអាទិ៍ ថ្នាំពុលសម្លាប់ចៃ ថ្នាំបាញ់មូស ថ្នាំសម្លាប់កន្លាត ថ្នាំសម្លាប់ស្មៅ និងសត្វល្អិតចង្រៃនៅតាមសួនច្បារជាលក្ខណៈគ្រួសារ និងសំណល់ថ្នាំពុលកសិកម្មក្នុងចំណីអាហារបន្លែផ្លែឈើ...ថាប៉ះពាល់ខ្លាំងដល់ការលូតលាស់របស់កុមារខាងផ្នែកបញ្ញា។
ថ្នាំពុលសម្លាប់សត្វល្អិត អាចជាភ្នាក់ងារបង្កជំងឺមហារីកឈាម
ពីមុនមក និងជាច្រើនឆ្នាំមកហើយ ដែលគេសង្ស័យ អំពីឥទ្ធិពលអាក្រក់នៃថ្នាំសម្លាប់សត្វល្អិតទាំងអស់នោះ តែនៅថ្ងៃនេះការសង្ស័យបានក្លាយជាការពិត ! ការសិក្សាជាច្រើនបានបង្ហាញអំពីចំណងទាក់ទងរវាងរស់ប្រឈមនឹងសារធាតុគីមីពុលសម្លាប់សត្វល្អិត និងសមត្ថភាពផ្នែកបញ្ញារបស់កុមារ។ ក្មេងដែលប្រឈមខ្លាំងនឹងថ្នាំសម្លាប់សត្វល្អិត មានហានិភ័យខ្ពស់ ធ្លាក់ខ្លួនកើតជំងឺមហារីកឈាម និងមហារីកកូនកណ្តុរ។
ហើយគ្រោះថ្នាក់នេះ មានតាំងតែពីនៅក្នុងពោះតែម្តង ប្រសិនបើអ្នកជាម្តាយ រស់ប្រឈមនឹងថ្នាំពុលសម្លាប់សត្វល្អិត។ សូមស្តាប់ប្រសាសន៍លោកវេជ្ជបណ្ឌិត Robert Barouki ឯកទេសថ្នាំពុលនៅប្រទេសបារាំង ៖
“មានការសិក្សាបែបវិទ្យាសាស្ត្រជាច្រើនត្រូវបានផ្សព្វផ្សាយជាសាធារណៈថា នៅពេលអ្នកជាស្ត្រីមានផ្ទៃពោះរស់ប្រឈមនឹងថ្នាំសម្លាប់សត្វល្អិតរាល់ថ្ងៃ នោះកូនកើតមកអាចមានគ្រោះកើតជំងឺមហារីកឈាម។ ការប្រឈមតាំងពីនៅក្នុងពោះម្តាយ ជាតំណាងគ្រោះថ្នាក់ដល់សុខភាពនៅថ្ងៃអនាគត និងនៅពេលធំឡើង។ ហើយថ្នាំពុលបែបនេះក៏ជាប់ចោទថាជាអ្នកបង្កផលប៉ះពាល់ដល់ប្រព័ន្ធប្រសាទ -ដល់ខួរ។ ប្រព័ន្ធខួរក្បាលកុមារក៏អាចពុលទៅ តាមប្រភេទនៃថ្នាំពុល ជាថ្នាំសម្លាប់សត្វល្អិត ឬសម្លាប់រុក្ខជាតិរំខាន (ស្មៅ)។ ការសិក្សា លើក្រុមអ្នកអាជីពកសិកម្មបានបង្ហាញថា ថ្នាំពុលសម្លាប់សត្វល្អិត បានធ្វើឱ្យអ្នកមានការងារក្នុងផ្នែកនេះ មានហានិភ័យខ្ពស់ធ្លាក់ខ្លួនកើតជំងឺចុះខ្សោយប្រព័ន្ធប្រសាទ ដូចជាជំងឺរវង្វេងវង្វាន់ និងជំងឺញ័រប៉ាគីសុន។”
កុមារអន់បញ្ញា
បើមនុស្សចាស់អាចមានបញ្ហាប្រព័ន្ធប្រសាទទៅហើយ ចុះកុមារនឹងក្លាយទៅជាយ៉ាងណាទៅវិញ ?! សារធាតុគីមីទាំងនេះ ត្រូវបានផ្សំផលិតឡើងដើម្បីសម្លាប់សត្វនិងជីវិតចង្រៃគ្មានប្រយោជន៍ ដោយទៅបិទខ្ទប់បង្ឃាំងប្រព័ន្ធប្រសាទរបស់សត្វល្អិតទាំងនោះឱ្យងាប់ តែវាក៏អាចវាយប្រហារលើសរីរាង្គមនុស្សបានដែរ។ ហើយថ្នាំពុលគីមីបែបនេះ មានឥទ្ធិពលខ្លាំងណាស់ ចំពោះក្មេងនិងកុមារ ដែលប្រព័ន្ធការពារខ្លួននៅមិនទាន់អភិវឌ្ឍពេញលេញនៅឡើយ និងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារខ្លួន។
បើតាមការសិក្សា គ្រោះថ្នាក់ដែលកុមារអាចជួយប្រទះ ក្រោយពីបានប្រឈមនឹងប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត តាំងពីនៅក្នុងពោះម្តាយ ឬនៅក្នុងវ័យកុមារភាព គឺការកើតជំងឺមហារីកឈាម និងមហារីកកូនកណ្តុរ។ នេះបើជាប្រឈមមានលក្ខណៈយូរ ប៉ុន្តែថ្នាំពុលសម្លាប់សត្វល្អិតនេះ គ្មានទំនាក់ទំនងនឹងជំងឺដុះសាច់ក្នុងខួរក្បាល ប្រភេទជំងឺមហារីកម្យ៉ាងដែលគេជួបប្រទះញឹកញយជាងគេលើកុមារទេ។ ការប្រឈមនឹងថ្នាំសម្លាប់សត្វល្អិតក្នុងផ្ទះ នៅក្នុងវ័យកុមារ បង្កើនហានិភ័យកើតជំងឺមហារីកឈាម ចំនួន៥៤% ! ហើយគ្រោះថ្នាក់នេះនឹងគុណទ្វេជាពីរ ប្រើម្តាយជាកសិករ។
ឥទ្ធិពលនៃថ្នាំពុលអាចផ្តល់ផលវិបាកក្នុងរយៈខ្លី ! បើមនុស្សចាស់ប្រកបអាជីពប្រឈមនឹងថ្នាំពុលសម្លាប់សត្វល្អិត មានគ្រោះកើតជំងឺវង្វេងវង្វាន់ ញ័រដៃ ថ្នាំពុលសម្លាប់សត្វល្អិត អាចនឹងធ្វើឱ្យសមត្ថភាពយល់ដឹងរបស់កុមារ ពីអាយុ០ ទៅ៦ឆ្នាំ លូតលាស់មិនបានយ៉ាងពេញលេញទេ។ បញ្ញានិងការយល់ដឹង សមត្ថភាពសិក្សានិងលូតលាស់ របស់កុមារអាចធ្លាក់ចុះអស់ពី ៥ទៅ៧ពិន្ទុ បើរាប់លើមធ្យមភាគ១០០។ គេមិនគួរមើលស្រាលលទ្ធផលនេះទេ ព្រោះភាពប្រឈមនឹងថ្នាំសម្លាប់សត្វស្ទើរតែក្លាយទៅជារឿងធម្មតារបស់ប្រជាពលរដ្ឋនៅពិភពលោកទៅហើយ។
ចុះតើត្រូវធ្វើដូចម្តេច ដើម្បីការពារកុមារ ?
ការពិតដែលប្រកែកមិនបានមួយគឺ រហូតមកទល់នឹងពេលនេះ គេនៅជួបភាពស្មុគស្មាញខ្លាំងក្នុងកំណត់បញ្ជីឈ្មោះផលិតផលដែលគ្រោះថ្នាក់ខ្លាំង។ គ្រោះថ្នាក់ដែលបណ្តាលមកពីការលាយគីមីដ៏ច្រើនមុខ។ ជាហេតុធ្វើឱ្យគេពិបាកនឹងទម្លាក់ទំនួលខុសត្រូវទៅលើសារធាតុគីមីណាមួយនៃថ្នាំពុល។ អនុសាសន៍របស់អ្នកស្រាវជ្រាវ គឺគ្មានអ្វីក្រៅអំពីការការពារ និងចៀសវាងកុំប្រើប្រាស់ផលិតផលគីមីសម្លាប់សត្វល្អិតនៅតាមផ្ទះ។ ចៀសវាងកុំប្រើថ្នាំបាញ់មូស ថ្នាំសម្លាប់កណ្តៀរ កណ្តុរក្នុងផ្ទះ បើកទ្វារបើកបង្អួចដើម្បីឱ្យខ្យល់ចេញចូលក្នុងផ្ទះ សម្អាតផ្ទះសម្បែងឱ្យមានអនាម័យជាប្រចាំ។ ដើម្បីការពារកុមារឱ្យបានកាន់តែប្រសើរមែនទែន អ្នកជំនាញសូមណែនាំឱ្យអ្នកជាម្តាយឪពុក លាងបន្លែ ផ្លែឈើឱ្យបានស្អាត ឬត្រូវចិតសំបកចេញតែម្តង និងលាងដៃឱ្យបានញឹកញាប់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ