អានតួអត្ថបទ
កម្ពុជា-ច្បាប់

ព្រះរាជអាជ្ញា សម្រេច​ចោទ​ប្រកាន់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ពីររូប​ជា​ផ្លូវ​ការ​

តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​សៅរ៍​នេះ បាន​​សម្រេច​​ចោទ​ប្រកាន់​​ជាផ្លូវ​ការ​ទៅ​លើ អតីត​បុគ្គលិក វិទ្យុ​អាស៊ី​សេរី​ពីរ​រូប គឺ លោក អ៊ួន ឈិន និង លោក យាង សុជា​មេត្តា​។ គឺ​ជា​បទ​ចោទ​លួច​បញ្ចេញ​ព័​ត៌មាន​ឲ្យ​ទៅ​បរទេស ដែល​​អាច​ត្រូវ​ប្រឈម​មុខជាប់​ទោស​ពន្ធនាគារ​ពី​៧ឆ្នាំ ទៅ ១៥ឆ្នាំ។ 

លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា គឺជាអតីតបុគ្គលិកវិទ្យុអាស៊ីសេរី
លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា គឺជាអតីតបុគ្គលិកវិទ្យុអាស៊ីសេរី @សហការី
ផ្សាយពាណិជ្ជកម្ម

លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់អតីត​បុគ្គលិកវិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​រូប​នេះ​ពី​បទ"ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវព័ត៌មាន​ជាអាទិ៍ដែល​អាច​ធ្វើ​ឱ្យ​អន្តររាយ​ការ​ការពារ​ជាតិ​"​តាម​ក្រម​ព្រហ្ម​ទណ្ឌ​របស់​កម្ពុជា​។

នេះបើតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។ លោក លី សុផាន់ណា បាន​ឲ្យ​ដឹង​ថា​តំណាងអយ្យការបានធ្វើការចោទប្រកាន់​តាមមាត្រា៤៤៥ នៃ​ក្រម​ព្រហ្មទណ្ឌ​ពី​"បទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឱ្យអន្តររាយការការពារជាតិ។ ជាបទល្មើសមួយដែលអាចនឹងត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារពី៧ឆ្នាំទៅ១៥ឆ្នាំ"។

ក្រោយពីការចោទប្រកាន់ជាផ្លូវការរបស់តំណាងអយ្យការរួចហើយ សំណុំរឿងនេះ​ត្រូវ​បាន​បញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី ថាតើសម្រេចឃុំ​ខ្លួន​បណ្តោះអាសន្ន​រង់ចាំបើកសវនាការឬមិនឃុំខ្លួន។

យ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍របស់នាយកប្រតិបត្តិ វិទ្យុអាស៊ីសេរី ចុះថ្ងៃ១៧វិច្ឆិកា គេបានសំដែងក្តីសង្ឃឹមថា ពួកគេនឹងត្រូវដោះលែង​ដោយ​គ្មានការ​ធ្វើ​ទុក្ខ​បុកម្នេញ​ដើម្បីបានជួបជុំគ្រួសាររបស់ពួកគេវិញ។

សូមបញ្ជាក់ថា លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា គឺជា​អតីត​បុគ្គលិកវិទ្យុអាស៊ីសេរី ដែលត្រូវបានអាជ្ញាធរខ័ណ្ឌមានជ័យឃាត់ខ្លួន កាលពី​រាត្រី​ថ្ងៃទី ១៤ វិច្ឆិកា នៅក្នុងបន្ទប់សណ្ឋាគារមួយ ស្ថិតនៅក្បែរស្ពានអាកាសស្ទឹងមានជ័យ ក្រុងភ្នំពេញ។

ពួកគេត្រូវបាន សង្ស័យថា បាន​លួចដំឡើង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដោយ​ខុស​ច្បាប់​ និង​លួច​ផលិត​ព័ត៌មាន​បញ្ជូន​ពី​ប្រទេសកម្ពុជា​ទៅកាន់​វិទ្យុ​អាស៊ីសេរី​ដែល​ស្ថិត​នៅ​ទីក្រុង​វ៉ាស៊ីន​តោនសហរដ្ឋអាមេរិក។ ប៉ុន្តែបើផ្អែកតាមចំលើយសារភាពរបស់លោក អ៊ួន ឈិន បាន​ប្រាប់​សមត្ថកិច្ចនៅពេលចាប់ខ្លួនកាលពីវេលាម៉ោង៧យប់ ថ្ងៃទី ១៤ វិច្ឆិកាថា ខ្លួនបាន​ជួល​បន្ទប់សណ្ឋាគារម៉ារឌី ស្ថិតនៅសង្កាត់ស្ទឹងមានជ័យនេះ គឺដើម្បី​តម្លើង​ស្ទូឌីយោ​ផលិត​បទចម្រៀងលក់ និងសម្រាប់ច្រៀងខារ៉ាអូខេជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ