អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ប្រើថ្នាំសម្លាប់សត្វល្អិតច្រើន កូនអាប់បញ្ញា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្នាំ​សម្លាប់​សត្វល្អិត​មាន​ច្រើន​ប្រភេទ​ណាស់ ! ពពួក​ថ្នាំ​ពុល​នេះ បង្កប់​វត្តមាន​ នៅ​ ស្រែ ​ចំការ ក្រុង ក្នុង​ផ្ទះ​ ក្នុង​​ចាន​បាយ ក្នុង​បន្ទប់​ទឹក ​ពោល​គឺ​នៅ​ស្ទើរ​គ្រប់​ទិស​ទី ទាំងអស់។ អង្គការ​សុខភាព​ពិភពលោក​បាន​រាប់​ឃើញ​មាន​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ចំនួន​៥​មុខ ជា​អាច​ជា​ភ្នាក់ងារ​បង្ក​ជំងឺមហារីក។ ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​នេះ មាន​ប្រើ​នៅ​ក្នុង​កសិកម្ម​ និង​ក៏​មាន​ប្រើ​ច្រើន​ដែរនៅ​ក្នុង​ផ្ទះ ដើម្បី​កម្ចាត់​សត្វ​មូស​ សត្វ​ចៃ កណ្តុរ​កណ្តៀរ ជា​ដើម​។ល។ ថ្នាំ​សម្លាប់​សត្វ​ល្អិត​ ក្នុងផ្ទះ ជា​តំណាង​គ្រោះ​ថ្នាក់​ដល់​សុខភាព​យ៉ាង​ខ្លាំង ដោយ​ វា​ក៏​បានអាច​បង្ក​ហានិភ័យ​ដល់​កុមារ ឱ្យ​ងាយ​កើតជំងឺ​មហារីក​ឈាម និង​ប៉ះពាល់​ខ្លាំង​ដល់​ការ​លូត​លាស់​ផ្នែក​បញ្ញា។

ថ្នាំ​សម្លាប់​សត្វ​ល្អិត​ទំនង​អាច​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក​ដល់​កុមារ
ថ្នាំ​សម្លាប់​សត្វ​ល្អិត​ទំនង​អាច​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក​ដល់​កុមារ JOE RAEDLE / GETTY IMAGES NORTH AMERICA / AFP
ផ្សាយពាណិជ្ជកម្ម

ថ្នាំ​គីមីពុលសម្លាប់​សត្វ​ល្អិត​ មិនមែន មាន​តែ​នៅ​ ស្រែ ចំការ​ កន្លែង​ដាំ​ដុះ​កសិកម្ម​ទេ នៅឯ​ក្រុង ក្នុង​ផ្ទះ ក្នុង​ហាង ក៏​មាន​ដែល​សំណល់​ថ្នាំ​ពុល​សម្លាប់​សត្វ​ល្អិត។ ថ្នាំ​បាញ់​មូស ថ្នាំ​បំបាត់​ចៃ​ ថ្នាំ​លាប​​ឈើ​ ... សុទ្ធ​តែ​មាន​សារធាតុ​គីមី សម្លាប់​សត្វ​ល្អិត​ចង្រៃ​ទាំ​ងអស់។ ថ្នាំ​ពុល​គីមី​ប្រើ​ក្នុង​ផ្ទះ​ប្រភេទ​នេះ ពី​មុន​មក​ត្រូវ​បាន​គេ​ចាត់​ទុក ថា​គ្មាន ឬ​មាន​គ្រោះ​ថ្នាក់​តិច​តួច​បំផុត​សម្រាប់​មនុស្ស។ ថ្នាំ​សម្លាប់​សត្វ​ល្អិត​ មាន​​ប្រើ​ប្រាស់​ដោយ​មិន​ដឹង​ខ្លួន និង​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ផ្ទះ ដែល​ទារក កុមារ ក្មេង អាច​យក​ដៃ​ប៉ះពាល់ លូក​ត្រូវ និង​លេប​ចូល​ពោះ​បាន​យ៉ាង​ងាយ តាម​រយៈ​ការ​​យក​ដៃ​​ដាក់​ក្នុង​មាត់ ជា​ដើម។

បញ្ជី​ឈ្មោះ​មូលេគុល​គីមី​ ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​មាន​វែង​អន្លាយ​រហូត​មិន​អាច​លើក​មក​រៀប​រាប់​ឱ្យ​អស់​ និង​លម្អិត​បាន​ទេ។ ប៉ុន្តែបើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​​ចំនួន​១៦ ស្តី​អំពី​ប្រធានបទនេះ អ្នក​ស្រាវជ្រាវ​បាន​ស្រែកចោទ​​​ចំៗ​​​​​ថ្នាំ​ពុល​សម្លាប់​សត្វ​ល្អិត​ជាពិសេស​តែ​ម្តង មាន​ជាអាទិ៍ ថ្នាំពុល​សម្លាប់ចៃ ​ ថ្នាំ​បាញ់​មូស ថ្នាំ​សម្លាប់​កន្លាត ថ្នាំ​សម្លាប់​ស្មៅ​ និង​សត្វ​ល្អិត​ចង្រៃ​នៅ​តាម​សួន​ច្បារ​ជា​លក្ខណៈ​គ្រួសារ និង​សំណល់​ថ្នាំពុល​កសិកម្ម​ក្នុង​ចំណី​អាហារ​បន្លែ​ផ្លែឈើ...ថា​ប៉ះពាល់ខ្លាំង​ដល់​​ការ​លូត​លាស់​របស់​កុមារ​ខាង​ផ្នែក​បញ្ញា។

ថ្នាំ​ពុល​សម្លាប់​សត្វ​ល្អិត អាច​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក​ឈាម

ពីមុន​មក​ និង​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​គេ​​សង្ស័យ ​អំពីឥទ្ធិពល​អាក្រក់​នៃ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ទាំ​ង​អស់​នោះ​ តែ​នៅ​ថ្ងៃ​នេះ​ការ​សង្ស័យ​បានក្លាយ​ជា​ការ​ពិត ! ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​អំពី​ចំណង​ទាក់ទង​រវាង​រស់​ប្រឈម​នឹង​សារធាតុ​គីមី​ពុល​សម្លាប់​សត្វ​ល្អិត និង​សមត្ថភាព​ផ្នែក​បញ្ញា​របស់​កុមារ។ ក្មេង​ដែល​ប្រឈម​ខ្លាំង​នឹង​ថ្នាំ​សម្លាប់​សត្វ​ល្អិត មាន​ហានិភ័យ​ខ្ពស់ ធ្លាក់​ខ្លួន​កើត​ជំងឺ​មហារីក​ឈាម និង​មហារីក​កូន​កណ្តុរ។

ហើយ​គ្រោះ​ថ្នាក់​នេះ​ មាន​តាំង​តែពី​​នៅក្នុង​ពោះ​តែ​ម្តង​ ប្រសិន​បើ​អ្នក​ជា​ម្តាយ​ រស់​ប្រឈម​នឹង​ថ្នាំ​ពុល​សម្លាប់​សត្វ​ល្អិត។ សូម​​ស្តាប់​ប្រសាសន៍​លោក​វេជ្ជបណ្ឌិត Robert Barouki ឯកទេស​ថ្នាំ​ពុល​នៅ​ប្រទេ​សបារាំង​ ៖

“​មាន​ការ​សិក្សាបែប​វិទ្យាសាស្ត្រ​ជា​ច្រើន​ត្រូវ​បាន​ផ្សព្វផ្សាយជា​សាធារណៈ​ថា ​នៅ​ពេល​អ្នក​ជាស្ត្រី​មាន​ផ្ទៃពោះ​រស់​ប្រឈម​នឹង​ថ្នាំ​សម្លាប់​សត្វ​ល្អិត​រាល់​ថ្ងៃ​ នោះ​កូន​កើត​មក​អាច​មាន​គ្រោះ​កើត​ជំងឺ​មហារីក​ឈាម។ ការ​ប្រឈម​​តាំង​ពី​នៅ​ក្នុង​ពោះ​ម្តាយ​ ជា​តំណាង​គ្រោះ​ថ្នាក់​ដល់​សុខភាព​នៅ​​ថ្ងៃ​អនាគត និង​នៅ​ពេល​ធំ​ឡើង។ ហើយថ្នាំពុល​បែប​នេះ​ក៏ជាប់​ចោទ​ថា​ជា​អ្នក​បង្ក​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ -ដល់​ខួរ។ ​ ប្រព័ន្ធ​ខួរក្បាល​កុមារ​ក៏​អាច​ពុល​ទៅ​ ​តាម​ប្រភេទ​នៃ​ថ្នាំ​ពុល ជា​ថ្នាំ​​សម្លាប់​សត្វ​ល្អិត ឬ​សម្លាប់​រុក្ខជាតិ​រំខាន (ស្មៅ)។ ​ការ​សិក្សា​ លើ​ក្រុម​អ្នក​អាជីព​កសិកម្ម​បាន​បង្ហាញ​ថា ​ថ្នាំ​ពុល​សម្លាប់​សត្វ​ល្អិត បាន​ធ្វើ​ឱ្យ​​អ្នក​មាន​ការងារ​ក្នុង​ផ្នែក​នេះ មានហានិភ័យ​ខ្ពស់​ធ្លាក់​ខ្លួន​កើត​ជំងឺ​ចុះ​ខ្សោយ​ប្រព័ន្ធ​ប្រសាទ ដូច​ជា​ជំងឺ​រវង្វេង​វង្វាន់ និង​ជំងឺ​ញ័រប៉ាគីសុន។”

កុមារ​អន់​បញ្ញា

បើ​មនុស្ស​ចាស់​អាច​មាន​បញ្ហា​ប្រព័ន្ធ​ប្រសាទ​ទៅ​ហើយ ចុះ​កុមារ​នឹង​ក្លាយ​ទៅ​ជា​យ៉ាងណា​ទៅ​វិញ ?! សារធាតុ​គីមី​ទាំង​នេះ​ ត្រូវ​បាន​ផ្សំ​ផលិត​ឡើង​ដើម្បី​សម្លាប់​សត្វ​និង​ជីវិត​ចង្រៃ​គ្មាន​ប្រយោជន៍​ ដោយ​ទៅ​បិទ​ខ្ទប់​បង្ឃាំង​ប្រព័ន្ធ​ប្រសាទ​របស់​សត្វ​ល្អិត​ទាំង​នោះ​ឱ្យ​ងាប់ តែ​វា​ក៏​អាច​វាយប្រហារ​លើ​សរីរាង្គ​មនុស្ស​បាន​ដែរ។ ហើយ​ថ្នាំពុល​​​គីមីបែប​នេះ​ មាន​ឥទ្ធិពល​ខ្លាំងណាស់ ចំពោះ​ក្មេង​និង​កុមារ ដែល​ប្រព័ន្ធការពារ​ខ្លួន​នៅ​មិន​ទាន់​អភិវឌ្ឍ​ពេញ​លេញ​នៅ​ឡើយ និង​មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​ខ្លួន​។

​បើ​តាម​ការ​សិក្សា គ្រោះ​ថ្នាក់​​ដែល​កុមារអាច​ជួយ​ប្រទះ​ ក្រោយ​ពី​បាន​ប្រឈម​នឹង​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត តាំង​ពីនៅ​ក្នុង​ពោះម្តាយ ឬ​នៅ​ក្នុង​វ័យ​កុមារភាព គឺ​ការកើត​ជំងឺ​មហារីក​ឈាម និង​មហារីកកូន​កណ្តុរ។ នេះ​បើ​ជាប្រឈម​មាន​លក្ខណៈ​យូរ​ ប៉ុន្តែ​ថ្នាំពុល​សម្លាប់​សត្វ​ល្អិត​នេះ គ្មាន​ទំនាក់ទំនង​នឹង​ជំងឺ​ដុះ​សាច់​ក្នុង​ខួរក្បាល ប្រភេទ​ជំងឺ​មហារីកម្យ៉ាង​ដែល​គេ​ជួប​ប្រទះ​​​ញឹកញយជាងគេ​លើ​កុមារ​ទេ។ ​ការ​ប្រឈម​នឹង​ថ្នាំសម្លាប់​សត្វ​ល្អិត​ក្នុងផ្ទះ​ នៅ​ក្នុង​វ័យ​កុមារ បង្កើន​ហានិភ័​យ​កើត​ជំងឺ​មហារីក​ឈាម ចំនួន​៥៤%​ ! ហើយ​គ្រោះ​ថ្នាក់​នេះ​នឹង​គុណ​ទ្វេ​​ជា​ពីរ ប្រើ​ម្តាយ​ជា​កសិករ។

ឥទ្ធិពល​នៃ​ថ្នាំ​ពុល​អាច​ផ្តល់​ផលវិបាក​ក្នុង​រយៈ​ខ្លី ! បើ​មនុស្ស​ចាស់​ប្រកប​​អាជីពប្រឈម​​នឹង​ថ្នាំពុល​សម្លាប់​សត្វ​ល្អិត មាន​គ្រោះ​កើត​ជំងឺ​វង្វេងវង្វាន់ ញ័រ​ដៃ ​​ថ្នាំ​ពុល​សម្លាប់​សត្វល្អិត អាច​នឹង​ធ្វើ​ឱ្យ​សមត្ថភាព​យល់​ដឹង​របស់​កុមារ ពី​អាយុ​០ ទៅ​៦​ឆ្នាំ ​លូត​លាស់មិន​បាន​យ៉ាង​ពេញ​លេញ​ទេ។ បញ្ញា​និង​ការ​យល់​ដឹង​ ​សមត្ថភាព​សិក្សា​និង​លូតលាស់ របស់​កុមារ​អាច​ធ្លាក់​ចុះ​អស់​ពី ៥​ទៅ​៧​ពិន្ទុ បើ​រាប់លើ​មធ្យមភាគ​១០០។ គេ​មិន​គួរ​មើល​ស្រាល​លទ្ធផល​នេះ​ទេ ព្រោះ​ភាព​ប្រឈម​នឹង​ថ្នាំ​សម្លាប់​សត្វ​ស្ទើរ​តែ​ក្លាយ​ទៅ​ជា​រឿងធម្មតា​របស់​ប្រជាពលរដ្ឋ​នៅ​ពិភពលោក​ទៅ​ហើយ។

ចុះ​តើ​ត្រូវ​ធ្វើ​ដូចម្តេច ដើម្បីការពារ​កុមារ ?

ការ​ពិត​ដែល​ប្រកែក​មិន​បាន​មួយ​គឺ រហូត​មក​ទល់​នឹង​ពេល​នេះ គេ​នៅ​ជួប​ភាព​ស្មុគស្មាញ​ខ្លាំង​ក្នុង​កំណត់​បញ្ជី​ឈ្មោះ​ផលិតផល​ដែលគ្រោះ​ថ្នាក់​ខ្លាំង។​ គ្រោះ​ថ្នាក់​ដែល​បណ្តាលមកពី​ការ​លាយ​គីមី​ដ៏​ច្រើន​មុខ។ ជា​ហេតុ​ធ្វើ​ឱ្យ​គេ​ពិបាក​នឹង​ទម្លាក់​ទំនួល​ខុស​ត្រូវ​ទៅ​លើ​សារធាតុ​គីមី​ណាមួយ​នៃ​​ថ្នាំពុល។ អនុសាសន៍​របស់​អ្នកស្រាវជ្រាវ​ គឺ​គ្មាន​អ្វី​ក្រៅ​អំពី​ការ​ការពារ និង​ចៀស​វាង​កុំ​ប្រើប្រាស់​ផលិតផល​គីមី​សម្លាប់​សត្វ​ល្អិត​នៅ​តាម​ផ្ទះ។ ចៀសវាង​កុំ​ប្រើ​ថ្នាំ​បាញ់​មូស ថ្នាំ​សម្លាប់កណ្តៀរ ​កណ្តុរក្នុងផ្ទះ បើក​ទ្វារ​បើក​បង្អួច​ដើម្បី​ឱ្យ​ខ្យល់​ចេញ​ចូល​ក្នុង​ផ្ទះ សម្អាត​ផ្ទះ​សម្បែង​ឱ្យ​មាន​អនាម័យ​ជា​ប្រចាំ។ ដើម្បី​ការពារ​កុមារ​ឱ្យ​បាន​កាន់​តែ​ប្រសើរ​មែនទែន អ្នក​ជំនាញ​សូម​ណែនាំ​ឱ្យ​អ្នក​ជា​ម្តាយ​ឪពុក​ លាង​បន្លែ ផ្លែឈើ​ឱ្យ​បាន​ស្អាត ឬ​ត្រូវ​ចិត​សំបក​ចេញ​តែ​ម្តង​ និង​លាង​ដៃ​ឱ្យ​បាន​ញឹក​ញាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ