ដំណើរនៃនាឡិកា ចារថា មិនទៀង " Les montres"
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:២៩
នៅក្នុងនាទីខ្ញុំនិយាយពីរភាសានៅថ្ងៃនេះ លោក ឆាយ ហុកផេងសូមលើកឡើងអំពី ប្រធានបទទាក់ទងនឹង "ដំណើរនៃនាឡិកា ចារថាមិនទៀង"
១-ប្រិយមិត្តអ្នកស្តាប់ជាទីមេត្រី យើងរស់នៅសព្វថ្ងៃទៅតាមសង្វាក់ យប់ថ្ងៃ ថ្ងៃយប់បន្តគ្នាមិនឈប់ រហូតដល់អវសានកាលនៃពិភពលោក។ ដើម្បីនិយាយត្រូវគ្នានូវពេលវេលាដែលកន្លងទៅ ឬក៏នៅពេលវេលាដែលឈានមកដល់ដូចជាការណាត់ជួបគ្នា គេប្រើឧបករណ៍មួយដែលគេសន្មតថា ជាវត្ថុចាំបាច់នៅបច្ចុប្បន្នកាលគឺនាឡិកា។ គេឈប់មើលស្រមោលដើមត្នោត ដើមដូងទៀតហើយ ដើម្បីឲ្យដឹងថាព្រឹកព្រលឹម ថ្ងៃត្រង់ជាក់ឬថាព្រលប់បាក់រសៀលឈានចូលដល់ភាពអន្ធការ។ ប៉ុន្តែនៅស្រុកស្រែ ស្រុកចំការដែលដាច់ស្រយ៉ាលពីទីជនបទ គេគ្មាននាឡិកាប្រើទេ។ ប្រជាជននៅតែងើយមើលមេឃត្បិតចង់ដឹងថាម៉ោងប៉ុន្មានហើយ។
L’ancêtre de la montre que nous connaissons, objet comportant un cadran et des aiguilles, cet ancêtre est l’ombre. La lecture du cadran solaire n’est autre que la lecture de l’ombre du bâtonnet projetée sur les chiffres du cadran. La convention sociale veut, quant à elle que telle heure correspond à tel type d’activité. Il n’est donc pas question de travailler ou de manger à l’heure du repos, minuit, une heure, sauf pour les travailleurs de nuit qui constituent, eux, une exception à la règle.
២-គេថាពេលវេលាមានតម្លៃណាស់ ប៉ុន្តែសូមបញ្ជាក់បន្ថែមថា ជាឧបករណ៍ដែលប្រាប់ពេលវេលា ក៏វាមានតម្លៃណាស់ដែរ។ នៅសម័យខ្មែរក្រហមប្រល័យពូជសាសន៍ បើគេមាននាឡិកាមួយគ្រឿង គេអាចយកវាជាថ្នូរនឹងជីវិតមួយឲ្យរូចពីស្លាប់បាន។ ក្នុងរឿងមេខ្មែរក្រហមឈ្មោះឌុច កាលមុននឹងពួកគាត់ឈ្នះសង្គ្រាម ឌុចនេះបានយកនាឡិការបស់ឈ្លើយសឹកជាតិបារាំងម្នាក់ឈ្មោះ ប៊ីស្សូ ដែលនៅពេលក្រោយមកអ្នកទាំងពីរក្លាយទៅជាមិត្តនឹងគ្នា ឌុចបានផ្គាប់ចិត្តមេក្លោងរបស់គាត់ដោយយកនាឡិការបស់ឈ្លើយបារាំងនេះទៅជូនចៅហ្វាយ។ នៅពេលដែលឈ្លើយប៊ីស្សូ ត្រូវបានអង្គការខ្មែរក្រហមសំរេចឲ្យដោះលែងមានសេរីភាពត្រឡប់មកទីក្រុងភ្នំពេញវិញ ប៊ីស្សូ សង្កេតឃើញថា មេខ្មែរក្រហមម្នាក់ពាក់នាឡិការបស់គាត់ គាត់ក៏នឹកភ្នកចង់ទាមទារយកជាកម្មសិទ្ធិវិញ ប៉ុន្តែឈ្លើយបារាំងរូបនេះ គឹតឃើញទាន់ថា គប្បីលះបង់សម្បត្តិដោយប្រុងប្រយ័ត្ននិងថែរក្សាជីវិតឲ្យនៅគង់វង់។
La valeur intrinsèque d’une montre est l’indication de l’heure et de la minute, certes, mais les montre les plus sophistiquées indiquent en plus de l’heure, la date en lettre et en chiffre ; elles sont serties de diamants et résistantes au choc, à la rayure et à la pression des profondeurs si elles sont étanches. Ce genre de montre est fabriqué à partir des matériaux aussi prestigieux que solide comme l’or et l’acier.
៣-នាឡិកាដែលមានប្រវត្តិល្បីល្បាញ ដូចដែលធ្លាប់បានប្រធានាធិបតី ឬអ្នកនិពន្ធ ឬក៏អ្នកលេងភាពយន្តល្បីណាមួយ ធ្លាប់ពាក់នឹងដៃ នាឡិកានោះឯង ត្រូវបានគេដេញថ្លៃទិញ រាប់សែនរាប់លានដុល្លារ។ ថ្មីៗនេះ នាឡិកាម៉ាក រ៉ូឡិច ដែលតារាភាពយន្ត ប៉ូល ញូម៉ាន់ បានទទួលជារង្វាន់ខួបកំណើតអំពីប្រពន្ធរបស់គាត់ នាឡិកានោះត្រូវបានគេដេញថ្លៃទិញរហូតដល់១៧លាន៧សែនដុល្លារអាមេរិក។
រីឯនាឡិកាម៉ាកដដែល ដែលជនសាមញ្ញប្រើប្រាស់ ប៉ុន្តែត្រូវបានផ្លាស់ប្តូរជាថ្មី នូវកញ្ចក់ឬប្រអប់តួរបស់វា ផ្ទុយអំពីការស្មានតម្លៃលក់ចេញនៃនាឡិកាធុននេះ ចុះជាងពាក់កណ្តាលថ្លៃបើប្រៀបធៀបនឹងនាឡិកាដែលរក្សាគ្រឿងដើមនៅដដែលលក់បានតម្លៃ១សែន៨ម៉ឺនដុល្លារ ប៉ុន្តែ ម៉ាកដដែលនេះ ដែលត្រូវបានប្តូរប្រអប់ថ្មី តម្លៃវាចុះមកត្រឹម ៨ម៉ឺនដុល្លារប៉ុណ្ណោះ។ ប្រអប់ថ្មីមិនមែនបានន័យថា មានតម្លៃលើសដើមនោះទេ។
A ce prix là, le Daytona de chez Rolex est incontestablement un signe extérieur de richesse ou un objet d’investissement financier à l’instar d’un bien immobilier. Dans une affaire de vol que j’ai eu à juger, les policiers ont trouvé dans la poche du prévenu une montre Patek Philippe valant en moyenne 20 000€ pièce. Ce dernier étant jeune majeur de 21 ans sans emploi prétend que cette montre lui appartient pour l’avoir acheté récemment sur le site « le bon coin ». Patek Philippe et Rolex sont deux marques de grand luxe de montre. Leur histoire respective débute à peu près de la même façon. C’est l’histoire d’une association de deux hommes.
៤-នៅឆ្នាំ១៩០៥ ហាន់វីលដរ សញ្ជាតិ អាល្លឺម៉ង់ ដែលជាស្ថាបនិក ដើមដំបូងនៃនាឡិកាម៉ាក រ៉ូឡិច តាំងទីនៅក្រុងឡុងដ្រ៍ប្រទេសអង់គ្លេស ប៉ុន្តែគាត់យកគ្រឿងនាឡិកាពីប្រទេសស្វីសមកផ្គុំនៅអង់គ្លេស។ លុះដល់ពេលដែលពន្ធដារឡើងថ្លៃក្នុងប្រទេសអង់គ្លេស គាត់ក៏សម្រេចចិត្តទៅតាំងទីនៅឯប្រទេសស្វីសវិញ។ ម៉ាកដំបូងមុននឹងរកឃើញពាក្យ រ៉ូឡិច គឺអក្សរW &D ដែលជាអក្សរតាងនាមឈ្មោះគាត់ វីលដរនិងឈ្មោះដេវីស ដែលជាស្ថាបនិកដើមមួយដែរ ប៉ុន្តែនៅពេលក្រោយមក ដេវីស បានប្តូរមុខរបរទុកឲ្យវីលដរនៅសោយរាជ្យលើម៉ាកនេះម្នាក់ឯងមុននឹងរកឃើញឈ្មោះម៉ាកថ្មីថារ៉ូឡិច។
រីឯ ប៉ាតេក ហ្វីលីបវិញ ក៏កកើតពីដំបូង នៅទីក្រុង សើណែវតែម្តងនាប្រទេសស្វីសនាឆ្នាំ ១៨៣៩ គឺកើតចេញពីគំនិតបុរសពីររូប មួយឈ្មោះប៉ាតេក PATEK ជាសញ្ជាតិប៉ូឡូញនិងមួយទៀតឈ្មោះ ឆាប៉េក(czapek)ដែលជាជនជាតិឆែក។
Le sablier, quant à lui, mesure le temps dans des compétions sportives ou des jeux d’échec. Cependant, de nos jours l’on utilise le chronomètre pouvant mesurer les centièmes de secondes. Certaines montres sophistiquées possèdent un mini cadran ovale incrusté dans le grand cadran de l’heure. Ce mini cadrant servant à mesurer les centièmes de seconde fait office de chronomètre.
៥-ដោយឡែក ពាក្យមួយឃ្លាថា ពេលវេលាមកដល់ហើយ ខ្មែរយើងអើយនាំគ្នាក្រោកឡើងមិនមែនបានន័យថា គេមើលប្រក្រតីទិនឬមើលទ្រនិចនាឡិការួចហើយក៏នាំគ្នាសន្មត់ស្មានថា ”ដល់ពេលហើយ"នោះទេ។ ឃ្លានេះសំដៅដល់ស្ថានការមួយដែលពេញពោរប្រុងនឹងបែកធ្លាយ។ ឧបករណ៍ដែលវាស់វែងពេលវេលាក្នុងករណីនេះ គឺវាស្ថិតនៅក្នុងចិត្តដែលពោរពេញទៅដោយក្តីស្រឡាញ់ឬក៏ទៅដោយមោទនភាព ឬការឈឺចាប់ក្តៅក្រហាយនឹងអយុត្តិធម៌ណាមួយដែលត្រូវតែធ្លាយដូចបូសប្រឹងទប់តទៅទៀតមិនបាន។
L’axe du mal ou du bien ayant atteint le zénith de la courbe du mécontentement ou de la joie se vide dans la violence ou la béatitude à l’instar du sablier qu’on retourne pour prendre le nouveau départ dès que le dernier grain de sable est tombé.
៦-មុននឹងបញ្ចប់ព្រឹត្តប័ត្រនេះ ការពិតមួយគឺថា នាឡិកាជារបស់ឥតវិញ្ញាណ។ ក៏ប៉ុន្តែ ១ វិនាទី ម្តង ១វិនាទីម្តង នៃទ្រនិចនាឡិកាគឺជាសញ្ញាសំគាល់ថាអ្វីៗក៏មិនទៀងទាត់ ដូចពេលវេលា ដែលផ្លាស់ប្តូរ ព្រឹកថ្ងៃយប់ មិនឈប់ឈរ។ កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តឆ្នាំងថានៅមានបាយ កុំទុកចិត្ត ប្រឡាយថានៅមានទឹក។ ពេលវេលាដែលកន្លងទៅ អាចធ្វើឲ្យមានសភាពការណ៍ ក្រឡាប់ចក្រ អត់បាយអត់ទឹកដូចនាកាលសម័យ ប៉ុលពតជាអាទិ៍៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ