អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ហេតុអ្វីបានជាមនុស្សប្រុសច្រើនតែជួបគ្រោះទំពែកក្បាល ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

​​​មនុស្ស​លោក​ទូទៅ​ មិន​ថាស្ត្រី​ឬ​បុរស​ទេ តែង​តែ​ជួប​បញ្ហា​ជ្រុះ​សក់តិច​ឬ​ច្រើន ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន។ ថ្វីបើ​ករណី​ភាគ​ច្រើន ការ​ជ្រុះ​សក់​ជា​និន្នាការ​ធម្មជាតិ​មែន តែ​ការ​ជ្រុះ​សក់​ខ្លះ​ជា​សញ្ញា​ប្រាប់​ថា​លោក​អ្នក​អាច​នឹង​ជួប​​បញ្ហា​ទំពែក នៅ​ថ្ងៃ​មុខ។ ដូច​ជា​ជំងឺ​ផ្សេងៗ​ទៀត ក្នុង​ប្រភេទ​ជំងឺ​តែ​មួយ​ជាមួយ​គ្នា​នេះ​ដែរ មូលហេតុ​នៃ​ការ​ជ្រុះ​សក់​ដែល​នាំ​ឱ្យ​ទំពែក​ក្បាល​មាន​ច្រើន​​​។ តើ​ធ្វើ​ដូច​ម្តេច​ទើប​អាច​ដឹង​បាន​ថា​តើ​ការ​ជ្រុះ​សក់​ប្រភេទ​ណា​ ជា​សញ្ញា​នៃរោគ​ទំពែក ?

អ្នក​ស្រាវជ្រាវ​ប្រឹង​ប្រែង​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ រក​វិធី​ឱ្យ​សក់​ដុះ​វិញ
អ្នក​ស្រាវជ្រាវ​ប្រឹង​ប្រែង​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ រក​វិធី​ឱ្យ​សក់​ដុះ​វិញ Getty Images/BAYRAM TUNÇ
ផ្សាយពាណិជ្ជកម្ម

មនុស្ស​ម្នាក់ៗ​មាន​សក់​ប្រមាណ​ពី​១០​ម៉ឺន​ ទៅ​១៥​ម៉ឺន​សរសៃ។ សក់​មាន​ដំណើរ​ជីវិត​បី​ដំណាក់កាល ៖ ដុះ លូតលាស់​ និ​ងសំរាក។ សក់​​ដុះ​លូត​លាស់​ជា​រៀង​រាល់​ថ្ងៃ ដុះ​ហើយ​លូត​វែង រួច​ចាស់​ខូច​ជ្រុះ សក់​ថ្មី​ដុះ​បន្ត​ វិល​ជា​វដ្តចាស់ស្លាប់​រួច​ត្រូវ​​ផ្លាស់​ថ្មី​ ... ​ជីវិត​លូតលាស់របស់​សក់​មួយ​សរសៃៗ មាន​ប្រមាណ​ពី ២​ទៅ​៦​ឬ​៧​ឆ្នាំ បន្ទាប់​មក​ជា​ដំណាក់​កាល​ចាស់ និង​សម្រាក ដែល​មាន​អាយុកាល​​ប្រមាណ​ពី​៥​សប្តាហ៍​ទៅ​១០០​ថ្ងៃ ហើយ​ក៏​ទុំ​ជ្រុះ រួច​សក់​ថ្មី​ក៏​ដុះ​មក​វិញ ជួន​ក៏​មិន​ដុះ​មក​វិញ​ដោយ​​មូលហេតុ​ផ្សេងៗ ឬ​ដោយ​វ័យ​ចំណាស់។ ​​

ជា​ទូទៅ​ មនុស្ស​យើង​តែង​ជ្រុះ​បាត់​បង់​សក់ ប្រមាណពី​៤០​ ទៅ​៥០​សរសៃ ឬ​ច្រើនជាង​នេះ​ផង ក្នុង​​មួយ​ថ្ងៃៗ។ ប៉ុន្តែ​ការ​ជ្រុះ​​សក់​ខ្លះ​ជា​សញ្ញា​ចាប់​ផ្តើម​នៃ​ការ​ទំពែក។​ មិន​ដូច​អ្វី​ដែល​យើង​ធ្លាប់​ឮ ការ​ជ្រុះ​​សក់ ទាំង​ដៃៗ ដោយហេតុ​ សក់​ខូច ​ស្ងួត​ខ្លាំង ទន់ បាក់ ឬ​ដាច់ នៅ​ពេល​សិតសក់ មិន​ប្រាកដ​ថា​ជា​សញ្ញា​ដាស់​ប្រាប់​អំពី​​គ្រោះ​ថ្នាក់​នៃ​ការចាប់​ផ្តើម​​កើត​រោគ​ទំពែក ទៅ​ថ្ងៃអនាគត​ទេ។

​ទំពែក​ អាច​បណ្តាល​មក​ពី​មូល​ហេតុ​ច្រើន​យ៉ាង​ ប៉ុន្តែ​ដើម​ហេតុ​ដ៏​ចំបង​គេ ទំនង​ជា​​បញ្ហា​ពូជ ស្ត្រេស​ ផលវិបាក​នៃ​ការ​ទទួល​ថ្នាំ​មួយ​ចំនួន ឬ​ក៏​របប​ចំណី​អាហារ​គ្មាន​លំនឹង ...

កត្តា​ពូជ

ប្រសិន​បើ​ឪពុក​ឬ​ម្តាយ​អ្នក​ មាន​ក្បាល​ឆក ឬ​ទំពែក នោះ​អ្នក​ជា​កូន​មាន​សំណាង​ច្រើន​នឹង​មាន​ក្បាល​ដូច​ពួកគាត់។ ក្នុង​ករណី​បែប​នេះ​ គេ​ហៅ​ថា​ជំងឺ​ទំពែក​អង់ដ្រូហ្សែនេទិក (ជំងឺ​ត​ពូជ)។ អ្នក​ជា​កូន​នឹង​អាច​ផ្តើម​មាន​រោគ​ជ្រុះ​សក់​ យូរ​ឬ​ឆាប់ ទៅ​តាម​បុគ្គល ប៉ុន្តែ​ជា​ទូទៅ និង​ភាគ​ច្រើន អាការៈ​​សញ្ញាទំពែក​​​ច្រើនតែ​ចាប់​ផ្តើម និង​កើតឡើង នៅ​រវាង​អាយុ ពី ២៥ ឆ្នាំ​ទៅ ៣៥​ឆ្នាំ។

កត្តា​អ័រមូន

អ័រមូន​ប្រុស អង់ដ្រូហ្សែន និង​រោគ​ជ្រុះ​សក់ ជា​ពាក្យ​ពីរ​ម៉ាត់​ដែល​មាន​ចំណង​ទាក់ទង​គ្នា​យ៉ាង​ស្អិត​ល្មួត។ អ័រមូន​នេះ​មាន​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​លើ​ដំណើរ​ជីវិត​របស់​សក់​។ អ័រមូន​នេះ ​ជា​អ្នក​ពន្លឿន​ឱ្យ​សក់​ដុះ​​​ឡើង​វិញ​ជំនួស​សក់​ជ្រុះ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា រដ្ត​ជ្រុះ​ហើយ​ដុះ​ឡើង​វិញ នៅ​ពេល​វិលច្រើន​លើក​ច្រើន​សា​ទៅ​ សក់នឹង​លែង​ដុះ​វិញ​តែ​ម្តង។ បើ​លែង​មាន​ការ​ដុះ​ឡើង​វិញ​ទេ ថ្ងាស ក៏​ចាប់​ក្រងើលឡើងៗ ឬ​ឆក​ចូល​កាន់​តែ​ខ្លាំង​ទៅ​។ ស្ត្រី​ ​អាចជួប​គ្រោះ​កើត​រោគ​​ជ្រុះ​សក់​ខ្លាំង ដូច​បុរស នៅ​ពេល​អស់​រដូវ និង​ក្រោយ​ពេល​សម្រាល​កូន​រួច ព្រោះ​ក្នុង​ដំណាក់​កាល​នេះ អ័រមូន​អង់ដ្រូហ្សែន​នេះ ​មាន​សកម្មភាព​ខ្លាំង​។

កត្តាស្ត្រេស

ស្ត្រេស​ជា​កត្តា​មួយ​នាំ​ឱ្យ​ជ្រុះ​សក់ ដែល​មិន​​គួរ​មើល​ស្រាល​ទេ។ មាន​ការ​ជ្រុះ​សក់​ពីរ​បែប ដែល​បណ្តាល​មក​ពី​ស្ត្រេស ៖ ទីមួយ មាន​ស្ត្រេស​ពេក​ បណ្តាល​ឱ្យ​មាន​ជំងឺ​ ដែល​ប៉ះពាល់​ដល់ការ​ដុះ​សក់។ ទីពីរ​ស្ត្រេស​អាច​បង្ក​ឱ្យ​មាន​ជំងឺ​ជ្រុះ​សក់​រ៉ាំរ៉ៃ។ ក្នុង​ករណីចុងក្រោយ​នេះ ជំងឺ​អាច​វាយលុក​ដល់​ឬ​សសក់ ហើយ​ជា​ប្រតិកម្ម​សក់​លែង​ឈប់​ដុះ​តែ​ម្តង។ ជ្រុះ​សក់​ដោយ​សារ​ស្ត្រេស​ មិន​សុទ្ធ​តែ​នាំ​​​ឱ្យ​យើង​ទំពែក​​រហូតទេ ប៉ុន្តែ​បើគ្មាន​ការ​​ការ​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ​ និង​ចំ​ទិស​ទេ សក់​មិនអាច​​ដុះ​វិញ​ឡើយ។

កង្វះ​ជាតិ​ដែក

សារជាតិ​ដែក​ ជា​អ្នក​សម្រួល​ខ្លាំង​ឱ្យ​សក់​ដុះ​លូតលាស់​ល្អ ! ដូច្នេះ​បើ​អ្នក​មាន​របប​អាហារ​ត្រឹម​ត្រូវ​ មាន​លំនឹង​សំបូរ​ទៅ​ដោយ​ជាតិ​ដែក​ នោះ​វា​អាច​ការពារ និង​ថែម​ទាំង​ព្យាបាល​​កុំ​ឱ្យ​ជ្រុះ​សក់​បាន មិន​ថា​ការ​ជ្រុះ​សក់​នោះ​បណ្តាលមក​ពី​មូលហេតុ​អ្វីឡើយ។ ដូច្នេះ នៅ​ក្នុង​ករណី​ជួប​គ្រោះ​ជ្រុះ​សក់​ខ្លាំង សូម​គិត​គូរ​ទៅ​វិភាគ​ឈាម​មើល​កំរិត​ជាតិ​ដែក​ ថា​មាន​គ្រប់​គ្រាន់​តាម​តម្រូវ​ការ​របស់​ខ្លួន​ប្រាណ​ឬ​ក៏​អត់។

បើ​តាម​​អ្នក​ស្រាវជ្រាវ​​វិទ្យាសាស្ត្រ​ពីររូប គឺ​ Hamilton និង​ Ludwig គាត់​បាន​រៀប​ចំ​ចំណាត់​ថ្នាក់​នៃ​ការ​ជ្រុះ​សក់​ ទៅ​រក​ភាព​ទំពែក​ដូច​ខាង​ក្រោម​នេះ ៖

ទំពែក គឺ​សំដៅ​លើ​ក្បាល​ដែល​ឥត​សក់ ឬ​រលីងដុំៗ។ គេ​សម្គាល់​ឃើញ​ថា​រោគសញ្ញា​នៃ​ការ​​ទំពែក​ ច្រើន​ប៉ះពាល់​ខ្លាំង​ជាង​គេ នៅ​តំបន់ ថ្ងាស ​ផ្នែក​ខាងលើ​នៃលលាដ​ក្បាល (បង្ហើយ)​ ឬម្តុំ​ក្រយៅក្បាល​។ ដំបូង​ឡើង ក្បាល​ចាប់​ប្រែប្រួល ការ​ជ្រុះ​សក់​បាន​បង្ហាញ​វត្តមាន​ថ្ងាស​​កាន់​តែ​ទូលាយ​ខ្លាំង​ឡើង ឬ​​បង្ហាញ​ស្នាម​ឆក កាន់​ច្បាស់​ឡើងៗ និង​ជ្រៅទៅៗ។

សូម​តាម​ដាន​មើល​តំបន់​នេះ​ឱ្យ​មែនទែន ! បើ​ថ្ងាស​កាន់​តែ​រលោង​ លែង​សូវ​​មាន​សក់ ត្រូវ​ឆាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ដើម្បី​វិភាគ​រោគ​ដំបូង។ រោគ​សញ្ញា​បន្ទាប់ ទីពីរ ដែល​បង្ហាញ​ពី​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ទំពែក ​គឺ​ ចំណុច​កណ្តាល​​នៃ​ក្បាល​ ដែល​ចាប់​ផ្តើម​ស្កាល​សក់​អាច​មើល​ឃើញ​សាច់​លលាដ​ព្រាលៗ។ ហើយ​ទន្ទឹម​ពេល​គ្នា​នេះ សក់​ក៏​ចាប់​ជ្រុះ​ខ្លាំង​នៅ​ផ្នែក​ចំហៀង កន្លែង​ឆក។ ហើយ​ជា​ចុង​ក្រោយ តាំង​ពី​ថ្ងាស​ដល់​កណ្តាល​ក្បាល​ លែង​មាន​សក់​ ! សក់​ជ្រុះ​ដេញ​ធំៗ​ទៅ នៅ​សល់​តែ​ជើងក្រោម និង​ផ្នែក​ខាង​ក្រោយ។

ចំពោះ​មនុស្ស​ស្រី ក៏​​អាច​មាន​ខ្លះ​ដែរ​ករណី​ទំពែក ​តែ​កម្រណាស់។ បើ​មាន​ រោគ​ទំពែក​វិវត្តន៍​តែ​​នៅត្រង់​​​​ថ្នេរ​វែក សិតពុះ​សក់(ពុះ​ចំហៀង ពុះ​កណ្តាល)​ប៉ុណ្ណោះ។ ប្រសិន​បើ​អ្នក​ឃើញ​សក់​នៅ​ម្តុំ​នេះ​ជ្រុះ​ហើយ មិន​ដុះ​វិញ​ទេ​ ស្នាម​ពុំ​កាន់​តែ​ធំៗ​ឡើង សូម​ប្រុង​ប្រយ័ត្ន​រក​ពិធី​ព្យាបាល​ភ្លាម​ ព្រោះនេះ​អាច​ជា​​សញ្ញា​នៃ​ការ​ទំពែក​​ នា​ថ្ងៃ​អនាគត​ហើយ។

ដំណោះស្រាយ​ក៏​ត្រូវ​តែ​ប្រែប្រួល​ទៅ​តាម​វ័យ

សក់ក្បាល​មាន​ជីវិត​ ដុះ​ ហើយ​លូតលាស់ និង​ស្លាប់​ជ្រុះ​ទៅ​វិញ ប្រៀប​ដូច​ជា​ជីវិត​មនុស្ស​​យ៉ាង​ដូច្នេះ។ បើ​និយាយ​ឱ្យ​ស្រួល​ស្តាប់ ការ​ជ្រុះ​សក់ ឬ​ទំពែក ជា​បាតុភូត​ធម្មតា​សម្រាប់​មនុស្ស​ប្រុស គ្រាន់​តែ​ថា​ចំពោះ​បុគ្គល​អ្នក​រង​គ្រោះ​ខ្លះ​ គាត់​ពិបាក​ទទួល​យក​តែ​ប៉ុណ្ណោះ។ ជា​ទូទៅ​ គេ​សង្កេត​ឃើញ​ថា ការ​ទំពែក​វិវត្តន៍​ទៅ​តាមវ័យ ២០% ​ក្នុង​វ័យ​២៥​ឆ្នាំ​​ ៤០%​ក្នុង​វ័យ​៤០​ឆ្នាំ និង​៥០%​ក្នុង​ចាប់​ពី​អាយុ​៥០​ឆ្នាំ​ទៅ។ ស្ត្រី​ក៏​មាន​ជួបគ្រោះ​ទំពែក​ដែរ ប៉ុន្តែ​ក្នុង​បរិមាណ​តិច​ជា​ង​បុរស​ច្រើន។

​ទំពែក​​ អាចស្តែង​តាំង​ពី​នៅ​វ័យ​ក្មេង​ខ្លាំង ! ​បើការ​ចាប់​ផ្តើម​កាន់​ឆាប់​ អាការៈ​ទំពែក​កាន់​តែ​ធ្ងន់ធ្ងរ​ខ្លាំង !

នៅក្នុង​វ័យ​ ១៤ ទៅ ១៨​ឆ្នាំ

ការ​ជ្រុះ​សក់​អាច​ជា​បាតុភូត​មួយ​សំណើ និង​អាច​ជា​បាត់​ទៅ​វិញ​យ៉ាង​ស្រួល។ យុវជន​ ទើប​ពេញ​វ័យ​កម្លោះ​ដូច្នេះ​អាច​ជ្រុះ​សក់​អស់​ប្រមាណ​ពី ១០០ សរសៃ​ក្នុង​មួយ​ថ្ងៃ តែ​បើ​ការ​ជ្រុះ​សក់ជា​ដើម​ហេតុ​នៃ​ការ​ទំពែក តាំង​ពី​ក្នុង​វ័យ​នេះ នោះ​សក់​ក្បាល​​អាច​បង្ហាញ​ស្នាម​រង្វើល​ ស្នាម​ឆក​ចូល​ និង​មាន​ជាប់​នៅ​ក្រាស នៅ​លើ​ខ្នើយ។ សូម​គិត​គូរ​ព្យាបាល​តាម​បែប​ធម្មជាតិ ប្តូរ​សាប៊ូ​កក់​សក់ ផ្ទៀង​ផ្ទាត់​របប​អាហារ​ ឬ​ត្រូវ​រក​​វីតាមីន​មក​បន្ថែម។

ជ្រុះសក់​នៅ​អាយុ ពី​១៩ ទៅ ២៥​ឆ្នាំ

ព្រោះ​បើ​បើ​ចូ​ល​ដល់​វ័យ​នេះ១៩-២៥​ឆ្នាំ សក់​ក្បាលជ្រុះ​ខ្លាំង​​ផ្តល់​អាការៈ​សញ្ញាទំពែក​​​ច្រើន​​ ផ្នែ​កខាង​លើ​នៃ​ក្បាល​ចាប់​ស្តើង​មើល​ឃើញ​លលាដ។ ​ក្បាល​បង្ហាញ​ទម្រង់​ជា​អក្សរ​ M ឬ​អក្សរ​ U។ ស្នាម​ឆក​ស៊ី​កាន់​តែ​ជ្រៅ។ ដំណោះស្រាយ​ក្នុង​វ័យ​នេះ និង​ដំណាក់កាលនេះ គឺ​ត្រូវ​ប្តូរឆ្លាស់​សាប៊ូ​កក់សក់​ ប្រើ​ឡូស្យុង ឬ​ម្សៅ​ប្រឆាំង​នឹង​ការ​ជ្រុះ​សក់។

ជ្រុះ​សក់​នៅ​អាយុ​ពី ២៦ ទៅ​៣៥​ឆ្នាំ

ចាប់​ពី​អាយុ​២៦​ឆ្នាំ​ឡើង​ទៅ ការ​ជ្រុះ​សក់ជា​រោគ​ទំពែក​​អាច​ជា​បញ្ហា​ស្មុគស្មាញ​ខ្លាំង។ សញ្ញា​នៃ​ការ​ទំពែក​មាន​កាន់​ច្បាស់​ សក់​ជ្រុះ​ហើយ​មិន​ដុះ​វិញ ហើយ​សក់​ដែល​នៅ​លូត​លាស់​យឺត​។ បើ​ជា​មនុស្ស​ប្រុស​ ក្បាល​ត្រងើល​ខ្លាំង​ពេក ដំណោះ​ស្រាយ​ដែល​ប្រសើរ​ជាង​គេ គឺ​កោរ​ ឬ​បើ​មិន​ដូច្នេះ​ទេ អ្នក​អាច​គិត​គូរ​ដាំ​សក់​បាន។

ចាប់​ពី​​អាយុ​៣៥​ឆ្នាំទៅ ​ ​ទំពែកបង្ហាញ​ទម្រង់​កាន់​តែ​ច្បាស់​​មែន​ទែន​នៅ​លើ​ក្បាល​។ ឯ​ដំណោះ​ស្រាយ​ក៏​កាន់​តែ​មាន​តិច។ ព្រោះ​សូម​ចង​ចាំ​ថា ការ​ព្យាបាល​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជ្រុះ​សក់​​ ​ទំពែក​ មិនថា​ដោយ​ការ​ប្រើ​ថ្នាំ​លាប​ ថ្នាំ​លេប ថ្នាំ​ចាក់ វីតាមីន​ទេ មាន​ប្រសិទ្ធភាព​ល្គិក​ណា​តែ​អ្នក​ចាប់​ផ្តើម​ព្យាបា​ល​ពី​ដំបូង​ភ្លាម​។ នៅពេល​ណា​ក្បាល​អ្នក​ទំពែក​ហើយ គឺ​គ្មាន​អ្វី​អាច​ជួយ​បាន​ទៀត​ឡើយ។

គ្រាន់​តែ​ថា​បច្ចុប្បន្ន​នេះ វិទ្យាសាស្ត្រ​កំពុង​ផ្តល់​សេចក្តី​សង្ឃឹមថ្មី​ ដោយ​អ្នក​ស្រាវជ្រាវ បាន​ស្គាល់​អំពី​អត្តសញ្ញាណ​នៃ​កោសិការ​ជា​ភ្នាក់ងារ​ទទួល​បន្ទុក​ធ្វើ​ឱ្យ​​សក់​អាច​ដុះ​ឡើង​វិញ​ហើយ កាលពី​ប៉ុន្មាន​ខែ​មុន​នេះ ​ !​ ដូច្នេះ​មិន​យូរ​មិន​ឆាប់​គេ​នឹង​អាច​រក​ឃើញ​រូបមន្ត​បន្តុះ​សក់​ ជា​ថ្នាំ​ឬ​ជា​សាប៊ូកក់​សក់​ ដ៏​មាន​ប្រសិទ្ធិភាព​ពិតៗ ដែល​មនុស្ស​លោក​ជា​ច្រើន​កំពុង​ស្រមៃ​ចង់​បាន។ ពី​មុន​មក​អ្នក​ស្រាវជ្រាវ​ដឹង​ត្រឹម​ថា​ហេតុ​អ្វី​បាន​ជា​សក់​ជ្រុះ​ សក់​ប្រែ​ជា​ស្កូវ និង​អាច​ផលិត​ថ្នាំ​ចាក់​មាន​ប្រសិទ្ធិភាព​ត្រឹម​ជួយ​ប៉ូវ​កោសិកា​សកម្ម​ប៉ុណ្ណោះ ពោល​គឺ​ថ្នាំ​មាន​ប្រសិទ្ធិភាព​​តែ​ពេល​ចាប់​ទំពែក​ដំបូង​ភ្លាម​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ