អានតួអត្ថបទ

សមាគមខ្មែរ​នៅ​បារាំង ​រំលឹក​ខួប ២៦ឆ្នាំ​ នៃការ​ចុះ​​​កិច្ចព្រមព្រៀង​សន្តិភាពក្រុង​ប៉ារីស

នៅព្រឹកថ្ងៃចន្ទទី ២៣ តុលា នេះ មានការជួបជុំមួយ នៅទីក្រុងប៉ារីស​ប្រទេស​បារាំង​ ដើម្បី​រំលឹក​ខួប នៃ២៦ឆ្នាំ នៃការចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ស្តីពីកម្ពុជា និង​ដើម្បី​ជជែក​ពិភាក្សា អំពី​ស្ថានការណ៍​នយោបាយ បច្ចុប្បន្ន​នៅ​កម្ពុជា។ ការជួបជុំនេះ មាន​ការចូលរួម ពីសំណាក់ លោក សម រង្ស៊ី ព្រមទាំង​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ ៤​រូប​ទៀត គឺលោក ញ៉ែម ប៉ុញ្ញារឹទ្ធ លោកម៉ែន សុថាវរិន្ទ្រ លោក លឹម ប៊ុនស៊ីណារ៉េត និង លោកស្រី ជូឡុង សុមួរ៉ា រួម​ជាមួយ​នឹង​សមាជិក​ព្រឹទ្ធសភា បារាំង​ម្នាក់ គឺ​លោក អង់ដ្រេ ហ្គោតូឡាំង។

លោក សម រង្ស៊ី នៅ​ក្នុង​ពិធី​ជួបជុំ​​រំលឹក​ខួប​នៃ​ការ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ថ្ងៃទី ២៣ តុលា ២០១៧
លោក សម រង្ស៊ី នៅ​ក្នុង​ពិធី​ជួបជុំ​​រំលឹក​ខួប​នៃ​ការ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ថ្ងៃទី ២៣ តុលា ២០១៧ © RFI
ផ្សាយពាណិជ្ជកម្ម

មនុស្សប្រមាណជាជិត២០០នាក់ មានភាគច្រើន ជាប្រជាជនខ្មែរ និងបារាំងផងនោះ បានមកចូលរួម ការជួបជុំមួយ ដើម្បីរំលឹកខួប ២៦ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ ពិធីរំលឹកខួបនេះ គឺស្ថិតនៅចំពេល ដែលកម្ពុជា កំពុងតែជួបវិបត្តិនយោបាយធ្ងន់ធ្ងរ នៅក្រោយពេល លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវជាប់ពីបទក្បត់ជាតិ និងព្រមទាំងមានពាក្យបណ្តឹង ទាមទាររំលាយគណបក្សសង្រ្គោះជាតិ។ ទាក់ទិននឹងបញ្ហានេះ លោក ញ៉ែម ប៉ុញ្ញារឹទ្ធបានលើកឡើងថា លោក កឹមសុខា នៅតែជាប្រធានគណបក្សសង្រ្គោះជាតិ ជានិច្ច។

លោក André Gottelin សមាជិកព្រឹទ្ធសភាបារាំង ដែលមានវត្តមាន ក្នុងពេលជួបជុំនេះដែរ បានលើកឡើង ថាគណបក្សកាន់អំណាចនៅកម្ពុជា កំពុងតែធ្វើរដ្ឋប្រហារធម្មនុញ្ញា។ លោកពន្យល់ថា គឺជារដ្ឋប្រហារ មិនប្រើអាវុធទេ តែប្រើច្បាប់កែច្បាប់ ដើម្បីបំបាត់សំលេងប្រឆាំង និងក្តោបក្តាប់អំណាច។

លោកញ៉ែម ប៉ុញ្ញារឹត បានថ្លែងថ្កោលទោស ទៅលើច្បាប់វិសោធនកម្មបែងចែកអសនៈសភា ទៅឲ្យគណបក្សផ្សេង ថាជាច្បាប់ ដែលផ្ទុយពីគោលការណ៍​ប្រជាធិបតេយ្យ និងឆន្ទៈរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។

ដោយឡែក លោកស្រី ជូឡុង សុមួរ៉ា បានលើកឡើង អំពី ប្រតិកម្មពីសំណាក់ សហគមអន្តរជាតិ មានដូចជាសហរដ្ឋអាេមរិក សហភាពអឺរ៉ុប និងសូម្បីតែជប៉ុន និងចិន ក៏គេបានសំដែងការព្រួយបារម្ភដែរ។ លោកស្រី ជឿថា សហគមអន្តរជាតិ នឹងគិតគូ ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ទៅលើរដ្ឋាភិបាលកម្ពុជា ដើម្បីដាក់សំពាធ ឲ្យគណបក្សកានអំណាច បើកផ្លូវឲ្យមានដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ឡើងវិញ។

ជាចុងក្រោយ លោក សម រង្ស៊ី បានមានប្រសាសន៍ រំលឹកអំពីសារៈសំខាន់ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ដែលភាគីខ្មែរទាំង៤ បានចុះហត្ថលេខា ហើយលោក អះអាងថា ដរាបណា លទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ មិនទាន់លេចរូបរាងនៅកម្ពុជា នោះកិច្ចព្រមព្រៀងនេះ នៅតែមានសុពលភាព ហើយភាគីនយោបាយខ្មែរ ទាំងអស់ ត្រូវតែគោរព។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ