អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

របៀប​ស្ទាប​សុដន់​ដើម្បី​ការពារ​មហារីក​ដោះ បានទាន់​ពេល​វេលា

ចុះផ្សាយ​នៅ​ថ្ងៃ៖

បារាំង​បាន​ឧទ្ទិស​ខែ​តុលា​ទាំង​មូល ដល់​កា​រប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារី​សុដន់។ ​នាឱកាស​នេះ ភ្នាក់ងារ​សុខាភិបាល ក៏​ដូច​ជា​ស្ថាប័ន​ផ្សេងៗ​បាន​ប្រើ​គ្រប់​មធ្យោបាយ​​​ផ្សព្វផ្សាយ​ និង​ផ្តល់​ព័ត៌មាន​ឱ្យ​ស្ត្រី​គ្រប់​រូប បាន​ជ្រួត​ជ្រាប​អំពី​ជំងឺ​មហារីក​សុដន់។ កម្មវិធី​សុខភាព​​របស់​វិទ្យុ​យើង​សូម​ជម្រាប​ជូន​អំពី​វិធី​សាស្ត្រ​នៃ​ការ​ការពារ​ ដោយ​ការ​ស្ទាប​មើល​ខ្លួន​ឯង​ ក្រែង​មាន​អាការៈ​សញ្ញា​គួរ​ឱ្យ​សង្ស័យ នឹង​អាល​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។តើ​អ្វី​ខ្លះ​ជា​សញ្ញា​សង្ស័យ ? តើ​ត្រូវ​ស្ទាប​យ៉ាង​ដូច​ម្តេច ទើប​មាន​ប្រសិទ្ធភាព​ខ្ពស់ ?

តុលា​ជា​ខែ​ឧទ្ទិស​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់
តុលា​ជា​ខែ​ឧទ្ទិស​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់ ©pixabay
ផ្សាយពាណិជ្ជកម្ម

តួអេហ្វែល លម្អ​ដោយ​ភ្លើង​ពណ៌​កូលាប ​មន្ទីរ​ពេទ្យ​ គ្លីនិក នៅ​ក្រុង​ប៉ារីស បើក​ទ្វារ​ចំហ​ទទួល​​សាធារណជនដែល​ចង់​ជ្រួត​ជ្រាប​អំពី​ជំងឺ​មហារីក​សុដន់ ដែល​ចង់​អនុវត្ត​របៀប​ស្ទាប​សុដន់ ដោយ​ខ្លួន​ឯង ដើម្បី​ជា​កិច្ច​ការពារ ដើម្បី​ដឹង​អំពីសញ្ញា​សង្ស័យ​ សញ្ញា​អាសន្ន ​ ... ទាំង​នេះ​ជា​គំនិត​ផ្តួចផ្តើម​មួយ​ចំនួន ដែល​រៀប​ចំ​ធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​ខែ​តុលា​ឧទ្ទិស​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់។

តើ​អ្វី​ខ្លះ​ជា​សញ្ញា​ដែល​គួរ​ព្រួយ​បារម្ភ ?

ការ​ត្រួត​ពិនិត្យ​សុដន់​ដោយ​ខ្លួន​ឯង​ ត្រូវ​ចាប់​ផ្តើម​ដោយ​ការ​មើល មិន​មែន​ដោយ​ការ​ប៉ះពាល់​ឬ​ស្ទាប​ទេ។ ដំបូង​ឡើយ អ្នក​ត្រូវ​ឈរ​ មួយ​ជំហរ​ខ្លួន នៅមុខ​កញ្ចក់ ដើម្បី​អាច​មើល​សុដន់​របស់​អ្នក​បាន​យ៉ាង​ច្បាស់លាស់ ៖ បើ​អ្នក​លើក​ដៃម្ខាង បន្ទាប់​មក​លើក​ដៃ​ទាំង​ពីរ តើ​សុដន់ទាំង​ពីរ​​របស់​អ្នក ​មានសណ្ឋាន​​ដូច​គ្នា​ដែរ​ឬទេ? ដើម្បី​អាច​រកដុំ​ពក​ ឬ​សញ្ញា​មិន​ប្រក្រតី លោកគ្រូពេទ្យឯកទេស​ សូម​ណែនាំ​ឱ្យ​អ្នក​ប្តូរ​ជំហរ ឈរ ដេក និង​ផ្អៀងម្តង​ឆ្វេង​ម្តង​ស្តាំ ដើម្បី​អាច​មើល​សុដន់​បាន​សព្វ ទាំង​លើ​ ក្រោម និង​ចំហៀងផង និង​មើល​ឃើញ​អ្វី​ដែល​នៅ​ពី​ក្រោម​សុដន់​ផង។

“ប្រសិន​បើ​អ្នក​មើល​ឃើញ​ស្បែក​សុដន់​មានស្នាម​ផ្នត់​ មាន​ន័យ​ថា មាន​អ្វី​មិន​ធម្មតា​ហើយ !” បន្ទាប់​មក អ្នក​​ត្រូវចេះ​​ពិនិត្យ​ពិច័យ​សណ្ឋាន​របស់​ស្បែក​ត្រង់​នោះ ៖ “បើ​ជា​ស្នាម​ជ្រួញ (ដូច​ស្បែក​ក្រូច) នោះ​ជា​សញ្ញា​អាក្រក់​”។ ថ្វី​បើ​អាការៈ​ឈឺចុក​ចាប់ មិន​ប្រាកដ​ជា​សញ្ញា​ដាស់​ប្រាប់​ថា​មាន​ដុំ​សាច់​ជា​យថាហេតុ​មែន ប៉ុន្តែ​សណ្ឋាន​របស់​ក្បាល​ដោះ​ ជា​អ្នក​នាំ​សារ​ដ៏​សំខាន់ ប្រាប់​អំពី​សញ្ញា​រោគ​នៃ​​​សុដន់។ “បើក្បាល​ដោះ​មាន​សណ្ឋាន​ដូច​មាន​ស្នាម ​លឹប​​ចូលដូច​មាន​អ្វី​​នៅ​ពី​ក្រោយ​ទាញ​ចូល​ ហើយ​នៅ​ពេល​អង្អែល​ភ្ញោច​ឱ្យ​ព្រឺ​ហើយ ក្បាល​ដោះ​នៅ​ព្រម​រលាស់​លៀន​មក​ក្រៅអស់​​ទៀត គឺ​មក​ពី​មាន​បញ្ហា​មិន​ប្រក្រតី​ក្នុង​សុដន់​ហើយ។ ផ្ទុយ​ទៅ​វិញ ការ​ហូរ​ទឹក​ (ដោះ)​ចេញ​តាម​ក្បាល​ដោះ​ មិន​ទៀង​ថា​មាន​ពាក់ព័ន្ធ​នឹង​ជំងឺ​មហារីក​ទេ ! ដូច្នេះ​គ្មាន​ប្រយោជន៍​អ្វី​ដែល​អ្នក​ត្រូវ​ឈ្លេច ច្របាច់​ក្បាល​ដោះ​ឡើយ។

តើ​ត្រូវ​មាន​កាយវិការ​ស្ទាប​សុដន់​យ៉ាង​ដូចម្តេច​ ?

គ្មាន​នរណា​អាច​ពិនិត្យ​សុដន់​អ្នក​បាន​ល្អ​ជាង​អ្នក​ទេ ! ព្រោះអ្នក​រស់​នៅ​ជាមួយ​វា ២៤​ម៉ោង​លើ​២៤​ម៉ោង។ ត្រូវ​ចុចដូច​គេ​ចុច​Piano ហើយ​សង្កត់​លើ​ក្រពេញទឹក​ដោះ ដើម្បី​បាន​ដឹង​ថា​មាន​អ្វី​មិន​ធម្មតា។ ចំណុច​សំខាន់​មួយ​ទៀត​ដែល​មិន​ត្រូវ​ភ្លេច​គឺ​ មិន​ចុច​ស្ទាប់​លើ​តែ​សុដន់​ទេ ត្រូវ​ចុច​បណ្តេញ​នៅ ក្រោម​ឃ្លៀកផង និង​លើ​ក​ផង ព្រមទាំង​តំបន់​ជិត​ឆ្អឹង​ដង​កាំបិត​ទៀត។

​លោក​វេជ្ជបណ្ឌិត រ៉េមី សាល់​ម៉ុង Rémy Salmon គ្រូពេទ្យ​វះកាត់​ឯកទេស​មហារីក​សុដន់ នៅ​មន្ទីរ​គ្លីនិក Fondation Sant Jean de Dieu ដែលមាន​ជំនាញ​ខ្លាំង ផ្នែក​មហារី​សុដន់ បាន​ចម្ងាយពេល​ពន្យល់​លម្អិត​អំពី​របៀប​ស្ទាប​ដូច​តទៅ លើ​គំរូ​ម៉ាណឺកាំង ៖

“អ្នកអាច​ពិនិត្យ​​សុដន់​ស្តាំ​របស់​អ្នក​ដោយប្រើ​ម្រាម​ដៃ​ឆ្វេង​ សុដន់​ខាង​ឆ្វេង​ដោយ​ដៃ​ស្តាំ ចុច​បង្ខិតដើរ​​ទៅ​មុខដូច​គេ​ចុច Piano អញ្ចឹង។ នៅ​ពេល​ចុច បើ​អ្នក​មាន​​អារម្មណ៍​មាន​ប៉ះដុំ​រឹង មាន​ដុំ​គួរ​ឱ្យ​សង្ស័យ អ្នក​ត្រូវផ្តេក​​ខ្លួនផ្ងារ​លើ​គ្រែ​ ហើយ​បន្តយក​ម្រាម​ដៃកណ្តាល​ទាំង​បី​ចុច​ដើរ​បណ្តេញ​ពេញ​សុដន់ ពី​ស្តាំ​ទៅ​ឆ្វេង​ នៅ​ផ្នែក​ខាង​លើ បន្ទាប់​មក​​ផ្នែក​ខាង​ក្រោម​​នៃសុដន់។ ប្រសិន​បើ​អ្នក​​មាន​អារម្មណ៍​ប៉ះដុំ​រឹង​អ្វី​មួយ​នៅ​តំបន់​ផ្នែក​ខាង​លើ​នៃ​សុដន់​ហើយ ត្រូវ​ចុច​ស្ទាបបណ្តេញ​ឡើង​ឱ្យ​ដល់​ក ឱ្យ​​ដល់ទល់​​ឆ្អឹង​ដង​កាំបិត ពេល​នោះ​អ្នក​នឹង​ឃើញ​កូន​កណ្តុរ​ ប៉ោង​រឹង។ ព្រោះ​បើ​ដុំ​ក្នុង​សុដន់​ជា​ដុំ​មហារីក វា​នឹង​​រាល​ដាល​ដល់​ក្រពេញ​កូន​កណ្តុរ sus-claviculaire នៅ​ក្រោម​ឆ្អឹង​ដង​កាំបិត​នេះ និង​​ដល់​ក្រពេញ​កូន​កណ្តុរ Axillaire ដែល​ពិបាក​ស្ទាបដឹង​ដោយ​ខ្លួន​ខ្លាំងណាស់ ហើយ​ជា​ចុងក្រោយ​គឺ​ក្រពេញ​កូន​កណ្តុរ Mamaire ដែល​យើង​មិន​អាច​ស្ទាប​​ដល់​​បាន​ដែរ ព្រោះ​វា​លាក់​នៅ​ក្រោយ​ឆ្អឹងសន្ទះ​ទ្រូង​។”

តើ​ត្រូវ​ធ្វើការ​ស្វ័យ​ពិនិត្យ​នៅ​ពេល​ណា ?

គ្រូពេទ្យ​ឯកទេស​សូម​ណែនាំ​ឱ្យ​អ្នក​ជា​ស្ត្រី​គ្រប់​វ័យ​ធ្វើ​ការ​ស្ទាប់​ត្រួត​ពិនិត្យ​សុដន់​ដោយ​ខ្លួនឯង ដូច​រៀប​រាប់​ខាង​លើ ពីរ​ទៅ​បី​ដង ក្នុង​មួយ​ឆ្នាំ។ ដើម្បី​អនុវត្ត​ការ​ស្ទាប​វិភាគ បាន​ល្អ និងមាន​ប្រសិទ្ធិភាព សូម​ធ្វើ​នៅដើម​ខែ មាន​ន័យ​ថា​ពីរ​បី​ថ្ងៃ​ក្រោយ​អស់​រដូវ ព្រោះ​ក្នុង​រយៈ​កាល​នេះ សុដន់​ទន់។ តែ​បើ​ធ្វើ​នៅកណ្តាល​ខែ ​សុដន់​ចាប់​ប៉ោង ឡើងតឹង និង​អាច​ឈឺ ដូច្នេះ​មិន​អាច​ធ្វើ​ការ​ស្ទាប​ចុច​បាន​ស្រួល​ទេ។

ប៉ុន្តែ​សូម​ចង​ចាំ​ថា ការ​ស្វ័យ​ពិនិត្យនេះ​ គឺ​ជា​សកម្មភាព​តាម​ដាន​បន្ថែម​ពី​លើ​ ការ​ត្រួត​ពិនិត្យ និង​ការ​ពិគ្រោះ​ជំងឺ​របស់​គ្រូពេទ្យ​ជំនាញ​រោគ​ស្ត្រី មុន​នឹង​ដល់​ពេល​​​ណាត់ ​ដើម្បី​វិភាគ​វែក​រក​ជំងឺ​មហារីក​សុដន់​ តែ​ប៉ុណ្ណោះ។ ការ​ស្ទាប់​ចុច​វិភាគ​ដោយ​ខ្លួន​ឯង គ្រាន់​តែ​បាន​ដឹង​ថា​សុដន់​អ្នក​មាន​ឬ​គ្មាន​ដុំ​ហានិភ័យ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​អាច​កំណត់​បាន​ថា​ដុំ​ក្នុង​សុដន់​ជា​ដុំ​កាច​ឬ​ដុំ​ស្លូត​បាន​ឡើយ។ ដូច្នេះ​យើង​ចាំ​បាច់​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស តាម​ការ​ណាត់​និងការ​ចោះ​យក​​ដុំ​សាច់​នោះ​ទៅ​វិភាគ​ទេ​ ទើប​អាច​កំណត់​លទ្ធផល​ដោយ​ពិត​ប្រាកដ​បាន។

តើ​មាន​ប្រយោជន៍​អ្វីដែល​ស្ត្រី​ត្រូវ​រៀន​ស្ទាប​សុដន់ខ្លួនឯង ?

ព្រោះ​មហារីក​សុដន់​ ជា​ជំងឺ​ដែលស្ត្រី​អាច​ជួប​ប្រទះ​ញឹកញាប់​ជាងគេ ! ព្រោះ​ប្រសិន​បើ​គេ​កាន់​តែ​ឆាប់​ដឹង ឆាប់​វែក​រក​ឃើញ​ថា​ជំងឺ​មហារីកសុដន់ នោះ​អ្នក​ជំងឺ​កាន់​តែ​មាន​សំណាង​អាច​ទទួល​បាន​ការព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធិភាព។ ក្នុង​ចំណោម​​អ្នក​ជំងឺ​មហារីក​សុដន់​១០​នាក់ ៩​នាក់ អាច​បាន​ជា​សះ​ស្បើយ​ប្រសិន​បើ​គេបាន​ទទួល​ការ​ព្យាបាល​តាំង​ពី​ដំណាក់កាល​ដំបូងភ្លាម។

ស្វ័យ​ពិនិត្យ​ដោយ​​ស្ទាប​ខ្លួន​ឯង ជា​មធ្យោបាយ​ការពារ​ ដែល​គ្មានអស់​កម្រៃ ! ជា​វិធី​សាស្ត្រ​វិភាគ​ ដែល​ស្ត្រី​គ្រប់​រូប​អាច​ធ្វើ​បានយ៉ាង​ងាយ ដោយ​មិន​ពឹង​អ្នក​ដទៃ។ វិធីសាស្ត្រ​ការពារ​នេះ ត្រូវ​បាន​បំពេញ​បន្ថែម​ដោយការ​ថត​ឆ្លុះ។ នៅ​ពេល​ស្ទាប​ហើយ មាន​ការ​សង្ស័យភ្លាម ស្ត្រី​អាច​ណាត់​ជួប​គ្រូពេទ្យជំនាញ ឬ​គ្រូពេទ្យ​ជំងឺ​ទូទៅ និង​ទៅ​ថត​ឆ្លុះ​សុដន់ បាន​ដឹង​លទ្ធផល​ភ្លាម និង​រក​ដំណោះស្រាយ​បាន​ភ្លាម​យ៉ាង​ទាន់​ពេល​វេលា។

តើ​ត្រូវ​ប្រកាន់​យក​​ជីវិត​បែប​ណា​ដើម្បី​ការពារ​ខ្លួន​ប្រឈម​​ជំងឺ​មហារីក​សុដន់ ?

ការ​សិក្សា​ដ៏ទូលំទូលាយ​មួយ​របស់​សហរដ្ឋ​អាមេរិក លើ​មនុស្ស​ចំនួន​១,៤​លាន​នាក់ បាន​បង្ហាញ​ថា ការ​បង្កើតសកម្មភាព​រាងកាយ​អាច​កាត់​បន្ថយ​គ្រោះ​លូត​លាស់​ជំងឺ​មហារីក​១៣​មុខ ក្នុង​នោះ​អាច​កាត់បន្ថយគ្រោះ​កើត​ជំងឺ​មហារីក​សុដន់​បាន​១០%។ ឯ​ចំណែក​អ្នក​ស្រាវជ្រាវ​កាណាដា​វិញ បាន​រក​ឃើញ​ថា បង្កើន​ការ​ធ្វើ​កីឡា កំរិត​បញ្ចេញ​សកម្មភាពរាងកាយ​ ​ពី ១៥០​នាទី ឱ្យ​ដល់​ ៣០០​នាទី ​​ក្នុង​មួយ​សប្តាហ៍ អាច​ជួយ​ស្ត្រី​ក្រោយ​អស់​រដូវ​ ជួប​គ្រោះ​កើត​ជំងឺ​បាន​យ៉ាង​ច្រើន​ ជាពិសេស​ចំពោះ​ស្ត្រី​មាន​ជំងឺ​ធាត់​ជ្រុល​ហួស​ហេតុ។

ទទួល​ទាន​ផ្លែឈើ​ បី​ពេល​​ក្នុង​មួយ​ថ្ងៃ​ នៅក្នុង​វ័យ​ជំទង់ នឹង​អាច​ចូល​រួម​ចំណែក​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​មហារីក​សុដន់​បាន​២៥% នៅ​​បីបួន​​ឆ្នាំ​បន្ទាប់ នេះ​បើ​ប្រៀប​ទៅ​នឹង​ក្មេង​ជំទង់​ដែល​បរិភោគ​ផ្លែឈើ​តែ​កន្លះ​ភាគ​ក្នុង​មួយ​ថ្ងៃ។ ទទួល​ទាន​បន្លែ​ផ្លែឈើបៃតង ធញ្ញជាតិសម្រូប​ សណ្តែក​បាយ សណ្តែក​ក្រហម ដែល​មាន​ផ្ទុក​សារធាតុ​សរសៃ​ច្រើន នៅ​ក្នុង​វ័យ​ជំទង់ អាច​ជួយ​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​មហារីក​សុដន់​​ទូទៅ​បាន​១៦% និង​ មហារីក​សុដន់​ក្រោយ​អស់​រដូវ​បាន​២៤%។

ការ​សិក្សាអាមេរិក​កាលពីឆ្នាំ​មុន បាន​បង្ហាញ​បន្ថែម​ទៀត​ថា បរិភោគអាហារ​មាន​ផ្ទុក​​ពពួកជាតិ​​ខ្លាញ់ឆ្អែត (សាច់​ជ្រូក សាច់គោ ទឹកដោះគោ ហ្វូម៉ា)​ នៅ​ពេល​វ័យ​ជំទង់​ច្រើន នោះ​នឹង​ធ្វើ​ឱ្យ​ដង់ស៊ីតេដោះ​លើង​ខ្ពស់ នៅ​ពេល​ពេញ​វ័យ​ ហើយ​ជា​កត្តា​ផ្តល់​គ្រោះ​ហានិភ័យ​ខ្ពស់កើត​ជំងឺ​មហារីក។ ដើម្បី​បំពេញ​តម្រូវ​ការ​ផ្នែក​ខ្លាញ់ សូម​ជ្រើសរើស​ទទួល​ទាន​ពពួក​ខ្លាញ់​មិន​ឆ្អែត ដែល​មាន​នៅ​ប្រេង​អូលីវ ឬ​ផ្លែប័រ​វិញទើប​ល្អ។

ជា​ចុងក្រោយ សូម​ឧស្សាហ៍​ព្យាយាម​ទៅ​ពិនិត្យ​សុខភាព​ធ្មេញ ! ហេតុ​អ្វី​ទៅ​ ? បើ​តាម​ការ​សិក្សា​ រយៈ​ពេល​៨​ឆ្នាំ​ លើ​ស្រ្តី​ អាយុ ៥៤​ទៅ​៨៦​ឆ្នាំ​ បាន​បង្ហាញ​ថា បើ​ស្ត្រី​ណា​មាន​ជំងឺ​រលាក​អញ្ចាញ ឬសន្តក​ធ្មេញ ស្ត្រី​នោះ​មា​ន​គ្រោះបង្កើន​ការ​​អភិវឌ្ឍ​​ជំងឺ​មហារីក​ ​ពិសេស​ជំងឺមហារីក​សុដន់​តែ​ម្តង​ដល់​ទៅ​១៤%​។ អ្នក​ស្រាវជ្រាវ​សង្ស័យ​ថា​ ភ្នាក់ងារ​បង្ក​រោគ​ទំនង​ជា​អាច​ត្រូវ​ចម្លង​តាម​ទឹកមាត់ និង​កំណក​ធ្មេញ​ ឬ​តាម​ស្រទាប់​ជាលិក​អញ្ចាញ​ ទៅ​ដល់​ឈាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ